សួស្តី ខែមេសា ឆ្នាំ២០១៣

ខែមេសា ជា​ខែ​មួយ ដែលខ្ញុំ​ពេញចិត្ត​ជាងគេ ក្នុង​ចំណោម ខែទាំង​១២ នៃ​វដ្តមួយឆ្នាំ។ តាំងពី​ខ្ញុំកើត​មក ខ្ញុំ ដឹងថា ខែ​មេសា ត្រូវ​បាន ប្រជាពលរដ្ឋ​ខ្មែរ ស្គាល់ និង​តំំណរ ប្រារព្វ ពិធី​បុណ្យ ឆ្លងឆ្នាំខ្មែរ រហូតម​ក​ដល់ បច្ចុប្បន្ន។ ពលរដ្ឋខ្មែរ ក៏តម្រូវ​អោយ សម្រាក ពីការងារ ទូទាំង​ប្រទេស ដើម្បី អបអរបុណ្យ​ប្រពៃណី ជាតិ។ ថ្ងៃ​កំណើត​របស់ ខ្ញុំ គឺ ស្ថិត​ក្នុងដើមខែ​មេសានេះ​ផងដែរ ទើប វាបាន​ក្លាយជា ខែមួយ ដែល​បន្ថែម​ចំ​ណង មនោ​សញ្ចេតនា ចំណារ​កាល តាមពេល​វេលា​មួយឆ្នាំៗ​ផង​ដែរ។

ពេលឆ្លង​ឆ្នាំថ្មី ម្តងៗ គ្រប់គ្នា អាច​មាន​អារម្មណ៍​ថា ខ្លួនចាស់​ថែម បានមួយឆ្នាំ​ទៀត​ហើយ ខ្លួនអាច​ឆ្លងផុតឆ្នាំចាស់ ដោយ​ជោគជ័យ ហើយ ដូច្នេះ​គួរតែ​អបអរ។ សម្រាប់ខ្ញុំ ពេល​ឆ្លងឆ្នាំថ្មីផុត ខ្ញុំត្រូវ​អបអរ ទ្វេដង ព្រោះខ្ញុំ បានឆ្លងផុត មួយឆ្នាំ​ដោយ ស្ថាពរ មិនមែន​គ្រាន់ ជាការ បណ្តាល​ចិត្ត ដូចអ្នក​ផ្សេង​ដែល ត្រូវរង់ចាំ វដ្តនៃ ថ្ងៃកំណើត​ពិត​ប្រាកដ​មកដល់ ក្រោយ​បុណ្យ​ឆ្លងឆ្នាំខ្មែរ។🙂

ឆ្នាំមុន ខ្ញុំឆ្លង​ឆ្នាំ​កំណើត យ៉ាង​អឹកធឹក។ ទោះមិនសូវ មាន អំណោយ​ពី មិត្តភក្តិ យ៉ាងហោច​ណាស់ ខ្ញុំបាន ជូន​អំណោយ ខ្លួនឯង ជា ម៉ាស៊ីនថត មិនខ្លាច​ទឹកមួយ និងទូរស័ព្ទអាយ​ហ្វូនហ្វរអែស​មួយដែរ។ របៀបវារៈ កាលពីឆ្នាំមុន ពេលព្រឹក ខ្ញុំ​ត្រូវបាន ម៉ាក់ផ្តាំមក ផ្ទះ ដើម្បី យក​ច​ង្ហាន់ ប្រគេន​ព្រះសង្ឃ និង​បាំងស្កូល មុនពេល មកផ្ទះខ្ញុំបាន​ឆ្លៀត ឈាងចូល ហាងសូនី ដើម្បី ទិញ ម៉ាស៊ីន​ថត ពេលចេញ​ពីវត្ត បានហួស​មកដក លុយ ហើយ ចូលទិញ ទូរស័ព្ទ នាហាង​មួយ ក្បែរ​ផ្សារថ្មី ពេល​ល្ងាច ចូលរួម ពិធី ជប់លាង អបអរ​ឆ្នាំថ្មី នាកន្លែង ការងារ ដោយមានការ​រាំកំសាន្ត និង​មាន កម្មវិធី កាត់នំ​ខួបកំណើត​របស់ខ្ញុំ ផង​ដែរ។ ប្លុកនេះ ក៏ត្រូវបាន​បង្កើតឡើងចំ​ថ្ងៃខួប​កំណើត របស់ខ្ញុំ ដើម្បីប្រមូល​ស្នាដៃ ផ្ទាល់ខ្លួន មកដាក់​អួត និងរំលេច អារម្មណ៍ ឬជា កំណត់​ហេតុផ្ទាល់​ខ្លួនផង។ ឆ្នាំមុន មាននារី ពីរនាក់ ជូន​អំណោយ ខួបកំណើត​ខ្ញុំជាពិសេស មុនថ្ងៃខួប មកដល់ ហើយ​សម្រាប់ខ្ញុំ គាត់ទាំងពីរ ក៏ជាមនុស្ស​ពិសេស សម្រាប់​បេះដូង​ខ្ញុំដែរ។ អាចមកពី ខ្ញុំជា មនុស្ស​គ្មាននិស្ស័យ (Forever Alone) ទើប​ពួកគាត់ គ្រាន់តែអាច រៀបចំ អំណោយ ហើយជូន​មុន ថ្ងៃខួប ទាំងមិនអាច ឬហ៊ាន ឆ្លង​ខួបកំណើត​ជាមួយខ្ញុំ។ តែជឿចុះថា ទង្វើល្អ និង​ការ​យកចិត្តទុកដាក់ របស់ពួក​គាត់ បានជ្រាប​ដល់បេះដូង របស់ខ្ញុំ។ អាចនិយាយ​បានថា ឆ្នាំ២០១២ កន្លងមកនេះ ខ្ញុំបាន​ឆ្លងកាត់ ព្យុះភ្លៀង ច្រើន​មកហើយ តែខ្ញុំយល់ថា ខ្ញុំបានជួប​រឿងល្អច្រើន​ជាង មិនល្អ (មកពី​រឿងមិនល្អ ខ្ញុំមិន​សូវចង​ចាំដឹង ?)។ មានមេ​រៀនជីវិត ជាច្រើន ដែលរៀនបាន ក្នុងឆ្នាំចាស់នេះ មេរៀនដែល គ្រូភាគ​ច្រើន បានបង្រៀន ខ្ញុំ គឺ ការ​បំពាន​ក្បួនច្បាប់ (break the rule)។

មុនឆ្លងខួប​ឆ្នាំមុន ខ្ញុំបាន សម្រេចចិត្ត រស់ចាកសំបុក្រ (fly the net) ក្រោយ ពិធីភ្ជាប់​ពាក្យរបស់ខ្ញុំ ក្នុងខែមីនា បរាជ័យ តែចុង​ក្រោយ បែរជា ត្រឡប់មក សំបុក្រវិញ ដោយសារ ខ្ញុំបាន​សុបិន្តឃើញ អ្នកមាន​គុណ រងគ្រោះថ្នាក់ចរាចរណ៍ ហើយ​ខ្ញុំយំឡើង ខ្លោចផ្សារ។ ដូចសុបិន្ត​អាក្រក់មែន ហេតុការណ៍ពិត បានស្តែងឡើង​មិនយូរប៉ុន្មាន ប៉ារបស់ ខ្ញុំ បានរងគ្រោះ ដោយសារ ​ដើមឈើ ម្តុំ វត្តឧណ្ណាលោម បាក់រលំ សង្កត់ លើ ពេលគាត់ជិះម៉ូតូ​ធ្វើដំណើរឆ្លងកាត់ ទើប​ខ្ញុំ ត្រូវបង្ខំចិត្ត ចូលទ្រនំ​ចាស់វិញ។ កាល​រស់ចាកសំបុក្រ ខ្ញុំខំហូប ឡើងធាត់ តែពេល ចូលទ្រនំវិញ ដូចជា ស្រកសាច់ ព្រោះ មិនសូវ ខំហូប។ ដួងជតា របស់ខ្ញុំ តែងមាន​អ្នកផង ជួយយកអាសារ ដូចពេល​ចាក​សំបុក្រ រស់ត្រឹមផ្ទះជួល ជាមួយមិត្តភក្តិ ខ្ញុំស្រណុកដូច សេដ្ឋី មានអ្នកធ្វើម្ហូប បោកខោអាវ ផឹកស៊ី​ថ្មើណា បានតាមចិត្ត… ដូចគ្នា នឹងការ ហើរចាក​សំបុក្រ លើកទីមួយ របស់ខ្ញុំ ក្នុងឆ្នាំ២០០១ ដើម្បីធ្វើការងារ ជាពិធីករ កម្មវិធីវិទ្យុ មួយក្នុង​ខេត្តបាត់ដំបង។ តាំងលើកមុន និង​លើកនេះ គឺមានរយៈ​ពេល ត្រឹម ៦ខែ ដូចគ្នា ហើយការ​វិលមកវិញ ក៏ព្រោះ អ្នកផ្ទះ មានបញ្ហា ដូចគ្នា។

អ្វីដែលខ្ញុំ អាច​ធ្វើបាន ខ្ញុំបានលៈបង់ជូន អ្នកផ្ទះ អស់​លទ្ធភាពហើយ ខ្ញុំក៏គិត​ស្រឡៈ ថា វាគួរតែ​ដល់ពេល ដែលខ្ញុំ ស្វែងរក អនាគត និងសាង គ្រួសារ​ផ្ទាល់​ខ្លួន មួយ ដោយដៃ​ខ្លួនឯងមួយ។ តែខ្ញុំយល់​ថា មកទល់នឹង​ពេលនេះ សមត្ថភាព​ខ្ញុំហ៊ាក់ មានកម្រិត ហើយមិន​ទាន់អាច មាន​ស្ថេរភាពលើ អាជីព​ការងារ បើទោះបី​ជា ខ្ញុំបាន​ប្រលងចប់ ម៉ាស្ទ័រ​ភូមិបាល ទើបខ្ញុំងាក​ចាប់ផ្តើម រៀបចំគម្រោង ស្នើអាហា​រូបករណ៍ ដើម្បី សិក្សា ឯ បរទេស។ ខ្ញុំ ងាកមក ចាប់អារម្មណ៍ ចូលរួម​ធ្វើ ការងារ​សង្គម ដែលខ្ញុំខកខាន តាំងពី មានសង្សារ ម្នាក់ដែល​នាង ចង់បាន ពេលវេលា របស់ខ្ញុំ គ្រាន់កំដរនាង ខណៈពេល​ដែល ខ្ញុំក៏រវល់សិក្សា មិនមាន​ពេលគ្រប់គ្រាន់​សម្រាប់នាង ទើបចុងក្រោយ យើងក៏ត្រូវ​បែកគ្នា។ អំណោយ​ពីការបែកគ្នា គឺ សញ្ញាបត្រ​ជាន់ខ្ពស់ ដែលនាង បានបញ្ឈឺខ្ញុំថា អោប​សញ្ញាបត្រ​ហ្នឹងចុះ ! គិតឡើងវិញ នារី ពិតជា សាមញ្ញ និងមិនមាន មហិច្ឆិតា ដូចបុរស​ឡើយ។ បុរសភាគច្រើន​ គិតថា ខំ​រៀនខ្ពស់​ នឹងមាន​មុខមាត់​ តែនារី មិនសូវខ្វល់ ពីមុខម៉ាត់​​ដោយសារ​​ចំណេះវិជ្ជានឹងទេ ?

មនុស្សគិតមិនដូចទេវតាគិតមែន បែកពី សង្សារបានត្រឹម ៥ខែ ស្រាប់តែ ខ្ញុំបែរជា ផ្តោះប្តូរ កិច្ចសន្យា ស្នេហ៍ជាមួយ នារីម្នាក់ ព្រមទាំងសន្យារៀបការនឹងគ្នា ត្រឹមចុងឆ្នាំ២០១៣នេះ ហើយហ៊ាក់ប្រែស្ទាក់ស្ទើរនឹង រឿង អាហារូបករណ៍វិញទៀតហើយ។ នាងល្អ ទាំងព្រម ប្រុសចោមប្រាថ្នា តែនាងហ៊ាក់ឯកា កំព្រា​បេះដូង ពេលខ្ញុំចូលកិត ទើបដឹងថា បាន​ធ្លាក់អន្លង់ស្នេហ៍ប្រូង ខំប្រឹង​តតោង តែទឹកលិច​ដល់ច្រមុះ​បាត់ហើយ។ យើងផ្តើម​ដោយ ការស្គាល់គ្នា ដោយ​ចៃដន្យ ក្នុងជំនួប យុវជន​ស្មគ្រចិត្តមួយ យើងឈ្លោះឌឺគ្នា ក្តីបារម្មណ៍​យកចិត្តទុកដាក់ ក្នុងនាម​ត្រឹមមិត្តភក្តិ ផ្ញើសារ​រាក់ទាក់ជូនគ្នា វែកញែក ញញឹម ត្រូវចិត្ត ហើយក៏ ស្រឡាញ់គ្នា នោះហើយគឹជា ស្នេហា​យើង។

ថ្ងៃនេះ នាងបែរជា រៀបចំ កម្មវិធី​អបអរ ខួបកំណើត​អោយខ្ញុំជាមុន នាឱកាស​សម្ភោធប្រតិទិន ដើមខែមេសា ទាំងនាងបាន​ដឹង​ច្បាស់ថា មិនទាន់​ដ​ល់​ថ្ងៃឆ្លង។ មូលហេតុ ព្រោះ​នាង បារម្មណ៍ ដូចនារី ពីរនាក់ កាលឆ្នាំ​មុនចឹង ខ្លាចមិនបាន​ឆ្លងថ្ងៃពិសេស ជាមួយខ្ញុំ ព្រោះខ្ញុំ​ទំនងជា ជាប់រវល់ នាថ្ងៃខួប​កំណើត។ តាមពិត ខ្ញុំអាច​នឹងរវល់ បន្តិចមែន តែប្រសិនបើ នាងឃាត់​មួយម៉ាត់ ខ្ញុំពិត​មិនចាកចេញ ពីក្រុងភ្នំពេញ ដើម្បី​បំពេញការងារ ចំថ្ងៃខួប​កំណើតទេ។ ខ្ញុំក៏ ធ្លាប់​ប្រាប់នាងដែរ តែប្រហែល​នា​ង មិនចង់​រំខានការងារខ្ញុំ។ នាងបាន រៀបចំ កម្មវិធីនេះឡើង បំណង អោយខ្ញុំ​មាន​ការភ្ញាក់ផ្អើល តែដំបូង ខ្ញុំអន់ចិត្ត​នឹង​នាង​បន្តិចដែរ ដោយសារ​នាងបែរ​ជា​ស្នើសុំ អោយខ្ញុំ រំសាយ ការណាត់​ជាមុន ជាមួយ​មិ​ត្តភក្តិ ម្នាក់ ដើម្បី ចែក​រំលែក ចំពោះដឹង ដើម្បី គ្រាន់​បាន​ចូលរួម​កម្មវិធី ច្រៀងខារ៉ាអូខេ ទាំងខ្ញុំបាន ប្រាប់នាង​រួចហើយថា ជាប់រវល់​ល្ងាចនេះ តែនាង​ទទួច​សុំទាល់តែបាន។ មិននឹក​ស្មានសោះថា បំណងប្រាថ្នា ទីមួយ របស់​នាង ពីខ្ញុំគ្រាន់តែ ដើម្បីខ្ញុំសប្បាយ​ចិត្តវិញ ! ម៉េចក៏ គួរអោយ​ស្រឡាញ់យ៉ាងនេះ !? ពិតជា ក្មេងកំហូច និងល្ងង់មែន ! ត្រង់នេះ ខ្ញុំបែរជាយល់ថា នាង​មិនដែល​ប្រាថ្នា​អ្វីធំដុំ ពីខ្ញុំ គ្រាន់​ចង់បាន​ស្នាមញញឹម ការយក​ចិត្តទុកដាក់ ឬពេល​វេលាតិចតួច ពីខ្ញុំ ខុសពី នារីផ្សេង ដែលប្រើ ប្រាថ្នាខ្ពស់ ឬសម្ភារៈ​មាន​តម្លៃ​ពីខ្ញុំ។

ខ្ញុំដឹងថា ការបង្ហាញ ភាពមិនសូវរំភើប បែរជា ហួសចិត្ត​នឹងកម្មវិធី កាត់នំខេក ក្នុងហាង​ខារ៉ាអូខេ ដោយមាន​មិត្តភក្តិបួននាក់ ទៀតចូលរួម បាន​ធ្វើអោយ​នា​ង អាក់​អន់ចិត្ត។ គួបផ្សំនឹង ការស្ទាក់អោប​នាង មួយសន្ទុះ មុនពេល​ចាកចេញ ធ្វើអោយនាង រឹតតែ​អន់ចិត្ត។ ទោះបីជា នាងបាន ផ្ញើសារ​តបថា បាន​មក​ដល់​ផ្ទះ តាមការ​ស្នើសុំ របស់ខ្ញុំ តែនាង បង្ហាញ​យ៉ាងច្បាស់ តាមរយៈ​សារ តែមួយ​ឃ្លាគត់ របស់នាង បើទោះបីជា​ ខ្ញុំបាន​ផ្ញើសារ ជាច្រើន​ជូននាង។

“មិន​ដឹងថា គួរនិយាយ​ម៉េចទេ តែពេលដើរ​ចេញមក ខ្ញុំពិតជា ខ្លាចក្រសែ​ភ្នែក អ្នកទាំងអស់​គ្នា មើលមក​ខ្ញុំណាស់។” នាងមាន​ន័យ​ឆ្លើយតប ដល់ ការចាក​ចេញ យឺត​ជាងគេ ពីបន្ទប់​ខារ៉ាអូខេ របស់​យើង ទាំងពីរ​នាក់។

យើងធ្លាប់ជិត​ឈាន​ដល់ផ្លូវបែកគ្នា ពីរដង​រួចមកហើយ (ខ្ញុំសុំបែកមុន ហើយ នាងចង់បែក​ម្តងដែរ) ក្នុងរយៈ​ពេល ត្រឹមមួយខែ​នៃពន្លកចំណង​ស្នេហ៍នេះ។ ខ្ញុំមិន​ប្រាកដចិត្តទេថា នាងចង់យ៉ាង​ម៉េចបន្តទៀត (ចង់បែកទៀត ឬយ៉ាងណា!?) សម្រាប់ខ្ញុំ លិចលង់​បេះដូង ដោយសារនាង អស់ហើយ… សង្ឃឹមថា ខែមេសា គង់ជា​ខែសប្បាយ សម្រាប់អ្នក​ទាំងអស់គ្នា រួមទាំងក្មេង​កំហូច និងខ្ញុំផង។ អរគុណ​សម្រាប់ការ​ចំណាយ​ពេលវេលា ទឹកចិត្ត ថវិកា រៀបចំកម្មវិធី ខួបកំណើត​ជូនខ្ញុំ ! អូនជា មនុស្សទីមួយ ដែល​ផ្តល់​អារម្មណ៍ល្អ និងសុវត្ថិភាព បែបនេះ​ដល់បង… អូនដឹងអត់ ?