នរណាដឹងថា ម្ចាស់ផលិត​កម្ម​និយាយ​មែន !? ម្សិលមិញ ​នៅលើ រថយន្ត​ត្រឡប់មក ទីរួម​ខេត្ត​វិញ ម្ចាស់​ក្រុមហ៊ុន​ថតស្ប៉ត​ បានប្រាប់ថា ថ្ងៃនេះ នឹង​មាន អ្នកចម្រៀង ​(កញ្ញា តាក់ ម៉ា) ដែល​យើង​កំពុងស្តាប់បទ​ចម្រៀង​របស់នាង នឹងមកជួយថតយើង។ ព្រឹកឡើង​ខ្ញុំបាន​ជួប​នឹង​ កាម៉េរ៉ា​ស្រ្តី ម្នាក់​មុខម៉ាត់​ស្រដៀង អ្នក​ចម្រៀង​ តាក់ ម៉ា។ ខ្ញុំ​មើល​អត់ស្គាល់ ព្រោះ​ តារា អី​ ​ដូចជា សាមញ្ញ ពេក ? ខ្ញុំ​ព្រម​ជឿថា ពិតជា តាក់ ម៉ា មែន​រហូតទាល់​តែ ​មិត្តភក្តិ​ដែល​ខ្ញុំទុកចិត្ត​បញ្ជាក់​ច្រើននាក់ ទើបខ្ញុំព្រមជឿថា ពិតជា អ្នកចម្រៀងមែនមែន។ បើតាមការ​រៀបរាប់​ របស់​ ផលិត​ករផលិតស្ប៉ត បាន​អោយដឹងថា តាក់​ ម៉ា ធ្លាប់ទៅរៀន Film Producer ដល់​ប្រទេស​អង់គ្លេស។ ពិតជា គួរ​អោយសរសើរមែន ដែល​តារាចម្រៀងខ្មែរ មានសាវតា​ ល្អៗចឹង ហើយ​រឹត​តែ​ មោទនភាព​ជំនួស​នាង ពេលដែល យើង​ចុះថត នៅ ភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​ហើយ​​ចូល​គេងនៅ​ទីរួម​ខេត្តកំពង់ស្ពឺ ​អ្នកធ្លាប់ស្គាល់នាង តែងសរសើរថា តាក់ ម៉ា ជាមនុស្សសាមញ្ញ រាក់ទាក់…។ មុនពេល​ត្រឡប់មកទីរួមខេត្ត​វិញ ខ្ញុំបាន ស្ទាក​ថតរូប​ ជាមួយ គាត់បាន​មួយប៉ុស្តិ៍​ដែរ។ ខ្ញុំ​មិនមែនជា ចៃ​តារា ទេ តែ​ឃើញថា គាត់​គួរ​អោយ​រាប់អាន​ទើប​សុំគាត់ថត​ជាមួយ។😀

តាមពិត ថ្ងៃនេះ​ក្រុមការងារ​យើង ពិតជា ហត់សម្បើមណាស់ ហើយ​អ្នក​ដែល​ហត់ខ្លាំងជាងគេ គឺ ផលិតករហ្នឹងឯង ព្រោះ ពេលល្ងាចមិញ ខ្ញុំ​កត់ សម្គាល់ ឃើញគាត់ ម៉ែញ​ធ្មេញ​សស្ញាញ​ ដាក់គេគ្រប់គ្នា ដោយសារ​តែ ​ប្លង់ថត​ដែល​បាន​គ្រោង​ទុក​សល់​ច្រើនពេក។ មិនអាច​បន្ទោស អ្នកណាបានទេ ព្រោះ តួសម្តែង ​របស់យើង សុទ្ធតែជា ជនជាតិ​ដើមភាគតិច សួយ ដែលគ្រាន់តែធ្លាប់ សម្តែងល្ខោនសហគមន៍ ដល់មក សម្តែង​វិដេអូ ចឹង ត្រូវការពេលវេលា​ ​ការលើកទឹកចិត្ត និងភាពអត់ធ្មត់​បន្តិច។ ពួកគាត់​ពិតជា ខំប្រឹងប្រែងណាស់ លេងកាន់តែ យូរ កាន់តែល្អ ដូចអ្នកអាជីពចឹង។ ផ្លូវ​ក៏ឆ្ងាយ ឡាន​ក៏ដឹក ក្រុម ការងារ​ឡើងណែន គ្រប់គ្នា​​ចុកខ្នង​ចង្កេះ… តែទ្រាំទៅ ស្អែកបានទៅភ្នំពេញវិញហើយ… រាត្រី​សួស្តី ព្រោះស្អែក ត្រូវ​ក្រោកពីព្រលឹម​ទៅថត​ទៀតផង…