ប្រភពព័ត៌មាន វិទ្យុអាស៊ី​សេរី ផ្សាយ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣

លោក លីវ ឆេង ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ​បាន ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ​នៅ​ព្រឹក​ថ្ងៃ​ទី៣ មិថុនា ថា លោក សុត អេត ជា​គ្រូពេទ្យ និង​ជា​ភ្នាក់ងារ​ប្រចាំ​ការ​របស់​ភូមិ​ស្ទឹងថ្មី ប្រចាំ​ចំណុច​ទួលគ្រួស បាន​ស្ទាក់​ផ្លូវ​នៅ​ពេល​ដែល​គាត់​ចេញ​ពី​ចម្ការ ហើយ​សួរ​គាត់​ថា តើ​គាត់​លើក​ស្លាក​គណបក្ស​មាន​ការ​អនុញ្ញាត​ពី​លោក (សុត អេត) ឬ​ទេ។  ពេល​នោះ​គាត់​ក៏​បាន​ឆ្លើយ​ទៅ​វិញ​ថា ម៉េច​បាន​ចាំបាច់​សុំ​ច្បាប់​ពី​លោក ក៏​ស្រាប់​តែ​លោក សុត អេត វាយ​គាត់​តែ​ម្ដង៖ «ឈ្មោះ អេត ហ្នឹង បាន​ឃាត់​ខ្ញុំ​ឲ្យ​ឈប់ ហើយ​រួច​គេ​វាយ​ខ្ញុំ​បាន ១​ដៃ​ត្រូវ​ចំ​ស្មា​យ៉ាង​ខ្លាំង។ រួច​គេ​ថា ហ្អែង​លើក​ផ្លាក​ហ្នឹង​ហ្អែង​សម្អាង​អី ហ្អែង​ដឹង​ទេ​ថា ក្នុង​ទឹកដី​នេះ​នរណា​មិន​ស្គាល់​អញ។ គាត់​ហ្នឹង​ជា​ភ្នាក់ងារ​របស់​ភូមិ​ឃុំ ខ្ញុំ​អត់​ហ៊ាន​តតាំង​អី​ទេ ហើយ​គេ​គំរាម​កំហែង​ថា ហ្អែង​ប្រយ័ត្ន​បាត់​ខ្លួន»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ លោក សុត អេត ពន្យល់​ថា ដើម​ហេតុ​នៃ​ជម្លោះ គឺ​បញ្ហា​ព្រំ​ដី មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ស្លាក​គណបក្ស​នោះ​ទេ។ ហើយ​លោក​ក៏​ពុំ​បាន​វាយ​តប់​លោក លីវ ឆេង នោះ​ដែរ។ លោក សុត អេត បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​រឿង​ជម្លោះ​បុគ្គល​មក​ប្រើប្រាស់​ក្នុង​បំណង​ឲ្យ​គេ​ជួយ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​គេ​ស្គាល់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ៖ «រឿង​ផ្លាក​គណបក្ស​អី ខ្ញុំ​អត់​មាន​ប៉ះពាល់​ទេ​បង! សុំ​ទោស ពីព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​អត់​ត្រូវ​ការ​រឿង​គណបក្ស​ប្រឆាំង ឬ​មិន​ប្រឆាំង​អី​ទេ។ ខ្ញុំ​និយាយ​តែ​ពី​រឿង​ដីធ្លី​ខ្ញុំ​ដែល​គេ​រំលោភ​បំពាន។ខ្ញុំ​អត់​ដឹង​ថា​គាត់​បាន​លើក​ផ្លាក​គណបក្ស​អី​ផង»

សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​ស្រុក​វាលវែង នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ឈុំ វណ្ណារិទ្ធ មាន​ប្រសាសន៍​ថា លោក​កំពុង​រៀបចំ​បណ្ដឹង​ពី​ករណី​នេះ​ទៅ​គណៈកម្មការ​បោះឆ្នោត​ឃុំ ឬ​ហៅ​កាត់​ថា​ស៊ិក (CEC) និង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ដើម្បី​រក​យុត្តិធម៌​ដល់​លោក លីវ ឆេង សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ភូមិ​ដាច់​ស្រយាល​មួយ​នេះ។