វិទ្យុ​អាស៊ី​សេរី បាន​រាយការណ៍​ កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ២០១៣​ថា ផ្ទះ​​ឈើ​​មួយ​​ខ្នង​​ប្រក់​​ស័ង្កសី​​ទំហំ​​ប្រមាណ ៥​​ម៉ែត្រ​ គុណ​​នឹង​ ៦​​ម៉ែត្រ ដែល​ជា​​របស់​សកម្មជន​​គ​ណបក្ស​​ហ៊្វុនស៊ិនប៉ិច នៅ​​ភូមិ​អន្លង់ពីរ ឃុំ​ត្រពាំងធំ ត្រូវ​​ជន​​មិន​​ស្គាល់​​មុខ​​លួច​ដុត​​បំផ្លាញ​​ចោល​នា​​ពេល​​រាត្រី នៅ​ពេល​​​ដែល​​​ម្ចាស់​​ផ្ទះ​​​នោះ​​​នាំ​គ្នា​ចាក​​​ចោល​​​ផ្ទះ​​ទៅ​​​រក​​​ការងារ​​​​ធ្វើ​ឯ​​​ខេត្ត​​ផ្សេង។

បុរស​ឈ្មោះ ដួង សារ៉ន អាយុ ៤៨​ឆ្នាំ គឺ​​ជា​​ម្ចាស់​ផ្ទះ​​ដែល​គេ​​លួច​ដុត​បំផ្លាញ​នោះ។ លោក​បាន​​មាន​​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​កាល​ពី​រាត្រី​​ថ្ងៃ​​អាទិត្យ ទី២ ខែ​​មិថុនា ថា ផ្ទះ​​របស់​លោក​​ត្រូវ​ជន​មិន​​ស្គាល់​មុខ​​លួច​ដុត​ ​កាល​ពី​យប់​​ថ្ងៃ​ទី២៦ ខែ​ឧសភា កន្លង​​ទៅ៖ «ខ្ញុំ​រវល់​​តែ​ជីវភាព​​ដុនដាប​​ខ្លាំង​ពេក ជំពាក់​អេស៊ីលីដា នោះ​ផង យក​លុយ​​គេ​ការ​​កូន​ការ​អី ក៏​ខ្ញុំ​មិន​ដែល​​បាន​នៅ​​ផ្ទះ​ទេ ដើរ​រក​ស៊ី​​តែ​នេសាទ ហើយ​ដល់​​ឡើង​ពី​​នេសាទ​មក ខ្ញុំ​ឡើង​ទៅ​ក្រុមហ៊ុន ខាង​ខេត្ត​​កំពង់ធំ ដល់​ពេល​នេះ​​គេ​ដុត​ចោល​​ឯណេះ​​អស់​ទាំង​ស្រុង»

RFA-03-06-2013-FUNCINPEC-Activist-House

៣-មិថុនា-ឆ្នាំ​២០១១៣​ ៖ ផ្ទះ​​លោក ដួង សារ៉ន ដែល​​ជា​​បេក្ខជន​​លេខ​​រៀង​​ទី៤​​នៃ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច ឃុំ​​ត្រពាំងធំ ស្រុក​​ប្រាសាទបាគង ខេត្ត​​សៀមរាប ត្រូវ​​ជន​​មិន​ស្គាល់​​មុខ​​លួច​​ដុត​​បំផ្លាញ កាល​ពី​​រាត្រី​​ថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៣។ RFA/Hang Savyouth

លោក សយ សីហា ជា​​ប្រធាន​​ក្រុម​ការងារ​​គណបក្ស​​ហ៊្វុនស៊ិនប៉ិច និង​ជា​ ​ជំទប់​ទី២ ឃុំ​ត្រពាំងធំ បាន​អះអាង​​ថា លោក ដួង សារ៉ន កាល​ពី​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី២ ធ្លាប់ ​ជាប់​ជា​ជំទប់​ទី២ នៃ​គណបក្ស សម រង្ស៊ី ប្រចាំ​ឃុំ​នេះ ក៏ប៉ុន្តែ នៅ​មុន​​ពេល​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ គឺ​ គាត់​បាន​ទៅ​ចូលរួម​​ជាមួយ​​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ ដោយ​ឈរ​​ឈ្មោះ​ជា​បេក្ខជន​លេខ​រៀង​ទី៤។

លោក សួស ណារិន អ្នក​ស៊ើប​អង្កេត​​របស់​​សមាគម​​ការពារ​សិទ្ធិ​​មនុស្ស​អាដហុក (Adhoc) ខេត្ត​សៀមរាប បាន​សន្និដ្ឋាន​​ជំហាន​​ដំបូង​ថា ការ​លួច​ដុត​បំផ្លាញ​​ផ្ទះ​សកម្មជន​​នយោបាយ​នោះ អាច​ជា​​ការ​គំរាម​​កំហែង​ខាង​​នយោបាយ ដោយសារ​​តែ​សកម្មភាព​​របស់​គាត់​​នៅ​ក្នុង​​ឃុំ​នោះ ភាគ​ច្រើន​​បម្រើ​ឱ្យ​នយោបាយ​​ដែល​អាច​​ធ្វើ​ឱ្យ​​មាន​ជន​​ខ្លះ​មិន​​សប្បាយ​​ចិត្ត៕