ព្រាននារី !

ខ្ញុំមិនសូវយល់ដែរថា ហេតុអ្វី នារី មួយចំនួន [តូូច] ដែល ស្គាល់ខ្ញុំ [ទើបនឹងស្គាល់ថ្មីៗ] ដាក់ឈ្មោះ អោយខ្ញុំថា ជា ព្រាននារី ? មកពី គិតថា ខ្ញុំ ប្រមាញ់ នារីៗ ជា អាជីព [មុខរបរមួយ] ? មកពី ដឹងថា មាននារី ស្រឡាញ់ ខ្ញុំ ច្រើន ? មកពី ដឹងថា ខ្ញុំ តាមស្រឡាញ់នារីៗ ច្រើន ? មកពី មានអ្នក ប្រាប់ថា ខ្ញុំជា ព្រាននារី ? ឬគ្រាន់តែ ខ្ញុំនិយាយ លេង [ធ្វើអោយ សើច] ជាមួយ នារី ច្រើននាក់ ក៏ចាត់ ទុកជា ព្រាននារី ?

មិនថា ហេតុផលមួយណាទេ ខ្ញុំមិនទាន់អាច សក្តិសម ទទួលបាន ឧត្តមនាម ព្រាននារី បែបនេះ ឡើយ។ សូមអរគុណ !

ខ្ញុំ យល់ថា ខ្ញុំគ្មានមូលដ្ឋានគ្រឹះ ក្នុងការ ប្រមាញ់មនុស្សស្រីទេ ព្រោះ បើមាន មិនមែន ខូចចិត្ត ខកស្នេហ៍ច្រើនលើកច្រើនសារទេ ! រឹតតែ មិនអាចប្រកប វិជ្ជាជីវៈ ជាអ្នក ប្រមាញ់មនុស្សស្រី បានទៀត ព្រោះ បេះដូង ខ្ញុំទន់ជ្រាយណាស់ ខ្លាចបំផុត ទឹកភ្នែក បើ មនុស្សស្រីចេះយំ ហើយស្រក់ទឹកភ្នែក មុខខ្ញុំ ពិតជា អាចបន្ទន់ចិត្តខ្ញុំបាន។ ខ្ញុំចាំបានថា មិត្តស្រី ពីមុនៗ អោយតែមកយំ មុខខ្ញុំ គឺយើង អាចចាប់ផ្តើម សារជាថ្មី រហូត។ យើងបែកគ្នាដរាបណាគេ យល់ថា ខ្ញុំអស់តម្លៃ នឹងស្រណោះ ហើយព្រមបោះបង់ខ្ញុំ ដោយខ្លួនឯងវិញ។ សរុបតាំងពី ដឹងក្តី រហូតដល់ពេលនេះ [អាយុ ៣២ឆ្នាំ] ខ្ញុំមានសង្សារផ្លូវការ [សង្សារចេញមុខ និងស្រឡាញ់គ្នា] ត្រឹម ៧នាក់ [MTD, YSR, CTN, ESY, YSR, HPN, HSR] ប៉ុណ្ណោះ។ សង្សារដំបូង ដឹងខ្លួនថាមាន ពេលប្អូននាងប្រាប់ខ្ញុំថា នាងពេញចិត្តខ្ញុំ… ដោយសារ យល់ថា នាងក៏មិនអាក្រក់ ទើបព្រមស្រឡាញ់វិញ… ស្រឡាញ់មិនបានប៉ុន្មាន មាន មិត្តភក្តិប្រុសម្នាក់ មកប្រាប់ថា ស្រឡាញ់នាងដែរ… ដោយយល់ថា ខ្លួនគ្មានសមត្ថភាព ព្រោះ ទើបរៀនចប់ ទី ១២ [ឆ្នាំ១៩៩៨] អត់ទាន់មានការងារធ្វើ [សូម្បីប៉ាប៉ានាង ក៏មើលងាយ ហើយបោះសម្តីថា អត់ការងារធ្វើ ដើរប៉ោឡែ កុំចង់មកញ៉ែកូនអញ] ទើបសម្រេច បែកពី នាងដោយការណែនាំ មិត្តភក្តិម្នាក់នោះ [គេមានការងារល្អ ប្រាក់ខែខ្ពស់] អោយស្គាល់ និងទាក់ទងនាង ជំនួសវិញ។ យើងខានជួបគ្នា ជិត ២ឆ្នាំ ខ្ញុំត្រូវបង្ខំចិត្ត ធ្វើការតាមខេត្ត [ជា ពិធីករ កម្មវិធីវិទ្យុ] និងរកប្រាក់ រៀនជំនាញបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្ឃឹមថា នឹងមាន ឱកាស ខ្ពស់មុខម៉ាត់ស្មើគ្រួសារនាង នាថ្ងៃមួយ។ ដោយសារ មិនពេញចិត្តនឹងប្រាក់ខែ តាមខេត្ត ទើបសុំឈប់ ហើយមករកលុយក្នុងក្រុងកំណើតវិញ។ ខ្ញុំខំធ្វើការងារសព្វយ៉ាង មិនថា ការងារម៉ាឃីតទីង ធ្វើសន្តិសុខ ធ្វើសំណង់ [ចង់ធ្វើអ្នករត់តុ តែមិនដែលបានធ្វើសោះ] តែ ពេលឆ្នាំ ២០០៣ ក្រោយឆ្លងកាត់ វគ្គ អ្នកកាសែត អន្តរជាតិមួយ រយៈពេល បីខែ ខ្ញុំមានឱកាស ទទួលបានការងារល្អ [អ្នកកាសែតបរទេស] ប្រាក់ខែល្អ ស្របពេលនោះ មិត្តភក្តិខ្ញុំម្នាក់នោះ ប្រាប់ថា នាងមិនដែល ស្រឡាញ់គាត់ទេ… ខ្ញុំសប្បាយចិត្តចង់ ហើរផុតពីដី គិតថា យើងនឹងបានជួបគ្នា ម្តងទៀត… ទេវតា គិតមិនដូច មនុស្សគិតទេ… ពេលខ្ញុំត្រឡប់រកនាង ទើបដឹងថា នាង បានអន្តោរប្រវេសន៍ ទាំងក្រុមគ្រួសារ ចេញពីកម្ពុជា បាត់ដំណឹងឈឹង សូម្បីតែ ផ្ទះធ្លាប់ស្នាក់ ក៏លក់បាត់ដែរ។ ខ្ញុំបានព្យាយាម តាមរកដំណឹងពីនាង តាមរយៈ មិត្តភក្តិធ្លាប់ ស្គាល់គ្នា តែនាង ហាក់ ព្យាយាម គេចមុខពីខ្ញុំ… នាងមិនដឹងទេថា បុរសម្នាក់នេះ មិនមែនតោកយ៉ាក ដូច ពាក្យឪពុកនាងថាស្តីឡើយ។ តែហួសពេល អស់ហើយ ព្រោះ ក្រោយមក ខ្ញុំ ដឹងថា នាងបានរៀបការរួចហើយ… ។ បាត់បង់នាង ដូចបាត់បង់ លំនឹងជីវិត ខ្ញុំលែងមាន កម្លាំងតស៊ូ ដើម្បីសុបិន្តខ្លួនឯង និងអនាគតខាងមុខទៀត ទើប ខ្ញុំសម្រេចសុំ ឈប់ពីតួនាទី ជាអ្នកកាសែត ដោយសារ មិនពេញចិត្តនឹងយកព័ត៌មាន នយោបាយ ដែលមេបរទេស ចាត់អោយទទួល ខុសត្រូវ [ពេលនោះមានលុយល្អ តែមិនសប្បាយចិត្ត] ។ ឈប់ធ្វើជា អ្នកកាសែត ត្រូវ អ្នកផ្ទះ បន្ទោសថា មិនចេះតស៊ូ ដោយសារ ចង់ឈ្នះពាក្យនេះ ខ្ញុំបែរជាជ្រើស យករបរ រត់ម៉ូតូ ឌុប អស់ជាងមួយឆ្នាំ ព្រោះយល់ថា ជាការងារឯករាជ្យ។ ទម្រាំអាចកាត់ចិត្តពីនាងបាន ហើយជួន បានជួប និងស្គាល់ សង្សារទីពីរ អារម្មណ៍ស្នេហា និងសុបិន្ត បង្កើតគ្រួសារ ផ្ទាល់ខ្លួន របស់ខ្ញុំ បានត្រឡប់មកវិញ។ ខ្ញុំបាន ជួប សង្សារទីមួយ ម្តងទៀតដែរ ក្នុងគ្រានាង មកលេងស្រុកខ្មែរ ហើយមកកាត់ សំលៀកបំពាក់នា ហាងមួយក្បែរផ្ទះខ្ញុំ។ ពេលនោះ នាងមកជាមួយក្រុមគ្រួសារ ខ្ញុំបានត្រឹម តែញញឹមរាក់ទាក់ ពីចម្ងាយ… ខ្ញុំមិនហ៊ានរាក់ទាក់ ហាស្តីទេ ព្រោះ កាលៈទេសៈ មិនសូវសមរម្យ។ សង្សារទីពីរ ជានារី ដ៏ល្អម្នាក់ ដែលបាន ព្រមស្មគ្រ មើលថែស្អំ បេះដូង របួសរបស់ខ្ញុំ អស់ជាច្រើនឆ្នាំ រហូត អាចនិយាយថា រូបរាងរបស់នាង អំពើល្អ របស់នាង បានដិតជាប់ នូវ អនុស្សាវរីយ៍ ពេញមួយជីវិតខ្ញុំហើយ។ ព្រោះតែនាង ខ្ញុំហ៊ានសុបិន្ត ចេះរៀបចំផែនការជីវិត និងចេះចាប់យកឱកាសមាស ដែលមានរូបនាង ជាអ្នកណែនាំ និងគាំទ្រ ដូចជា ចាប់ផ្តើមរៀនឡើងវិញ [រៀនម្តង ពីរ មហាវិទ្យាល័យ ហើយឆ្លៀត ធ្វើការទៀត] នាងដឹងរឿងមិនសូវចន្លោះទាក់ទងនឹងខ្ញុំ … នាងធ្លាប់ រួមទុក្ខជាមួយនឹងខ្ញុំ អស់ជាច្រើនឆ្នាំ តែពេលខ្ញុំ ចង់រួម សុខជាមួយនាង នាជីវិត ជោគជ័យធម្មតា ចុងក្រោយ នាងបែរជា មិនអាចផ្តល់ឱកាសរួមដំណើរជាមួយខ្ញុំ…។ នាងមានអ្វីជាច្រើន ដែលខ្ញុំត្រូវចិត្ត មិនថា ពូកែធ្វើម្ហូប រៀបចំផ្ទះសម្បែង មិនប្រកាន់ការងារធ្ងន់… នាងធ្លាប់ មកជួយ បោកខោអាវខ្ញុំដល់លើផ្ទះខ្ញុំម្តងដែរ។ គិតឡើងវិញ អ្នកដែល គួរអោយខ្ញុំ ស្រណោះជាងគេ គឺ សង្សារទីពីរ ទោះបីជា នាងធ្លាប់ក្បត់ ខ្ញុំលួចមាន អ្នកថ្មី ហើយត្រូវបាន មិត្តភក្តិ ជិតស្និទ របស់ខ្ញុំ ហាមផ្តាច់មិន អោយទាក់ទងជាមួយ នាងក៏ដោយ ក៏ខ្ញុំមិនដែល ដាច់ចិត្តទាល់តែសោះ រាល់ពេល នាងត្រឡប់ មកសុំជាគ្នាវិញ ទោះបីដឹងច្បាស់ថា ពេលនាងលេងខ្ញុំ អស់ចិត្តមិនបានប៉ុន្មាន នាងនឹងឃ្លាតទៀត។ ក្នុងចិត្តតែងតែ អរគុណនាង ហើយ គិតថា បើគ្មាននាង ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ នាងចូលចិត្តសប្បាយ ហើយពូកែកើត រោគអផ្សុក ដោយសារខ្ញុំ វក់រៀន និងវក់ការងារ ទើបគ្មានពេល សម្រាប់នាង ទើបនាង ចាកចេញ ជាច្រើនលើកច្រើនសារ។ ខ្ញុំធ្លាប់សួរនាងដែរថា ហេតុអ្វីក៏ នាងត្រឡប់មករកខ្ញុំវិញ ? នាងប្រាប់ថា ព្រោះខ្ញុំ ឧស្សាហ៍ ទិញរបស់របរ ផ្គាប់ចិត្តនាង ឬក្នុងន័យថា ខ្ញុំស្រួលបោក។ ខ្ញុំ តែងបន្ទោសខ្លួនឯង រាល់ពេលនាងចាកចេញ ព្រោះខ្ញុំដឹងច្បាស់ហើយថា នាងជានារីល្អម្នាក់ តែមិនធ្លាប់ឃាត់នាងសូម្បីតែ ម្តង រាល់ពេល នាងសុំបែកគ្នា ព្រោះក្នុងចិត្តគិតថា នាងមានហេតុផល បើទោះបីជា ឃាត់ក៏ឃាត់បានតែកាយ ទើបធ្វើបានត្រឹម នឹកស្តាយ អស់រាប់ខែ។ … សង្សារចុងក្រោយនេះ ជាក្មេងស្រីម្នាក់ដ៏ឆ្លាត ស្អាត ធូធារ [ព្រោះនាងមាន ជំនួញផ្ទាល់ខ្លួន] គួរអោយស្រឡាញ់ មានគំនិតចាស់ទុំ ម្តងៗដែរ តែ ហាក់ រលេករលោះ ម្តងៗដែរ។ ខ្ញុំពេញចិត្តនឹង ការយកចិត្តទុកដាក់ របស់នាងចំពោះ ក្រុមគ្រួសារ និងអ្នកដទៃ ប្រតិកម្ម ត្រឡប់ ឬភាពបន់បែនរបស់នាងរហ័ស ហើយវាងវៃ ខុសពីខ្ញុំ ដែលមិនសូវរដាស់។ ខ្ញុំមិនចង់អោយនាង ផ្លាស់ប្តូរ ខ្លួនឯង ដើម្បីខ្ញុំទេ ព្រោះ ខ្ញុំដឹងថា នាងមានភាពឥតខ្ចោះ របស់ខ្លួនឯងហើយ មិនចាំបាច់ឡើយ ត្រូវការកែប្រែ។ យើងជួបគ្នា មិនទាន់បាន ពីរសប្តាហ៍ផង នាងបែរជា ហ៊ាន ទទួល ពាក្យស្នេហ៍ពីខ្ញុំ ហើយព្រម សន្យារៀបការនឹងខ្ញុំទៀត។ ពិបាកជឿតិចថា ស្នេហា នេះនឹងគង់វង្សស្ថិតស្ថេរ យូរអង្វែង បើគិតឡើងវិញ ដូចផ្លេចបន្ទោរបែបនេះ តែពេលនឹកដល់ស្នេហា ខ្ញុំជាមួយសង្សារទីពីរ ដែលស្រឡាញ់គ្នារាប់ឆ្នាំ ទីបំផុត បែកគ្នាដដែល ទើបញាំងអោយខ្ញុំមិនខ្វល់ ពីពេលវេលា នាថ្ងៃអនាគតពេក។ នាងធ្លាប់ប្រាប់ថា មាន បុរសបីបួននាក់ ដែលនាង កំពុង ពិចារណា ស្រាប់តែ ហេតុផល អី មិនដឹង ទើបនាង ព្រមប្រគល់បេះដូង ជូនខ្ញុំវិញ។ នាងបានប្រាប់ម៉ាក់នាង អំពីរឿងរបស់យើង ហើយត្រូវបាន ម្តាយនាង សួរនាំ អំពីខ្ញុំ ទើបនាង ហាក់ ភ្ញាក់ខ្លួនថា នាងមិនបានដឹងអ្វីច្រើនទេ អំពីខ្ញុំ ក្រោយមក ទើបនាងណាត់ខ្ញុំ ជួប ដើម្បីសួរបន្ថែម។ នាងសួរណែនាំ ខ្ញុំធ្វើការងារ បានប្រាក់ខែប៉ុន្មាន ? មានបងប្អូន ប៉ុន្មាននាក់ ? រៀបការបានប៉ុន្មាននាក់ ? នាងបញ្ជាក់ថា នាងចង់បាន លុយកាក់ និងមុខម៉ាត់ តែខ្ញុំ អត់ទាន់មាន ទាំងពីរហ្នឹង ហេតុអី នាងជ្រើសយកខ្ញុំ ? [ប្រហែលជា នាងគិតថា ខ្ញុំជាអ្នកមាន !? នាងអាចនឹងដូរចិត្តវិញ ពេលនាងដឹងថា ខ្ញុំគ្មានអ្វីដែលនាងចង់បាន ក៏ថាបាន ដូច្នេះ ខ្ញុំត្រូវត្រៀមចិត្តជាមុន] នាងតែង មានមោទនភាពថា នាងជា មនុស្សមានហេតុផល តែរឿងដែលនាង មកស្រឡាញ់ខ្ញុំបែរជា គ្មានហេតុផល… សង្ស័យតែ ជាតិមុន មានកម្មពៀរស្នេហា ជាមួយខ្ញុំហើយ។ មានមិត្តភក្តិម្នាក់ធ្លាប់ រុញស៊ីក្លូ បញ្ចូលឡានដែរ តែខ្ញុំចេះតែ យល់ថា ខ្លួនចាស់ហើយ មិនសមមក ស្រឡាញ់ក្មេងស្រី តូចចឹងទេ ដល់ចុងក្រោយ នាងបានក្លាយជា សង្សារផ្លូវការ ទី៧របស់ខ្ញុំ ដដែល។ យើងឈានដល់ ដំណាក់កាល ប្តូរកិច្ចព្រមព្រៀងស្នេហា នេះ ត្រឹមពេលវេលា ដ៏ខ្លីយ៉ាងនេះ អាចមកពី បេះដូងយើងរំភើបពេក ឬមកពី យើងពិតជាគូ ? សម្រាប់ខ្ញុំ យល់ថា មកពីបេះដូងរំភើបពេក ហើយចិត្តពេញដោយ មេត្រីពេក ទើបបង្កើតស្នេហានេះឡើង។ តាមពិត ខ្ញុំបានចាញ់បោកនាង [មិត្តម្នាក់ ដែលដឹងរឿង ប្រើពាក្យថា ចាញ់បោកក្មេង] ព្រោះ គ្រាមួយនោះ នាងបានសម្លុតខ្ញុំថា “តើស្រឡាញ់ញុំអត់!? ញុំសួរតែម្តងទេ ហើយក៏ជាលើក ចុងក្រោយដែរ។” បើមិនប្រាប់ ពេលនោះ នាងក៏លែងចង់ដឹងដែរ… នរណា ដឹងថា ខ្ញុំបែរជា ហ៊ានសារភាព ហើយពេលសារភាពរួច ក៏បានទទួល ចម្លើយស្នេហ៍ តបវិញភ្លាម។ ក្រោយសារភាពថា លង់ស្នេហ៍ ហើយផ្ញើសារផ្អែមល្ហែម សាសងអន្ទងចិត្ត គ្នា បានត្រឹមមួយសប្តាហ៍ ខ្ញុំបែរជា ហ៊ានផ្ញើសារផ្តាច់ស្នេហ៍ ទាំងរំលងរាត្រី [ម៉ោង ០១:១១ នាទី] គឺសុំនាងបែក ព្រោះ ខ្ញុំយល់ថា ខ្ញុំ បានធ្វើមិនគប្បី ចំពោះ ចំណងស្នេហ៍ថ្មីៗ ជាមួយ ស្រីដទៃ ទោះបី ខ្ញុំសម្រេចសុំ ពួកគេបែក ក៏ដោយ ក៏ខ្ញុំ មានអារម្មណ៍ថា ហ៊ាក់ខុសខ្លាំង ព្រោះ ជាមនុស្សក្បត់ស្នេហ៍។ ព្រោះតែ ចំណងស្នេហ៍នេះ ខ្ញុំក៏ទទួល អារម្មណ៍ថា មិនគប្បី នឹងមិត្តភក្តិម្នាក់ ដែលបានលង់បេះដូងស្រឡាញ់នាង ដូចប្រវត្តិស្នេហាសង្សារដំបូងខ្ញុំដែរ។ មិត្តម្នាក់នោះ គឺខ្ញុំធ្លាប់បាន ណែនាំ អោយគេបានស្គាល់ និងស្រឡាញ់នាង តែនរណាដឹងថា ចុងក្រោយពួកយើង បែរស្រឡាញ់គ្នា។ ខ្ញុំដឹងថា ការសម្រេចចិត្តបែកពីនាងនេះ គឺមិនយល់ ពីអារម្មណ៍នាង ហើយវា ពិតអយុត្តិធម៌ណាស់សម្រាប់ នាង។ នាងតែងថា នាងមិនមែនរបស់ មិនអាច បោះអោយនរណា ស្រេចចិត្តទេ… នាងស្រក់ទឹកភ្នែកទាំងព្រលឹម ពេលឃើញសារបញ្ចប់ស្នេហ៍ ហើយបានប្រាប់ថា ឈឺហួស ដោយមិន បានសួររកហេតុផលឡើយ។ ខ្ញុំក៏អួលដើមករ រលីងរលោង ទឹកភ្នែក ពេលឃើញសារនាងតបថា “បងហា ដឹងអត់ បងបានធ្វើអោយក្មេងកំហូច ស្រក់ទឹកភ្នែកទាំង ព្រលឹម?” ។ ១៧ម៉ោង ក្រោយការប្រកាសរំលាយ កិច្ចសន្យាស្នេហ៍ យើងបែរជាបាន ជួបគ្នាម្តងទៀតនា កន្លែងធ្លាប់ មក កំសាន្តជាមួយគ្នា ហើយក៏បានចាប់ផ្តើម សាងស្នេហ៍ជាថ្មី។ នេះមកពី យើងទាំងពីរ មិនទាន់រសាយណាយចិត្ត ហើយរួមទាំងនិស្ស័យ មិនទាន់រលត់ ពិសេស បេះដូងតែងរត់រកគ្នា ទើបខ្ញុំយល់ថា យើងគួរតែ សាកល្បងពុះពារ កាន់ដៃគ្នាបន្តទៀត។ ក្នុងពេល ១៧ ម៉ោងនោះ ខ្ញុំតែងលួចបន់ស្រន់ថា បើយើងមាននិស្ស័យ សូមអោយជួបគ្នាកន្លែងនោះម្តងទៀត ឯនាង បែរជា បន់ស្រន់ ប្តឹង ព្រះអង្គដងកី ថា បានប្រទានបុរសល្អម្នាក់ មកនាងហើយ ម្តេចក៏ ដកយកវិញ !? [នាងប្រាប់ចឹង]។ អភូតហេតុ កើតមានមែន ! ខ្ញុំកំពុងចាប់ផ្តើម… ខណៈខ្ញុំ ព្យាយាមជួសជុល របួសប្រេះស្រាំ ចាស់់លើបេះដូងនាង ហើយខំសន្សំ កសាងអនុស្សាវរីយ៍ ល្អ និង មិនសូវល្អ [គ្មានចេតនាទុច្ចរិត] ដែលអាចនឹងតាមមកពេលក្រោយ… អនាគតមិនទៀងទាត់… ថាមិនត្រូវ យើងស្រឡាញ់គ្នា ឆាប់ បែកគ្នាក៏ឆាប់។ ខ្ញុំតែងបារម្មណ៍ថា ពេលបេះដូងយើងណាយ លែងមាន ភាពរំភើប ស្នេហាយើងក៏អាចឈានដល់ទីបញ្ចប់ដែរ។ ស្នេហាបែប រំភើបពេក ចឹង មិនអាចយកមកធ្វើជា កម្មវត្ថុនៃ កិច្ចសន្យា អាពាហ៍ពិពាហ៍ បានឡើយ ព្រោះ ក្តីរំភើប អាចប្រើប្រួល ប្រសិនបើ ភាគី សង្ខាង ហ៊ានចុះកិច្ចសន្យា ភាគី ត្រូវប្រឈមនឹង ហានិភ័យខ្ពស់។ ខ្ញុំជឿជាក់ថា មានមនុស្សមួយចំនួន ដែលច្រណែនយើង ហើយបើកភ្នែករង់ចាំ ថ្ងៃយើងបែកគ្នា… តើ វាសនាស្នេហាយើង គួរ អាស្រ័យលើ ទេវតា ពេលវេលា ឬអំពើរបស់មនុស្ស !? ពេលវេលា ឬទេវតា កំណត់ សុទ្ធជា រឿងរាវ ថ្ងៃអនាគត តែចំពោះ ទង្វើ មនុស្សវិញ វាមាន ភាពជាក់លាក់ និងបច្ចុប្បន្នកាលជាង។ ខ្ញុំបានសន្យា នឹងខ្លួនឯងថា ត្រូវស្មោះត្រង់នឹងស្នេហា ហើយជម្រៈ បញ្ជី អោយដាច់ស្រេច ជាមួយនឹង នារីផ្សេងដែល កំពុងពិចារណា លើខ្ញុំ ឬ ស្នេហាមួយដែល ទំនងជា គ្មានលទ្ធផល ឬស្ថិតស្ថេរ ព្រោះ កន្លងមកក៏ ខ្ញុំតែងប្រកាន់គោលការណ៍ ខ្លួនមួយជិះទូកតែមួយទេ… ខ្ញុំយល់ពី អារម្មណ៍ដែលត្រូវ មនុស្សជាទីស្រឡាញ់ក្បត់ គឺឈឺ បែបណា… ចុះបើថ្ងៃក្រោយបែកគ្នាទៀត !? ហ៊ានដាក់ចិត្តស្រឡាញ់ ខ្ញុំក៏ហ៊ានដាក់ចិត្តឈឺចាប់…

ខ្ញុំស្វែងយល់ថា ការសន្ទនា អាចជា ដើមហេតុ នៃភាពពេញចិត្ត។ និយាយត្រូវចិត្តអ្នកស្តាប់ ទើបក្លាយជា មនុស្ស ពូកែ ទំនាក់ទំនង និងអាច ប្រកប វិជ្ជាជីវៈ ព្រានបាន។ ខ្ញុំហ៊ាន អះអាងថា ខ្ញុំ មិនមែន ជា បុរសពូកែ ទំនាក់ទំនង អីទេ បើសិននិយាយដល់ ការចូលចិត្តរាប់អាន មិត្តភក្តិ អាច ចាត់ទុកថា សកម្មខ្លះ ព្រោះ ត្រឹមមិត្តដើរលេង សិក្សា ធ្វើបុណ្យ… តែរឿងផឹកមួយ សុំទោស អត់ជំនាញហ្មង។

សុំរៀបរាប់ បែកប្រធានបទ តិច ដើម្បី អោយដឹងថា ខ្ញុំមិនអាច ធ្វើជា ព្រានបាន : ខ្ញុំចាំបានថា ក្នុងឆ្នាំ២០០០ ពេលទទួល សញ្ញាបត្រ ជា ពិធីករកម្មវិធី វិទ្យុ របស់ ស្ថានីយវិទ្យុ រាជធានី ភ្នំពេញ ខ្ញុំ ញាំ បៀរ អស់មួយកែវ សោះ ឡើងក្រហមមុខ ខ្មាស់គេ អស់មួយពិធី។ តែអាលូវ មិនសូវ ក្រហម ខ្លាំង ដូចមុនទេ បើហ៊ាន ដាក់ជ្រុល ដឹងតែ ចាក់បាញ់ឆេវហ្នង។ ខ្ញុំចេះតែ យល់ថា ការរៀនផឹក របស់ខ្ញុំ ដូច សូវចម្រើន កើនបញ្ញា អីសោះ ម៉្លោះ ហើយ ខ្ញុំ ឧស្សាហ៍ បដិសេធន៍ ឬគេចចេញ ពី កម្មវិធី ផឹកញឹកញាប់ណាស់។ សង្ស័យជាតិមុន ខ្ញុំធ្វើបុណ្យ ដោយការ សែនសុរា ដល់អ្នកតា និង ទេវតា ច្រើន ទើបជាតិនេះ ខ្ញុំមិនសូវខ្វះ មនុស្សរាប់រក និងបបួល អោយ ផឹកជាមួយ។ សុំទោសផង បើអ្នកលែងរាប់អាន ខ្ញុំ ព្រោះ ខ្ញុំមិនអាច ចូលរួមវង់ផឹក របស់ អ្នកបាន ព្រោះ ខ្ញុំពិតជា រៀនមិនចេះមែន អាមុខវិជ្ជាហ្នឹង។ អាចផឹកមួយដប ឬក្នុងពិធីមង្គល របស់មិត្តជិតស្និទ អីបាន តិចតួច [អាស្រ័យតាមអារម្មណ៍ តែជា ស្តង់ដា គឺត្រឹម មួយដប ឬមួយកំប៉ុងអាចចាប់ផ្តើម ស្រវឹងហើយ] តែ បើលេង ម៉ាស្រវឹង សុំចាញ់ចុះជាមុន។ មានបងប្អូន អ្នកជិតខាង និងមិត្តភក្តិ ជាច្រើន យល់ថា ខ្ញុំវាយឫ​ក មិនព្រមចូលវង់ផឹកជាមួយ ពួកគេ អ្នកខ្លះ អាន់ហ្វ្រែន ខ្ញុំចោល ទៀត ដោយសារ បបួលច្រើនដង តែមិនមកផឹកជាមួយ។ ពីមុន ក្នុងដំណាក់កាល ខូចចិត្ត ខ្ញុំខំរៀនផឹកដែរ តែបរាជ័យ រាល់លើក ព្រោះ ក្រោយមក ខ្ញុំស្វែងយល់ថា ទំហំនៃការខូចចិត្ត ស្រាលជាង សុរា។ ចុងក្រោយខ្ញុំ បែរយល់ថា មានមោទនភាព ក្នុងការបដិសេធន៍ មិត្តភាព ដែលយក សុរា ជាត្រីមុខ។ ទោះបីជា យ៉ាងណា ខ្ញុំ ទទួល ស្គាល់ថា ក្នុងសង្គម ការងារ និងការទំនាក់ទំនាក់ ត្រូវការ ជំនាញនេះ ដើម្បី ពង្រឹង ផងដែរចឹង ទើប ខំរៀនផឹក ហើយអាចផឹកច្រើនគួរសម ដោយពេលវេលា ខ្លះ។

ការរាប់អាន ជាមួយនឹង មនុស្សភេទផ្ទុយគ្នា របស់ ខ្ញុំ ភាគច្រើន ជួបនឹង វិបត្តិុបេះដូង។ ជួនកាល អាចបណ្តាល មកពីមនុស្សស្រី ដែលខ្ញុំ រាក់ទាក់ គាត់យល់ថា ខ្ញុំជាប្រុសល្អម្នាក់ ខ្ញុំជាបុរស គួរអោយស្រឡាញ់ម្នាក់ ទើបធ្វើអោយ ពួកគាត់ យល់ថា ទំនាក់ទំនង មិនគួរបន្តត្រឹម មិត្តភក្តិ។ ទាល់តែ សំំណើ ទទួល បានស្វីការ [មានអ្នកអោយ មានអ្នកទទួល] ទើបមាន កិច្ចសន្យាស្នេហ៍ បាន ហើយក្នុងនោះ ប្រសិន បើ លក្ខខណ្ឌ ណាមួយ ត្រូវបាន បដិសេធន៍ ដោយឈរលើគោលកាលការណ៍ ខុសឆន្ទៈ ពិតណាស់ មិនអាចកើតឡើងកិច្ចសន្យាស្នេហ៍។ ច្រើនដងហើយដែល ខ្ញុំពេញចិត្តគេ តែគេមិនពេញចិត្តខ្ញុំ ក៏មិនតិចដងដែរ ដែលគេពេញចិត្តខ្ញុំ តែខ្ញុំ មិនអាចទទួលគេបានវិញដូចគ្នា។ ថ្មី ៗ នេះ ខ្ញុំត្រូវបាន គេ [សង្សារក្មេង] ព្រមានថា កុំសូវរាយមន្តស្នេហ៍ពេក ! ចឹងហើយ ត្រូវ ប្រយ័ត្ន ប្រយែងជាងមុន បន្តិច រាល់ការសន្ទនា និងទំនាក់ទំនងជា មួយ ភេទផ្ទុយគ្នា។ បើភេទដូចគ្នា !? រាប់អានមិត្តភក្តិ គឺទទួលយកបាន បើជាស្នេហា … ប្រហែល មិនទាន់ អាចជួយបានទេ🙂

ជាធម្មជាតិរបស់ ខ្ញុំចូលចិត្ត និយាយស្តី ឥតសំចៃ ម៉ាត់ គិតយ៉ាងណា និយាយ ចឹង ហើយធ្លាប់ ធ្វើ អោយមនុស្សស្រី ខឹង [ស្អប់] ខ្ញុំរាប់ មិនអស់ទេ។ ខ្ញុំ រាប់អាន មនុស្សមិនប្រកាន់ [មានតែគេប្រកាន់វិញ] ទោះបី មាន ក្រ អាក្រក់ ល្អ ស សណ្តែកបាយ អីទេ។ ដោយសារ មានស្មារតី ជាអ្នកច្បាប់ ខ្ញុំចូលចិត្តជួយ អ្នកទន់ខ្សោយ។ ខ្ញុំរៀនបានថា មនុស្សស្រី ជាច្រើន មិនសូវចូលស្តាប់ ពាក្យ ពិតទេ [មានភាគតិចចូលចិត្តស្តាប់] ម៉្លោះហើយ ការនិយាយស្តី របស់ខ្ញុំ ពេល ខ្លះក៏ត្រូវ ផ្លាស់ប្តូរ តាមស្ថានការណ៍ ដែរ។ មិត្តភក្តិ មួយចំនួនច្រណែន ខ្ញុំ ដែល ពូកែនិយាយលេង … មិនអោយពូកែម៉េច បើរកទទួលទាន ដោយសារ សម្លេង [ធ្លាប់ធ្វើជា ពិធីករ កម្មវិធីវិទ្យុ អ្នកអានព័ត៌មាន វាគ្មិន អ្នកសម្របសម្រួល] ហ្នឹងហើយ កុំអី ដាច់បាយបាត់តាំងពីយូរ។ អាចនិយាយបានថា ខ្ញុំមានមូលដ្ឋានគ្រឹះល្អក្នុងការនិយាយ ព្រោះធ្លាប់បានទទួល ការបណ្តុះបណ្តាល ពីអ្នកជំនាញ ចរិតធម្មជាតិ គួបផ្សំនឹងចំណេះដឹងមូលដ្ឋាន [ព័ត៌មាន]។

សម្រាប់ពាក្យស្នេហា ខ្ញុំហ៊ាននិយាយថា ខ្ញុំកម្រនឹងស្នើចំពោះ នារីៗ ណាស់។ បើសិនជានារីម្នាក់ បានទទួល ពាក្យស្នេហា ចេញពីម៉ាត់ខ្ញុំ នារីម្នាក់នោះ ពិតជា មានសុវត្ថិភាពបេះដូង ព្រោះខ្ញុំមានគោលការណ៍ មិនត្រួតស៊ីបេះដូងទេ។ មុនពេល ប្រកាសថា ស្រឡាញ់នារីណាម្នាក់ជាផ្លូវការ ខ្ញុំត្រូវជម្រៈ បញ្ជី អោយជ្រៈស្រឡះជាមួយ នារី ដែលសន្យាថា មើលគ្នាលេងៗ ឬ តែមិនទាន់ក្លាយជា ផ្លូវការ។ និយាយ ដល់ត្រង់នេះ ប្រហែល មានអ្នកឆ្ញល់ថា បើស្មោះម្លឹង ម៉េចមិនទាន់រៀបការ !? តាមពិត ខ្ញុំគួរតែរៀបការ ជាមួយ សង្សារទីពីរ តាំងពីឆ្នាំ២០១០ ព្រោះយើង បានភ្ជាប់ពាក្យ នឹងគ្នារួចហើយ តែដោយសារ នាងបោះបង់ខ្ញុំមុន ទើបយើងមិនអាចរៀបការបាន។ ដើម ឆ្នាំ២០១២ ខ្ញុំក៏បាន ឈានជើង ជិតចូលដល់ រោងជ័យដែរ [កុំអី មានកូនពរបាត់] តែខ្ញុំបែរបដិសេធន៍ ក្រោមហេតុផល ដូចមុន… លះបង់មនុស្សដែលខ្លួនស្រឡាញ់ ព្រោះសង្ឃឹមថា នាងនឹងមាន សុភមង្គល ជាងនេះ។ ទោះបីជា នាងមានៈ មិនព្រមបែកគ្នា តែខ្ញុំត្រូវបង្ខំចិត្ត កាត់ចិត្ត ធ្វើចិត្តដាច់ និងធ្វើជា មនុស្សអាក្រក់ម្នាក់ ដើម្បីយើង សេចក្តីសុខ ទាំងអស់គ្នា។ ឋានៈយើងត្រឹមជា ពូ និងក្មួយ សាច់ញាតិគ្រប់គ្នា រួមទាំងឪពុកម្តាយ សង្ខាង ព្រមព្រៀង ផ្សំផ្គុំ យើង ទាំងពីរ ទាំងបង្ខំចិត្ត ទោះបី ក្នុងចិត្ត ជំទាស់យ៉ាងខ្លាំង ព្រោះនាង ប្រកាសថា ស្រឡាញ់ តែ ពូភក្រ្ត ។ មុនថ្ងៃភ្ជាប់ពាក្យ ឪពុកខ្ញុំ បាន ប្រកាសថា មិនដឹងឮ រឿងរៀបការ រវាងយើងទាំងពីរទេ គាត់ថា ពូ និងក្មួយ រៀបការ មិនបាន។ ដោយសារ បងប្អូន រួមទាំងម៉ាក់ អង្វរ ទើបគាត់ព្រម ចូលរួម ជា អធិបតី ក្នុងថ្ងៃ ពិធី ភ្ជាប់ពាក្យ។ ថ្ងៃនោះ ខ្ញុំ ហាក់ មិនស្រលៈ ក្នុងចិត្ត ដោយសារ ញាតិមិត្ត ដៀមដាម ផ្លែផ្កា ចំអក ពេបម៉ាត់.. សូម្បី តែម្តាយនាង ក៏ស្តីថា មីកូន មិនចង់ខ្ពស់ [ម្តាយនាងចង់អោយរៀបការជាមួយអនិកជន] វាចង់ធ្លាក់រណ្តេៅ… នេះជា ពរជ័យ ដែល អាណាព្យាបាល យើង ជូនពរ !???… ក្នុងចិត្តចង់តែស្រែកថា បើអ្នកទាំងអស់គ្នា យល់ថា យើងមិនគួររៀបការ ម៉េចក៏រៀបចំពិធីបែបនេះ !? តែហ៊ាក់ដូវត្រូវគេ បិទម៉ាត់ ទើបហាស្តីមិនចេញ។ ក្រុមគ្រួសារ ទាំងសង្ខាង សុទ្ធតែមិនពេញចិត្ត នឹង ទង្វើ របស់ខ្ញុំ ដែលច្រានចោល ពិធីភ្ជាប់ពាក្យពិសេសបងប្អូន សាច់ញាតិខាង ឪពុកភាគីខាងស្រី ទោះបីជា ម្តាយខាងស្រី មិនថាអី ហើយប្រាប់ថា ទុក្ខមុខរាប់អានគ្នាថ្ងៃក្រោយ… បែបនេះ ហើយ ដែលគេ និយាយថា ស្រឡាញ់ គ្នាមិនបាន… ទើបយល់ពីអារម្មណ៍បែបនេះ…

តាមពិត ខ្ញុំ មានការងារ និងឋានៈល្អក្នុងសង្គមស្រាប់ ខ្ញុំអាចនិយាយថា មិនសូវខ្វះមនុស្សស្រីចាប់អារម្មណ៍ខ្ញុំទេ។ មានអ្នកសារភាពផ្ទាល់ម៉ាត់មិនតិចទេ ដែលខ្ញុំ បដិសេធន៍ផ្តល់ស្វីការតប… ដូចគ្នាដែរ ជួនកាល ខ្ញុំស្នើ សំណើស្នេហ៍ ក៏ត្រូវបាន គេបដិសេធន៍វិញដូចគ្នា… មើលត្រូវភ្នែក តែមិនចូលដល់បេះដូង គឺ មិនអាចមានស្នេហាបានឡើយ… នារី ខ្លះហាក់ស្ទាក់ស្ទើរ ក្នុងការ ចាប់ផ្តើម មានស្នេហា ជាមួយខ្ញុំ ព្រោះគិតថា ខ្ញុំជា ព្រាន ឬមិនដាច់ចិត្តពី សង្សារចាស់ របស់នាង ឬមិនជ្រះស្រលៈ ក្នុងចិត្ត ត្បិតខ្លាច គេពេបជ្រាយ… ទើប យើងមិនអាច ក្លាយជា សង្សារ ផ្លូវការបាន។ ខ្ញុំចាំបានថា មាន មនុស្សស្រីដែលធ្លាប់បដិសេធន៍ខ្ញុំពីមុន ត្រឡប់មក ផ្តើមស្នេហ៍ ជាមួយខ្ញុំ ខ្លះដែរ… មានម្នាក់នោះ ជា មិត្តរួមថ្នាក់… ខ្ញុំតាមទាក់ទងរាប់ខែ ពេលទើបចាប់ ផ្តើម ទទួលស្នេហ៍របស់ខ្ញុំ មិនបាន មួយសប្តាហ៍ផង ស្រាប់តែ គេចមុខ មិនប្រាប់មួយម៉ាត់… ខ្ញុំដឹងថា នាងបានត្រឡប់ ត្រូវ គ្នា ជាមួយ សង្សារចាស់ វិញ ដោយសារ មិត្តជិតស្និទនាងលួចប្រាប់… ពេលនាង ខូចចិត្តបែរ មកយំសោក សុំត្រូវគ្នាជាមួយនឹងខ្ញុំវិញ ដោយនិយាយយ៉ាងងាយថា ពីមុន យើងមិនទាន់បានចាប់ផ្តើមផង [បើមិនទាន់បានចាប់ផ្តើមផង ម៉េចអនុញ្ញាតអោយខ្ញុំអោបថើប…]។ ខ្ញុំព្រមទទួលយកនាង ក្រោយពេលនាងណាត់ជួបខ្ញុំ ដើម្បីផ្អែកស្មាខ្ញុំយំ ដល់សើមជោគអាវខ្ញុំអស់។ ដោយសារខ្ញុំ គ្រាន់តែជា សាលាឆទាន មិនយូរប៉ុន្មាន ចិត្តនាងក៏ណាយ យើងក៏ចប់គ្នាទៀត។ ចប់គ្នាមិនបានមួយខែផង មិត្តខ្ញុំប្រាប់ថា ឃើញនាងបណ្តើរសង្សារ [មិនដឹងចាស់ ឬថ្មី] លេងទឹកដីអង្គរ តែពីរនាក់…។ នារីខ្លះសោកស្តាយ ដែលបានបដិសេធន៍ ខ្ញុំ ព្រោះ បុរស ដែលនាងជ្រើស បានប្រែប្រួលហួសស្មាន… នាងភ្លេចគិតថា ខ្ញុំក៏អាចប្រែប្រួលដែរ…

សារខ្លីពីខ្ញុំ : បើអ្នកមើលខ្ញុំដោយ បេះដូង នោះអ្នកនឹងយល់ថា មនុស្សប្រុសល្អ ដូចជា ខ្ញុំ ពិតជា មិន សក្តិសម នឹងឈ្មោះ ជា ព្រាននារី ទេ ។ ចំណុចអាក្រក់ បំផុតរបស់ខ្ញុំ គឺ តែងខ្វល់ពី អារម្មណ៍ របស់ អ្នកដទៃពេក ហើយ ខុសធ្ងន់បំផុតត្រង់ខ្ញុំ មិនចេះថែរក្សាស្នេហា និងមនុស្ស ដែលគួរអោយស្រឡាញ់ អោយបានស្ថិតស្ថេរ។

P.S សម្រាប់ខ្ញុំ សង្សារ ជានារីដែល មានស្នេហា/បេះដូង ផ្តល់ជូនគ្នា ទាំងសង្ខាង (មានអ្នកផ្តល់ និងអ្នកទទួល) មិនមែនត្រឹមតែម្ខាងឡើយ។