កាលពីព្រឹកថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ខ្ញុំ និងមិត្តភក្តិម្នាក់ទៀត ឈ្មោះ ស៊ឹម សេងហុក អតីតនិស្សិតច្បាប់ បាន​ស្មគ្រ​ចិ​ត្ត​ចូលរួម​​ចែក​រំលែក​បទពិសោធន៍​ជីវិត​​ ក្នុង​កម្ម​វិធីយុវជ​នមួយ​ របស់ អង្គការ​អប់រំកម្ពុជា-អន្តរជាតិ ដែល​មានទីតាំងក្នុង ភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ មិត្ត​របស់​ខ្ញុំ​លើក​យក​ប្រធានបទ​ ទាក់ទងនឹង​ «ការ​ត្រៀម​​ចូល​ថ្នាក់​​​ឧត្តមសិក្សា» ចំណែក​ខ្ញុំ​លើកយក ប្រធានបទ «​អ្នក​​រាយ​ការណ៍​​​ព័ត៌មាន»។ ​

Sim Senghok-Feb-2013

ស៊ឹម សេងហុក អតីតនិស្សិតច្បាប់ ថ្លែងពី​បទពិសោធន៍​​ក្នុង​ការជ្រើសរើស​​មហាវិទ្យាល័យ

ស៊ឹម សេងហុក លើកយក​ប្រធានបទ​ ពីរ មកធ្វើ​បទ​​​បង្ហាញ តែ​ដោយសារពេលវេលា​មានកំណត់ ទើប​នៅ​សល់ប្រធានបទ «ប្រជាធិបតេយ្យ» មួយ​ ទៀត​​​មិនទាន់បាន​បង្ហើយ ទើបធ្វើ​អោយ​​អ្នកចូលរួម​ ប្រមាណ ៨៥ នាក់ រួមទាំង​ព្រះសង្ឃ​ បាន​ទទូច​ចង់ដឹង ហើយ​យើងបាន​សន្យា​ថា នឹង​លើក​យក​មក​បង្ហាញ​ពេលក្រោយ។ ក្នុង​បទ​បង្ហាញ​របស់​ សេងហុក មាន​​អ្នក​​ចូលរួម​​សាកសួរ​​សំណួរ​​ជាច្រើន ដូចជា តើ​ខ្ញុំ​​គួរតែ​​រៀន​​មុខ​វិជ្ជា​អ្វី​ បើ​ខ្ញុំ​​ចង់​​​រៀន​​នៅ​​មហាវិទ្យាល័យ #### ? បើខ្ញុំ​ពូកែ​មុខវិជ្ជា #### តើ​ខ្ញុំ​គួរតែ​រៀន​​មហាវិទ្យាល័យ​ណាមួយ ? ដំបូង មិត្តភក្តិ​ខ្ញុំ គ្រោង​ចំណាយ​ពេល​ត្រឹម​ មួយ​ម៉ោង កន្លះ​សម្រាប់ ​បទបង្ហាញ​របស់​គាត់ តែដោយសារ​ជក់មាត់ ធាក់ម៉ោងខ្ញុំ​អស់ជិត ៤៥នាទី។

IMG_5622

ស្រី សុភក្រ័្ត​ ធ្វើ​បទបង្ហាញ​ពី អ្នករាយការណ៍​ព័ត៌មាន នៅ​ស្រុក​មុខកំពូល កាលពីថ្ងៃ​ទី ១៧ កុម្ភៈ ២០១៣

ខ្ញុំមានពេល​ត្រឹម ៣៥នាទី សម្រាប់​បទ​បង្ហាញ «​អ្នក​​រាយ​ការណ៍​​​ព័ត៌មាន» ទើប​ខ្ញុំ​សម្រចចិត្ត​ លើកទឹកចិត្ត​អោយ​អ្នក​ចូល​រួម​ ជ្រើសរើស​មុខវិជ្ជា សារព័ត៌មាន​ នៅថ្នាក់​មហា​វិទ្យាល័យ​ ច្រើនជាង​ បង្រៀន​ពី​របៀបសរសេរព័ត៌មាន ឬរាយការណ៍​ព័ត៌មាន ម៉្យាង​មាន​ឯកសារ​ចែកជូន​ស្រាប់ផង។ ខ្ញុំ​ផ្តល់ពេល​ប្រមាណ​ ៥នាទី សម្រាប់​អ្នកចូលរួម​ សាកល្បង​រាយការណ៍​ព័ត៌មាន ហើយ​ចែក​កាសែត ដល់អ្នកចូលរួម​អាន ប្រមាណ ៥នាទី ដើម្បី​ស្រង់យក​ចំណុចចាប់អារម្មណ៍ ពី​កាសែត។ អ្នកចូលរួម​​ហាក់​នៅ អៀនក្បាលមេក្រូ​តិច…  ទើប​ខ្ញុំ​និយាយ​​​ម្នាក់ឯង​​រហូត ឡើង​ដាច់​​ចង្ហាន់​​ព្រះសង្ឃ​ បួន​ព្រះអង្គ​​ដែល​​ចូលរួម​​ស្តាប់… មិនមែន​​ខ្ញុំ​​និយាយ​ពិរោះ ទេ តែ​​មក​ពី ព្រះសង្ឃ​​មិន​ហ៊ាន​ចេញ​មុន។ ដល់ពេល​បាយ​ថ្ងៃត្រង់​ផង​ ខ្ញុំ​ទទួលបាន​ត្រឹម​​មួយសំណួរ ទាក់ទងនឹង​ក្រមសីលធម៌​ របស់​អ្នកសារព័ត៌មាន។ ​ខ្ញុំ​បាន​ទទួល​វាចារត្រឡប់​ពី អ្នក​ចូលរួម ដែលសុទ្ធតែ​ជាយុវជន ថ្នាក់​វិទ្យាល័យ​ អំពី បទបង្ហាញរបស់ខ្ញុំ ដែល​ជា​កម្លាំង​លើកទឹកចិត្ត​មួយ​ដែរ …

ក្រោយ​ពី​​បាន​សិក្សា​​អំពី​​ប្រធានបទ «​អ្នក​​រាយ​ការណ៍​​​ព័ត៌មាន» រួចមក​ នាង​ខ្ញុំ​​យល់​ថា ប្រធានបទ​​​នេះ​​គួរ​អោយ​​ចាប់​អាមុ្មរណ៍​ និងមាន​អត្ថ​ប្រយោជន៍​​ច្រើន​​ដល់​យុវជន​ ពីព្រោះ​​វា​មាន​សារ​សំខាន់​ និងអាច​​បណ្តុះ​​គំនិត​​ ឬជំរុញ​អោ​យ​​យុវជន​​បាន​យល់​ពី  អ្នករាយ​កា​រណ៍​​ព័ត៌មាន​ ហើយ​ធ្វើអោយ​​យុវជន​​ចង់​​ក្លាយ​ទៅ​ជា​​អ្នករាយ​ការណ៍​ព័ត៌មាន​ មាន​ភាព​​ក្លាហាន​ ចង់ដឹង​​ចង់ឭ ចង់ស្រាវជ្រាវ​​អ្វី​ប្លែក​ៗ​ដែល​​ទាក់ទង​ក្នុង​សង្គម​​ជា​ធនធាន មនុស្សពិសេស​​ក្នុង​ការ​បម្រើ​​ប្រទេស​ជាតិ។

សៀង ស្រីណុច (ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៣)

 

មានអ្នក​ប្រតិកម្មត្រឡប់ថា ​ស្តាប់​ខ្ញុំ​និយាយឡើង​វិលមុខ អត់យល់អីសោះ​ដែរ តែ​គ្រប់គ្នា​សើច​ឡើងកក្អិក​​ ពេលស្តាប់​​ខ្ញុំ​និយាយ​រៀបរាប់​ និង​បំផុស​គំនិត​អោយ​យុវជន​ស្រឡាញ់​វិជ្ជាជីវៈ​ជាអ្នក​រាយការណ៍​ព័ត៌មាន… ខ្ញុំ​ពូកែនិយាយ​កំប្លែង !😀

IMG_5645

យុវជន​ដែល​ចូលរួមស្តាប់​បទបង្ហាញ​របស់យើង កាលពីថ្ងៃទី​១៧ កុម្ភៈ ២០១៣ ថតរូបទុកជា អនុស្សាវរីយ៍

 

ខ្ញុំ​សង្កេតឃើញថា យុវជន​ក្នុង​ស្រុកមុខកំពូល ចូលចិត្ត​សិក្សាណាស់ ហើយ​ពួកគេ​ចូលចិត្ត​បទបង្ហាញ​​ដែល​ទាក់​ទង​នឹង​សង្គម​បែបនេះ​ច្រើនទៀត​។ តើ​អ្នក​ចង់​ចែក​រំលែក​ចំណេះដឹងខ្លះ​ជាមួយនឹង ក្មេង​ៗយុវជន​ ជំនាន់ក្រោយទេ ? អាច​ទំនាក់ទំនង លោក ប្រាក់ សុទ្ធធី នាយកប្រតិបត្តិ​ អង្គការ​អប់រំកម្ពុជា អន្តរ​ជាតិ (តាម​អាស័យ​ដ្ឋាន​ខាង​ក្រោម)

IMG_5657

អង្គការ​អប់រំ​កម្ពុជា-អន្តរជាតិ (អ.អ.ក.អ)

អាសយដ្ឋាន៖  ភូមិពាម ឃុំរកាកោង១

ស្រុកមុខកំពូល ខេត្តកណ្ដាល, កម្ពុជា

TEL:   (855) 24 6 378 232 / 016 378 232

 017 232 260 / 097 4545 148

Email: prak_sotthy@yahoo.com

Blog : cioekhmer.wordpress.com

Website: http://www.cioe-khmer.org (coming soon)