កាល​ពី​ព្រឹក​ថ្ងៃសៅរ៍ ទី២ ខែ​មីនា ឆ្នាំ២០១៣ ​ក្រុម​ការងារ​​របស់​ខ្ញុំបាន​​​​គោរព​អញ្ជើញ​​​បង បេ ចិន្រ្តា ប្រធាន​គណៈ​កម្មការ​​គ្រប់គ្រង​​កម្មវិធី បារខេម ដើម្បី​ចូលរួម​​ក្នុងកម្មវិធី វិទ្យុមួយ​របស់​យើង​ មានឈ្មោះថា «ទៅ ឬមិនទៅ»។ គោលបំណង​​នៃការ​អញ្ជើញ​នេះ គឺដើម្បី​​​ផ្សព្វផ្សាយ​បន្ត​នូវ លទ្ធផលនៃ​ Angkor Bar Camp 2013 ដែល​បាន​រៀបចំឡើង​កាល​ពីថ្ងៃទី​២៣-២៤ ខែ​កុម្ភៈ ឆ្នាំ២០១៣ នា​ទឹកដីខេត្តសៀមរាប។ តាមពិតខ្ញុំ​ក៏មាន​​វ​ត្ត​មាន​ក្នុងកម្មវិធី​​ បារខេម​ ​អង្គរ​​ឆ្នាំ២០១៣​ ដែរ តែ​ដោយសារ ក្នុងកម្មវិធី​របស់យើង មាន​កញ្ញា លឹម អៀងងីម បានអញ្ជើញ​ចូលរួម ក្នុងនាមជា អ្នក​ចូល​រួម​ បារខេម​អង្គរ​ ២០១៣ ទើប​ខ្ញុំ​ត្រូវ​បំពេញ​តួនាទីត្រឹម ​​​អ្នកសម្របសម្រួល​។ ក្រោយ​បញ្ចប់កម្មវិធី ខ្ញុំ​បានដឹងតាមរយៈ អៀងងឺម ថា បង​ ចិន្ត្រា ​បាននិយាយ​ថា គាត់​ស្តាយដែល​​បាន​​​ដឹងយឺត​ពេល​ថា ខ្ញុំ​ក៏ជា​អ្នក​ចូលរួមម្នាក់ដែរ កុំអី​គាត់មិនអោយ​ខ្ញុំ​សួរ​តែគាត់ម្ខាងទេ គាត់នឹង​សួរ​ខ្ញុំវិញមិនខាន ពីចំណាប់អារម្មណ៍​របស់​អ្នកចូលរួម​កម្មវិធី។ សំណាងហើយ​ ដែលគាត់មិនដឹងមុន !😀

Angkor Bar Camp 2013 Talk

លោក បេ ចិន្រ្តា ប្រធាន​គណៈ​កម្មការ​​គ្រប់គ្រង​​កម្មវិធី បារខេម បាន​ចូលរួម​ក្នុង​កម្មវិធី​វិទ្យុ សម្លេង​សង្គម​ស៊ីវិល កាល​ពីថ្ងៃទី​២ ខែមីនា ឆ្នាំ២០១៣ (រូបភាព ស្រីពេជ្រ)

ឃោសនាកម្មវិធី ៖ សូម​បញ្ជាក់ថា កម្ម​វិធី «ទៅ ឬមិនទៅ» ជាយុវជន​ បង្កើតឡើងដើម្បី លើកទឹកចិត្ត និងជម្រុញ​យុវជន​ អោយចូលរួម​ក្នុងសកម្មភាព​សង្គម និងកិច្ចការនយោបាយ។ មានផ្សាយ​ផ្ទាល់​រាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧.៣០នាទី រហូតដល់ ម៉ោង ៨.៣០នាទី តាមរយៈ​វិទ្យុ សំបុក្រឃ្មុំ FM 105 MHz។ កម្មវិធីនេះ រៀបចំ ដោយ គណៈកម្មាធិការ ខុមហ្វ្រែល សហការណ៍ជាមួយនឹង គណៈកម្មាធិការ​​​យុវជន​​ដើម្បី​ឯងភាព និងអភិវឌ្ឍ (YCUD)

  • មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍ និងសន្តិភាព (PDP-Center)
  • សមាគម​យុវជនខ្មែរ (KYA)
  • ក្រុមប្រឹក្សា​យុវជនកម្ពុជា (YCC)
  • វិទ្យាស្ថាន​ខ្មែរដើម្បី​អភិវឌ្ឍជាតិ (KIND)
  • កម្មវិធីអភវិឌ្ឍ​ធនធានយុវជន (YRDP)
  • យុវសន្តិភាព (FYP)
  • អង្គការយុវជនខ្មែរដើម្បីអភិវឌ្ឍសង្គម (KYSD)

About Bar Camp

បើតាម លោក បេ ចិន្ត្រា ប្រធាន​​គណៈ​កម្មការ​គ្រប់គ្រង​កម្មវិធី បារខេម  បានអោយដឹងថា បារខេម ជា​កម្មវិធី ជួបជុំ គ្នា​ទាក់ទងនឹង បច្ចេកវិទ្យាថ្មីៗ។ សម្រាប់ បារខេម​ អង្គរ ២០១៣  រៀបចំឡើងក្នុងគោលបំណង​ប្រមូលផ្តុំ​អ្នក​មានបទពិសោធន៍​ការងារ ទាំងអ្នកជំនាញ​ក្នុងវិស័យបច្ចេកវិជ្ជាព័ត៌មានវិទ្យា និង​អ្នកដែលមានគំនិតថ្មីៗ អ្នកជំនាញខាង ទូរសព័្ទ វេបសាយផ្ទាល់ខ្លួន ម្ចាស់អាជីវកម្ម សហគ្រិន សិស្សនិស្សិត ដើម្បី​ចែករំលែក និងសិក្សាលើ​ របប​គំហើញ នូវបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មី ដែលមាននៅក្នុងសង្គម… ផ្តល់ឪកាសដល់ សិស្សនិស្សិត និយោជិក ម្ចាស់អាជីវកម្មវ័យក្មេង  ជួបជុំគ្នា ដើម្បី​ចែក​រំលែក​ និងបទពិសោធន៍ លើ​ទឹកដី អង្គរ… បង្កើតទំនាក់ទំនងជាមួយគ្នា ទៅវិញ​ទៅមក… ពង្រីក​សហគមន៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យានៅកម្ពុជា។

បារខេម មានគេហទំព័រផ្លូវការ barcampcambodia.org តាមរយៈគេហទំព័រនេះ យើងអាច​តាមដាន រាល់​សកម្មភាព បារខេម ដែលមាន​កន្ល​ង​រួច​មក​ហើយ ដូចជា នៅក្រុងភ្នំពេញ (ធ្វើបាន​ ៥លើក រួចហើយ) បារខេមខេត្តសៀមរាប (បាន ២លើក) និង បារខេម ដែល​​គ្រោង​នឹង​​រៀបចំ​​ក្នុង​ពេលឆាប់ៗ​ខាងមុខ មាន​ដូចជា ខេត្ត​បាត់ដំបង (http://bb.barcampcambodia.org/) បារខេម​ខេត្ត​កំពង់ចាម (http://kc.barcampcambodia.org/​​​)​ និងបារខេម​​ក្រុង​ព្រះសីហនុ។ ជារបាយការណ៍​​របស់ បារខេមកម្ពុជា បារខេម​ក្រុងភ្នំពេញ កាលពីឆ្នាំ២០១២ ដែលមាន​អ្នក​ចូលរួម​​​ច្រើន​ជាង គឺកើន​រហូតដល់ ១៥០០នាក់។ អ្នករៀបចំ​​បារខេម ទើប​មានលទ្ធភាព​រក​​អ្នកឧបត្ថម្ភ​ការធ្វើដំណើរ និងស្នាក់នៅ​សម្រាប់អ្នកចូលរួម​ ប្រមាណ​ ២០០នាក់​ក្នុងឆ្នាំនេះទេ។ ទិដ្ឋភាព​រួម ក្នុងបារខេម​ អ្នកចូលរួម​អាច​ទស្សនា ពិពណ៌​ផលិតផល/ក្រុមហ៊ុន ទាក់ទងនឹង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​​ចូលរួមស្តាប់​បទបង្ហាញ​ដែល​រៀបចំឡើងដោយ​ អ្នកជំនាញ​ ឬ​យុវវ័យ​មកពី ស្ថាប័នផ្សេងៗគ្នា។

មានអ្នកចូលរួម ជាច្រើន បាន​អញ្ជើញមកពីគ្រប់ទិសទី ទូទាំងប្រទេសកម្ពុជា និបរទេស សរុបប្រមាណ ៧០០នាក់ ហើយ​​ប្រធានបទ សម្រាប់ បារខេម​អង្គរ ​ឆ្នាំ២០១៣ រួមមាន ៥០ ប្រធានបទ (បាន​មកពី ៤៤នាក់ អ្នកចែករំលែក) ដូចជា តើមនុស្សធ្វើអីខ្លះ​នៅលើ​វេបសាយ ? ​​ប្រតិបត្តិការណ៍ប្រព័ន្ធ​អេនឌ្រយ ការសរសេរប្លុក ការសរសេរ​ប្រវត្តិរូបសង្ខេប ការថតរូប ការសរសេរអក្សរខ្មែរ​ របៀបបោះពុម្ពផ្សាយ​​​សៀវភៅតាមអិនធើណែត ការប្រើប្រាស់ ICT ដើម្បី​ការពារ​សិទ្ធិមនុស្សនៅកម្ពុជា សុវត្ថិភាព​លើ​​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម… អាច​ចូល​ទៅ ដោនឡូត យក​បទបង្ហាញ​បាន​តាមតំណរភ្ជាប់នេះ។ (http://angkor.barcampcambodia.org/presentation-for-download/)

តាមរយៈកម្មវិធីវិទ្យុរយៈពេល​មួយម៉ោង លោក បេ ចិន្ត្រា​ បាន​ប្រាប់ពី ភាពប្រឈម Angkor Bar Camp 2013 មួយចំនួនថា អ្នកចូលរួមថ្នាក់តំបន់ (អ្នក​សៀមរាប) រវល់កិច្ចការផ្ទះ នៅថ្ងៃអាទិត្យ ទើបធ្វើអោយ​អ្នកចូលរួម​ ដែល​កាលពីថ្ងៃទីមួយ មានជាង ៧០០នាក់ ធ្លាក់មកត្រឹម ២០០នាក់ នៅថ្ងៃទីពីរ។ បញ្ហា​ប្រឈមមួយទៀត គឺអ្នកចូលរួមមួយចំនួន​ដែលបានស្នើសុំ​ការឧបត្ថម្ភថ្លៃស្នាក់នៅ និងការធ្វើដំណើរ​ បានខកខាន​/បដិសេធន៍​ដោយសា​រ​មូល​ហេតុ​ផ្សេងៗនាំអោយបាត់ឪកាសម្រាប់អ្នកផ្សេង​ចូលរួម​ទទួល​ការឧបត្ថម្ភ ព្រោះ​មិនមានពេលគ្រប់គ្រាន់​ដើម្បីជូនដំណឹង។

លោក បេ ចិន្ត្រា បាន​អោយដឹងថា បារខេម ផ្តល់នូវ ភាពជឿជាក់ (Credit) មេរៀន និងបទពិសោធន៍ជាច្រើនមកដល់​អ្នករៀបចំ​កម្មវិធី​។ ​ជាក់ស្តែងដូចជា រូបលោកផ្ទាល់ មានគេស្គាល់ច្រើន ហើយអាច​ស្នើ​ ការឧបត្ថម្ភ​ក្នុងការ​ចូលរួម បារខេម​ អន្តរជាតិ ដោយ​ងាយស្រួល និងសង្ឃឹមជាក់ថា បានភ្លើង​បៃតង។ ទោះបីជា យ៉ាងនេះក្តី លោក ចិន្ត្រា ចង់ឃើញ​​បារខេម​បន្ត​ធ្វើ​សកម្មភាព​រាល់ឆ្នាំ ទោះបីជា មិនបាន​វត្តមាន​របស់លោក ដឹកនាំ​បារខេម ក៏ដោយ ហើយ​លោកចង់ឃើញ អ្នកស្មគ្រ​ចិត្តមូលដ្ឋាន​ សហការណ៍​រៀបចំ​ដោយខ្លួន​ឯង​រឹតតែប្រសើរ។ ថ្មីៗនេះ គណៈកម្មាធិការ បារខេម បានកំពុង​​ពិចារណា លើម្មវិធី បារខេម អោយកាន់តែ​ មានប្រសិទ្ធិភាព និងស្និទស្នាល ដោយ​បំណង​ បង្កើត​កម្មវិធីដំណើរ​កំសាន្ត បន្ថែមលើកម្មវិធីគោលសម្រាប់​ការរៀនសូត្រ… នាពេល​ខាងមុខ។

ស្តាប់កិច្ចពិភាក្សា​ ទាំងស្រុង​នៃកម្មវិធី ទៅ ឬមិនទៅ បានផ្សាយ​កាលពី ថ្ងៃទី​២ ខែមីនា ឆ្នាំ២០១៣

Next Step

  • កម្មវិធី បារខេម ខេត្តបាត់ដំបង Bar Camp Battambang, (សាកលវិទ្យាល័យ​បៀលប្រាយ- BBU) កាលបរិច្ឆេទ​ ថ្ងៃទី ២៤-២៤ ឧសភា ឆ្នាំ២០១៣ (ព័ត៌មានលម្អិត ៖ Bb.barcampcambodia.org)
  • កម្មវិធី បារខេម រាជធានីភ្នំពេញ (ទីកន្លែងមិនទាន់កំណត់) កាលបរិច្ឆេទ ថ្ងៃទី១៩-20-តុលា ២០១៣