តាំងពីព្រឹក​ព្រលឹមម៉្លេះ ខ្ញុំបើកមើល ហ្វែសប៊ុក ឃើញមិត្តភក្តិ ជាច្រើន លើបណ្តាញ​សង្គម​មួយ​នេះ បង្ហោះ រូបភាព​បេះដូង ពាក្យពេចន៍ ជូនពរ “សូមរីករាយ ទិវានៃ​សេចក្តី​ស្រឡាញ់” សារអប់រំ​ណែនាំ “១៤ កុម្ភៈ មិនមែន​ជាថ្ងៃ​ប្រគល់​ព្រហ្មចារីយ៍” យុទ្ធនាការ​សង្គមកិច្ច ជាច្រើន “បរិច្ចាក​ឈាម ដើម្បី​មនុស្ស​ដែល​អ្នក​ស្រឡាញ់” ក្នុង​អត្ថន័យ សុទ្ធតែ ទាក់ទង​នឹង ទិវានៃ​សេចក្តី​ស្រឡាញ់។

នៅ​ការិយាល័យ ក្មេងស្រីៗ ដែលមកស្មគ្រ​ការងារ ពីរនាក់ ធ្លាប់ជា​មនុស្ស ពូកែអៀន បែរ ហ៊ាន លាបម្សៅ​ ថែមក្រែម ក្រហមជាប់​បបូរមាត់ ទាំងព្រឹក ទំនង បង្ហាញ​អំណរ នឹងថ្ងៃ ១៤ កុម្ភៈ ហើយបញ្ជាក់​ថា មានកម្មវិធី​ពិសេស។ ក្មេងស្រីៗ​ពេញវ័យ ដទៃ ទៀត ទឹកមុខ​ស្រស់ស្រាយ ធ្វើការ​បណ្តើរ និយាយ ទូរស័ព្ទបណ្តើរ… ។ អ្នករួម​ការងារ ខ្ញុំ មានម្នាក់​ដែរ យំចំថ្ងៃនេះ តែយំសល់ ពីថ្ងៃមុនខ្លះផង​ដោយសារ ស្នេហា។ ផ្នែកព័ត៌មាន របស់ខ្ញុំ ក៏ មិនសូវជា ស្ងាត់​ប៉ុន្មានដែរ តែមិន​សូវ ជា សម្តែង ភាព​រំភើប នឹងទិវានេះ ខ្លាំង​ណាស់ទេ។ ម៉ោង មិនទាន់ ៥ល្ងាច ផង ក្មេងៗ​ដែល​ទំនងជា មានណាត់​ជួបជាមួយ​ដៃគូ ឫ​មាន កម្មវិធី នាំគ្នា​ចេញពី ការិយាល័យ ឡើងស្ងាត់ជ្រាប សល់តែ​ផ្នែក​ព័ត៌មាន។ អ្នកខ្លះដាក់ សំលៀក​បំពាក់ មកប្រែ​កាយ ហើយ ទើបចាកចេញ។

តាមផ្លូវចេញ​ពីធ្វើការ ស្ទុះដូច សព្វមួយដង… ថ្ងៃនេះ តាមដ​ង​ផ្លូវ មានរូបបេះដូង រូបតុក្កតា មានតូបលក់ ផ្កាកូលាប តាំង​ព្រោងព្រាត… អ្នកលក់​មួយចំនួន រអ៊ូ ហើយមុខ មិនសូវរីក ទំនង លក់ មិនសូវដាច់… ចេញពីធ្វើការ ខ្ញុំបានទៅ​ ម៉ាស្សា ដើម្បី សម្រាលចង្កេះ នៅ​ហាង ម៉ាស្សា​ដៃទេព ដែល​ច្របាច់សសៃ ដោយជន​ពិការ ហើយ​ចេញ​ទៅ​ ញាំ មាន់បំពង មុនពេលចូល​ផ្ទះ។

20130215-065111.jpg

ក្នុងឱកាសឆ្លង ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០១៣នេះ អាចជាឆ្នាំដែល ស្ងប់ស្ងាត់​ជាងគេរបស់ខ្ញុំ។ ស្ងប់ស្ងាត់ព្រោះ ចិត្តរបស់ខ្ញុំ មិនបាន រំភើប ជ្រួលជ្រើម តាមបរិយាកាសជុំវិញ ឫ​ អាចមកពី ខ្ញុំចាស់ហើយក៏ថាបាន។ ឆ្នាំនេះ ខ្ញុំគ្មានចិត្ត ទិញកាដូ ជូននារីពិសេស​ណាម្នាក់ឡើយ [ប្រហែលជា ចិត្តរបស់ ខ្ញុំនៅ​តែនឹកអ្នកចាស់] តែក៏មិនបាន ទទួលកាដូ ពីនារីពិសេស​ណាម្នាក់ដូចគ្នា។

ខ្ញុំចាំបានថា មានមិត្តម្នាក់ ប្រកាសក្នុងហ្វែសប៊ុកថា ថ្ងៃនេះអ្នកមាន​គូអបអរសាទរ បើអ្នកនៅ​លីវ ចាំអបអរសារទរស្អែក… ខ្ញុំក៏នៅ​ លីវដែរ🙂

ទោះជាយ៉ាងណា ឆ្នាំនេះ ខ្ញុំបានទទួល បន្តោងសោរ ​អណ្តើកមាស មួយ ពីមិត្តរួមការងារ មានអ្នកស្មគ្រ កំដរញាំបាយ ថ្ងៃត្រង់ និងមានអ្នក​បបួលទៅ ម៉ាស្សា ហើយប៉ាវញាំអាហារ​ពេលល្ងាចយ៉ាងឆ្អែត។ អរគុណ សម្រាប់ កាដូ ដ៏តូចមួយ តែមានន័យ ដល់ក្តី ស្រឡាញ់ ក្តីបារម្មណ៍ ការរាប់អាន និងការយកចិត្តទុកដាក់… អរគុណ សម្រាប់ អាហារពេល​ល្ងាចយ៉ាងឆ្អែត មួយពេលនេះ…

20130215-065233.jpg