This is one of my previous articles relating to land price before elections since I was a Radio Free Asia Correspondent based in Prey Veng province in June – August 2008. I am not sure this trend leads to my Master Course of Land Law in 2010 – 2012 ???

(Photo by LEANG Rithy) The Defend of Thesis at RULE, 27 Oct 2012

(Photo by LEANG Rithy) The Defend of Thesis at RULE, 27 Oct 2012

អ្នក​​ជំនាញ​​សេដ្ឋកិច្ច​​វិភាគ​​អំពី​​ស្ថានភាព​​តម្លៃ​ដីធ្លី​​នៅ​​កម្ពុជា

ដោយ ស្រី សុភ័ក្រ្ត
Radio Free Asia ; 2008-05-30

អ្នក​វិភាគ​​ខាង​​សេដ្ឋកិច្ច​ ​និង​​អ្នក​​ជំនួញ​​ដីធ្លី មាន​ការ​​យល់ឃើញ​​ស្រប​គ្នា​​ថា ការ​​បោះឆ្នោត​​សកល​នា​​ឆ្នាំ​នេះ [២០០៨] អាច​​មាន​​​ឥទ្ធិពល​ទៅ​​លើ​​មុខ​​ជំនួញ​​​ដីធ្លី​​នៅ​​​កម្ពុជា ប៉ុន្តែ​​​ទោះជា​​​យ៉ាងណា​​ក្តី ដី​​នៅ​តែ​​អាច​​ឡើង​​ថ្លៃ​​ជា​​បន្ត​ទៀត នៅ​ក្រោយ​​ពេល​​បោះឆ្នោត​​រួច ។

បើ​រំឮក​​ពី​​ប្រវត្តិ​​ជំនួញ​​ដី​​នៅ​​កម្ពុជា​​កាលពី​​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ក្រោយ​ពេល​រំដោះ​​ចេញពី​ ​របប​​កម្ពុជា​​ប្រជាធិបតេយ្យ មុខរប​រ​​នេះ​​មិន​សូវ​ជា​​បាន​​​កាក់កប​​​ប៉ុន្មាន​ទេ ។ ពេល​នោះ​​​ប្រជាពលរដ្ឋ​​ខ្លះ​​​មិន​បាន​​​ស្រវ៉ា​​ និង​​ប្រាថ្នា​​ចង់​បាន​​ដី​​មក​​ធ្វើ​ ជា​កម្មសិទ្ធិ​​​ផង ទោះបីជា​​រដ្ឋាភិបាល​មាន​គោល​នយោបាយ​​វាស់​ដី​ចែក​​ជូន​​ប្រជាពលរដ្ឋ​​តាម​ចំនួន​ សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​​ដោយ​​មិន​យក​​ប្រាក់​​ក៏ដោយ ។

Svay Chrum 2012

ពលរដ្ឋក្នុង​ស្រុក​ស្វាយជ្រុំ ខេត្តកណ្តាល (រូបភាព២០១២ ៖ ស្រី សុភ័ក្រ្ត)

អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​​ធ្វើការ​​កត់​សម្គាល់​ថា នៅ​ពាក់កណ្តាល​​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក្រោយ​ការ​​បោះឆ្នោត​​បង្កើត​​រដ្ឋាភិបាល​​ថ្មី កំណត់​ត្រា​​ឯកត្តកម្ម​​ថ្មីៗ​​នៃ​​តម្លៃ​ដី​​ចាប់ផ្តើម​​មាន​​ហាង​ឆេង និង​​កើន​ឡើង​​ស្រឺតៗ ដោយសារ​​មាន​​អ្នក​វិនិយោគ​​ផ្នែក​​រោងចក្រ​​កាត់ដេរ​​មក​​បន្តុប​ទីតាំង​​នៅ​​កម្ពុជា និង​​អ្នក​​វិនិយោគទុន​ដទៃ​ទៀត​​ដែល​​ត្រូវការ​​ដី​យ៉ាង​ច្រើន​​សម្បើម​​ដើម្បី​​រក្សា ​លំនឹង​​ផលិតកម្ម​​របស់​​ពួកគេ ។

ចរន្ត​នៃ​​សាកល​ភាវូនីយក​ម្ម​​វិសាល​ភាព​​នៃ​ដី​​ទំនេរ​ ​និង​កំណើន​​នៃ​ ប្រជាពល​ដ្ឋ​បាន​​ពន្លឿន​​តម្លៃ​ដី​​នៅ​​កម្ពុ​ជា​​ឲ្យ​​កើន​ឡើង​​រហូតដល់​អ្នក​ជំនាញ​ ខាង​​សេដ្ឋកិច្ច​​លាន់មាត់​​ថា ឡើង​​ខ្ពស់​​រហ័ស​​ពេក​ហួស​​ពី​ការ​​គិត​​ទុក​​ទៅទៀត ។

សង្រ្គាម​ដណ្តើម​​ដី​​ចាប់ផ្តើម​​កើតឡើង​​ឥត​​ដាច់​​ព្រោះតែ​​សេណារីយ៉ូ​នៃ​ តម្លៃ​ដី​​ឡើង​​ថ្លៃ​ខ្ពស់ ។ អ្នក​វិភាគ​​ខាង​​សេដ្ឋកិច្ច និង​​អ្នក​មាន​បទ​ពិសោធន៍​​ផ្នែក​​ជំនួញ​​ដីធ្លី​​មាន​​ការ​​ឯកភាព​គ្នា​ថា ស្ថានភាព​​នយោបាយ​​នៅ​​កម្ពុជា​​អាច​​មាន​​ឥទ្ធិពល​​ដល់​​ជំនួញ​ដី ។ អ្នកវិភាគ​​អះអាង​​ថា ទស្សនៈ​​ទាំង​នេះ​​មាន​ហេតុផល​ និង​​ផ្អែក​លើ​ការ​​ពិត​​ជាក់​ស្តែង ។

លោក ស៊្រុន សភា អាយុ​​៤០​ឆ្នាំ មាន​មុខរបរ​​ជា​​អាជីវករ​​លក់​​ដី​ពុះ​ឡូត៍​ និង​មាន​​ដី​លក់​​ជា​ច្រើន​​ហិកតា នៅ​តំបន់​​បែកចាន​ ​ជាយ​ក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​​ថា ដី​ឡើង​ថ្លៃ​ពី ១០% ទៅ ២០% បើ​ប្រៀបធៀប​​នឹង​​ឆ្នាំ​មុន ។ បច្ចុប្បន្ន​នេះ​​លោក ស៊្រុន សភា លក់​ដី​មួយ​​ម៉ែត្រ​ការ៉េ ៥០​ដុល្លារ ដែល​លោក​​បញ្ជាក់​ថា បាន​ចំណេញ​​បន្តិចបន្តួច​​លើ​តម្លៃ​​ដើម ហើយ​លោក​ក៏​​បាន​រំពឹង​ទុក​ផងដែរ​​ថា ក្រោយពេល​​បោះឆ្នោត​ដី​អាច​​នឹង​​ឡើង​ថ្លៃ​​ជាង​នេះ​ទៀត ។

លោក ស៊្រុន សភា បាន​ឲ្យ​​ដឹង​បន្ថែម​​ថា កាលពី​ត្រីមាស​ទី​មួយ​ ដី​​របស់​លោក​​លក់​ដាច់​ខ្លាំង​​ណាស់ តែ​ឈាន​ចូល​មក​ដល់​​ត្រីមាស​​ទី​ពីរ គឺ​​ជិត​​ដល់​​ពេល​បោះឆ្នោត មិន​សូវ​មាន​​អតិថិជន​​ដើរ​​រក​ទិញ​ដី​ទេ ទោះបីជា​លោ​ក​​បាន​ ​ប្រកាស​លក់​ដី​​តាម​​កាសែត និង​​ទស្សនាវដ្តី​​ជាង​២​ខែ​ ​មកហើយ តែ​ដី​លក់​ដាច់​​បាន​ត្រឹមតែ​​ជាង ១​ហិកតា​ប៉ុណ្ណោះ ។ លោក​យល់​ថា ការ​អល់អែក​​របស់​អតិថិជន​​អាច​​បណ្តាល​មក​ពី​ឥទ្ធិពល​​នៃ​​ការ​បោះឆ្នោត​នា​​ថ្ងៃ​ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨​​ខាង​មុខ​​នេះ ៖ «ប្រហែល​ជា​គេ​​ចាំ​អ៊ុត​​ឆ្នោត​អី​អ៊ីចឹង ចាំ​មើល​គេ​​បង្កើត​រដ្ឋាភិបាល​​សិន ខ្ទង់​អាច​​បោះឆ្នោត​​អី​ហើយ»

លោក សាំង ស៊ីរ៉េម ប្រធាន​ផ្នែក​ទីផ្សារ​​នៃ​​ក្រុមហ៊ុន សយ គ្រូប ផ្តល់​​សេវាកម្ម​ដីធ្លី បាន​ឲ្យ​ដឹង​ថា អតិថិជន​​របស់​​លោក​​ ភាគច្រើ​ន​​ជា​​អ្នក​វិនិយោគទុ​ន​ធំៗ ចាប់ពី​១​លាន​​ដុល្លារ​​ឡើង ចង់​បាន​ដី​​នៅ​តំបន់​​ដែល​អភិវឌ្ឍ​លឿន​​ដូចជា ​ក្រុងភ្នំពេញ ក្រុង​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​សៀមរាប មិន​មាន​ការ​​បារម្ភ​ពី​បញ្ហា​​នៃ​ការ​បោះឆ្នោត​​នៅ​កម្ពុជា​ទេ ។ លោក​បាន​​បង្ហាញ​ពី​ការ​​ផ្គត់ផ្គង់​សេវាកម្ម​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​​ថា នៅ​ត្រីមាស​​ទី​មួយ និង​ត្រីមាស​ទី​ពីរ គឺ​កម្រិត​នៃ​សេវាកម្ម​​នៅ​ខ្ពស់​​ដូចគ្នា ។

លោក សាំង ស៊ីរ៉េម បាន​មាន​​ប្រសាសន៍​ថា ៖ «ហើយ​បើ​ទាក់​ទង​​នឹង​ការ​បោះ ​ឆ្នោត​មួយ​​ទៀត ក៏​វា​​អត់​មាន​​អី​ពាក់ព័ន្ធ​ដែរ ព្រោះ​វិនិយោគិន​​គេ​មក​កាន់​តែ​ច្រើន ដូច​​មិនមាន​ការ​ត្អូញ​ត្អែរ​​លើ​បញ្ហា​ហ្នឹង​ទេ»

លោក ស៊ាំង ស៊ីរ៉េម វិភាគ​ថា​ ដី​នៅតែ​ឡើងថ្លៃ​​នៅ​តាម​តំបន់ ហើយ​ក៏​មិនមាន​​ថ្ងៃ​ចុះ​ទាប​​វិញ​ឡើយ ជាក់ស្តែង​​ តំបន់​ភ្នំពេញ​ថ្មី​ ​នា​ជាយក្រុង កើន​ដល់ ៣០០​ដុល្លារ ទៅ ៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​កា​រ៉េ ចំណែក​ដី​តំបន់​ឆ្នេរ ​ដែល​អាច​លក់​បាន មាន​តម្លៃ​​ចាប់ពី ៦០០​ដុល្លារ ទៅ ៧០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ ។ លោក​បាន​​ឲ្យ​ដឹង​ថា តម្លៃ​នេះ​វា​កើន​ឡើង ២ ទៅ ៣​ដង ធៀប​នឹង​ឆ្នាំ​មុន ។

លោក សុក ស៊ីណា អ្នក​វិភាគ​​សេដ្ឋកិច្ច​ឯករាជ្យ​​យល់ស្រប​ថា ជំនួញ​ដីធ្លី​នៅ​ក្នុង​ពេល​បោះឆ្នោត​​អាច​ស្ថិតនៅ​នឹង​​ថ្កល់ ទោះបីជា​អ្នក​វិភាគ​​នយោបាយ​​យល់​ថា ស្ថានភាព​នយោបាយ​​នៅ​កម្ពុជា​ប្រាកដជា​​ មិន​បត់បែន​ខ្លាំង ។ លោក​បាន​ព្យាករណ៍​ទុក​ថា តម្លៃ​ដី​អាច​​នឹង​ថយចុះ ប្រសិនបើ​​រដ្ឋាភិបាល​ថ្មី​​មាន​គោលនយោបាយ​​យក​ពន្ធ​លើ​ដីទំនេរ ព្រោះ​ម្ចាស់​ដី​​ដែល​ចង់​រក្សាទុ​ក​​ដី​ច្រើន ត្រូវ​រលោះ​ដី​ខ្លះ​​ដើម្បី​គេច​ពី​ការ​​បង់ពន្ធ​​រាល់​ឆ្នាំ ។

លោក សុក ស៊ីណា វិភាគ​ថា ការ​យក​ពន្ធ​​លើ​ដី​ទំនេរ​អា​ច​​បង្កើន​ផលិតកម្ម​​លើ​ដី​ឲ្យ​កាន់តែ​​មាន​ ប្រសិទ្ធភាព​​ជាង​មុន ក្នុង​គោលដៅ​ដើ​ម្បី​រក្សា​តុល្យ​ភាព​​នៃ​ការ​​ចំណាយ​​ដោយសា​រ​ដី ។

អ្នក​វិភាគ​សេដ្ឋកិច្ច​​រូប​នេះ​បាន​កត់សម្គាល់​ថា ដី​មួយ​ភាគ​ធំ​​ត្រូវ​បង្វែរ​ទៅ​​បម្រើ​ឲ្យ​វិស័យ​​កសិ​ឧស្សាហកម្ម ហើយ​ដី​​តម្លៃ​ថោក​​ទើប​​មាន​សក្តានុពល​​ខ្លាំង​​សម្រាប់​សេដ្ឋកិច្ច ចំណែក​ដី​ថ្លៃ​​នឹង​​ហុច​ផល​ជា​​អវិជ្ជមាន​ចំពោះ​អត្រា​​កំណើន​​នៃ​​ប្រជាពលរដ្ឋ​ ថ្មីៗ ។

លោក សុក ស៊ីណា បាន​ឲ្យ​ដឹង​ថា ៖ «ឈ្មួញ​កណ្ដាល​​ដែល​គាត់​ទិញ​​ដី​ស្តុក ​ទុក​ដើម្បី​លក់​​ចេញ អាហ្នឹង​គាត់​​អាច​លក់​ក្នុង​តម្លៃ​​មួយ​អាច​ថា ថោក​ជាង​មុន​​ក៏​ថា​បាន ។ ឧទាហរណ៍​ដី​ស្រែ បើសិនជា​គាត់​មិន​ផលិត​​ទេ គ្រាន់តែ​សម្រាប់​លក់​យក​​ចំណេញ​ទេ គាត់​ត្រូវ​បង់​ពន្ធ​រាល់​ឆ្នាំ ព្រោះ​គាត់​រក​​ម៉ូយ​អត់​ទាន់​បាន គាត់​ត្រូវ​បង់​ពន្ធ​ហើយ​​ខាត ។ អ្នក​វិនិយោគ ឬ​អ្នក​កាន់កាប់​ដី​​ហ្នឹង​គាត់​គិត​ថា គាត់​ទុក​ដី ឬ​ក៏​បង្វិល​ដី​ចេញ ។ អ៊ីចឹង​ផ្អែក​លើ​​អាហ្នឹង យើង​ថា​ដី​ហ្នឹង​​ត្រូវ​បាន​ប្រើ​មាន​​ប្រសិទ្ធភាព​​ជាង​មុន»

លោក ចាន់ សុផល ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​​កម្ពុជា ​យល់​ថា ការ​បោះឆ្នោត​នា​ពេល​​ខាង​មុខ​នេះ នឹង​ដំណើរការ​យ៉ាង​ល្អ តែ​ជា​ទម្លាប់​​ប្រជាពលរដ្ឋ​តែងតែ​រង់ចាំ​​ក្រោយ​បោះឆ្នោត​ទើប​​សម្រេច​លក់ ឬ​ទិញ​ដី ។ លោក​វិភាគ​ថា ស្របពេល​ដែល​ការ​​កម្ចី​ប្រាក់​ពី​​ធនាគារ​លើ​ការ​ទិញ​ដីធ្លី​​ត្រូវ​​បាន​បង្ក​ ចរន្ត​នេះ​អាច​ធ្វើឲ្យ​ជំនួញ​​ដីធ្លី​ស្ថិត​នៅ​​ទ្រឹង​សិន ។ លោក ចាន់ សុផល ឯកភាព​​ថា ប្រសិន​បើ​ក្រោយ​​ការ​បោះឆ្នោត រដ្ឋាភិបាល​​ថ្មី​ប្រកាស​ឲ្យ​យក​​ពន្ធ​លើ​ដី​ទំនេរ ដី​អាច​នឹង​ធ្លាក់ថ្លៃ​​ជាង​នេះ ។

លោក ចាន់ សុផល បាន​បង្ហាញ​នូវ​ជំហរ​វិជ្ជមាន​ថា ដី​ថ្លៃ​អាច​ជួយ​បង្កើន​ឱកាស​​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​​ដែល​មាន​តែ​ដី ហើយ​ការ​លក់​ដី​​ក៏​ជំរុញ​​ឲ្យ​មាន​ការ​បង្កើន​​ផលិតកម្ម​ដែរ ។ លោក​បន្ថែម​ថា  តម្លៃ​ដី​នៅ​កម្ពុជា អាច​នឹង​កាន់តែ​កើន​​ឡើង​ទៀត ព្រោះ​តម្លៃ​ដី​នៅ​​ជនបទ​នៃ​ប្រទេស​កម្ពុជា​​សព្វថ្ងៃ​នៅតែ​មាន​តម្លៃ​​ទាប​បើ​ ធៀប​ជាមួយនឹង​ប្រទេស​​ជិតខាង ។

លោក ចាន់ សុផល បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​ការ​លក់​ដីធ្លី​កន្លង​​មក​ នេះ ក៏​វា​ជំរុញ​ទៅ​ដល់​​ការ​បង្កបង្កើន​ផល​ដែរ គឺ​អ្នក​មាន​លទ្ធភាព​មួយ​ចំនួន គាត់​ទិញ​ដី​ហើយ គាត់​ដាំ​ជា​កៅស៊ូ កន្លែង​ខ្លះ​គេ​ដាំ​ជា​​ដំឡូង​មី ដាំ​ជា​សណ្ដែក ពោត ហើយ​កន្លែង​ខ្លះ អ្នក​ភ្នំពេញ​​ទៅ​ហ្នឹង​ក៏​ទិញ​ធ្វើ​ជា​ស្រូវ​​ទៀត ដូច​ជុំវិញ​បឹង​ទន្លេសាប ដី​ទំនាប​ខ្លះ ដែល​ពី​ដើម​មក គេ​ទុកចោល គឺ​ដោយសារ​ខ្វះ​ទុន អ្នក​ភ្នំពេញ​ទៅ គេ​ចំណាយ​ ១០​ម៉ឺន​ដុល្លារ​​ជាង​អី​ទៅ លើក​ទំនប់​អាង​ទឹក​​ហើយ គេ​បង្កើត​ជា​ផលិតកម្ម​ស្រូវ​រាប់​​រយ​ហិកតា អ៊ីចឹង​វា​មាន​​សកម្មភាព​កើត​ឡើង​ច្រើន​ដែរ»

ទោះបីជា​យ៉ាងណា​ អ្នកវិភាគ​ជា​ច្រើន​​ឯកភាព​ថា វា​ពិបាក​នៅក្នុង​ការ​សន្មត់​​ពី​ការ​វិវត្តន៍​ថ្មីៗ​​ ក្រោយ​ពេល​​បោះឆ្នោត ថា​ជា​ជំហាន​​មួយ​វិជ្ជមាន ឬ​អវិជ្ជមាន​​ ចំពោះ​តម្លៃ​ដី​នៅ​កម្ពុជា​​នោះ ? សូម​បញ្ជាក់​ថា ការ​យក​ពន្ធ​លើ​ដី​​ទំនេរ មាន​រូបរាង​ជា​​ បទបញ្ជា​រួចរាល់​ហើយ រង់ចាំ​តែ​សារាចរណ៍​​ណែនាំ​​ប្រកាស​ឲ្យ​​អនុវត្ត​តែប៉ុណ្ណោះ ៕