សេចក្តីថ្លែងការណ៍

ស្តីពី​ ការព្រួយបារម្ភ​ចំពោះ​​បរិយាកាស​មុនអំឡុងពេលបោះឆ្នោត​ជាតិ អាណត្តិ​ទី៥ ឆ្នាំ២០១៣

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣

គណៈកម្មាធិការ​ខុមហ្វ្រែល(COMFREL) គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម(CHRAC) គណៈកម្មាធិការ​​និក​ហ្វិច(NICFEC) ​សមាគម​អាដហុក(ADHOC)  មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា(CCHR) មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍(CLEC) អង្គការ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រតិបត្តិការ​(DHRAC) សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យ​ភាព​សង្គម(CISA) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ(CCIM) បណ្តាញ​យេនឌ័រ និង​អភិវឌ្ឍន៍(GADNet) អង្គការយេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បីកម្ពុជា (GADC) និងអង្គការ​សង្គមស៊ីវិល​ផ្សេងទៀត​ដែល​បាន និង​កំពុង​តាមដាន​ការបោះឆ្នោត​ជាតិ អាណត្តិទី៥ ដែលនឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះបរិយាកាស​បំភិតបំភ័យ និង​ការរំលោភ​សិទ្ធិ បំពានទៅលើអ្នក​នយោបាយ និង​អ្នកតំណាងរាស្រ្ត​គណបក្សប្រឆាំង​ដែលបាន និង​កំពុងកើត​ឡើងយ៉ាង​គំហុក​នៅក្នុង​រយៈពេល​៥ ខែ​ ដើម​ឆ្នាំ២០១៣ ជាពិសេស​​នៅក្នុង ខែឧសភា ឆ្នាំ២០១៣ នេះ។

យោងតាម​ការសង្កេត តាមដាន ស្ថានភាពនយោបាយ និងរបាយការណ៍ស៊ើបអង្កេត បានកើតឡើងចាប់តាំងពីខែមករា ឆ្នាំ២០១៣ រហូតមក​ដល់​បច្ចុប្បន្ន​នេះ បើទោះបីគ្មានអំពើហឹង្សានយោបាយរហូតដល់របួស និងស្លាប់ធ្ងន់ធ្ងរ មានករណីគំរាមកំហែង បំភិតបំភ័យ និង​ការរំខាន​យាយីផ្នែក​នយោ​បាយ បាន​កើតឡើង​ជាបន្តបន្ទាប់ តាំងពីមូលដ្ឋាន​មកកំរិតថ្នាក់ជាតិ។  អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំមួយ​ចំនួនបានគំរាម​លើប្រជាពលរដ្ឋ​ណាដែលខ្លួន​យល់​ថា មិនមាន​និន្នាការគាំទ្រ​គណបក្សកាន់​អំណាច យ៉ាងហោច ១៣ករណី([1]) ក្រោមរូប​ភាពដូចជា ការហាម​ឃាត់​ប្រជាពលរដ្ឋ​មិនឲ្យចូលរួម​ស្ដាប់​ការ​ប្រជុំនានា ​ដែលរៀបចំឡើង​​ដោយ​ គណបក្ស​មិនកាន់​អំណាច រំខានដល់​វេទិកា​នានា​ ដែលរៀបចំឡើង​ដោយ​គណបក្ស​ផ្សេងៗ​ប្រាប់ថា «មិនត្រូវ​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​ណាលើកស្លាក​​សញ្ញា​​គណបក្ស​នៅមុខផ្ទះ​របស់ខ្លួន​នោះទេ»។ ក្នុងនោះដែរ មានការ​បំផ្លាញ​ស្លា្កកគណបក្ស​នយោបាយ យ៉ាង​ហោច​ណាស់មាន ៧ករណី([2]) (គិតត្រឹមខែមករា ដល់ខែឧសភា)  ដូចជានៅខែ​ឧសភា ឆ្នាំ២០១៣ នៅស្រុក​ពួក និងស្រុកប្រាសាទបាគង ខេត្ត​សៀមរាប រីឯមាន ៣​ករណីទៀត ត្រូវបានកើតឡើង​នៅខេត្តតាកែវ ដែលស្លាក​គណបក្សសង្គ្រោះជាតិ​ត្រូវបាន​បំផ្លាញ។ ចំពោះបញ្ហា​កើតឡើង​ទាំងអស់​នេះ​ អង្គការ​សង្គមស៊ីវិលបាន​​ពិនិត្យ​ឃើញថា មិន​បានចាត់​វិធានការ ផ្លូវច្បាប់​​ណាមួយ ឲ្យបានម៉ឺងម៉ាត់ ដើម្បីនាំ​យកអ្នក​ប្រព្រឹត្តទាំងនោះ​​ទៅផ្តន្ទា​ទោស ដាក់​ពិន័យតាម​ច្បាប់ឡើយ។ អង្គការ​សង្គមស៊ីវិល​សង្កេតឃើញថា អាជ្ញាធរមូល​ដ្ឋានបាន​ដើរតួនាទី​មិនអព្យាក្រឹត្យ​ក្នុងការចែកអំណោយ​របស់គណបក្ស​ប្រជាជន​កម្ពុជា ដូចជាសារុង និងសម្ភារៈដែលខុស​នឹង​ច្បាប់បោះឆ្នោត ជាពិសេស​ក្នុងពេល​ឃោសនា​បោះឆ្នោតអាច​ចាត់ទុកថា ជាការទិញ​សន្លឹក​ឆ្នោត។

អង្គការសង្គម​ស៊ីវិល​ យល់ឃើញ​ថា បរិយាកាស​បំភិតបំភ័យ និង​ការរំលោភសិទ្ធិ​នៅដំណាក់កាល​មុន​ការបោះឆ្នោ​ត​ជាតិ​នេះ នៅមិន​ទាន់​មានការ​ធានាឲ្យ​បាន​ពេញលេញ សេរីភាព​​បញ្ចេញមតិ និង​ទីលានប្រកួត​ប្រជែង​ស្មើគ្នាទេ សម្រាប់ការ​ប្រកួតប្រជែ​ង​ការបោះឆ្នោត។  ​មាន​ករណីគំរាមកំហែង​ផ្នែក​​នយោបា​យ​ទៅលើ​អ្នកនយោបាយ សកម្មជនគណបក្ស​មួយចំនួន ដូចជា ករណីគំរាមប្ដឹង​របស់នាយក​រដ្ឋមន្រ្តី​ទៅលើ​គណបក្សប្រឆាំង ដែ​ល​បង្អាប់លេខ​រៀងទី៤ គណបក្ស​ប្រជាជន​កម្ពុជាថា «លេខ៤ នាំយួនចូលស្រុក»  លោក គង់ គាំ និងករណី លោក សម​ រង្ស៊ី ស្ថិតនៅក្រៅប្រទេស ​ដោយសារ ​ជាប់ករណី​ព្រហ្មទណ្ឌនៅក្នុង​តុលាការ។ ក្រុមអង្គការ​សង្គមស៊ីវិល​ក៏មាន​ការព្រួយបារម្ភផ​ង​ដែរ ផល​ប៉ះពាល់​ដល់ការ​បោះឆ្នោត​របស់​ប្រជាពល​រដ្ឋតាម​ឆន្ទៈ​ដោយសេរី តាមរយៈ​ការព្រមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ការ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង ដូចជា​ គណបក្សសង្គ្រោះជាតិជាដើម​នោះគឺ នឹង​បង្កឲ្យ​មានសង្គ្រាមផ្ទៃក្នុង​ប្រទេសកម្ពុជា និងសង្គ្រាមជាមួយ​ប្រទេស​ជិតខាងកម្ពុជា ដែលជា​ការបោះឆ្នោត​ដើម្បីផ្ទេរពីសន្តិភាព​ទៅកាន់សង្គ្រាម។  មិនតែប៉ុណ្ណោះលោកនាយក​រដ្ឋមន្រ្តីបាន​លើកឡើងថា របបខ្មែរ​ក្រហម​អាចកើត​ឡើងម្តង​ទៀត ប្រសិនបើ​គណបក្ស​ប្រជាជនកម្ពុជា​ចាញ់ឆ្នោត។ ព្រោះថា​ជាក់ស្តែង កងកំលាំង​ប្រដាប់អាវុធ មន្រ្តីនគរបាល កងយោធពល​ខេមរភូមិន្ទ កងរាជ​អាវុធហត្ថ រួមទាំង​អង្គរក្សរបស់​នាយករដ្ឋមន្រ្តីដ៏ច្រើន​សន្ធឹកសន្ធាប់មាន​សកម្មភាពមិនអព្យាក្រឹត្យ មិនគោរពតាមច្បាប់​គណបក្សនយោបាយ និង​ច្បាប់​បោះឆ្នោតដែលគាំ​ទ្រគណបក្សប្រជាជនកម្ពុជា និងប្រឆាំងគណបក្សផ្សេងៗ។​

ការថ្លែងរបស់នាយករដ្ឋមន្រ្តី​ក្នុងការគាំទ្រឲ្យមាន​ការធ្វើបាតុកម្មទ្រង់ទ្រាយធំ ការផ្សព្វផ្សាយ​ទូរទស្សន៍រដ្ឋ និង​ឯកជន​យ៉ាងខ្លាំង ដែលអាច​បង្កើត​កំហឹង​នៅ​ទូទាំងប្រទេស​ប្រឆាំងនឹងលោក កឹម សុខា​([3]) ដែលជាប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ និងបានបង្កើត​បរិយាកាស​អសន្តិសុខ​ដល់​មេដឹកនាំ​គណបក្សប្រឆាំងនេះ។​ ជាក់ស្តែង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ មានហ្វូងមនុស្ស​បានឃាត់ឡាន និងលោក  កឹម សុខា ក្នុងរឿងបន្តទៀត។

ប្រព័ន្ធផ្សព្វផ្សាយ​ទូរទស្សន៍ ស៊ីធីអិន (CTN), ទូរទស្សន៍ជាតិកម្ពុជា (TVK), បាយ័ន (Bayon), និងវិទ្យុ FM105 ក្នុងអំឡុងខែមករា ដល់កុម្ភៈ ២០១៣ រក​ឃើញថា ទូរទស្សន៍បានផ្សព្វផ្សាយ​មិនសមធម៌ និងលំអៀងយ៉ាងខ្លាំង​ទៅរក ឬគាំទ្រមេដឹកនាំ​គណបក្សកាន់អំណាច ហើយប្រឆាំងមេដឹកនាំ​គណបក្ស​ប្រឆាំង([4])។ ការបញ្ចេញ​ឈ្មោះ និងមតិលោក​អនុប្រធាន​គណបក្សប្រជាជនកម្ពុជា ហ៊ុន សែន ត្រូវបានទូរទស្សន៍ និងវិទ្យុផ្សាយរហូតដល់ជាង ៤,០០០ដង ប៉ុន្តែមេដឹកនាំ​គណបក្សប្រឆាំង​ទាំងពីរនាក់ លោក សម រង្ស៊ី និងលោកកឹម សុខាត្រូវបានផ្សាយភាគ​ច្រើន តាមវិទ្យុ FM105 បានតែ​១២០០ដង ចំណែកមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច លោក​ ញឹក ប៊ុនឆៃ ប្រមាណ១៧០ដងប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត ការដកសមាជិកភាព និងបង្កកប្រាក់ខែតំណាងរាស្រ្តរបស់គណបក្សនយោបាយ ដោយឡែកគណបក្សប្រឆាំង ដែលបង្កើតការបក​ស្រាយច្បាប់ និងការអនុវត្តន៍រដ្ឋធម្មនុញ្ញ([5])ក្នុងកំរិតបដិវាទធ្ងន់ធ្ងរ។ ជាពិសេសការពិភាក្សា និងអនុម័តច្បាប់ស្តីពី «ការប្រឆាំង​ការមិន​ទទួល​ស្គាល់ឧក្រិដ្ឋកម្ម​ដែលប្រព្រឹត្តឡើង​ក្នុងរយៈកាល​កម្ពុជាប្រជាធិបតេយ្យ» បានធ្វើឡើងដោយប្រញាប់ប្រញាល់​ដែលគ្មានការ​ចូលរួមពិភាក្សា និងដើម្បី​បំរើផល​ប្រយោជន៍​នយោបាយក្នុងន័យឆ្លើយតប​មតិរបស់លោក កឹម សុខា ទាក់ទិនការ​បកស្រាយ​គុកទួលស្លែង និងឧក្រិដ្ឋកម្មខ្មែរក្រហម។ ការដឹកនាំស្ថាប័នធំៗ​របស់រដ្ឋទាំងមូល គឺស្ថិតនៅក្រោម​គណបក្សប្រជាជនកម្ពុជាតែ​មួយ​ដែលអវត្តមាន​ដំណើរការ​ប្រជាធិបតេយ្យ​ពហុបក្សក្នុង​អំឡុងពេល​បោះឆ្នោតនេះ។

ស្ថានភាពខាងលើគ្មានភាពយុត្តិធម៌ក្នុងការបោះឆ្នោត ជាមួយការមិនទាន់ដោះស្រាយជាក់លាក់ ដើម្បីធានាសិទ្ធិអ្នកបោះឆ្នោតជាង១លាននាក់ (ខុស ឬបាត់ឈ្នោះ) និងការមិនជឿទុកចិត្តលើ​ សមាសភាពគណៈកម្មាធិការជាតិ/គណៈកម្មការ​រៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់​នាំមកនូវការ​បាត់បង់កិត្យានុភាព​ទាំងមូលនៃការបោះឆ្នោត។

ដើម្បីឲ្យការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិទី៥ នាពេលខាងមុខនេះ ប្រព្រឹត្តទៅ​ប្រកប​ដោយសេរី និងយុត្តិធម៌ ​អង្គការ​សង្គមស៊ីវិល​ សូមអំពាវនាវរដ្ឋាភិបាល អាជ្ញាធរ និងកងកំលាំងប្រដាប់អាវុធ រក្សាតួនាទីអព្យាក្រឹត្យ ដើម្បីធានាបរិយាកាស​បញ្ចេញមតិ​ដោយគ្មានការភ័យខ្លាច​មុនអំឡុងពេល​បោះឆ្នោតនេះ និងការត្រៀមទីលានប្រកួតប្រជែងមួយស្មើភាពគ្នា។  រដ្ឋសភា និងគណបក្សប្​រជាជនកម្ពុជាត្រូវ​ផ្តល់សមាជិកភាព​ដល់អ្នកតំណាងរាស្រ្តដែល​បញ្ឈប់ទាំងអស់ដើម្បីស្តារស្ថានភាពដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គ.ជ.ប គួរអនុវត្តអនុសាសន៍​របស់​អង្គការសង្កេតការណ៍បោះឆ្នោត​ ដូចជា ខុមហ្វ្រែល និងនិកហ្វិច ទាក់ទិនបញ្ជីបោះឆ្នោត និងសិទ្ធិបោះឆ្នោត និងតម្លាភាពក្នុង​ការជ្រើសរើស​សមាជិកនៃគណៈកម្មការ​រៀបចំការបោះឆ្នោត​គ្រប់លំដាប់ថ្នាក់ ពិសេសនៅការិយាល័យបោះឆ្នោត។​

ព័ត៌មានបន្ថែមរបស់តំណាងអង្គការគាំទ្រសេចក្តីថ្លែងការណ៍

  1. លោក គល់ បញ្ញា     នាយកប្រតិបត្តិ ខុមហ្រ្វែល(COMFREL)                                                 Tel: 012 942 017
  2. លោក សុក សំអឿន ប្រធានសំរបសំរួលគណៈកម្មាធិការប្រព្រឹត្តិកម្ម (CHRAC)                             Tel: 012 901 199
  3. លោក នី ចរិយា       ប្រធានផ្នែកសើបអង្កេតសមាគមអាដហុក (ADHOC)                                  Tel: 011 274 959
  4. លោក ហង្ស ពុទ្ធា     នាយកប្រតិបត្តិ និកហ្វិច(NICFEC)                                                        Tel: 012 959 666
  5. លោក អ៊ូ វីរៈ            ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCHR)                                         Tel: 012 404 051
  6. លោក យ៉ង់ គិមអេង                                                                                                    អនុប្រធានសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម(CISA)                                                                                               Tel: 016 828 211
  7. លោក គាន ពន្លក     នាយកស្តីទីអង្គការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ(DHRAC)      Tel: 012 551 466
  8. លោក យ៉េង វីរៈ       នាយកប្រតិបត្តិអង្គការCLEC                                                               Tel: 012 801235
  9. លោក ប៉ា ងួនទៀង  នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)

10. អ្នកស្រី​ រស់ សុភាព   នាយិកាប្រតិបត្តិអង្គការGAD/C, GAD NET


([1]) យោងតាមរបាយការណ៍របស់ខុមហ្រ្វែល និងសមាគមអាដហុក។

([2]) យោងតាមរបាយការណ៍របស់ខុមហ្រ្វែល។

([3]) ការទាមទារឲ្យលោកកឹម សុខា សុំទោសចំពោះពាក្យសំដីនិយាយមិនត្រឹមត្រូវ ទាក់ទិនគុកទួលស្លែងរបស់របបខ្មែរក្រហម។

([4])    តាមរបាយការណ៍ខុមហ្វ្រែលទៅលើប្រព័ន្ធផ្សព្វផ្សាយ។

([5])    មាត្រា៩៥ ក្នុងករណីមានសមាជិក…ឬប្រាសចាកសមាជិកភាពដែលកើតឡើង៦ខែ យ៉ាងតិច មុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត។

មាត្រា៧៦: រដ្ឋសភាមានសមាជិកជាតំណាងរាស្រ្តយ៉ាងតិច១២០រូប។

មាត្រា៥១:​ ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។

មាត្រា៧៧: តំណាងរាស្រ្ត អាណត្តិអាជ្ញាបញ្ជាទាំងឡាយត្រូវទុកជាមោឃៈ។