CambodianElection2013

ស្តី្រវ័យ​ចាស់​​ម្នាក់​ជ្រលក់ទឹកខ្មៅ​ ក្រោយបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣

  • ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១១ ៖ ​ឈ្មោះ សម រង្ស៊ី ត្រូវ​បាត់បង់​សមាជិកភាព​ជា​សមាជិក​រដ្ឋ​សភា​នីតិកាល​ទី​៤ តាមរយៈ​សេចក្ដី​ប្រកាស​លេខ​០៤៥រស របស់​រដ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្អែក​តាម​សាលដីកា​ផ្តន្ទាទោសរបស់តុលាការ នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១ និង​កថាខណ្ឌ​ទី​៣ មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ ចែង​ថា តំណាងរាស្ត្រ​ដែល​មាន​សាលក្រម​ស្ថាពរ ឬ​សាលដីកា​ស្ថាពរ សម្រេច​ថា ជា​ទណ្ឌិត​ជាប់​ពន្ធនាគារ ត្រូវ​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋ​សភា។
  • ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ៖ គណៈកម្មការកំណត់​អាសនៈរដ្ឋសភានីតិកាលទី​៥ រាជរដ្ឋាភិបាល និង​រដ្ឋសភា បាន​សម្រេចមិនធ្វើការកែប្រែ​ និងបង្កើនចំនួន​អាសនៈ​រដ្ឋសភា ដោយ​រក្សា ត្រឹម ១២៣ អាសនៈដដែល ក្រោមហេតុផលថា វិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុសកល និង​ផល​ប៉ះពាល់​ពីគ្រោះទឹកជំនន់​កន្លងមក។
  • ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១១ ៖ គណៈកម្មាធិការដើម្បីការបោះឆ្នោត​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បាន​សម្តែង​ការ​សោកស្តាយ ​ចំពោះ​គណៈកម្មការកំណត់​អាសនៈ​រដ្ឋសភា​នីតិកាល​ទី៥ រាជរដ្ឋាភិបាល និងរដ្ឋសភា ដែល​បាន​សម្រេច​មិនធ្វើការ​កែប្រែ និងបង្កើន​ចំនួន​អាសនៈ ​ដើម្បី​ឱ្យស្រប​តាម​ការអភិវឌ្ឍន៍​នៃប្រទេស។ ខុមហ្វ្រែល បាន​ផ្តល់​អនុសាសន៍ថា​ គួរតែ​កែប្រែ​ចំនួន​អាសនៈ​សម្រាប់ រដ្ឋសភា​នីតិកាលថ្មី (ឆ្នាំ២០១៣-២០១៨) ដោយ​ការ បន្ថែម ៤អាសនៈ ទៀត​ទៅ​លើ ខេត្ត​កណ្តាល ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្ត​បាត់ដំបង ខណៈ​អាសនៈរដ្ឋសភា​បច្ចុប្បន្ន​ ១២៣​អាសនៈ ដើម្បី​ធានា​ភាពស្របច្បាប់ ផ្អែកលើ​ស្ថានភាព​ប្រជាពលរដ្ឋ ស្រប​នឹង​​ហេតុផល កំណើន​សេដ្ឋកិច្ច និង​កំណើន​ប្រជាពល​រដ្ឋ​​ក្នុងមណ្ឌល​។
  • ថ្ងៃ​ទី​១០ សីហា ឆ្នាំ២០១២ ៖ លិខិត​មួយ​ដែល​មាន​ព្រះហស្តលេខា​របស់ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ពី​ប្រទេស​បារាំង មាន​ខ្លឹមសារ​ខ្លី​ថា ព្រះអង្គ​ឈប់​ធ្វើ​នយោ​បាយ និង​សេចក្ដី​សម្រេច​ផ្សេងៗ​របស់​គណបក្ស​នេះ​​ទៀត​ហើយ។ ការ​ប្រកាស​ឈប់​ប្រឡូក​នយោបាយ​របស់​​សម្ដេច​ក្រុម​ព្រះនេះ គឺ​មិន​មែន​ជា​លើក​ទី​១​ទេ។ ការ​ប្រកាស​លា​លែង​នេះ ធ្វើឡើង​បន្ទាប់​ពី​ ​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស បាន​ប្ដឹង​ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ មន្ត្រី​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​សម្ដេច​ក្រុម​ព្រះ  រួមមាន​ប្រធាន​ស្ដីទី​គណបក្ស លោក ឈឹម សៀកឡេង និង​មន្ត្រី​អ្នក​នាំ​ពាក្យ លោក ប៉ែន សង្ហា ក៏បាន​ប្រកាស​លា​ឈប់​ពី​គណបក្ស​នេះ និង​ឈប់​ធ្វើ​នយោ​បាយ​តាម​ព្រះ​អង្គ​ដែរ។
  • ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ៖ សមាជិក​សំខាន់ៗ​នៃ​គណបក្ស នរោត្តម រណឫទ្ធិ ចំនួន​ជាង​៤០០​នាក់ មក​ពី​គ្រប់​ខេត្ត​ក្រុង នៅ​ប្រទេស​កម្ពុជា បាន​មក​ចូល​រួម​ក្នុង​សមាជ​វិសាមញ្ញ ដើម្បី​ផ្លាស់​ប្ដូរ​ឈ្មោះ​គណបក្ស និង​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​នៅ​មុន​ការ​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ប្រធាន​ស្តីទី​គណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី នៅថ្ងៃដដែល បាន​ប្រកាស​ប្ដូរ​ឈ្មោះ​គណបក្ស នរោត្តម   រណឫទ្ធិ មក​ជា​គណបក្ស​ជាតិ​និយម វិញ ហើយ​គណបក្ស​នេះ​ត្រៀម​ចូល​រួម​ធ្វើ​សមាជ​វិសាមញ្ញ​ច្របាច់​បញ្ចូល​ជាមួយ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២។
  • ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ២០១២ ៖ គ.ជ.ប. សម្រេច​ជា​គោលការណ៍​ឲ្យ​លេខាធិការដ្ឋាន​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត បង្កើត​មជ្ឈ​មណ្ឌល​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​បញ្ជី​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តាម​គេហទំព័រ voterlist.org.kh ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​អ្នក​បោះឆ្នោត។
  • ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០១២ ៖ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស សម    រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ជួប​ចរចា​រយៈពេល ២ម៉ោង នៅ​ក្រសួង​មហាផ្ទៃ ផ្ដោត​លើ​ការ​កែទម្រង់​នៃ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ បាន​បដិសេធ​សំណើ​រួម​គ្នា​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កែទម្រង់​សមាសភាព​របស់ គ.ជ.ប ដោយ​សំអាង​ថា គឺ​ជា​សំណើ​​ដដែល​ដូច​ពេល​មុនៗ​ដែរ និង​ជា​ការ​មិន​ចាំបាច់​ឡើយ។
  • ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ២០១២ ៖ លោក សម រង្ស៊ី ប្រកាស​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស សម រង្ស៊ី ដើម្បី​ទៅ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​យល់​ព្រម​ចំពោះ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ។
  • ថ្ងៃ​ទី០២ ខែ​វិច្ឆិកា ឆ្នាំ២០១២ ៖ នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​របស់​គណបក្ស សម រង្ស៊ី មាន​សមាជិក​ជាច្រើន​សម្រេច​លើក​ដៃ​គាំទ្រ​លោក គង់ គាំ ជា​ប្រធាន​គណបក្ស​ស្ដីទី ឲ្យ​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី ថ្មី​ចាប់​ពី​ពេល​នេះ​ត​ទៅ ហើយ​គាំទ្រ​អ្នកស្រី ជូរ ឡុងស៊ូមួរ៉ា ជា​អនុប្រធាន​គណបក្ស។
  • ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ២០១២ ៖ សវនាការ​របស់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​លុប​ឈ្មោះ លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ អង្គ​ជំនុំ​ជម្រះ​សម្រេច​ក្ដី​ដោយ​ផ្អែក​លើ​ការ​កាត់​ក្ដី​របស់​ ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១២ សម្រេច​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ការ​សម្រេច​សេចក្ដី​របស់​ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង គឺ​យោង​តាម​មាត្រា​ទី​៥០ នៃ​ច្បាប់​បោះ​ឆ្នោត ដែល​ចែង​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ត្រូវ​បំពេញ​ដើម្បី​ទទួល​សិទ្ធិ​ បោះ​ឆ្នោត។ អង្គការខុមហ្វ្រែល ថ្លែង​ថា ការ​អនុវត្ត​​បែប​នេះ គឺ​ផ្ទុយ​ពី​គតិយុត្តិ ដែលគ្មាន​​ច្បាប់​សម្អាង​​អំពី​នីតិវិធី​លុប​ឈ្មោះ​ទណ្ឌិត​។
  • ថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ៖ គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​​សម្ពោធ​ដំណើរ​ការ​សាងសង់​​អគារ​ថ្មី កម្ពស់ ១៦ជាន់ នៅ​លើ​ផ្ទៃ​ដី​ទំហំ​មួយ​ហិកតារ ក្នុង​ខណ្ឌ​ដូនពេញ។ គម្រោង​សាងសង់​អគារ គ.ជ.ប ថ្មី​នេះ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា (NagaCorp) ចំនួន ១២​លាន​ដុល្លារ​អាមេរិក នឹង​គ្រោងបញ្ចប់សាងសង់​​ក្នុង​រយៈពេល​ជាង ២ឆ្នាំ។
  • ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១២ ៖ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ប្រកាស​បិទ​ផ្លូវ​តវ៉ា​ដល់​លោក សម រង្ស៊ី ហើយ​គាំទ្រ​ការ​សម្រេច​របស់ គ.ជ.ប ដែលបាន​​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ ព្រម​បាន​​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធអនុវត្ត និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀត​ផង។ មេធាវី​របស់​លោក សម រង្ស៊ី អះអាង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​គាំទ្រ​ការ​ប្រើ​ច្បាប់​បោះ​ឆ្នោត​ខុស​ មាត្រា​របស់​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ធ្វើ​ឲ្យ​គាត់​មិន​អស់​ចិត្ត​នឹង​ការ​កាត់​សេចក្តី​នោះ។ ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង រាជធានី​ភ្នំពេញ បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១២ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១២ ដោយ​សំអាង​លើ​សាល​ដីកា​របស់​តុលាការ​កំពូល​លេខ​៣២ ចុះ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១១ ដែល​សម្រេច​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ។ បន្ទាប់​មក គ.ជ.ប គាំទ្រ​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង ដែល​បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ហើយ​បាន​ចេញ​សេចក្តី​សម្រេច​លេខ​០០៨/១២ គ.ជ.ប សសរ ចុះ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
  • ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ២០១២ ៖ ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ដែល​បាន​ប្ដឹង​ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នា​​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល អះអាង​ថា មិន​មែន​ជា​ការ​ដាក់​ពាក្យ​ប្ដឹង​ទេ តែ​គឺ​ជា​ការ​វាយ​ប្រហារ​លើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។​
  • ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ២០១២ ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ប្ដឹង​បក​ទៅ​បណ្ដឹង​របស់​ប្រធាន​យុវជន​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​រូប​លោក​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ក្នុង​ករណី​មនុស្ស​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ឆ្នាំ​២០១០។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដើម្បី​ប្ដឹង​បក​ទៅ​សកម្មជន​ គណបក្ស សម រង្ស៊ី វិញ ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​ផ្ទាល់​ផង និង​ការពារ​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​ផង។
  • ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ២០១២ ៖ ក្នុង​សន្និសីទ​កាសែត លោក សុន ឆ័យ ថ្លែង​ថា គណៈ​កម្មការ​ទី​២ រដ្ឋ​សភា រំលោភ​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា ដោយ​ធ្វើ​តាម​តែ​ការ​សម្រេច​របស់​រដ្ឋាភិបាល។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៉ី រូបនេះ បាន​ដាក់​ងារ​ឲ្យ​រដ្ឋ​សភា​កម្ពុជា ថា​ជា​ «ស្ថាប័ន​ប្រថាប់​ត្រា» បន្ទាប់​ពី​គណៈកម្មការ​ទី​២ រដ្ឋ​សភា បដិសេធ​សំណើ​របស់​តំណាងរាស្ត្រ​សុំ​ពិភាក្សា​ដើម្បី​ធ្វើ​វិសោធនកម្ម​ សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣។
  • ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ២០១២ ៖ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​យុវជន​គណបក្ស សម រង្ស៊ី នៅ​ទូទាំង​ប្រទេស​កម្ពុជា លោក សួង សុភ័ណ្ឌ បាន​ប្រកាស​ថា លោក​លុប​ចោល​នូវ​ផែនការ​ប្ដឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក្រោម​បទ​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (អាយ.ស៊ី.ស៊ី = ICC = International Criminal Court) នោះ​ហើយ។ ប្រធាន​ក្រុម​ចលនា​យុវជន​នៃ​គណបក្ស សម រង្ស៊ី ដែល​ជា​ដើម​បណ្ដឹង បាន​បញ្ជាក់​ថា ការ​លុប​ចោល​បណ្ដឹង​នេះ គឺ​ដើម្បី​ចង់​រក្សា​ការ​ផ្សះផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ។
  • ថ្ងៃទី​​៣១ ខែធ្នូ​ ឆ្នាំ២០១២ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បាន​ប្រកាសផ្សាយ​បញ្ជីបោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១២ និង​ផ្តល់សុពលភាព លើ​​ឈ្មោះ​អ្នកបោះឆ្នោត​ប្រមាណ ៩​៦៧៥៤៥៣​ នាក់ ក្នុងចំណោម ពលរដ្ឋសរុប​ប៉ាន់ប្រមាណ​ប្រហែល ១៤​៤៥៦​១០៤​នាក់ (យុវជន​ចាប់ពី​ ១៨ឆ្នាំឡើង មានប្រមាណ ៩៥០៩​៧៣២នាក់)។ ក្នុង​បញ្ជីនេះ គ្មានឈ្មោះលោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិឡើយ។
  • ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ទ្រង់​ចេញ​ព្រះរាជសារ​ អំពាវនាវ​ម្ចាស់​ឆ្នោត​ ប្រើសិទ្ធិ​របស់ខ្លួន ដើម្បី​បោះឆ្នោត​តាមសតិសម្បជញ្ញៈ​របស់ខ្លួន ដោយ​កុំ​បី​ព្រួយបារម្ភ​ពី​ការ​គាបសង្កត់ ការគំរាម កំហែង​ ឬសម្លុតពី ជនណាមួយ​ បក្សណាមួយ​ឱ្យសោះ។
  • ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៣ ៖ ​​សហភាព​អន្តរសភា បាន​ចេញសេចក្តី​សម្រេចចិត្ត​​មួយ​ សម្តែង​ការសោក​ស្តាយ ចំពោះ​ករណី​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ ដែល​មិនទាន់មាន​ឱកាស​​ត្រឡប់ទៅ​ប្រទេសកម្ពុជាវិញ ហើយ​បាន​ស្នើ​ឱ្យ​​រដ្ឋាភិបាល​ និង​គណបក្ស​​ សម​ រង្ស៊ី​ ស្វែងរក​​វិធីគ្រប់យ៉ាង​រួមគ្នា ដើម្បី​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី អា​ចចូលរួម​បោះឆ្នោត​ឆ្នាំ២០១៣​។
  • ថ្ងៃទី​៣០ ខែ​​មីនា ឆ្នាំ​២០១៣ ៖ ​​លោក កឹម សុខា ប្រធានគណបក្ស​សិទ្ធិមនុស្ស​ ​​​​បាន​ប្រកាស​លាលែងពី​ តួនាទី​ប្រធានបក្ស ក្នុងសមាជ​របស់ខ្លួន ដើម្បី​បើកផ្លូវ​ បំពេញ​តួនាទីជា អនុប្រធាន​គណបក្សសង្គ្រោះជាតិ​។ ក្នុងសមាជ​តែមួយ លោក សឺន ស៊ូប៊ែរ្តិ៍ អតីត​ប្រធាន​គណៈកម្មធិការ​នាយក ត្រូវបាន​តែងតាំង​ជា ប្រធា​នគណបក្ស​សិទ្ធិមនុស្ស បន្តវេន ក្រោម​សម្លេងលើកដៃ​គាំទ្រ​ពីសមាជិក​ប្រមាណ ២ពាន់នាក់ មកពី បណ្តា​ខេត្ត​ចំនួន​ ១៥​។
  • ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៣ ៖ គ.ជ.ប បើក​ការ​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ (ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣)។ គ្រប់​គណបក្ស​នយោបាយ​​​ដែល​មានបំណង​ចូលរួម​ប្រកួត​ត្រូវ​ ​ចុះ​បញ្ជី​​គណបក្ស​ និង​បេក្ខជននៅ​ទីស្តីការ គ.ជ.ប។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ឈ្មោះ​នៅ គ.ជ.ប វេលា​ម៉ោង ៩​ព្រឹក (ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មេសា) ដោយមាន​បេក្ខជន​បេក្ខនារី ​ដាក់​ទាំង ២៤​រាជធានី​ខេត្ត (​បេក្ខជន​សរុប​ចំនួន ២៦៨​នាក់ ពេញ​សិទ្ធិ ១២៣​នាក់ និង​បម្រុង​ចំនួន ១៤៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៤៨​នាក់)។ ចំណែក​ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ទៅ​ចុះ​បញ្ជី​បក្ស និង​បេក្ខជន​ នៅ​វេលា​ម៉ោង ២ រសៀល​ថ្ងៃ​ដដែល​។ ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ តម្រូវ​ឲ្យ​គណបក្ស​នីមួយៗ ត្រូវ​បង់​ប្រាក់​តម្កល់​ចំនួន ១៥​លាន​រៀល។ ប្រាក់​តម្កល់​នេះ​ត្រូវ​បង់​ទៅ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ក្នុង​គណនី​ប្រាក់​តម្កល់​របស់ ​គ.ជ.ប ហើយ​ប្រាក់​តម្កល់​នេះ នឹង​បង្វិល​ជូន​ទៅ​សាមី​គណបក្ស​វិញ ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​នោះ​បាន​​ទទួល​សន្លឹក​ឆ្នោត​យ៉ាង​តិច ៣​ភាគរយ​នៃ​ចំនួន​សន្លឹក​ឆ្នោត​បាន​ការ ឬ​បាន​អាសនៈ​មួយ​កៅអី​ក្នុង​រដ្ឋ​សភា។
  • ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៣ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ដាក់​លិខិត​ជា​ផ្លូវការ​ទៅ​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ (សម្ដេច​ម៉ែ) កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ដើម្បី​ទូល​ថ្វាយ​សុំ​លាលែង​ពី​តួនាទី​ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្ដេច​ម៉ែ។ សំណើ​សុំ​ឈប់​នេះ​ត្រូវ​បាន​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពន្យល់​ពី​មូល​ហេតុ​ក្នុង​លិខិត​ថា ដោយសារ​តែ​ព្រះអង្គ​បាន​ចូល​ក្នុង​ឆាក​នយោបាយ និង​មិន​ចង់​ឲ្យ​ពាក់ព័ន្ធ​ក្នុង​ស្ថាប័ន​ព្រះមហាក្សត្រ ហើយ​កុំ​ឲ្យ​ប៉ះពាល់​កិត្តិយស ព្រះ​កិត្តិនាម​ព្រះមហាក្សត្រ និង​សម្ដេច​​ម៉ែ ទើប​ព្រះអង្គ​សុំ​លាលែង​ពី​តួនាទី​ជា​ព្រះរាជ​លេខា​ផ្ទាល់។ អតីត​លេខា​ផ្ទាល់​ព្រះ​បរម​រតន​កោដ្ឋ សម្ដេចឪ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​តែងតាំង​ជា​ព្រះរាជ​លេខា​ផ្ទាល់​សម្ដេច​ម៉ែ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ បន្ទាប់​ពី​សម្ដេច​ឪ​បាន​សោយ​ទិវង្គត។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ព្រះសីហនុ សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ២០១៣។
  • ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និងគណបក្ស​កាន់​អំណាច ស្នើ​ច្បាប់​មួយ​ទប់​ស្កាត់​ការ​វិល​មក​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ ច្បាប់​ថ្មី​ដែល​បក្ស​ប្រឆាំង​ស្នើ​ឡើង​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​​អតីត​មេដឹកនាំ​ក្នុង​របប​ខ្មែរ​​ក្រហម មាន​តួនាទី​សំខាន់​ក្នុង​ស្ថាប័ន​កំពូល​របស់​​​រដ្ឋាភិបាល។ សំណើ​ធ្វើ​ច្បាប់​ទប់ស្កាត់​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ដូច​នេះ កើត​ឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​​​​ឆ្នាំ២០១៣ នោះ​របប​ខ្មែរ​ក្រហម​អាច​នឹង​វិល​មក​ជា​ថ្មី។
  • ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ២០១៣ ៖ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​នៅ​វត្ត​មង្គលវង្ស ក្នុង​ខេត្ត​កំពង់ចាម ថា នៅ​ពេល​លោក កឹម សុខា ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក វិញ​នោះ ប្រជាពលរដ្ឋ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ប្រសិន​បើ​លោក កឹម សុខា មិន​ធ្វើ​ការ​សុំ​ទោស​ប្រជាពលរដ្ឋ​ទេ​នោះ។ លោក ហ៊ុន សែន អះអាង​ថា ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​ផ្ទុះ​ឡើង​នៅ​ពេល​មាន​ការ​បើក​ភ្លៀង​ខៀវ​ពី​លោក ជុំ ម៉ី ជា​អតីត​អ្នក​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត។ លោក កឹម សុខា បាន​អះអាង​ថា លោក​មិន​បាន​និយាយ​ថា គ្មាន​ការ​សម្លាប់​មនុស្ស​នៅ​គុក​ទួលស្លែង នៅ​ក្នុង​របប​ខ្មែរ​ក្រហម ឬ​គុក​ទួលស្លែង ជា​គុក​សិប្បនិម្មិត​នោះ​ទេ។ អនុប្រធាន​សមាគម​ក្សេមក្សាន្ត លោក ប៊ូ ម៉េង បាន​អះអាង​ថា លោក​មិន​បាន​ឮ​ដោយ​ផ្ទាល់ ដែល​ថា លោក កឹម សុខា មាន​ប្រសាសន៍​ថា​ គ្មាន​ការ​កាប់​សម្លាប់​នៅ​គុក​ទួលស្លែងនោះ​ទេ។ អនុប្រធាន​សមាគម​ក្សេមក្សាន្ត​ បាន​ចាត់​ទុក​បញ្ហា​នេះ ជា​រឿង​នយោបាយ ​ប្រសិនបើ​លោក ជុំ ម៉ី ចង់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា ក្នុងនាម​​សមាគម​ក្សេម​ក្សាន្ត ​លុះត្រា​តែ​មាន​ការ​សម្រេច​ពី​គណៈកម្មការ​សមាគម​ជា​មុន​សិន។
  • ថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០១៣ ៖ គជប ប្រកាស​​ចែក​ចាយ​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​ឲ្យ​ដល់​ដៃ​អ្នក​បោះឆ្នោត​ទៅ​តាម​ការ​គ្រោង​ទុក​របស់​ខ្លួនចាប់ពីថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២៥ មិថុនា។ ​សន្លឹក​ប័ណ្ណ​ព័ត៌មាន និង​អ្នក​បោះឆ្នោត​មាន​ចំនួន​ជាង ៩​លាន​សន្លឹក ក្នុង​ឆ្នាំ​២០១៣ (​ឆ្នាំ​២០០៨ ​មាន​ត្រឹម​តែ​ជិត ៧​លាន​សន្លឹក)។ អ្នក​ផ្ដល់​ប័ណ្ណ​នេះ ជា​មន្ត្រី​របស់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​មាន​ប្រធាន​ភូមិ ក្នុង​ឃុំ សង្កាត់​នីមួយៗ​នោះ​ជា​ជំនួយ​ការ។​ មន្ត្រី គ.ជ.ប និយាយ​ថា ប័ណ្ណ​ព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៣ នេះ ពុំ​មាន​ការ​ប្រែប្រួល​ជា​ដុំ​កំភួន​ច្រើន​នោះ​ឡើយ គ្រាន់​តែ​កែប្រែ​ផ្នែក​ខាង​ខ្នង​ពណ៌​ផ្ទៃ​មេឃ​ស្រាល និង​អក្សរ​ពណ៌​ផ្ទៃ​មេឃ​ដិត។   ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មានផ្តល់ព័ត៌មានទាក់ទងនឹង ទីតាំងការិយាល័យបោះឆ្នោត …។
  • ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១៣ ៖ លោក ជុំ ម៉ី ជា​អតីត​អ្នក​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត បានដឹកនាំបាតុកម្មក្នុងក្រុងភ្នំពេញដែលមានអ្នកចូលរួម​រាប់ពាន់នាក់ ហើយការផ្សាយផ្ទាល់ពីបាតុកម្ម​តាមរយៈ​ទូរទស្សន៍បាយ័នជាលើក​ដំបូង ដើម្បីប្រឆាំងនឹង​លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។ បាតុកម្ម​បាន​បញ្ចប់​នៅពេលដែល​លោក ជុំ ម៉ី បាន​យក​ញាត្តិ​​ទៅ​ដាក់នៅ ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីទាមទា​ឱ្យ​លោក កឹម សុខា ធ្វើការសុំ​ទោស​ចំពោះជន​រងគ្រោះ​ក្នុង​របបខ្មែរក្រហម។
  • ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ៖ លោក ជុំ ម៉ី ជា​​ដើម​បណ្តឹង​​​​ព្រហ្មទណ្ឌ​​​ពី​​​បទ​​បរិហារកេរ្តិ៍ ត្រូវ​​តុលាការ​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កោះហៅ​​ទៅ​​សាកសួរ។ លោក ជុំ ម៉ី​ ប្តឹង​ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដែល​បាន​និយាយ​ថា​ គុក​ទួលស្លែង​ជា​គុកសិប្បនិម្មិត្ត ហើយ​ប្តឹង​​ទាមទារ​ សំណង​ជា​ប្រាក់១ពាន់ដុល្លារ (ប្រមាណ​​៤លានរៀល) ដើម្បី​ធ្វើ​បុណ្យ​​បង្សុកូល​ដល់​ជន​រងគ្រោះ​ក្នុង​គុក​ទួលស្លែង។ តុលាការ​សាលាដំបូង​ក្រុងភ្នំពេញ នឹងកោះហៅ​លោក កឹម សុខា ឱ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី២៧ មិថុនា  ឆ្នាំ២០១៣​។ ឆ្លើយនឹង​តបអ្នកសារព័ត៌មាន មុនពេលដល់ថ្ងៃ​ចូល​តុលាការ ​លោក កឹម សុខា បាន​បកស្រាយ​ការពារខ្លួន​​ថា ភស្តុតាង​ដាក់បន្ទុក​ជាសំឡេងរបស់គាត់​ត្រូវបានគេកាត់ត ហើយ​លោក​​ចោទ​ថា ការ​ប្តឹង​របស់​លោក ជុំ ម៉ី មាន​គណបក្សប្រជាជន​កម្ពុជា​នៅ​ពី​ក្រោយខ្នង។
  • ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ៖ ​ក្រសួងព័ត៌មាន បានចេញ​សេចក្តីណែនាំមួយ ជូនដល់ ប្រធានសា្ថនីយ​វិទ្យុ FM ក្នុងស្រុកទាំងអស់ ត្រូវផ្អាកការផ្សាយ​បន្តពី វិទ្យុ​បរទេស ដែលផ្សាយជា​ខេមរភាសា​ទាំងអស់​ ក្នុង​រយៈពេល​បើកការឃោសនា ៣១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង​ថ្ងៃបោះឆ្នោត។ សេចក្តីណែនាំ ​បានពន្យល់​ត្រឹម​ពី តួនាទី​របស់​ស្ថានីយវិទ្យុ ត្រូវមានអព្យាក្រិត​ក្នុងការរាយការណ៍​ព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោតជូនអ្នកបោះឆ្នោត និង​លើកយកបទ​បញ្ជា និងនីតិវីធីសម្រាប់ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ នីតិកាលទី៥​​ ដែល​ហាមជនបរទេស​ ​ដែលមានវត្តមាន​នៅក្នុងប្រទេសកម្ពុជាធ្វើសកម្មភាព​ឃោស​នា​បោះឆ្នោត​ដើម្បី​គាំទ្រ ឬប្រឆាំង​គណបក្សនយោបាយ​ណាមួយ តែមិនបាន​ពន្យល់ច្បាស់លាស់ពី មូលហេតុ​ជាក់លាក់​​ដែល​ត្រូវផ្អាក​ការផ្សាយបន្តពីវិទ្យុបរទេស ដែលផ្សាយជាខេមរភាសា​ រួមរាប់ វិទ្យុ​អាស៊ីសេរី វិទ្យុវីអូអេ វិទ្យុអេប៊ីស៊ីអូស្រ្តាលី វិទ្យុបារាំង​អែរអែហ្វអ៊ី។ សេចក្តីណែនាំ ដែល​មាន​ចុះ​ហត្ថលេខា លោក អ៊ុក ប្រាថ្នា បានព្រមាន​ ដល់ស្ថានីយ​វិទ្យុ FM ណា​មិនគោរព​តាមសេចក្តីណែនាំ របស់ក្រសួងព័ត៌មាន នឹង​ត្រូវរងវិធានការ​តាមច្បាប់​របស់ក្រសួងជាធរមាន។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ តាមប្រតិទិន​របស់ គជប នឹង​ចាប់ផ្តើមពីថ្ងៃទី២៧ ខែ​មិថុនា ដល់​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ២០១៣។
  • ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ៖ ក្រសួង​ព័ត៌មាន បាន​ប្រកាស​ តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក) អនុញ្ញាត​អោយ​វិទ្យុ អេហ្វអឹម (FM) ក្នុង​ស្រុក​ទាំង​អស់ អាច​ធ្វើ​ការ​ចាក់​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ​ឡើង​វិញ។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយការរិះគន់យ៉ាងចាស់ដៃពីអង្គការសង្គមស៊ីវិលជាតិ សហគមន៍អន្តរជាតិ និងតំណាង​គណបក្ស​នយោបាយ​​ដែល​ចូលរួមប្រកួត ថា​ជា​ទង្វើ​មួយ​ដើរ​ផ្ទុយ​ពី​ច្បាប់ និង​ជា​ដំណើរ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ គណបក្ស​នយោបាយ​ចំនួន​៦ ដែល​ចូលរួមប្រកួតប្រជែង រួមមាន គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សង្គ្រោះ​ជាតិ ដែលបានរិះគន់​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ដែល​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អែហ្វអឹម (FM) ក្នុង​ស្រុក​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត និង​ពេល​បោះឆ្នោត ចំណែក គណបក្សប្រជាជនកម្ពុជា និងគណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ បែរជាគាំទ្រចំណាត់ការរបស់ក្រសួង ក្រោមហេតុផល ស្ថាប័ន​ផ្សព្វផ្សាយ​មួយ​ចំនួន​មិន​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ​ និងមិនមានអព្យាក្រឹត។
  • ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់​ចេញ​ព្រះរាជក្រឹត្យមួយ ​ត្រាស់​បង្គាប់​ លើកលែង​ទោស​ឱ្យ​ទណ្ឌិតឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ​ ៦២ឆ្នាំ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ តាម​អំណាច​សាល​ដីកា​ស្ថាពរ​លេខ ៣២ ចុះថ្ងៃទី​០១ ខែ​មិនា ឆ្នាំ២០១១ របស់​តុលាការ​កំពូល និង​សាលដីកា​ស្ថាពរលេខ ៨៤ ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០១១ របស់​សាលា​ឧទ្ធរណ៍។ ព្រះរាជក្រឹត្យ​របស់ ព្រះមហាក្សត្រ បានធ្វើឡើងក្រោយ លិខិតស្នើ​លើកលែង​ទោស​របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តំណាង​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ចុះថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៣។  នៅក្នុងថ្ងៃដដែល ប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ផ្ញើលិខិតចូលរួម​មរណទុក្ខ​ សម្តែងការសោកស្តាយ​ និង​រំលែកទុក្ឋ​ ជាមួយនឹង លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ចំពោះ​មរណភាព​របស់ អ្នកឧកញ៉ា​មហាភក្តី​សប្បុរសភោគាធិបតី ហ៊ុន នាង ត្រូវជា​​ បិតា​ ​បាន​ទទួល​អនិច្ចកម្ម​ កាលពីថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយ​ ជរាពាធ។
  • ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ២០១៣ ៖ គ.ជ.ប បាន​ចេញសេចក្តីបំភ្លឺ​មួយ ស្តីពី ការផ្អាក​វិទ្យុ​មិនឱ្យ​ផ្សាយ​បន្ត​ និងការ​ហាម​ផ្សព្វផ្សាយ​ការងារ និងលទ្ធផល​នៃ​ការបោះឆ្នោត ថា គ.ជ.ប មិនបាន​ ផ្អាកវិទ្យុ​មិនឱ្យផ្សាយ​បន្ត​ក្នុងអំឡុងពេល​បោះឆ្នោត។ គ.ជ.ប បន្តបកស្រាយថា ចំពោះ​ការហាម​ផ្សព្វផ្សាយ​ ក្នុង  រយៈពេល​ ៥​ថ្ងៃ​ មុនថ្ងៃបោះឆ្នោត​ និងថ្ងៃបោះឆ្នោត ដែល​បាន​ចែងក្នុង​បទបញ្ជា​ និងនីតិវិធី​ សម្រាប់​​ការបោះឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ជំពូក​៧ ចំណុច​ ៧.២.៥ គឺ សំដៅ​តែលើ ការហាម​ធ្វើ​ និងហមា​ផ្សព្វផ្សាយ​លទ្ធផលនៃ​ការស្ទង់មតិ​ ទាក់ទងនឹង​ដំណើរការបោះឆ្នោត​តែប៉ុណ្ណោះ​។ ចំណែក​ការ​ផ្សព្វផ្សាយ​ លទ្ធផល​នៃការបោះឆ្នោត​ ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ មានសិទ្ធិ​ធ្វើការផ្សព្វផ្សាយ​លទ្ធផល​ដែលខ្លួន​ទទួលបាន។
  • ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០១៣ ៖ មេដឹកនាំគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ដែល​បាន​និរទ្ទេសខ្លួន​ឯង បានវិលមកដល់កម្ពុជាវិញ ក្រោយព្រះមហាក្សត្រ​ព្រះរាជទាន​ការលើកលែងទោស។ រាប់ចាប់ពី​ព្រលានយន្ត​ហោះភ្នំពេញ រហូតដល់ ទីលានសេរីភាព (ចម្ងាយប្រមាណ ១៣គីឡូម៉ែត្រ) អ្នកគាំទ្រ និង​អ្នកដំណើរ​ រាប់​សែននាក់ អមសង្ខាងផ្លូវ និងស្វាគមន៍​មេដឹកនាំ​គណបក្សប្រឆាំង​ចូល​ស្រុកវិញ។
  • ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ៖ ​ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្តី បាន​ស្នើ​ដល់​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការ​ជាបន្ទាន់ ដើម្បីផ្អាក​ការផ្សាយ​របស់ វិទ្យុ​ អេប៊ីស៊ី FM 107.5 MHz រហូតដល់​ក្រោយ​ការបោះឆ្នោត ដោយ​ហេតុផលថា វិទ្យុនេះ បាន​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​ និង​ពាក្យ​ពេចន៍ញុះញង់​ បំភិតបំភ័យ​អ្នក​បោះឆ្នោត ដែល​​រំលោភ​ទៅ​នឹងច្បាប់​ បទបញ្ជា និង​នីតិវិធីរបស់ គ.ជ.ប។ គ.ជ.ប បាន​បញ្ជាក់ថា ស្ថានីយវិទ្យុ អេប៊ីស៊ី FM 107.5 MHz នៅតែ​បន្ត​ផ្សព្វផ្សាយ​បទសម្ភាសន៍​របស់​ម្ចាស់​ស្ថានីយ​តាមទូរស័ព្ទ​ពីទល់ដែនខ្មែរ ថៃ​​ ដដែល​បើ​ទោះបីជា គ.ជ.ប ធ្លាប់បាន​ចេញលិខិតព្រមាន​ដោយ​ផ្ទាល់​រួចហើយក្តីកាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៣។
  • ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣ ៖ ​ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត​នីតិកាល​ថ្មី បាន​ចាប់ផ្តើម​ដំណើរការ​ចាប់ពីម៉ោង ៧ព្រឹក រហូត​ដល់ ម៉ោង​ ៣រសៀល។ ក្នុងថ្ងៃបោះឆ្នោត បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត បាន​ទទួល​សេចក្តី​រាយការណ៍ជាច្រើនថា ពលរដ្ឋជាច្រើន​បាន​បាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត​ មាន​បាតុភាព​មិនប្រក្រតីជាច្រើនកើតនៅរាជធានីភ្នំពេញ…។
    • ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ ៖ មានអំពើហិង្សាមួយ​កើតឡើង​នៅ​ការិយា​សាលាបឋមសិក្សា​ស្ទឹងមានជ័យ ស្ថិតក្នុង​ទីស្នាក់ការ​​ គណៈកម្មការ​រៀបចំការបោះឆ្នោត​ សង្កាត់ស្ទឹងមានជ័យ ផ្តើមចេញពីការបាត់ឈ្មោះអ្នកបោះឆ្នោត តែ​មន្រ្តី​បោះឆ្នោត​មិន​រវល់ដោះស្រាយ​។ ​អន្តរគមន៍​របស់ប៉ូលីស ដោយ​មិន​ខ្វល់ពី​កំហិង​ម្ចាស់ឆ្នោត​បាន​បណ្តាលឱ្យ​ការ​វាយបំផ្លាញ និងដុតឡាន​ប៉ូលីស អស់ ២គ្រឿង។
    • ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ៖ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​ឃុំ​ល្វាក្រាំង នៃ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប រួម​ទាំង​អ្នក​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ​ខ្លះ​ទៀត បាន​ឱ្យ​ដឹង​ថា គេ​បាន​ប្រទះ​ឃើញ​លិខិត​អនាមិក​មួយ​សន្លឹក​នៅ​ក្នុង​ហិប​ឆ្នោត​នៃ​ការិយាល័យ​លេខ ១១១៥។ លិខិត​នោះ​បាន​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​បង្ក្រាប​ទៅ​លើ​អំពើ​ពុក​រលួយ​ក្នុង​អង្គភាព​យោធា ដែល​មេបញ្ជា​ការ​​មួយ​ចំនួន​កំពុង​ប្រព្រឹត្ត។ នៅ​ការិយាល័យ​បោះឆ្នោត​លេខ ១១១៥ នោះ ក្នុង​ចំណោម​ទាហាន ៦៩២​នាក់ ដែល​គេ​បាន​បញ្ជូន​ពី​ព្រំដែន​កម្ពុជា-ថៃ ឱ្យ​មក​បោះឆ្នោត​នៅ​ស្រុក​វ៉ារិន គឺ​ចំនួន​ជាង ២០​សំឡេង​បាន​បោះ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គេ​សង្ស័យ​ថា ប្រហែល​ជា​ទាហាន​ណា​ម្នាក់​ក្នុង​​ចំណោម​អ្នក​ជាង ២០​នាក់​នោះ ដែល​បាន​ប្លុង​លិខិត​ទៅ​ក្នុង​ហិប​ឆ្នោត។
  • ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ហើយ​​បន្ថែម​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច សូម​ប្រកាស​នូវ​ជំហរ​ម៉ឺងម៉ាត់​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​នេះ ដើម្បី​ឲ្យ​សមស្រប​ទៅ​តាម​ការ​ទាមទារ និង​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត។
  • ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៣ ថ្លែង​នៅ​ក្នុង​ទស្សនកិច្ច​ពិនិត្យ​ការដ្ឋាន​សង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ជាទីដែល​ម្ចាស់ឆ្នោត​ និងប៉ូលីសប៉ះទង្គិចគ្នា ហើយមានការដុតឡានប៉ូលីសអស់ ២គ្រឿង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​បង្ហាញ​ជំហរគាំទ្រ​ការបង្កើត​គណៈកម្មការចម្រុះ ដើម្បី​ធ្វើការស៊ើបអង្កេត​លើភាពមិនប្រក្រតី​ក្នុងថ្ងៃបោះឆ្នោត ដោយបាន​មាន​ប្រ​សាសន៍​ថា «បើ​សិន​ជា​​គណៈកម្មការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត យល់​ឃើញ​ថា មាន​ការ​ចាំ​បាច់​ឱ្យ​គណបក្ស​នយោបាយ​ចូល​រួម សង្គម​​ស៊ី​វិល​ចូល​រួម សម្រាប់​ខាង​រាជ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​ សូម​ស្វាគមន៍​នូវ​​​ការ​បើក​ទូលាយ​​​បែប​នេះ ដើម្បី​បង្ហាញ​ពី​តម្លា​ភាព និង​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា[1]»
  • ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៣ ៖ អ្នក​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​រាប់​ពាន់​នាក់ បាន​មកជួបជុំគ្នា​​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​លើ​ករណី​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ តាមការប្រកាសអញ្ជើញ​របស់​គណបក្សសង្គ្រោះជាតិ។​ បណ្ដឹង​ដែល​គណបក្ស​សង្គ្រោះជាតិ ទទួល រាប់បញ្ចូល​ បណ្តឹងបាត់ឈ្មោះ​អ្នកបោះឆ្នោត បណ្តឹង​មន្រ្តីការិយាល័យ​បដិសេធន៍​មិនឱ្យបោះឆ្នោត បណ្តឹង​មានអ្នកបោះឆ្នោត​ជំនួស បណ្តឹង​មនុស្ស​ចល័ត​បោះឆ្នោត​ច្រើនដង និង​បណ្តឹង​ប្តឹងជនបរទេសមកបោះឆ្នោត។
  • ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ ៖ ព្រះរាជសារ​របស់​ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ​បាន​អំពាវនាវដល់​គណបក្ស​នយោបាយ​ទាំងពីរដែលប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ អាណត្តិថ្មី “ឲ្យ​បន្ត​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​វិវាទ ឬ​បញ្ហា​​ទាំងឡាយ ដែល​នៅ​សេសសល់”។ ព្រះ​មហាក្សត្រ​​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​ប្រកប​របរចិញ្ចឹម​ជីវិត​ដោយ​ភាព​សុខសាន្ត ព្រមទាំង​រក្សា​ឯកភាព និង​សាមគ្គី​ជាតិ​ ដែល​ព្រះអង្គ​ចាត់ទុក​ថា​ជា​កម្លាំង​​របស់​ជាតិ ក្នុង​ការ​ជំនះ​រាល់​ការ​លំបាក​ធំៗ​ទាំងឡាយ​កន្លងទៅ។
  • ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៣ ៖ តាមការប្រកាសលទ្ធផល​បណ្តោះអាសន្ន របស់ គជប ​កូនប្រុស​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ឈរឈ្មោះជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​លេខ​រៀង​ទី៤ មិនបានទទួលអាសនៈទេ ដោយសារ​ក្នុងមណ្ឌល​ខេត្ត​កំពង់ស្ពឺ គណបក្ស​ប្រជាជនកម្ពុជា​ អាចទទួលបានត្រឹម​ ៣អាសនៈ ក្នុងចំណោម​ អាសនៈ សរុបចំនួន​ ៦ ។ ទន្ទឹម​នឹង​នោះ លោក ស សុខា វ័យ ៣៤​ឆ្នាំ ស្នងការ​រង​ប៉ូលិស​ក្រុង​ភ្នំពេញ ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី៦ ប្រចាំ​ខេត្ត​ព្រៃវែង ក៏​មិន​បាន​ឈ្នះ​អាសនៈ​ផងដែរ ដោយសារគណបក្សប្រជាជនកម្ពុជា ទទួលបានត្រឹម ៥អាសនៈ ក្នុងចំណោម​អាសនៈសរុប ១១ ក្នុងខេត្ត​ព្រៃវែង ។
  • ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​ សម្តេច​ ព្រះមរមនាថ​ នរោត្តម​ សីហមុនី​ អម​ព្រះរាជ​ដំណើរ​ដោយ​ព្រះមាតា​ សម្តេច​​ព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ ​សីហនុ​ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ព្រះរាជ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន។​ ជូន​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ ​​មាន​​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ប្រធាន​រដ្ឋសភា​ លោក ហេង ​សំរិន​ ព្រម​ទាំង​មន្ត្រី​​ជាន់ខ្ពស់​ និង​ក្រុម​គ្រួសារ​រាជវង្ស​ជាច្រើន​ទៀត។​ អវត្តមាន​ពី​ប្រទេស​របស់​ព្រះមហាក្សត្រ​ដែល​កើត​ឡើង​ចំពេល​ដែល​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅ​មិនទាន់​អាច​ដោះស្រាយ​ចេញ​បាន​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារ​ម្ភ​ថា​ កម្តៅ​នយោបាយ​អាច​កើន​ឡើង​​ថែ​មទៀត។ ​ការ​យាង​ចាក​ចេញ​ពី​ប្រទេស​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​​ បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​ បន្ទាប់​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​បាន​ជួប​នឹង​បរាជ័យ​ក្នុង​ការ​បង្កើត​គណៈកម្ម​ការ​ចម្រុះ​ដើម្បី​​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត។​
  • ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​កំពុង​គង់ប្រថាប់​នៅឯ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​ចេញព្រះរាជសារមួយជំរុញ​ឲ្យ​គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះជាតិ ដែលជា​ជម្លោះ​នឹងគ្នា ​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ។
  • ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ ៖ បាតុករ​របស់គណបក្ស​សង្រ្គោះជាតិ រាប់​រយនាក់ បានហាត់សម​ពី​របៀបធ្វើ​បាតុកម្ម​ដោយសន្តិវិធី នៅ​ទីលានប្រជាធិបតេយ្យ ជាមួយ​ឧបករណ៍ ផ្កាឈូក ទៀន​ ធូប បដា និង​ប៊ូ​ចងក្បាល។ ចំណែក​កម្លាំង​សមត្ថកិច្ច​ រយនាក់​ ក៏បាន​ហាត់​បំប៉ន​ជំនាញ​ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅ​កោះពេជ្រ ប្រដាប់ដោយ ខែងការពារ ដំបងឆក់ មួកសុវត្ថិភាព គ្រាប់បែកផ្សែង ឡានទឹក។
  • ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ២១០១៣ ៖ គជប បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នៃការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ នីតិកាលទី​៥ (ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣) និង​ផ្តល់សុពលភាព​ ជូន​តំណាង​រាស្រ្ត​ជាប់ឆ្នោត សរុប ១២៣​រូប។ តាមលទ្ធផលនេះ មានត្រឹមគណបក្ស​នយោបាយ ពីរប៉ុណ្ណោះ​ដែល​ទទួលបាន​អាសនៈ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨​អាសនៈ និង​គណបក្សសង្រ្គោះជាតិ ទទួលបាន​ ៥៥អាសនៈ។
  • ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​វេលា​ម៉ោង ៤​រសៀល បន្ទាប់​ពី​ព្រះអង្គ​បាន​យាង​ចេញ​ពី​ប្រទេស​ទៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០១៣ ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​ព្រះអង្គ តា​ម​ការ​កំណត់​រៀង​រាល់ ៦​ខែ​ម្ដង។  ថ្នាក់​ដឹក​នាំនៃ​​គណបក្សជាប់ឆ្នោត​នៅសភា រួមទាំង​មន្រ្តី និងញាតិវង្ស​ច្រើនរូប បាន​ចាំ​ទទួល​ស្វាគមន៍​ធ្វើ​បដិសណ្ឋារកិច្ច​ព្រះអង្គ​ទាំង​ពីរ យាង​ចុះ​ពី​ព្រះ​ទីនាំង នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ។  មេ​ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី មិន​បាន​ជួប​ស្វាគមន៍ ឬ​ពិភាក្សា​គ្នា​អ្វី​បន្តិច​ទេ នៅ​ក្នុង​ឱកាស​នោះ។
  • ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ៖ ជំនួបថ្នាក់ដឹកនាំ​គណបក្ស​នយោបាយជាប់ឆ្នោតនៅព្រះបរមរាជវាំង​ ក្រោម​ព្រះរាជា​ធិបតី​នៃ​ព្រះមហាក្សត្រ​ដែល​ប្រើ​ពេល​ប្រមាណ ២០​នាទី ភាគី​ទាំង​ពីរ​នៅ​ពុំ​ទាន់​បាន​ឯកភាព​លើ​គោលការណ៍​រួម ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​បាន​នៅ​ឡើយ​។ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​រំពឹង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​ផ្លូវ​ក្នុង​ការ​ចូល​រួម​ប្រជុំ​សភា​ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះអង្គ។
  • ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ៖ គណបក្សសង្គ្រោះជាតិ បាន​ដឹកនាំមហា​បាតុកម្ម​អហិង្សា​ចំនួន​បីថ្ងៃ (១៥ ដល់ ១៧ ខែកញ្ញា) នា​ទីលាន​ប្រជាធិបតេយ្យ ដោយមានអ្នកចូលរួម​ រាប់ម៉ឺននាក់ ទាមទារ​យុត្តិធម៌​ ហើយ​មានការចងតង់ស្នាក់​ពេលយប់ផងដែរ។
  • ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា​កើត​ឡើង​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ រវាង​សមត្ថកិច្ច​​​រាប់រយនាក់ ប្រដាប់ដោយ ខែល ដំបង គ្រាប់បែកផ្សែង កាំភ្លើងគ្រាប់ពិត ជាមួយនឹងក្រុម​អ្នកតវ៉ា​ ប្រមាណជិត ៣០នាក់ យ៉ាងហោចណាស់ បាន​បណ្តាលឱ្យ មនុស្សម្នាក់ស្លាប់ ១៥នាក់រងរបួស និង​មនុស្ស​ ៦នាក់ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន។ បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩​ឆ្នាំ ត្រូវបានអះអាថា ជាអ្នកដំណើរតាមផ្លូវ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ដោយ​ត្រូវ​គ្រាប់​ (K59) ចំ​ក្បាល។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា ការ​រាយ​បន្លា​លួស និង​បិទ​របាំង​ផ្លូវ មិន​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់ ជា​មូលហេតុ​នៃ​ហិង្សា​រវាង​ពលរដ្ឋ និង​កម្លាំង​ប្រដាប់​អាវុធ។
  • ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​បាត់បង់ជីវិត និង​រងរបួស​ ក្នុងគ្រា​មានការប៉ៈទង្គិច​គ្នា​យ៉ាងខ្លាំង​រវាង​ ក្រុមសមត្ថកិច្ច​ និង​ក្រុមបាតុករ រួមទាំង​អ្នក​ដំណើរ​​តាមផ្លូវ​។ ព្រះមហាក្សត្រ​ទ្រង់​បាន​អំពាវនាវ ដល់​ជនរួមជាតិ​ រក្សា​ភាព​ស្ងៀមស្ងាត់ និង​សេចក្តីថ្លៃថ្នូរ ក្នុងការរកដំណោះស្រាយ​បញ្ហាជាតិ។
  • ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០១៣ ៖ ក្រុម​មេ​ដឹក​នាំ​កំពូលៗ​របស់គណបក្ស​ជាប់ឆ្នោត​នៅរដ្ឋសភា​នីតិកាលថ្មី មានសមាសភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ស ខេង លោក សាយ ឈុំ មកពីគណបក្សប្រជាជនកម្ពុជា និង​លោក សម រង្ស៊ី លោក កឹម សុខា លោក បានជួបជជែកគ្នារកដំណោះស្រាយ​​លើកដំបូង​ក្រោយ​ការបោះឆ្នោត​ដ៏ចម្រូងចម្រាស់ នៅវិមានរដ្ឋសភា។ ក្រោយជំនួបរយៈពេលជិត ៥ម៉ោង ​ លោក​ ​សម រង្ស៊ី​ បានប្រកាសនៅ​ចំពោះមុខ​បាតុករ​ដែលមាន​ចំនួន​កើនឡើង​ជាច្រើន​ម៉ឺន​នាក់​ នៅលើ​ទីលាន​ប្រជាធិបតេយ្យ នាថ្ងៃរសៀលថា លោក​បានទាមទារ​ពី​លោកនាយក​រដ្ឋមន្ត្រី ធ្វើយ៉ាងណា​មិនឱ្យអាជ្ញាធរ​ប្រើប្រាស់​ហិង្សា​ដាក់​ក្រុមបាតុករ​ ហើយ​លោក​នឹង​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​បន្តទៀត។
  • ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១៣ ៖ ភិក្ខុ​សង្ឃ​នាម សេក ឌីណា ព្រះជន្ម ៣៥ វស្សា បាន​ទាញ​យក​ដប​សាំង​ដែល​លាក់​ក្នុង​ស្បង់​មក​ស្រោច​ប៉ុន​ប៉ង​ដុត​ព្រះកាយ​លើ​វេទិកា មហា​បាតុកម្ម​របស់​​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​សម្តែង​ការ​ឈឺចាប់​ទៅ​លើ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ មន្រ្តី ហ៊ុន សែន ថា ពោរ​ពេញ​ទៅ​ដោយ​ភាព​អយុតិ្តធម៌។ ព្រះអង្គ បាន​មាន​សង្ឃដីកា​ថ្កោល​ទោស​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង ៣០ ឆ្នាំ​ថា នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ បាន​ធ្វើ​បាប ​និង​សម្លាប់​ប្រជាជន​ខ្មែរ ដោយ​​បញ្ជូន​ពួកគេ​ទៅ ក-៥ ហើយ​​បាន​បំផ្លាញ​ធនធាន​ជាតិ បាន​ផ្តល់​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន​បរទេស រហូត​ដល់ ៩៩ ឆ្នាំ​។
  • ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​ នរោត្តម សីហមុនី ទ្រង់ផ្ញើព្រះរាជសារ​មួយ​ ជូន​បេក្ខជន​ជាប់ឆ្នោត​តំណងរាស្រ្ត​នៃគណបក្សសង្គ្រោះជាតិ​ទាំង​ ៥៥រូប ដែលបាន​ប្រកាស​ធ្វើ ពលិការ​ចូលរួម​បើកសម័យប្រជុំ​ដំបូង​នៃរដ្ឋសភា នីតិកាល​ទី៥ អញ្ជើញ​ចូលរួម​ក្នុងសម័យ​ប្រជុំ​ដំបូង​ នៃរដ្ឋសភា ដែល​បានកំណត់​ទុកនៅថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ២០១៣ ដើម្បីបង្ហាញនូវការ​រួបរួម និង​ឯកភាពជាតិ។ ព្រះរាជសារ បានលើកយក មាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលបាន​ប្រទាន​ព្រះរាជសិទ្ធិ​ដល់ ព្រះមហាក្សត្រ​ យាងជា​ ព្រះរាជាធិបតីភាព​​ដ៏ខ្ពង់ខ្ពស់ ក្នុងសម័យ​ប្រជុំ​ដំបូង​នៃរដ្ឋសភា​ នីតិកាលថ្មី។
  • ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះមហាក្សត្រ​បាន​ផ្ញើ​ព្រះរាជសារមួយ​​ជូន​សមាជិក សមាជិកា រដ្ឋ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥៥​រូប បញ្ជាក់​ថា យោង​តាម​មាត្រា ៨២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ព្រះអង្គ​នឹង​យាង​ជា​ព្រះ​រាជាធិបតី​នៅ​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០១៣។ ​ព្រះរាជសារបានបន្ថែម​ថា ព្រះអង្គ​សូម​ឯកឧត្ដម និង​លោក​ជំទាវ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មេត្តា​អញ្ជើញ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​សភា​ដំបូង ដើម្បី​បង្ហាញ​នូវ​ការ​រួបរួម​ជាតិ​និង​ឯកភាព​ជាតិ។
  • ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ៖ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ បាន​ដាក់​លិខិត​ថ្វាយ​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហមុនី ដោយ​បញ្ជាក់​ថា បេក្ខជន​ជាប់​ឆ្នោត​ទាំង​៥៥រូប ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ទៅ​ចូល​រួម​ប្រជុំ​ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ទេនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ទេ។ មូលហេតុ​ចម្បង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទៅ​ចូល​រួម​ប្រជុំ​សភា​នោះ ត្រូវបាន​បកស្រាយ​ថា បេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្គ្រោះ​ជាតិ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​ជា​មុន​សិន។
  • ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ៖ ​តំណាង​សង្គម​ស៊ីវិល​៤​នាក់​ត្រូវបាន​អនុញ្ញាត​ឱ្យ​នាំយក​ញត្តិ​ទៅ​​ថ្វាយ​ព្រះមហាក្សត្រ​ តាម​រយៈ​មន្ត្រី​ព្រះ​បរមរាជវាំង​។ ​ញត្តិ​​ដែល​សរសេរ​រួម​គ្នា​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០​ដែល ​ស្នើឱ្យ​ព្រះ​មហាក្សត្រ​ពន្យារ​ការ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ​ឆ្នាំ២០១៣។ ញត្តិ​​ដដែល​សរសេរ​ថា គណបក្ស​ទាំងពីរ​គួរ​តែ​មាន​ពេល​វេលា​ច្រើន​ជាង​នេះ​ដើម្បី​អាច​ពិភាក្សា ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី។
  • ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០១៣ ៖ សម័យប្រជុំ​រដ្ឋសភា​លើកដំបូង នីតិកាល​ទី៥ បាន​ប្រព្រឹត្តទៅ​ក្រោម​ព្រះ​រាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី បេក្ខជន​​ជាប់​ឆ្នោត​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨ រូប ចូល​រួម។
  • ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ៖ មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថ្កោលទោស​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ ថា​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដោយសារ​បង្កើត​ឡើង​នោះ​មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។
  • ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៣ ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ទ្រង់​បាន​ឡាយព្រះហត្ថលេខា លើព្រះរាជក្រឹត្យ​មួយ តែងតាំង (សរុប​៥៥រូប) ​ទីប្រឹក្សា​ផ្ទាល់​ចំនួន ២១​រូប និង​ជំនួយការ​ ចំនួន​ ៣៤​រូប  របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់​​នីតិកាលទី​៥ នៃរដ្ឋសភា។
  • ថ្ងៃទី​៦ ខែតុលា ឆ្នាំ២០១៣ ៖ ដូច​ការគ្រោង​ទុក​ជាមុន សមា​ជ​​មហាជន​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​ចាប់ផ្តើម​​នៅ​​រសៀល​​ថ្ងៃ​អាទិត្យ ក្រោម​​ការដឹក​នាំ​​របស់​​លោក​ សម​ រង្ស៊ី​ ប្រធាន​​គណបក្ស​ និង​​លោក ​កឹម សុខា​ អនុ​ប្រធាន​​គណបក្ស។ មាន​​ប្រជាពលរដ្ឋ​​ចូល​រួម​ប្រមាណ​​ជាង១​ម៉ឺន​​នាក់ ដោយ​មាន​ការ​ជួបជុំ​​ថ្លែង​​សារ​នយោបាយ​ និង​​លើក​ឡើង​​ពី​​កង្វល់​​ផ្សេង​​របស់​​តំណាង​​អ្នក​ចូលរួម នៅក្រោម​​តំណក់ភ្លៀង​​បន្តិច​បន្តួច​។ អង្គសមាជ​​បាន​សម្រេច​​ទៅលើ​​ចំណុច​មួយចំនួន​ ក្នុងនោះ ​បានប្រកាស​ថា នឹង​ធ្វើ​មហា​​បាតុកម្ម​​នៅ​​ទូទាំង​ប្រទេស​​នៅ​ថ្ងៃ​២៣ ខែតុលា​ ឆ្នាំ២០១៣ ម្តងទៀត។
  • ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០១៣ ៖  លោក​ សម រង្ស៊ី​ ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវ​បាន​អម​ដំណើរ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ និង​​អង្គរក្ស​​របស់​លោក ​ឆ្ពោះ​ទៅ​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ភូមិ​ព្រែក​តាគង់​ទី​១​ សង្កាត់​ចាក់អង្រែ​លើ ជាស​ង្កាត់​ដែលមាន​ទីលំនៅអចិន្ត្រៃយ៍របស់លោក​​សព្វថ្ងៃ ដើម្បីចុះឈ្មោះបោះឆ្នោតឡើងវិញ។ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ ត្រូវ​បាន​មន្ត្រី​បោះឆ្នោត​​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌ​មាន​ជ័យ ​ចុះ​ឈ្មោះ​របស់​លោក​ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​ចន្ទនោះ។ ​លោក​ សម រង្ស៊ី មិន​បាន​បោះឆ្នោត និង​មិន​អាច​ចុះឈ្មោះ​ជា​បេក្ខជនតំណាងរាស្ត្រ​បាន​សម្រាប់​ការ​បោះឆ្នោត​​នីតិកាល​ទី​៥​នេះ ដោយសារ គ.ជ.ប​ បានលុប​ឈ្មោះ​របស់​លោក​ចោល ក្រោយ​ពី​លោក​ត្រូវបាន​តុលាការ​កាត់ទោស​​ក្នុង​សំណុំរឿង​​ព្រំដែន។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ គឺជា​ជំហាន​មួយ​ដែល​អនុញ្ញាត​អោយ​លោក​សម រង្ស៊ី ​ឈាន​ជើង​ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​តំណាងរាស្ត្រ​ តាម​រយៈ​ការ​អនុវត្តន៍​នីតិវិធី​មួយ​ចំនួន​។
  • ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០១៣ ៖ ប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ ​ទៅកាន់​ប្រទេស​មួយចំនួន​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក ​ក្នុង​គោលបំណង​ស្វែងរក​ការគាំទ្រ​ពី​សហគម​ន៍អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​នៅក្រោយ​ការបោះឆ្នោត​កន្លងទៅថ្មីៗនេះ ដែល​​បក្ស​ប្រឆាំង​មិន​ទទួលស្គាល់ និង​ចូលរួមធ្វើការងារ​ជាមួយ​ក្នុង​​​រដ្ឋាភិបាល​។
  • ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ៖ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​ប្រឆាំង​នឹង​គណបក្ស​  សង្គ្រោះ​ជាតិ ដែលកំពុង​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេ​ដៃពលរដ្ឋ​​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ៣​លាន​នាក់ ក្នុងគោលបំណងយក​ទៅ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើ​ព្យួរ​សមាជិក​ភាព​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ ដោយចោទថា ​មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន។
  • ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ៖ រដ្ឋសភា​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​​ប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៥ ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​​៩ ​នៃ​រដ្ឋសភា។ ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ទាំង​៩ របស់​បក្សកាន់អំណាច ប្រកប​ដោយ​ជោគជ័យ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៦៥ លើ ៦៥ នៃ​ចំនួន​សមាជិក​​បាន​ចូល​រួម។ លោក ហ៊ុន សែន លោក សុខ អាន និង លោក ហោ ណាំហុង មិន​បាន​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​នេះ​ទេ ដោយ​លោក​ទាំង​បី​ជាប់​រវល់​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។
  • ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ៖ លោក ជាម យៀប[2] សមាជិក​រដ្ឋសភា​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ទំនាយ​មេ​បក្ស​ជំទាស់​ឲ្យ​ជួប​គ្រោះ​មហន្តរាយ ឲ្យ​ជួប​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ក្រៅ​ប្រទេស កុំ​ឲ្យ​បាន​ជោគជ័យ​ក្នុង​ដំណើរ​កៀរគរ​រក​ការ​គាំទ្រ​របស់​អន្តរជាតិ ចំពោះ​វិបត្តិ​បោះ​ឆ្នោត​នៅ​កម្ពុជា។
  • ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ ៖ ខុទ្ទកាល័យ​ឯក​ឧត្ដម ស ខេង សមាជិក​គណៈ អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​បាន​អះអាង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំហរ​ខុស​គ្នា​អំពី​ការ​ទាមទារ​ចង់​បាន​តំណែង​ប្រធាន​រដ្ឋ​សភា។ ទោះបីជាយ៉ាងណា អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​នាំ​ពាក្យ​គណបក្សសង្រ្គោះជាតិ​ ​លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​តំណែង​ប្រធាន​​រដ្ឋ​សភា​ដដែល។
  • ថ្ងៃទី១៣ ខែ​តុលា ឆ្នាំ២០១៣ ៖ ខណៈដែល​សមាគមគ្រូបង្រៀន​ឯករាជ្យកម្ពុជា កំពុង​រៀបចំ​បាតុក​ម្ម​​​អហិង្សានៅ​​ទីលានសេរីភាព អបអរទិវា​គ្រូបង្រៀនអ​ន្តរជាតិ ស្រាប់តែ​​មនុស្សម្នាក់មាន​កាំភ្លើងជាខ្លួន និងមាន​ពាក់ស្លាកអ្នកសារព័ត៌មាន គេហទំព័រ មង្គល​ រិទ្ធិ បាន​បន្លំចូល​ក្នុងការជួបជុំ​របស់ក្រុមគ្រូបង្រៀន​។ ជនសង្ស័យ​ត្រូវបាន​អ្នកចូលរួម​ចាប់ខ្លួន​ វាយរហូតដល់ សន្លប់ និងដកហូតអាវុធ ហើយ​ប្រគល់ជូនអាជ្ញាធរដើម្បីស្រាវជ្រាវ និង​កាត់ទោស។ បណ្តាញព័ត៌មានក្នុងស្រុក​បាន​ផ្សាយថា ជនល្មើស​ទំនងជាមានបំណង​​បាញ់លោកស្រី មួរ សុខហួរ និង​លោក រ៉ុង ឈុន។
  • ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ៖ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ថា អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ នៅ​វិមាន​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ លើ​សួនច្បារ ខាងកើត​វិមានឯករាជ្យ ទេ​ លុះត្រាតែ​ពិធី​ផ្លូវការ នៃ​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០១៣ រួចរាល់ ទើប​គេ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំ​ង ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ នៅ​ទី​តម្កល់។


[1]យោងព័ត៌មាន វិទ្យុ​អាស៊ីសេរី ផ្សាយថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៣ មានចំណងជើងថា លោក ហ៊ុន សែន ស្វាគមន៍​ការបង្កើតគណៈកម្មការស៊ើបអង្កេត​រឿងបោះឆ្នោត http://www.rfa.org/khmer/news/politics/pm-appears-after-election-07312013043811.html
[2] វិទ្យុ​អាស៊ីសេរី ៖ តំណាង​រាស្ត្រ​បក្ស​ប្រជាជន​ដាក់​ទំនាយ​មេ​បក្ស​ជំទាស់ http://www.rfa.org/khmer/news/politics/Ruling-Party-MP-Chiem-Yeap-Curses-CNRP-President-Sam-Rainsy-to-meet-a-plane-crash-10112013001128.html