ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ជាថ្ងៃចុងក្រោយ ​៖ យើង​ខកខាន​ ក្នុងការថត​ទេសភាព​​ថ្ងៃរះ ព្រោះ​យើង​ចេញ​ដំណើរ​​​ពី​កន្លែងស្នាក់​ម៉ោង ៦ព្រឹកហើយ។ ផែន​ការ​បន្ទាប់​ ដែល​មិនអាច​ខកខានបាន គឺ​ស្វែងរក​ ទេរទឹកពុះ ដើម្បី​ថត​បញ្ជាក់ទីតាំង​ ខេត្ត​កំពង់ស្ពឺ។ ក្រោយ​ញាំអាហារព្រឹក​រួច យើងបាន​ទៅដល់ ទេរ​ទឹកពុះ ម៉ោង​ ៨ព្រឹក។ អ្នកដឹកនាំរឿង បាន​សាក​សួរផ្លូវ អ្នកភូមិ ដើម្បីស្វែងរក ទេរទឹកពុះ ពេលទៅដល់ គាត់បាន ចូលបួងសួង សុំ​សេចក្តីសុខសប្បាយ។ យើង​បានផ្តិត​រូបភាព ទេរទឹកពុះ ដោយ​ហ្មត់ចត់ ហើយ ខ្ញុំ​ឆ្លៀត ​សុំថតរូបក្រុមការងារ​ទាំងអស់គ្នា មួយ ប៉ុស្តិ៍ (កុំអីអត់)។

 

ថ្ងៃនេះ ការងារ ថតកុន រឿង​ «បំណងខ្ញុំ» កាន់​តែ​​​តានតឹង​​​ ព្រោះ​ជាថ្ងៃចុងក្រោយ។ ការងារ​ថត​របស់​យើង​ត្រូវ​ប្រឈមនឹង​ពេលវេលា រួម​ទាំងកំដៅថ្ងៃ។ ថ្ងៃ​ក្តៅ​ធ្វើ​អោយ​ពន្លឺ​នៅក្នុង​សាច់រឿង​​ប្រែជា​ឆេះ​យ៉ាងងាយ គួបផ្សំ តួ​អង្គរបស់យើង ត្រូវ​ឈរក្រោម​កំដៅថ្ងៃ មុខឡើង​ ស្ងួត​អស់ (ញញឹម​លែងសម)។ ទោះបី​យ៉ាងណា តួសម្តែង ដែលជា ជន​ជាតិ​ដើម​ភាគតិច សួយ ខំប្រឹង​កាន់តែខ្លាំង មិនរួញរា នឹងកំដៅថ្ងៃឡើយ ធ្វើអោយខ្ញុំ​រំភើបមែនទែន។ ខ្ញុំ​រឹតតែអាណិត ពួក​គាត់​​ដែល ខំប្រឹង​អាន ប៉ារោល វែងៗ របស់​យើង យ៉ាងលំបាក ដោយមិន​បាន​ត្អួញត្អែរ មួយម៉ាត់ តែក្រុមការងារយើង បែរជា​ស្រែក គំហក​ដាក់ពួកគាត់ តាម​របៀប អ្នកជំនាញ ដែលភ្លេចគិតថា ពួកគាត់ ខំប្រឹង​អស់ពី សមត្ថភាពហើយ។ ខ្ញុំ​សង្កេតឃើញថា ពួកគាត់ ខំទន្ទេញ​ប៉ារោល ខ្មែរដែលជា ភាសា​ទីពីរ របស់​គា​ត់ យ៉ាងលំបាកលំបិន។ លំបាកដោយសារ គាត់ត្រូវព្យាយាម​យល់ន័យ​ ឃ្លាសន្ទនា ជាភាសា​សួយ សិន បន្ទាប់មក គាត់​ត្រូវ​ និយាយចេញ ជា​ភាសា​ខ្មែរ​វិញ។ ​តួអង្គសំខាន់ម្នាក់ វ័យប្រហែល ៨១ឆ្នាំ បាន​ទន្ទេញ​ប៉ារោយ និងសម្តែង​ ក្រោមកំដៅថ្ងៃ យ៉ាង​យកចិត្ត​ទុកដាក់​ តែគាត់បែកអារម្មណ៍ ​ភ្លេច​ពាក្យ​សន្ទនា ដោយសារ ឃ្លាន​បាយ​ផង ក្តៅផង អ្នកមើល​ច្រើនផង… ខ្ញុំ​ស្ទើរតែ កាត់​ប្លង់គាត់ចោលហើយ ដោយសារ តែឃើញគាត់​ព្យាយាម ហើយ​តូចចិត្ត​ខ្លួនឯងពេក ដែល​មិនចាំពាក្យសន្ទនា។ អ្នកដឹកនាំ​រឿង សម្រេច​ប្រើបច្ចេកទេស​ កាត់ត ប្លង់ និងពាក្យសន្ទនា​ដ៏វែង​របស់គាត់ ដើម្បីសង្រ្គោះ​ប្លង់។

ដោយសារ​យើងជា អ្នកមានបេះដូង ស្រឡាញ់​សិល្បះ​​ដូចគ្នា ម្នាក់ៗ​ ហាក់​យល់ពី ការលំបាក​ក្នុងការថត​កុនលើកនេះ ហើយ​​អាច​សម្រេចប្លង់ចុងក្រោយ​ បាន​ដោយ​ស្នាមញញឹម (បើ​នៅបន្តិចទៀត អាចមាន​អ្នក​យំ មិនខាន)… យើងចាក​ពី​ សហគមន៍​ដោយក្តីនឹករលឹក និងថ្លែងអំណរគុណ​ ចំពោះ​កិច្ចសហ​ការណ៍​​សម្របសម្រួល​ ទីកន្លែងថត តួសម្តែង សម្ភារៈ​ថត និងអាហារ​បែបជនជាតិ… ពលរដ្ឋ​សហគមន៍​ជនជាតិដើមភាគតិច​សួយ ពិតជា គួរអោយ​រាប់​អានណាស់…

 

ពេល​មកដល់ ភ្នំពេញ អ្នកដឹកនាំរឿង SOUNG Sina (Thanna) បាន​រៀបចំកម្មវិធី អាហារពេល​ល្ងាច ​ទទួល​ក្រុមការងារ មុនពេល​បែកគ្នា តែយាយទៅ គាត់​ទទួល​​រាប់រង ថ្លៃអាហារ​តាំង​ពីម្សិលមិញ​ រហូតដល់ ថ្ងៃនេះ (មេល្អ​ មែន !)។ គាត់ស្អាត​ ហើយចិត្តល្អទៀត ខ្ញុំ​សំណាង ហើយ​រីករាយណាស់​ ដែល​បាន សហការណ៍ ផលិត​វិដេអូ​អប់រំ ជាមួយគាត់ លើកនេះ។ ក្រុមការងារគាត់ ក៏គួរអោយរាប់អាន ទាំងអស់ (មាន​តារាចម្រៀង​មួយទៀត) សង្ឃឹមថា នឹងមាន​ឪកាស​​បានសហការណ៍​គ្នា​ផលិត លើកក្រោយទៀត។ តែត្រូវរង់ចាំ​មើល​ ផលិតផល​សម្រេចសិនដែរ សង្ឃឹមថា នឹង​ចេញមក ល្អ​ ដូចការ​រំពឹងទុក។

ដំណឹងអាក្រក់ ៖ រូបថតសកម្មភាព​ ដែល​​ថតបាន​​ថ្ងៃនេះ រលាយអស់អាលីងហើយ ដោយសារមេរោគស៊ីអស់។ គ្រាន់តែ​ដាក់ Memory Card ចូលទៅ ក្នុង​កុំព្យូទ័រ របស់​ក្រុមការងារ​ម្នាក់ ដើម្បី គាត់ប្រមូលរូបថត គាត់ បែរត្រូវមេរោគ ស៊ីអស់ ត្រឹម​តែ ៤៥ វិនាទី។ ដំបូង រូបភាព លោតចេញមក តែក៏ត្រូវបាត់ ម្តងមួយ រហូតដល់អស់។ សង្ឃឹមថា នឹងមាន​កម្មវិធី សង្គ្រោះ​ រូបភាព បានមកវិញ ស្តាយ​រូបថត​ក្រុមការងារ ទើបថត ជុំគ្នា​ បានមួយបុស្តិ៍​ផង។ មកពី អ្នក​ដឹកនាំ​រឿង ហ្នឹង ! សុំ​ថត ជុំគ្នា​តាំងពីម្សិលមិញ ចេះតែថា អត់ទាន់ ! អាលូវ ថតបាន បែរជា អស់ ដដែល… ខ្ញុំ​សាកសួរ មិត្ត​ អាយធី ​របស់ខ្ញុំរួចហើយ ថាអាចសង្គ្រោះបាន។

 

(បច្ចុប្បន្នភាព ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ២០១៣) ដំណឹងល្អ ៖ រូបថត ដែលត្រូវបាន​មេរោគ ស៊ី ពេលខ្ញុំ​ ផ្ទេររូប ដោយការបញ្ចូល​ Memory Card ទៅក្នុង កុំព្យូទ័រ របស់​ មិត្ត​រួមការងារ​ម្នាក់ ​ពេលនេះ អាចសង្រ្គោះ​បាន​វិញហើយ។ នេះ​រូបថត រួម គ្នា​របស់ក្រុមការងារយើង (ទើប​ទទួលបាន ពី អ្នក​ដឹកនាំរឿង)… សូមកុំភ្លេចរង់ចាំ ទស្សនា ល្ខោនអប់រំ រឿង «បំណងខ្ញុំ» សម្តែង ដោយ​ សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ សួយ ស្រុកឪរ៉ាល់ ខេត្ត​កំពង់ស្ពឺ ក្នុងពេល​ឆាប់ៗនេះ។