សួស្តីឆ្នាំ​ថ្មី​ ឆ្នាំ​​​​ម្សាញ់​ បញ្ចស័ក​​ ពុទ្ធសករាជ ២៥៥៧ !

តើ​​អ្នកបាន​​​ប្រាថ្នា​​អ្វី​ខ្លះ​​ សម្រាប់​​ឆ្នាំ​ថ្មី​ គ.ស ២០១៣នេះ ? សម្រាប់​ខ្ញុំ​មាន​​បំណង​​ប្រាថ្នា​​​ មិនខុស​ពីឆ្នាំ​មុន​ៗ​​ ប៉ុន្មាន​​ទេ ៖ សូម​​​ទេវតា​​ឆ្នាំ​ថ្មី តាម​​​បីបាច់​​ថែ​រក្សា​ ក្រុម​​គ្រួសារ​ខ្ញុំ​ អោយ​​មាន​សុខភាព​ល្អ សុភមង្គល ទ្រព្យ​​ចូល​ធូរធារ ជោគជ័យ​​ការងារ​ និង​​ជួប​តែ​​មនុស្ស​​ល្អ។ ចុះ រឿង​គូរ​ព្រេង​វិញ ? ហាហាហា ខ្ញុំ​​បន់​​ដែរ​តាស់😀

ឆ្នាំ២០១៣នេះ ទេវតា​ចុះ​​​មក​​ផ្លាស់វេន​ នៅវេលា​​ម៉ោង ០២:១២ នាទី រំលង​អាធ្រាត​ ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ២០១៣។ ខ្ញុំ​​ឆ្លង​ឆ្នាំ​លើក​នេះ ដោយ​អារម្មណ៍​ ​រ៉ូម៉ាន់ទិច និង​Sweet ជាង​​លើក​មុនៗ ដោយ​សារ​​​ មាន​​មនុស្សស្រី​​ដែល​គួរ​​អោយ​ស្រឡាញ់ម្នាក់​សន្យាថា នឹង​​ខល​មក​ដាស់​​ខ្ញុំ​​​ ដើម្បី​​អោយ​មកចាំ​ទទួល​​ទេវតា​​ឆ្នាំថ្មី​ទាំងអស់គ្នា។ ដំបូង​​ខ្ញុំ​​មិន​ប្រាកដ​​ចិត្តទេ​ថា ខ្ញុំ​អាច​​ក្រោ​​ក​ទទួល​​​ទាន់​អត់​​ព្រោះ ខ្ញុំ​មាន​អារម្ម​ណ៍​ថា ងងុយគេង​ខ្លាំង​ នៅម៉ោង​​ត្រឹម​ ១២.១០​នាទី។ ខ្ញុំ​បាន​ប្រាប់នាង​ជាមុន​​ដែរ​ថា បើ​ខ្ញុំ​មិនទទួល​​ទូរស័ព្ទ​​ ក្រោយ​ការ​​ខល​​របស់នាង បីលើក មានន័យ​ថា ខ្ញុំ​គេង​លក់​ជ្រុល​​ហើយ​ មិនបាច់​ដាស់​ឡើយ។ ម៉ោង ០១:៥៩ នាទី មាន​ Missed Call មួយ​ ពី​នាង ស្រាប់តែ​​​ខ្ញុំ​បាន​​​ក្រោក​ដូច​មាន​គេដាស់ ​ពេលនាង​​ខល​មក​​លើក​ទីពីរ ខ្ញុំ​ក៏​ប្រញាប់​​ចុច​ទទួល​ឆ្លើយ​​តប ហើយ​​ខំ​ម្នីម្នា បើក​​ទូរទស្សន៍ រង់ចាំ​​វេលា​​ទេវតា​ចុះ អាល​នឹង​​អុជ​ធូប ហើយ​ចូលគេងវិញ😀 យើង​​ ​បាន​ផ្ញើសារ​​ជូនពរ​​គ្នា ក្រោយ​ពេល​​ទទួល​ទេវតា ហើយ​​បញ្ចប់​ដោយ​ពាក្យ​ រាត្រីសួស្តី។ ម៉ាក់​​របស់ខ្ញុំ​​ ក៏ក្រោក​អុជ​ធូប ​​ទទួល​​ទេវតា​មុន​គេ ឯ​ស​មាជិក​​ផ្សេងទៀត ក៏ត្រូវ​ក្រោក​ដោយ​សារ​សម្លេង​​ កាំជ្រួ​ច​​បាញ់​ចេញពី វត្តភ្នំ ស្វាគមន៍​​​ទេវតា​​ ចុះមកស្រុកខ្មែរ​ ហើយ​​អុជធូបបន្ត​បន្ទាប់។

ព្រឹកឡើង​​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ នាង​​​បាន​មក​​ចូលរួម ​ពិធីសង្ឃទាន ​នៅផ្ទះ​​របស់ខ្ញុំ តប​តាម ការអញ្ជើញ​របស់​ខ្ញុំ​។ អាចនិយាយបានថា នាង​​​ទទួល​បាន ​​​​ចំណាប់អារម្មណ៍​​​លើក​ដំបូង ល្អ ពី សមាជិក ក្នុង​គ្រួសារខ្ញុំ ឬអាច​​និយាយថា នាង​បាន​​ពិន្ទុច្រើន/ចំណាត់ថ្នាក់ល្អ ព្រោះ​នាង​​មក​ចំពេ​ល​បុណ្យ​​ទាន ចេះ​ជួយ​​និមន្ត​​ព្រះសង្ឃ ហើយ​​ហួ​ស​​ជូន​​នឹងខ្ញុំ ​ម៉ាក់ ប្អូនស្រីខ្ញុំ ទៅ​វត្ត​​។ នាង​​បាន​ញាំ​បាយ​​ថ្ងៃត្រង់​​នៅផ្ទះខ្ញុំ​ ជាឱកាស​មួយ ​​បាន​ណែនាំ​អោយ​ស្គាល់​ប៉ាម៉ាក់ បងប្អូន​​ខ្ញុំ​​ទាំងអស់។ ពេល​ខ្ញុំ​សួរនាំ​​ដល់​​នាង គ្រប់​គ្នា​​មាន​តែ​​ ពាក្យ​​មួយម៉ាត់​​ ដូចគ្នា គឺ «​មានអី ! គួរសម !» ហាហាហា។ នាងជា​នារី ទីពីរ ហើយ​​ដែល​​ខ្ញុំ​បាន​​ណែនាំ​ អោយ​ស្គាល់​​ម៉ាក់ប៉ា របស់ខ្ញុំថា ជា​សង្សារ​​​ផ្លូវការ​​ បែបនេះ។ ខ្ញុំ​សង្ឃឹម​ថា នាង​​ជានារី​ចុង​ក្រោយ​ ដែល​ខ្ញុំ​បាន​​ណែនាំ​ ដល់​​អ្នកមានគុណ និងបងប្អូន ក្នុងឋានៈ ជា សង្សារ​ផ្លូវការ។ នឹក​​ឡើងវិញ ចង់តែសើច ពេល​ខ្ញុំ​ប្រាប់​​ម៉ា​ក់ថា នេះជា «សង្សារផ្លូវការ​​របស់ខ្ញុំ!» ម៉ាក់​​ធ្វើមុខ ​ដូច​បែប​អត់ជឿ ហើយ​ងាក​​ទៅ សួរបញ្ជាក់នាង​ថា មែនក៏អី ? ឯនាង​​ក៏ឆ្លើយ​តបថា «ចាស!» មិនដឹងថា បាន​ឮម៉ាក់​សួរថា​ម៉េចអត់ ? ទើប​ឆ្លើយ​ថា ចាស ! ហាហាហា😀

ពេលល្ងាច ​ខ្ញុំ​ក៏បាន​​ទៅមើល​កុន​​ ជាមួយនឹង ម៉ាក់ និង​​បងប្អូន​​របស់​​នាង នា​រោងកុន Legend Cinema នៅ ស៊ីធីម៉ល។ ទោះបីជា ចាស់ទុំ​នៃ ក្រុម​គ្រួសារ​​ទាំងពីរ មិនទាន់បាន​ជួបស្គាល់គ្នា តែ​យ៉ាង​ណោចណាស់ ពួកគាត់​​បាន​ជ្រាប និង​​មិនជំទាស់​​​ពី ទំនាក់​ទំនង​​​​ក្នុងនាម ជា ​សង្សារ​​ផ្លូវការ ​របស់​យើង​​ទាំង​ពីរទេ។ ក្នុងថ្ងៃឆ្លង​​ឆ្នាំថ្មីនេះ យើងពិត​មាន ​អនុស្សារវីយ​ល្អ​មួយ​មែន !

សូ​មប្រកាសថា ចាប់ពីថ្ងៃនេះ​តទៅ ខ្ញុំ​​មាន​ #សង្សារ​​ផ្លូវការ​ ហើយ​។ ទោះបី ខ្ញុំ​មិនដឹងថា​ អនាគត ​​របស់​យើងនឹង​ទៅជា​​​ យ៉ាងណា​​ ?​ តែខ្ញុំ​​សូម​សន្យា ​ក្នុង​នាម​កូនប្រុស​ថា ខ្ញុំ​នឹង​​មើល​ថែ ស្រោចស្រព​ស្នេហា​មួយ​នេះ ដោយបេះ​ដូង និងក្តីស្រឡាញ់… មិនធ្វើ​អោយ​​នាង​​ខក​ចិត្ត​ឡើយ ដរាបណា នាងនៅតែត្រូវការខ្ញុំ៕

រាត្រីសួស្តី…
សូមគេងលក់អោយបានស្កប់ស្កល់ណា…

[Updated April 15, 2013 at 9AM]
More about HER

មានអ្នក​សាកសួរ​ខ្ញុំ បន្ថែមច្រើន អំពីនាង ទើបខ្ញុំ​សម្រេចចិត្ត សរសេរ​ព័ត៌មាន មូលដ្ឋាន មួយចំនួន គ្រាន់ ជំនួយស្មារតី។😀
WHEN : ខ្ញុំបាន​ស្គាល់នាង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ គ្រាដែល យើងបាន ជិះឡាន ក្រុង ជាមួយគ្នា ដើម្បីចូលរួម បារខេម អង្គរ សៀមរាប (២៣-២៤ កុម្ភៈ២០១៣)។ យើង​បាន ព្រមព្រៀងចុះ កិច្ចសន្យា​ស្នេហា​មួយ និងមាន សុពលភាព ចាប់ពីខែមីនា​ ឆ្នាំ២០១៣🙂
WHERE : ក្នុងពេល​ធ្វើដំណើរ ចូលរួម បារខេម អង្គរ សៀមរាប យើងបាន ស្គាល់គ្នា ហើយរួមតុអាហារ ថ្ងៃត្រង់ជាមួយ គ្នា ក្នុងភោជនីយដ្ឋានមួយ នា​ខេត្តកំពង់ធំ ហើយ​ចាប់ផ្តើម រាក់ទាក់សន្ទនា គ្នា រហូតដល់ ខេត្តសៀមរាប។ យើងបន្តណាត់ជួបគ្នា ដើម្បី ចូលរួម កម្មវិធី ជាក្រុម ពេលមកដល់ ភ្នំពេញវិញ ហើយ ចាប់ផ្តើម ក្លាយជាមិត្ត តាម ហ្វេសប៊ុក។ ការរាក់ទាក់​ស្និទស្នាល បានក្លាយជា ស្នេហា មួយនេះ។
HOW : ចំណាប់អារម្មណ៍ល្អ ការយកចិត្តទុកដាក់​ចំពោះគ្នា ការលេងសើច​ ត្រូវចិត្តដិតដល់​បេះដូង ឱកាសល្អផ្តល់ អោយស្រាប់ រួមទាំង ការចេះចាប់យក ពេលវេលា គួបផ្សំនឹងបេះដូងបញ្ជា… អាចនាំ អោយយើង មានសេចក្តីក្លាហាន និយាយពាក្យថា ស្រឡាញ់គ្នា ចេញមក។