ការ​ឈឺ​ចាប់​ដ៏​តូច​មួយ

ខ្ញុំ​តែង​​តែ​​​ព្យាយាម​​​គេច​​​​​ពី​​បទ​​​​​​ពិ​សោធន៍​​បេះដូង​​​​ឈឺចាប់​​​ពីមុន និង​​កែ​តម្រង់​​ខ្លួន​ឯង​​ជា​បុរសថ្មី​ ប៉ុន្តែ​​ខ្ញុំ​នៅ​តែ​ជួប​រឿង​​បរាជ័យ​​ដដែលៗ។ ក្នុង​ចិត្ត​​ខ្ញុំ​បាន​ត្រឹម​គិត​រក​ចម្លើយ​ពី​​សំណួរ​​ដែល​​បាន​​ផ្តើម​ដោយ​ “​ហេតុ​អ្វី…?”

រូបភាព

ប្រវត្តិ​​ស្នេហា​តូច​មួយ

សម្លេង​នាឡិកា​​រោទិ៍​​បាន​បន្លើ​​ឡើង​ចេញ​​ពី​ទូ​រស័ព្ទដៃ​រ​បស់​ខ្ញុំ​​ជា​សញ្ញាណ​​បញ្ជាក់​ប្រាប់​ថា វេលា​កំណត់​​ម៉ោង​ប្រាំមួយ​ព្រឹក​បាន​មក​​ហើយ។ ខ្ញុំហាក់​ដូចជា​នៅតែ​មាន​អារម្មណ៍ថា ​អស់​កម្លាំង​ដោយ​សារ​​ដំណើរ​​ក៏​វែង​ឆ្ងាយ​កាល​ពីម្សិល​មិញ​ និង​​ភាព​​អត់​ងងុយ​​យប់​មិញ​ផង ទើប​ធ្វើ​​អោយ​​​ខ្ញុំ​​មិន​ព្រម​ងើប​ពី​ដំណេក ហើយ​​បន្ត​សម្ងំ​បិទភ្នែកក្រែង​យល់​សុបិន្តល្អ​​តទៅ​ទៀត។ ខ្ញុំ​ចាប់​ផ្តើម​​បន្ត​ការ​គេង​ទាំង​ញញឹម​​ក្នុង​ចិត្ត​។

​ភ្ញាក់​ឡើង​ម្តង​ទៀត​ទើប​ដឹង​ច្បាស់​ថា ម៉ោង​ជិត​ប្រាំ​បីព្រឹក​​ទៅ​ហើយ​ពេល​​ខ្ញុំ​ស្រវា​ចាប់​យក​ទូរស័ព្ទ​មក​មើល។ ស្នាម​ញញឹម​​បាន​​ផុស​ឡើង​​ពេញ​ផ្ទៃ​មុខ ​ពេល​​ខ្ញុំ​ក្រឡេក​ឃើញសា​រ​មួយ​ដែល​ជាសារ​​ទើប​ទទួល​បាន​ ហើយ​​មាន​​រំលេច​ឈ្មោះ​​មនុស្ស​ស្រីជាទី​ស្រឡាញ់​​ម្នាក់​ផ្ញើមក។ ក្រោយអាន​សារ​ចប់ ស្នាម​​ញញឹម​​បន្សល់​ពី​សុ​បិន្ត​​ក៏ប្រែ​ជា ស្រពោន​មួយ​រំពេច។ អត្ថន័យ​​ក្នុងសារ​​ដែល​​បាន​​សរ​សេរ​​ជា​ភាសា​​ខ្មែរ បាន​​បន្ថ​យ​​ក​ម្លាំង​​របស់​ខ្ញុំ​ ​រហូត​ស្ថិត​​ត្រឹម​​ភាព​​​ល្ហិត​ល្ហៃ ថប់​​គំនិត ពិបាក​ចិត្ត​ វិល​វល់ ដូច​ក្នុង​សុបិន្ត​ ពិបាក​​នឹង​រក​​ពាក្យពេ​ចន៍​​មក​​ពណ៌នា អោយ​​អ្នកដទៃ​​យល់ពី​​អារម្មណ៍​ពេលនោះ​​ក្រៅ​ពីខ្ញុំ​ឯង​ម្នាក់។ សារ​លើក​នេះ ហាក់​រំលឹក​​រឿងរាវ​​អតីត​កាល​​ដែល​ធ្លាប់​កើត​ឡើង​ច្រំដែលៗ មិន​តិច​ជាង​ប្រាំ​ពីរ​ដង​មក​ហើយ​ឡើយ។ ក្នុង​ខួរ​ក្បាលរ​បស់​ខ្ញុំ​​ពេល​នោះ ផុស​ចេញ​ត្រឹម​សំណួរ​ដែល​គ្មាន​ចម្លើយ រឹត​តែ​គិ​ត​រឹតតែ​ឆ្ងល់…

ខ្ញុំ​ចូលចិ​ត្ត​នារីម្នាក់ដែ​លទើ​ប​​បាន​​ស្គាល់គ្នា​តាម​រយៈមិត្ត​ភ័ក្តិម្នាក់​ទៀត។​ មិត្តភក្តិ​ខ្ញុំ​បាន​​ណែនាំ​​អោយ​ស្គាល់​នាង ក្រោម​ហេតុផល​ថា ខ្ញុំ​​មិនទាន់​មាន​សង្សារ ហើយ​នារីម្នាក់​នោះ ជា​មនុស្សល្អ មានបំណង​​នឹង​​ស្រលាញ់​មនុស្ស​ប្រុស​ណា​​ដែល​​សាមញ្ញ ដោយ​មិត្ត​ភក្តិ​ខ្ញុំ​​ប្រៀប​ធៀប​ថា ដូច​ចរិ​ត​​លក្ខណៈ​​ធម្មជាតិ​​របស់​​ខ្ញុំ។

ខ្ញុំ​​ទទួល​ស្គាល់ថា​ នាង​ពិតជា​មាន​អ្វីជាច្រើន​ដែល​គួរអោយ​ចាប់​អារម្មណ៍។ ចំណាប់​អារម្មណ៍​ដំបូង​​របស់​ខ្ញុំ​ចំពោះ​នា​ង អាច​និយាយ​បាន​ថា ពេញ​ចិត្ត​ និង​ចង់បា​នជា​​គូរ ស្ទើរ​តែ ៧០% ទៅ​ហើយ។ ថ្ងៃ​នោះ យើង​ញាំបាយ​ជុំ​គ្នា​យ៉ាង​រីក​រាយ នាង​អង្គុយ​ញាំ​បាយ​​ក្បែរ​ខ្ញុំ​។ ខ្ញុំ​​តែ​ង​លួច​មើល​មុខ​នាង តែ​នាង​មិន​បាន​ដឹង​ខ្លួន​ឡើយ។ យូរ​ម្តង​ទើប​យើង​ឆ្លើយឆ្លង​​សំដីគ្នា ជ្រែក​​កិច្ចពិភាក្សា​​ក្នុង​ចំណោម​​មិត្ត​ភក្តិ​ទាំង​៨នាក់ និង​បង​ស្រី​​របស់​​នាង ដែល​​ទទួល​ទាន​ជុំ​​យើង​ដែរ។ ជំនួប​​ដំបូង របស់​ខ្ញុំ​នឹង​បាន គឺ​បាន​ត្រឹម​ញញឹម និង​​បញ្ជាក់ពី​​វត្ត​មាន​របស់​ខ្ញុំ​ លើ​​ផែនដី​នេះ​ជាមួយ​នឹង នាង​ប៉ុណ្ណោះ។

ដោយ​សារ​​តែការ​ជម្រុញ និង​លើកទឹកចិត្ត​ពីមិត្តភក្តិរ​​បស់ខ្ញុំ ខ្ញុំ​​ហ៊ាន​ណាត់​ជួបនឹង​នាង​ដើម្បី​បញ្ជាក់​ពី​ទឹកចិត្ត។ ខ្ញុំមាន​អារម្មណ៍​ថា វា​ដូចជា លឿនពេក​ដែល​ ទើប​តែជួបគ្នា​ពីរដង ខ្ញុំ​ហ៊ាន​សារ​ភាព​ប្រាប់​ថា ពេញចិត្ត​​នាង បើនាង​មិនភ័យ​ទើ​ប​ចម្លែក។ នៅចាំ​បាន​ថា លើក​ទី១ ដែល​យើង​ជួប​មុខ​គ្នា​​តទល់​ បាន​​៣ម៉ោង នៅកន្លែង​ញ៉ាំអីបែប​យុវវ័យមួយ​ ឈ្មោះថា វីតឃីងហាវ នៅក្រោយ​ផ្សារ​ទួល​ទំពូង។ កាល​គ្រា​នោះ ខ្ញុំបាន​ត្រៀម​ចិត្តរួច​ហើយ​ដើម្បី​ទទួល​​ពាក្យ​ព្រមាន​ពីនាង ក្នុងការ​​តាមសុំ​​ស្នេហ៍​ដោយ​ត្រង់ៗ​បែប​នេះ​​របស់ខ្ញុំ។ ប្រសិន​បើ នា​​ង​​បដិសេធន៍ គ្រា​នោះ ខ្ញុំ​​នឹង​អាច​​ធ្វើចិត្ត​​បាន​យ៉ាង​ធម្មតា ហើយ​​បន្ត​រាប់អាន​ក្នុង​នាម​​មិត្តភក្តិ​ប៉ុណ្នោះ។ ខ្ញុំ​បាន​តាំង​ចិត្ត​​​លាត​ត្រដាង​​ពី​ទំហំ​នៃបេះ​ដូង​ដែល​នឹក និង​គិត​ដល់​នាង​អោយ​អស់​ សង្ឃឹម​ថា​​នាង​​បាន​​យល់​​ពីចិត្ត​ខ្ញុំ​។ ខ្ញុំ​ជា​អ្នក​ចាប់ផ្តើម​និយាយ​មុន រហូត​ដល់ ធ្លោល​ចេញ​សំណួរ​​បេះដូង «ខ្ញុំចូល​ចិត្ត​​យើង.. តើយើង​​មាន​អារម្មណ៍​ម៉េច​ចំពោះ​​ខ្ញុំ​?» នាង​តប​ថា «មាន​អារម្មណ៍ធ​ម្មតា»។ ពាក្យ​នេះ តែងតែ​ដិត​ក្នុងចិត្ត​​របស់ខ្ញុំមក​ទល់​ឥឡូវ។ ខ្ញុំ​នៅ​ចាំ​បាន​ទៀត​ថា ក្នុ​ងពេល​នោះ នាង​​បាន​រៀបរាប់​​​ត្រឹម​​រឿង​​រាវទាក់​ទ​​ង​​នឹង​​​​​បងស្រី​​​​របស់​​នា​ង​ ចំណែក​ខ្ញុំវិញ​​​ប្រាប់​នាង​​អស់​រលីង​​ពី ចំណង់​ចំណូល​ចិ​ត្ត ការ​កំសាន្ត ការ​សិក្សា ប្រវត្តិ​រូប គោល​ដៅ​នៅ​ថ្ងៃ​អនាគត និ​ង​ឧត្តមគតិ​ផ្ទាល់​ខ្លួន​។ ក្នុងថ្ងៃ​នោះ នាង​ស្លៀកពាក់​យ៉ាង​ស្អាត គួរ​អោយ​ទាក់​ទាញ ក្រោយ​មក​​ទើប​ខ្ញុំបាន​​ដឹងថា នាងមាន​​ណាត់​បន្ទាប់​ពីជួបខ្ញុំ ​ជាមួយ​នឹង​​មិត្ត​ភក្តិ​ផ្សេង​ទៀត​​ដែល​​ខ្ញុំ​ធ្លាប់​ស្គាល់​​មួយចំ​នួន​ដែរ​​។ ខ្ញុំក៏​បាន​​សុំ​នាង​​ទៅ​នាង​​ជាមួយ ព្រោះ​ពេល​នោះ​​ខ្ញុំ​ក៏​ទំនេរ​ដែរ ហើយ​នាង​ក៏យល់​ព្រម។ ខ្ញុំមាន​អារម្មណ៍​ថា ខ្ញុំដូច​ជា មិនសូវ​មានភាព​ទាក់​ទាញ​​​ចិត្តនាង​សោះ។ ក្នុងពេល​ជួបជុំ​មិត្តភក្តិ​ ខ្ញុំ​​រឹតតែ​មិនមាន​ឱកាស​ដើម្បី​អាច​សន្ទនា​ជាមួយ​នឹង​នា​ង​ទៀត។ ​ខ្ញុំ​បាន​​ស្វែងយល់​ពី គតិក្នុងចិត្ត​​របស់​នាង​តាមរយៈ​​ការរៀប​រាប់​​របស់​​នាង​ថា «នាង​ស្រលាញ់​មនុស្ស​ប្រុស​សា​មញ្ញម្នាក់ ដែល​ត្រូវ​ចិត្ត​​របស់​នាង ៨០% ទើប​​នាង​​អាច​​ទទួល​​បុរស​ម្នាក់​នោះ​ធ្វើ​​ជាប្តី»។

ដោយសា​រ​​ចង់​ជួបមុ​ខ​នាង ដើម្បី​ជជែក​គ្នាលេង និង​បង្កើន​ភាព​ស្និទស្នាល ខ្ញុំបាន​ណាត់​ជួប​នាង​ជា​លើក​ទី២។​ ទី​កន្លែង​ណាត់ជួប​ គឺ​នៅ​កន្លែង​ចាស់​ដដែល តែលើកនេះ​​ខ្ញុំ​​មា​ន​ពេល​ត្រឹម​មួយ​ម៉ោង​ ដើម្បី​ស្រាយ​​ចំណង​ចិត្ត​​របស់ខ្ញុំ​បន្តទៀត​។ ខ្ញុំ​គ្រាន់​តែ​ ចង់​​បន្តរឿង​ក្នុង​ចិត្តរបស់​​ខ្ញុំ​​ដែល​មិនទាន់​បា​ន​លាត​ត្រដាង​។ នៅ​ពេល​នោះ ខ្ញុំ​មាន​​របស់​​តិចតួច គ្រាន់​ជូន​នាង តែ​ខ្ញុំ​មិន​បាន​​ប្រាប់​នាង​ជា​មុន​ទេ ទាំង​ក្នុង​ចិត្ត​នឹក​ក្រែង​នាង​មិន​ពេញចិត្ត​ដែរ។ ​កាដូលើ​ក​នេះ ជាហេតុនាំ​អោយ​នាង​​ដាច់ចិត្ត​​សរសេរ​​សារ​​ក្នុង​ចិត្ត​ប្រាប់​ខ្ញុំ​ នា​​ម៉ោង​ ២.០៨ នាទី​​ទាប​ភ្លឺ។

អត្ថ​ន័យ​​ក្នុង​សារនោះ​​បាន​រៀប​រាប់​ថា “…ពួក​យើង​មិន​អាច​​​ស្រលាញ់​គ្នា​​បាន​​ទេ ពិត​ជា​សុំ​​ទោស​​​​​​​​ ព្រោះ​មិន​ចង់​​កុហក​អ្នក និង​ធ្វើឱ្យ​អ្នក​ឈឺចាប់ ទើប​មិន​​ពន្យា​ពេល​ប្រាប់​អ្នក សូមសំ​ណាង​ល្អ មិន​ខ្វះ​ទេ​ស្ត្រី​ដែល ល្អ​ជាង​​ខ្ញុំ​នោះ។​​​​​​​​”​​ ​

ខ្ញុំ​ពិតជា​ស្អប់​​​ពាក្យ​​ចុងក្រោយ របស់នាង ដែលនិយាយ​ថា «…មិនខ្វះ​ទេ​ស្ត្រី​ដែល ល្អជាង​​ខ្ញុំ​នោះ…» ព្រោះ​វា​បាន​​បង្ហាញ​ថា នាង​ពិត​មិន​ពេញចិត្ត​ខ្ញុំយ៉ាង​ច្បាស់​ នាង​ចង់​ទាត់ខ្ញុំចោល។ ខ្ញុំ​មិន​ចូល​ចិត្ត​អោយ​នាង​​ប្រៀបធៀប​​ជាមួយនឹង​​អ្នក​ផ្សេងទេ ព្រោះ​​បើសិនជា មាន​នារី​ផ្សេង​​ល្អ​ជាងនា​ង​ក៏​​​ខ្ញុំ​មិន​ដែល​​ធ្លាប់​ប្រៀបធៀប​នឹង​នារី​ណាផ្សេង​ទៀត​ទេ។ ទោះបីជា​មាន​នារី​ផ្សេង​ស្អាត និង​គួរ​អោយ​ស្រឡាញ់​ជាង​នាង ក៏ខ្ញុំ​​តែងតែ ទាញចិត្ត​​របស់​ខ្ញុំ​ មក​លើ​តែនាង​​ប៉ុណ្ណោះ។

យប់ឡើង​ ខ្ញុំបាន​​ខល​​ទៅនាង ដើម្បី​​សួរ​បញ្ជាក់​។ នាងបាន​ប្រាប់​ថា នាង​មាន​បំណង​​ជួបខ្ញុំ​ ល្ងាច​មិញ​​ គឺគ្រាន់​​ដើម្បី​បញ្ចប់ស្នេហ៍ តែ​កាដូ​​របស់ខ្ញុំ​ ធ្វើអោយ​នាង​​និយាយ​មិនរួច។ ខ្ញុំធ្លាប់​គិតថា បើ​ស្គាល់​គ្នា​​យូរជាង​នេះ​បន្តិច​ ខ្ញុំអាច​នាំគេទៅ​ជួបអ្ន​ក​ដែលខ្ញុំ​ស្គាល់ជិតដិត គ្រាន់​ជា​ការ​ផ្តល់​កិត្តិ​យស។ ខ្ញុំស្រឡាញ់​ពេញចិត្ត​​ចរិត​នាង នាងជា​មនុស្ស​​ម៉ឺងម៉ាត់ រឹងមាំ ដែលជា​ជំពូក​​មនុស្ស​ដែល​ខ្ញុំ​ត្រូវការ​ ព្រោះ​ខ្ញុំ​​ជា​មនុស្ស​ទន់ខ្សោយ​។

ពេល​​​​ជួប​​រឿង​នេះ ខ្ញុំ​បាក់​​​ទឹកចិត្ត​ ហត់ណាស់ អស់​ក​ម្លាំងណាស់ គ្មានអារម្មណ៍ រៀនសូត្រ គេចសាលា អស់ពីរថ្ងៃ​​។ ពេល​នឹក​ឃើញពី​ក្តី​ស្រឡាញ់​ដែល​​ខ្ញុំ​បាន​​ប្រគល់​​អោយ​នាង ហើយ​ត្រូវនាង​បដិសេធន៍ ខ្ញុំចេះ​​ស្រក់​ទឹកភ្នែក។​ ​ពេលព្រឹក​ឡើង ​ខ្ញុំ​បើក​ហ្វេសបុក ឃើ​ញ​​​រូបថត​​​របស់​នាង ញញឹម​យ៉ាងស្រស់​ ​តែស្រ​ប​​​​ពេល​​ឃើញ​សារ​​របស់​នាង ដែល​មាន​​ន័យ​​ដូចគ្នា នឹង​សារ​​ដែល​​​បាន​ផ្ញើមកតាម​ទូរសព័្ទ​ដៃ​ដែរ វាបាន​​ក្លាយជា ម្ជុល​ចាក់​បេះដូង​ខ្ញុំ​​ម្តង​ទៀត​​​ទៅវិញ។ ខ្ញុំ​បាន​ដាក់ចិត្ត​​យ៉ាងជ្រៅ​ទៅលើ​រូបនាង​​ទៅហើយ សម្រស់​របស់​នាង បានស្ថិត​ក្នុងចិត្ត​របស់ខ្ញុំ តែខ្ញុំ​ជឿជាក់​ថា ពេល​វេលា​​គង់​​អាច​ជួយខ្ញុំ​​អោយ​​​បំភ្លេចបាន។ ពេលខ្លះ​ខ្ញុំចេះ​តែ​បន្លប់​ខ្លួនឯង​ថា ខ្ញុំ​ពិតជាមិ​នអី​ទេ​ ព្រោះ​ខ្ញុំមិន​ទាន់​បាន​​ស្រលាញ់នាង​ជ្រៅ​ទេ តែ​យ៉ាង​ណាស់​ក៏ឈឺ​ណាស់​ទៅហើយ។ មែ​ន​ហើយ ខ្ញុំដឹង​ខ្លួនឯង​ច្បាស់ថា ខ្ញុំមិនមែន​ជា មនុស្សដែល​នាង​ពេញចិត្ត។ គិត​ឡើង​វិញ ស្នេហាតែម្ខាងលើកនេះ​ គឺខ្ញុំជា​អ្នកចាប់​ផ្តើមមុន ដោយចេញ​​ពីជំនួប​​ខ្សែភ្នែក​​​ និង​ការ​ចូល​ចិត្ត​នៃបេះ​ដូង។​​​​​​​​​​​​ តែ យើងធ្លាប់ បាន​​ព្រម​ព្រៀង​​​ចាប់ផ្តើ​ម​កសាង​​​ទំនាក់​ទំន​​ងរវាង​គ្នា​ក្នុង​ពេល​មួយ​ពព្រិ​ច​ភ្នែក តែ​ក្នុង​ពេល​ដ៏ខ្លី​ដូចគ្នា យើង​បាន​​បញ្ច​ប់​ស្នេហ៍​​ទៅវិញ​​យ៉ាង​ទាន់ហន់។

តាម​រយៈ​ប​ទ​​ពិសោធន៍ខូច​ចិត្តស្រឡាញ់​គេ​តែ​ម្ខាងរ​បស់ខ្ញុំ​​ ខ្ញុំយល់​ឃើញថា ក្មេង​ស្រី​​ភាគ​ច្រើនចូល​ចិត្ត​​តែ​​​បុរស​​​​ណា​​ដែលអាច​​ធ្វើឱ្យគេ​សប្បាយ​ចិត្ត​ ចេះ​និយាយ​លេងសើច… តែលក្ខណៈ​​បែបនេះ បែរ​ជា​មិនមាន​ក្នុង​ខ្លួនខ្ញុំ ទើបខ្ញុំ​​ត្រូវខូចចិត្ត​​រាល់លើក ព្រោះ​មិនអា​ច​​ផ្លាស់ប្តូរ​ខ្លួនឯង​បាន​​។ ខ្ញុំ​អាច​ដឹង​ខ្លួន​ឯង​ថា ​​នាង​​ក៏មិនសូវ​​​ចូល​​ចិត្តខ្ញុំ​ តែអារម្មណ៍​​របស់ខ្ញុំ​ចេះ​តែលួង​លោមខ្លួនឯង ថានៅ​មាន​សង្ឃឹម។ ខ្ញុំដឹង​ច្បាស់​ណាស់​ថា ការ​​ស្រលាញ់ ឬ​ការចូល​ចិត្តគ្នា​​ត្រូវការបេះដូង​​ពីរ​យល់ចិត្ត​​​​យល់​ថ្លើម​គ្នា។ ខ្ញុំ​ក៏ដឹង​​ដែរថា រឿង​​ស្នេហា​ មិន​​អា​ច​​បង្ខំ​ភាគីម្ខាង​​​ឱ្យ​ធ្វើតាម​បេះដូង​​របស់​ភាគី​ម្ខាង​ទៀត​ទេ។

ចុងក្រោយ​ខ្ញុំគិតយល់ថា ប្រសិនបើនាង​​មាន​​សេចក្តីសុខ ខ្ញុំក៏គួរ​​មាន​សេចក្តី​សុខដែរ។ ​ខ្ញុំនៅតែ​គិត​ថា នាង​​ច្បាស់​ជា​មាន​មូលហេតុ​គ្រប់គ្រាន់​​ដើម្បី​បដិសេធន៍ខ្ញុំ​។ នាង​​មិន​ពេញចិត្ត​នឹងខ្ញុំ​ អាចមក​ពី កត្តា​​គ្រួសារ កត្តា​សេដ្ឋកិច្ច ព្រោះខ្ញុំ ទើបតែ លាឈប់ ពីការងារ ជាពិសេស​បេះដូង​យើង​​មិន​ត្រូវគ្នា នាង​គ្មាន​អារម្មណ៍​​ជាមួយខ្ញុំ​ ឬ​ករណី​ផ្សេង ដែល​ខ្ញុំមិនបាន​ដឹង ឬគិត​មិន​ដល់…. យី ! ចិត្តខ្ញុំ​ពេល​នេះ ម៉េច​​ក៏​​​ចេះ​​តែ​​ស្មាន ខួរ​ក្បាល​ចេះ​តែ​គិត… ? ​​ទោះបីជា ឈឺចាប់​យ៉ាងណាក៏ដោយ ក៏ខ្ញុំអាច​​ទទួល​យកបាន​ ហើយ​​ប្រឹង​រស់​តទៅ​ទៀត។ ពេលគ្មាននាង យ៉ាងហោចណាស់ ខ្ញុំ​គង់​​មាន​ពេល​សម្រាប់​​ខ្លួន​​ឯង​​​​​ ច្រើនជាងនេះ ដើម្បី​​អាច​បំពេញ​​​ឧត្តមគតិ​របស់ខ្លួន​ ហើយសម្រេចបាន នូវ ជីវិត​ដ៏​​សុចរិត សម​រម្យ និង​ថ្លៃថ្នូរ​មួយ​។

ថ្ងៃទី​១២​ ខែមីនា ឆ្នាំ២០១៣ ម៉ោង ៨:៤០ យប់

បន្ទប់​ដ៏ស្ងប់ស្ងាត់​របស់ខ្ញុំ…

អ្នកនិពន្ធ

ក្មេងល្ងង់

P.S អត្ថបទនេះ មិនឆ្លុះបញ្ចាំង ពី ទស្សនៈ ឬសាច់រឿង របស់ ម្ចាស់ប្លុក ឡើយ។ ម្ចាស់ប្លុក គ្រាន់តែ បង្ហោះផ្សាយ ជូន ប្រិយមិត្ត ដែលមានបំណង ផ្សព្វផ្សាយ ស្នាដៃ ឬ និទានកថា ផ្ទាល់ខ្លួន ប៉ុណ្ណោះ។