អរគុណ ARNOLD Schwarzenegger ក្នុងរឿង The Last Stand និង​​ប្រកាស​​មួយ​របស់​ មិត្ត​ម្នាក់​ក្នុង​​ហ្វែសប៊ុក [ខ្ញុំ​ធំ​ហើយ អាច​ដើរលេង​​ម្នាក់​ឯងបាន] ដែល​បាន​​ផ្តល់​​កម្លាំងចិត្ត និង​​បំផុត​​គំនិត​អោយ​មនុស្ស​ចាស់​​ដូច​ខ្ញុំ​​ ហាន​​ចេញផ្សង​ព្រេង​​​ម្តង​ទៀត។ ខាន​​ដើរ​​​ផ្សង​ព្រេង​​​​តែ​ម្នាក់​​ឯ​ង​​​យូ​រ​ហើយ… ម្សិល​មិញ ខ្ញុំបាន ហ្គហ្គល ស្វែង​រក​ផ្លូវ​​ទៅ​កាន់ ភ្នំជីតាពេជ្រ រកឃើញថា វា​មាន​ចម្ងាយ​ប្រមាណ ១៤២ គីឡូម៉ែត្រ ពី​រាជធានីភ្នំពេញ ស្ថិត​ក្នុង​​ឃុំកំពែង ស្រុក​គីរីវង់ ខេត្ត​តាកែវ

ព្រឹកមិញ​ ខ្ញុំ​ចេញពីផ្ទះ​នៅ ម៉ោង ៧ព្រឹក ដោយ​បានរៀបចំ​​ឥវ៉ាន់ដាក់​ក្នុង​សាក់​កាដូ​​ត្រឹម​ គុយទាវ​​ចំហ៊ុយ​​​មួយ​កញ្ចប់ ទឹក​​មួយ​​កាដុង ៧០០ [មីលីលីត្រ] នំ​ពីរ​​កញ្ចប់ធំ ជាមួយនឹង ផែនទី​ បង្ហាញ​ផ្លូវ​ទៅកាន់ ភ្នំជីតាពេជ្រ [រូបផែនទី គឺដោនឡូត​ ពីហ្គហ្គល ហើយ​​ព្រីនចេញពី ម្សិលមិញ]។ ខ្ញុំ​បើកបរ​ក្នុង​​ល្បឿន​​ធម្មតា ប្រហែល ៦០ គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង តែអាច​ បរ​ទៅដល់ រង្វង់មូល​ អ្នក​តា​ តាខ្មៅ ​ប្រមាណ​ម៉ោង ៧.១៥​នាទីព្រឹក។ មធ្យោបាយ​ធ្វើដំណើរ គឺខ្ញុំ​ញុំ​ជិះ​ម៉ូតូ​ ស្មាស់ សេរីឆ្នាំ ៩៩ [ម៉ាស៊ីន ១១០] របស់​​ខ្ញុំ បើកបរ​​ក្នុងល្បឿន​​មិន​លើសពី ៨០ គីឡូម៉ែត្រ ក្នុង​មួយម៉ោង ហើយជិះ​បណ្តើរ សួរអ្នក​ភូមិ រកផ្លូវ ទៅ​កាន់ គោលដៅ​​បណ្តើ​រ [រាល់ពេល​​ដល់ផ្លូវ​បំបែក] ទោះបីជា ខ្ញុំ​មាន​ផែនទី​ជាប់ដៃ​​​ក៏ដោយ [យាយដល់​ត្រង់​នេះ ខ្ញុំ​នឹក​ឃើញ​​ដល់​មនុស្សម្នាក់ ដែលធ្លាប់​ចាំ​ខ្ញុំ​រាល់​ផ្លូវ​បំបែក… តែ…]​។ អ្នករស់នៅ​​តាមដងផ្លូវ ក្នុងខេត្តតាកែវ ភាគ​ច្រើន មិនស្គាល់ ភ្នំជីតាពេជ្រ ទេ ដូច្នេះ ខ្ញុំ​ត្រូវ សាកសួរ រក​​ត្រឹមផ្លូវតម្រុយ ដូចជា ផ្លូវណា​ទៅកាន់ ផ្សារ​កំពង់ជ្រៃ ? ផ្សារទន្លាប់ ? ខ្ញុំ​បាន​ព្យាយាម​ ជិះ​លើសពី ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោងជា​ច្រើនដង​ដែរ ដើម្បី​បានឆាប់​ដល់​គោលដៅ​ តែ​ហាក់ មាន​ហេតុ​មិន​ល្អ រហូត ព្រោះ​តែង​មាន​ឡាន គោយន្ត ​ម៉ូតូ កូនក្មេង គោ … លេចធ្លោ​​ពីមុខ​ មក​ចំ ម៉ូតូ​ខ្ញុំ រក​តែគេចសឹង​មិនទាន់ ទើប​​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​​បរ​តាម​សម្រួល​​ក្នុងល្បឿន​ក្រោម ៨០ គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ទោះបីជា ក្នុងចិត្ត​គិត​ចង់ជិះ​​ដល់​ល្បឿន ១១០ គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។ ទីបំផុត ខ្ញុំ​អាច​​ទៅដល់ គោលដៅ​ ភ្នំជីតាពេជ្រ ត្រឹម​ម៉ោង ១០.៣០ នាទីព្រឹក បើគិតជា មធ្យម មានន័យថា ក្នុង​ចម្ងាយត្រឹម ១៤២ គីឡូម៉ែត្រ ខ្ញុំ​ប្រើ រយៈពេល ៣ ម៉ោង និង​ ៣០នាទី យឺត​ដូច​ មនុស្ស​ចាស់អីចឹង (ល្បឿន​បើកបរ គិតជា មធ្យម គឺ ៤០ គីឡូម៉ែត្រ​ក្នុងមួយម៉ោង)។ មកដល់ភ្លាម អ្នកភូមិស្វាគមន៍ដោយ ពាក្យថា «មកត្រឹមម្នាក់ឯងចឹង អត់មានរូបមកវិញ​ទេ»។ គាត់ពោល​ដោយសារ​ មិនដឹងថា ខ្ញុំ​បានយក ជើងទម្រ កាម៉េរ៉ា ទៅជាមួយទេ រឹតតែមិនដឹងថា ខ្ញុំ​យក​ កាម៉េរ៉ា ដល់ទៅ ពីរ មកជាមួយ រួមនឹង ទូរស័ព្ទដៃ ពីរ ដែល​មានលទ្ធភាព អាច​ថតរូបបាន​ដូចគ្នា។

អត់ទាន់បាន​បាយព្រឹក ហើយ​ចាប់ផ្តើម​ហេវផង ចឹង​ការងារ​ដំបូង គឺស្រស់ស្រូបសិន បន្ទាប់មក គឺ​ ថតរូប។ បាយព្រឹករួច ម៉ោង ១១ ថ្ងៃត្រង់ល្មម កំដៅ​ថ្ងៃពេលនោះ ក្តៅ ក៏ក្តៅ ខ្ញុំ​ខំ​ត្រដរ​ ឡើង​រហូតដល់កំពូលភ្នំ។ នៅ​លើ​ភ្នំជីតាពេជ្រ ខ្ញុំ​យល់ថា «អត់មានអីគួរ​អោយ​ចាប់អារម្មណ៍​សោះ ក្រៅ តែពី រូបព្រះពុទ្ធរូប ​ធំមួយ កម្ពស់ប្រមាណ ១៣.៣ ម៉ែត្រ គង់​នៅ​ចំ​កណ្តាលកំពូលភ្នំ»។ ចឹងតើ បានជា អត់មាន អ្នកទេសចរណ៍ មកលេង [មានត្រឹម​តែខ្ញុំម្នាក់]។ អ្នកភូមិប្រាប់ថា ទាល់តែ​ថ្ងៃបុណ្យ ទើបមាន​មនុស្ស​​មកលេងច្រើន ព្រឹកមិញនេះ ម្ហូបអាហារ​ក៏គ្មានលក់ តាមផ្លូវ ទើប​តែជួលជុស បើមានភ្លៀង មិនអាចជិះបានទេ… ។ ជាទិដ្ឋភាព​រួម​ ភ្នំជីតាពេជ្រ មានគោលដៅ ទាក់ទាញ​ចេញចរណ៍ ព្រោះ ពី​ផ្លូវ​​ធំ រហូតចូលមកដល់ ភ្នំ​ជីតាពេជ្រ មាន​ ការលើកស្លាកធំ និង​ព្រួញ​ចង្អុលផ្លូវ ជាច្រើនកន្លែង អាចអោយ​អ្នកទេសចរណ៍ រកភ្នំជីតាពេជ្រ ឃើញ​ តែ សំណាកនេះ បន្សល់តាំងពី ថ្ងៃសម្ពោធ​ឆ្លង​កាលពី​ខែ​កញ្ញា ឆ្នាំ២០០៩ មកម៉្លេះ។ បេសកម្មនេះ បានបញ្ចប់​ត្រឹមម៉ោង ២.៣០​ នាទីល្ងាច ក្រោយពេលខ្ញុំបាន​​មកដល់ផ្ទះ [ភ្នំពេញ] វិញ ដោយប្រើរយៈពេល​ត្រឹម ៣ ម៉ោង (ចេញពី​ភ្នំជីតាពេជ្រ​ ម៉ោងជិត ១២ ថ្ងៃត្រង់) រាប់បញ្ចូល​ទាំង ការសម្រាក់ញាំ​​ទឹកដូង និងចាក់សាំង តាមផ្លូវ។

 

ស្លេះ​ត្រង់នេះសិន ខ្ញុំ​សូមស្រង់​ប្រសាសន៍​​របស់​លោក​បណ្ឌិត ​​ឈុន ពហុ សាស្រ្តាចារ្យ មុខវិជ្ជា ​នីតិទេសចរណ៍ ធ្លាប់​ប្រាប់ និស្សិ​ត ពីគោលការណ៍​រៀបចំ​ តំបន់ទេសចរណ៍ថា «តំបន់​​​ទេសចរណ៍​ប្រទេស វប្បធម៌ ប្រវត្តិសាស្រ្ត [ដូចជា ភ្នំជីតាពេជ្រ] មានប្រមាណ ១៥% ទៅ ២០% លើ​ពិភព​លោក… គោលការណ៍​នៃការបង្កើត​តំបន់​ទេសចរណ៍​មួយ អោយមាននិរន្ត​ភាព​ [គង់វង្ស ស្ថិតស្ថេរ] ត្រូវ​មាន មូលដ្ឋាន យ៉ាងតិច ៦​ កក្តា ៖

១. សក្តានុពល​របស់ទីតាំង (​ជា​តំបន់​វប្បធម៌​ប្រវត្តិសាស្រ្ត​ ជាកន្លែង​ដាំ​ផ្លែឈើ ចិញ្ចឹមសត្វ​ ឧស្សាហ៍កម្ម ព្រៃធម្មជាតិ ដែល​អា​ច​ទាក់ទាញ​អ្នកទេសចរណ៍…)

២. ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ (ផ្លូវទៅកាន់រមណីយដ្ឋាន អាចធ្វើដំណើរបាន មាន​មណ្ឌលសុខភាព ភូមិ​ស្រុក សេវា​ដឹកជញ្ជូន ដែល​បង្កលក្ខណៈងាយស្រួល​សម្រាប់ការកំសាន្ត…)

៣. ធនធាន​បដិសណ្ឋាកិច្ច (មនុស្សនៅមូលដ្ឋាន​ ឆ្លើយតប​នឹង​ទីតាំង​ទេសចរណ៍ ? ឥរិយាបថ​របស់​​អ្នកភូមិ/ប្រជាពលរដ្ឋ​មូលដ្ឋាន ចំពោះទេសចរណ៍ ? ស្វាគមន៍អ្នក​ទេសចរណ៍ ? អ្នក​បម្រើសេវាកម្ម​ទេសចរណ៍ សមស្របសម្រាប់​ទទួល​ភ្ញៀវ​ទេសចរណ៍​អត់ ? ជា គោលការណ៍​ អ្នកទេសចរណ៍​ប្រមាណ ១០០ នាក់ ត្រូវការ​សេវាកម្ម ពី​អ្នក​បម្រើសេវាប្រមាណ ២០​នាក់…)

៤. សក្តានុពល​ទីផ្សារទេសចរណ៍ (​នរណា​ជា​អ្នកគាំទ្រទេសចរណ៍ ជាប្រជាពលរដ្ឋ​មូលដ្ឋាន ​? ការងារប្រចាំថ្ងៃ​ ? ចំណូល ?…)

៥. ទំហំ​នៃការវិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ (​ហិរញ្ញប្បទាន​អ្នក​ពី រដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍ​ទេសចរណ៍…)

៦. បច្ចេកទេស​នគរូបនីយកម្ម​ទេសចរណ៍ (​ការបង្កើត​ទីតាំង​ទេសចរណ៍​ ត្រូវ​ចាប់ផ្តើម​ដោយ ការសិក្សាលើ​សណ្ឋានដី ការសាងសង់សម្រាប់ទេសចរណ៍ ការរៀបចំ​ទីវាលសួនច្បារ​សម្រាប់ទេសចរណ៍ ហេដ្ឋារចនា​សម្ព័ន្ធ គោរពតាមមាត្រដ្ឋាន…)

យ៉ាងហោចណាស់ ដើម្បីរៀបចំ​តំបន់ទេសចរណ៍​ មួយ ត្រូវ​ពិនិត្យ​លើ លក្ខខណ្ឌ​ បួន គឺ ១. គមនាគមន៍ (ផ្លូវថ្នល់ ដែល​ជូយ​​សម្រួល​ដល់​គមនាគមន៍​សុវត្ថិភាព…) ២. រចនា​សម្ព័ន្ធ​គាំទ្រ (ទឹក ភ្លើង មណ្ឌលសុខភាព អគារ…) ៣. ការផ្គត់ផ្គង់​ចំណីអាហារ (អាហារដ្ឋាន អ្នកបម្រើសេវាកម្ម…) ៤. បច្ចេកទេស​សេដ្ឋកិច្ច (កំណត់ការដេញថ្លៃ…)

បើវិភាគតាមទ្រឹស្តី ខាងលើ ភ្នំជីតាពេជ្រ ត្រូវការ​​សិក្សា​បន្ថែមបន្តិច​ទៀត…

 

20130514-230413.jpg

20130514-230520.jpg