ក្នុង​បទ​​វិភាគ​​​​ទស្សនៈ​​​សារ​ព័ត៌មាន​​​ខ្មែរ​​ នៅ​​ថ្ងៃ​ទី​​​​​១២ ខែ​​កញ្ញា ផ្សាយ​​ដោយ​ វិទ្យុ​​បារាំង​អន្តរជាតិ បាន​ឱ្យដឹង​ថា កាសែត​​ក្នុង​ស្រុក​ រួម​មាន ភ្នំពេញ​​ប៉ុស្តិ៍ ខេមបូឌា​ ដេលី រស្មី​កម្ពុជា កម្ពុជាថ្មី… បាន​​​​លើក​​​មក​​ចុះ​ផ្សាយ​​​លើ​​ទំព័រ​មុខ​​ដូចៗគ្នា​ អំពី​​រឿង​រ៉ាវ​​​ទាក់ទង​​នឹង​​​ការ​​យាង​​​និវត្ត​ន៍​​មក​​ដល់ ​មាតុភូមិ​កម្ពុជា ​របស់​​ព្រះមហាក្ស​ត្រ​ នរោត្តម សីហមុនី នៅ​​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​​ភ្នំពេញ កាលពី​​ម្សិលមិញ។

Cambodia's King Norodom Sihamoni greets officials on the first day of the annual water festival along the Tonle Sap river in Phnom Penh

ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី (រូបភាព Google)

ព្រះរាជ​ពិធី​​​នៃ​​ការ​យាងម​ក​​ដល់​​​របស់ ព្រះមហាក្សត្រខ្មែរ និង​សម្តេច​ម៉ែ ត្រូវបាន​ កាសែត​​ក្នុងស្រុក រៀបរាប់​​គ្រាន់តែ​ជា សេចក្តី​ផ្តើម​ ដែល​​​ពណ៌នា ចាប់ពី ស្នាម​​ព្រះភក្រ្ត​​ញញឹម របស់​ក្សត្រ និង​​ការ​រាក់ទាក់​​​របស់ មន្រ្តី​ក្រោម​​ឱវាទ តែឆ្លៀត​​បង្ហួស មក​​​រំលេច ពី បរិយាកាស​ ដែល​​បង្ហាញ​ សញ្ញាណ​អវិជ្ជមាន​​ក្នុង​ការដោះស្រាយ​​ភាព​ជាប់គាំង​​នយោបាយ ក្រោយ​​ពេល​​បោះឆ្នោត ដោយ​​​អ្នកវិភាគ​​នយោបាយ ខ្លះ​​យល់ថា បាន​​​លិចបាត់​​ទៅវិញ នៅពេល​​ដែល មេដឹកនាំ បក្ស​ជាប់​ឆ្នោត​នៅ​សភា អាណត្តិថ្មី មិនទាន់​​និយាយ​​រកគ្នា ក្នុងពេល​​​ទទួល​​​ព្រះមហាក្សត្រ​​​នៅ​ព្រលាន​​យន្តហោះ​​អន្តរជាតិ​​​ភ្នំពេញ។ តាម​ប្រព័ន្ធផ្សព្វផ្សាយ​​ក្នុង​ស្រុក បាន​​ពណ៌​នា​​​ពី​វត្តមាន​ លោក ហ៊ុន សែន មេដឹកនាំ​​បក្ស​ប្រជាជនកម្ពុជា និង​បក្ស​​សង្គ្រោះជាតិ​ លោក សម រង្ស៊ី យ៉ាង​​លម្អិត រាប់​ទាំង ការរក្សា​ជំហរ មិន​ទាន់​​និយាយ​​​រកគ្នា​មុន របស់ មេដឹកនាំ​​​នយោបាយ របស់ បក្ស​ទាំង​ពីរ  សូម្បី​តែ អំឡុងពេល​​រង់ចាំ ក្នុងបន្ទប់ VIP ក៏​មាន​ការ​ចែក ខ័ណ្ឌ​​ដោយ ជញ្ជាំង​នៃ​បន្ទប់ ដោយ​​មួយនៅ​ខាងក្នុង មួយ​នៅ​ខាង​ក្រៅ។ កាសែត​​​បន្តថា ពួកគេ​​មិន​បាន​ជួបគ្នា មិនស្វាគមន៍គ្នា ឬ​សូម្បី​ងក់​ក្បាល​​ដាក់គ្នា ទោះបីជា ក្នុង​ពេល​ទទួល​​ដំណើ​រ​​​និវត្តន៍​របស់ ក្សត្រ ក៏ពួកគេ​​ឈរនៅម្ខាង​ម្នាក់។

លោក ជាម យៀប មន្រ្តី​ជាន់ខ្ពស់​​នៃ​គណបក្ស​​ប្រជាជន​កម្ពុជា ត្រូវបាន ស្រង់សម្តី​​ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​​ថា សម រង្ស៊ី ឋានៈ​ទាប​ជាង​ លោក នាយក​រដ្ឋ​មន្រ្តី គួរតែ លោក​ សម រង្ស៊ី ជា​​អ្នក​​ចាប់​ផ្តើម ស្វាគមន៍​មុន។ មន្រ្តី​​ដដែល បាន​បន្ថែមថា ភ្លើង​បៃតង​​​នៃ​ជំនួប​​​មេដឹកនាំ បក្សទាំងពីរ​​​មិនទាន់មាន​​នៅឡើយ តែ​បក្ស​កាន់​​អំណាច ស្វាគមន៍​សម្រាប់​​ការចរចារ។ ចំណែក​​ខាង​ គណបក្ស​សង្គ្រោះជាតិ​​វិញ លោក សម រង្ស៊ី ប្រាប់​អ្នក​​សារព័តមាន​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​វត្ត​មាន​​នៅ​ ព្រលាន​​យន្តហោះ​​ម្សិលមិញ គ្រាន់​​ដើម្បី ទទួល​ដំណើរ​​​របស់​មហាក្សត្រ ហើយ​​លោក​​​​ក៏​មិនបាន​​​ជួប​​លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ មេដឹកនាំ បក្ស​​ប្រឆាំង បន្ថែមថា ជំហរ​​របស់ បក្ស​​សង្គ្រោះជាតិ គឺនឹង​​ប្រកាស​​ម្តងទៀត​ ក្រោយ​​ការ​​កោះអញ្ជើញ​​របស់ ព្រះមហាក្សត្រ ដោយ​លោក​បាន​​បញ្ជាក់​ថា មក​ទល់​នឹង​ថ្ងៃនេះ លោក​នៅ​មិនទាន់​​បាន​​ទទួ​ល​​​លិខិត​អញ្ជើញ​​កោះ​ប្រជុំ​​សភា​​លើកទីមួយ​​នៅឡើយ​ទេ។​

កាសែត​ក្នុង​ស្រុក ក៏បាន​​ស្រង់សម្តី លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​​​សង្កេត​ការណ៍​​បោះឆ្នោត និចហិ្វក យល់ថា ព្រះមហា​ក្សត្រ​ អាច​លើក​ពេល ប្រជុំ​​រដ្ឋសភា ដំបូង នៅថ្ងៃទី​២៣ ខែកញ្ញា ដើម្បី​​ទុកពេល​​​ដោះស្រាយ​​ភាពមិន​​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត ដោយ​​បាន​​​វែកញែក​​​​លើក​ពី បទពិសោធន៍​ក្នុង​ការ​​បង្កើត​រដ្ឋា​ភិបាល​​​កាល​​ពីឆ្នាំ២០០៣ ជា​សំអាង​។ ផ្ទុយពីការ​យល់ឃើញ​​របស់ ប្រធាន​អង្គការសង្កេតការណ៍​​បោះឆ្នោត លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​​កម្ពុជា យល់ឃើញ​ថា ព្រះមហាក្សត្រ​​​ត្រូវតែ​ធ្វើតាម​​ច្បាប់​ ដែល​បាន​​​កំណត់កាល​​សម័យ​ប្រជុំ​សភា​​លើកទីមួយ ត្រឹម​កាល​​បរិច្ឆេទ​ ៦០ថ្ងៃ ក្រោយ​ការបោះ​ឆ្នោត។

លទ្ធភាព​នៃ​​ការ​​ជួប​និយាយ​រកគ្នា​ ​រវា​ង​លោក​ ហ៊ុន សែន និង​​លោក​ សម រង្ស៊ី ត្រូវបាន​​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្យាករណ៍​​ជា​មុន ​​ថា អាច​​​កើត​​​ឡើង​​​​ដូច​​នៅ​​​ឆ្នាំ​២០០៨ ​ដែល​នៅ​ពេល​​នោះ​​​មេដឹកនាំ​​​ទាំង​ពីរ​​​បាន​​ជួ​ប​គ្នា​​លើក​​ដំបូង ត្រឹម​​​រយៈ​ពេល​​តែ​ប៉ុន្មាន​​ថ្ងៃ​ប៉ុណ្ណោះ  ​បន្ទាប់​ពីការ​​​បោះឆ្នោត​ជាតិ​​នៅ​ឆ្នាំ​​នោះ នៅ​អាកាស​យាន​ដ្ឋាន​​​អន្ត​រ​ជាតិ​​ភ្នំ​ពេញ ដើម្បីជូន​ព្រះ​រាជ​​ដំណើរ​​ព្រះ​មហា​​​​ក្សត្រ​​យាង​​​ទៅ​កាន់​​ប្រទេស​​ចិន​ តែ​ក្នុង​ជំនួប​លើកនេះ បាន​ធ្វើឱ្យ​​អ្នក​វិ​ភាគ​នយោ​បាយ​​​ជាច្រើន ខក​បំណង៕