Sopheak_SREY_Jan_2013

ស្រី សុភ័ក្រ្ត

ក្នុង​សប្តាហ៍​នេះ ខ្ញុំ​បាន​​បញ្ចប់​​អត្ថបទ​​សម្រាប់ ប្លុក​ឡូយ៩ ទាក់​ទ​ង​នឹង ការបោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់​ ​កាលពី​​ឆ្នាំ​២០១២។ អត្ថបទ​នេះ ត្រូវ​បាន​​បង្ហោះ​ផ្សាយ​​នៅ​​លើ​​គេហ​ទំព័រ​​របស់​ ឡូយ៩ នៅថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៣។ អរគុណ ឡូយ៩ សម្រាប់​ការ​ទទួលយក​អត្ថបទ​របស់ខ្ញុំ​ប្រកាស​ផ្សាយ…

នរណា ដែលអ្នកបានបោះឆ្នោតអោយ កាលពី ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១២?

Posted date: January 19, 2013

ប្រភព ៖ http://loy9.com.kh/who-you-vote-for/​

១. ដឹង​អត់​ថា នរណាដែល​អ្នក​បាន​បោះឆ្នោត​អោយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ (ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា ឃុំ សង្កាត់)? តើ​គាត់ជា​ប្រធាន​គណបក្ស​នយោ​បាយ? ជាមេឃុំ រឺ​ជា​នរណា?

ចំលើយ៖ ពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្នុងឃុំ សង្កាត់​ណាមួយ បាន​ចុះឈ្មោះ​បោះឆ្នោត​រួច ហើយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​របស់ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិទី៣ (ដែល​បាន​ប្រព្រឹត្តិ​ឡើង​កាល​ពីថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០១២) ដើម្បី​ជ្រើស​រើស​តំណាង​គណបក្ស​នយោបាយ​ណា​មួយ ដែល​ពួកគេ​ពេ​ញចិត្ត អោយ​មក​បំពេញ​មុខងារ​ជា មេឃុំ ឬចៅសង្កាត់ និង​សមាជិក ប្រចាំ​ឃុំ សង្កាត់​របស់​ពួក​គេ ក្នុង​រយៈ​ពេល​មួយ​អាណត្តិ​ដែល​មាន​រយៈ ៥ឆ្នាំ។ មេឃុំ ឬចៅសង្កាត់ និង​សមាជិក ប្រចាំ​ឃុំ សង្កាត់​មួយ ដែល​ជ្រើស​ចេញពីការ​បោះឆ្នោត​នេះ អាច​មាន​ចំនួន​សរុប​ចាប់​ពី ៥រូប ទៅ​ដល់ ១១ រូប អាស្រ័យ​ទៅតាម​ទំហំ​ភូមិ​សាស្រ្ត និង​ចំនួន​ពលរដ្ឋ​ក្នុង​ឃុំ ឬសង្កាត់​នោះ។ បេក្ខជន​ជាប់​ឆ្នោត​ដែល​មាន​លេខ​រៀង​លើ​គេ​បង្អស់​នៃ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ណាមួយ​ដែល​ទទួល​បាន​សម្លេង​ឆ្នោត​ច្រើន​ជាង​គេ នឹង​ត្រូវ​ជ្រើស​តាំង​ជា មេឃុំ ឬចៅ​សង្កាត់ ដែល​មាន​អាណត្តិ​ស្មើនឹង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់។

២.​ តើ​ស្មៀន​ឃុំ​ ជា​សមាជិក​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ ដែរឬ​ទេ?

ចំលើយ៖ ស្មៀន​ឃុំ សង្កាត់ មិ​ន​ចាំបាច់បោះឆ្នោត​ដោយ​ពលរដ្ឋទេ តែ​ត្រូវ​មាន​ការ​តែងតាំង ឬដក​ហូតមុ​ខតំ​ណែង​ដោយ ក្រសួង​មហាផ្ទៃ។ ស្មៀន​ឃុំ សង្កាត់ ជា​បុគ្គលិក​ក្របខណ្ឌ​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ ជា​ជំនួយ​ការ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ មាន​ភារកិច្ច​ជួយ​កិច្ចការ​ឃុំ សង្កាត់ និង​ធានា​និរន្តរ​ភាព​កិច្ចការ​រដ្ឋបាល​ក្នុងឃុំ សង្កាត់។ ស្មៀន​ឃុំ សង្កាត់ បាន​ណែនាំ​ដោ​យ​ច្បាប់​ថា ត្រូវ​មាន​ជំហរ​អព្យា​ក្រឹត និង​មិន​លម្អៀង​ក្នុង​ការងារ​របស់​ខ្លួន។ ស្មៀនឃុំ សង្កាត់​មិន​ចប់​អាណត្តិ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ទេ។

៣. ចុះ​មេ​ភូមិ​វិញ តើ​គាត់​ជា​ស​មាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ដែរ​ឬ​ទេ?

ចំលើយ ៖ ​មេ​ភូមិ (មា​ត្រា ៣០ ច្ប. ស្តី​ពី ការ​គ្រប់​គ្រង​រដ្ឋបាល​ឃុំ សង្កាត់) ត្រូវ​ជ្រើស​រើស​ដោយ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ សម្រាប់​ភូមិ​នី​មួយៗ ក្នុងចំណុះ​ឃុំ សង្កាត់​របស់​ខ្លួន។ មេភូមិ ត្រូវបាន​រៀបចំចាត់​តាំង​អោយ​មាន​អនុប្រធាន​មួយរូប និង​សមាជិក​មួយ​រូបជា​ជំនួយការ។ រដ្ឋមន្រ្តី​ក្រសួង​ម​ហាផ្ទៃ ត្រូវ​ចេញ​សេចក្តីណែនាំ​អំពី​បែបបទ​នីតិវិធី នៃ​ការ​ជ្រើស​រើស​មេភូមិ ការ​ចូលកាន់​តំណែង ការ​ផ្លាស់​ប្តូរ​មេភូមិ និងកា​រតែងតាំង​ជំនួយ​ការ​មេភូមិ។ មេភូមិ​មាន​ភារកិច្ច ៖

  • អនុវត្ត​ភារកិច្ច​ដែល​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ឬមេឃុំ ចៅសង្កាត់​ប្រគល់​អោ​យ ដើម្បី​ធានា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ក្នុង​ភូមិ
  • ផ្តល់​យោបល់​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់អំពី​បញ្ហានានា​ដែល​ទាក់ទង​ដល់​ផលប្រយោជន៍​ក្នុងភូ​មិ​របស់ខ្លួន
  • ស្នើ​សុំយោបល់​ទៅ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ មេឃុំ ចៅ​សង្កា​ត់​ដើម្បី​ចាត់ចែង និង​សម្រប​សម្រួល​កិច្ចការ​នៅក្នុង​ភូមិ​របស់​ខ្លួន។


. តើ​អ្នក​ណា​ខ្លះ ដែល​អាច​ចូលរួម​ប្រជុំ​ទាក់ទង​ផែន​ការ​អភិវឌ្ឍ​ឃុំ សង្កាត់​បាន?

ចំលើយ៖ ពល​រដ្ឋ និង​យុវវ័យដែល​រស់នៅ​ក្នុងឃុំ សង្កាត់ ហើយមាន​ចំណាប់​អា​រម្មណ៍នឹង​កិច្ច​ប្រជុំក្នុង សាលាឃុំ សង្កាត់ សុទ្ធ​តែ​អាច​ចូល​រួម ក្នុង​ការ​សម្រេច​ចិត្ត​លើ​គម្រោង​អភិវឌ្ឍ​ឃុំ សង្កាត់​បាន ព្រោះពួកគេ​មាន​តម្រូវ​ការ​ផ្ទាល់​ខ្លួន ពួកគេ​ជា​​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​លើ​គម្រោង​អភិវឌ្ឍ មិន​ថា ទទួល​ប្រយោជន៍ ឬ​រង​ផល​ប៉ះពាល់។ មាន​គំនិត​ច្រើន ទើប​មាន​ភាព​ប្រែ​ប្រួល វិវត្តន៍​លឿន ពិសេស​នៅ​ពេល​ដែល​ចូលរួម​ពួកគេ​អាច​លើកពី​ត​ម្រូវ​ការ​អាទិភាព​សម្រាប់​ឃុំ សង្កាត់​របស់​ពួកគេ ពេល​ដែល​គម្រោង​មើល​រំលង ឬ​មិន​បាន​ដោះ​ស្រាយ​។

៥. ដែល​ដឹង​អត់​ថា ចំនួន​សន្លឹក​ឆ្នោត​នៃ​គណ​បក្ស​នីមួយ​ៗ ត្រូវ​បាន​គណនាសម្រាប់​អាសនៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ តាម​របៀប​ណា?

សាក​ល្បងគណនា​អាសនៈ​របស់​គណបក្ស​នយោបាយសម្រាប់​ការ​បោះឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ក

ឧទា​ហរណ៍ ៖ ឃុំ ក ក្រោយ​ការ​រាប់សន្លឹ​ក​ឆ្នោត មាន

  • សម្លេងឆ្នោត​បានកា​រ​សរុប 5000 សន្លឹក និង​សន្លឹក​ឆ្នោត​មិន​បានការ​ ២០ សន្លឹក  (សន្លឹក​ឆ្នោត​មិនបាន​ការ មិន​ត្រូវ​បាន​យក​មក គណនា​ជាមួយ​នឹង​លទ្ធផល​អាសនៈ​ទេ = ទុក​ចោលដោ​យ​ឡែក)
  • អាសនៈ​សម្រាប់​ក្រុមប្រឹក្សា 7 អាសនៈ។
  • គណបក្ស​នយោបាយ ៣ ប្រជែង តំណែង​ជា​ ក្រុមប្រឹក្សាឃុំ នេះ ក្នុងនោះ
    • គណបក្ស A ទទួល​បាន 2500 សន្លឹក
    • គណបក្ស B ទទួល​បាន 1700 សន្លឹក
    • ហើយ​គណបក្ស C ទទួល​បាន 800 សន្លឹក។

ដើម្បី​គណនា​រក​អាសនៈ សម្រាប់គណបក្ស​នយោបាយ​និមួយៗ ត្រូវ​យោង​លើ មាត្រា ២៣ នៃ​ច្បាប់​ស្តីពី ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់។

ជំហាន​ទីមួយ៖ គណនា​រក​ចំនួនកូតា (សន្លឹកឆ្នោត​ស​ម្រាប់​អាសនៈ​មួយ)

រូបមន្ត ៖ កូតា (មិន​គិត​សំណល់​ចែក) = សន្លឹក​ឆ្នោត​បាន​ការ​សរុប / ចំនួន​អាសនៈ​ក្នុង​មណ្ឌល (ឃុំ)

គណនា​ផ្ទាល់ ៖ កូតា = 5000 / 7 = 714 (មិន​គិត​សំណល់​ចែក បើគិត​សំណល់ គួរ​តែ 714.28)

ជំហានទីពីរ៖ កំណត់​ចំនួន​អាសនៈ​បឋម​របស់​គណបក្ស​នយោបាយ​និមួយៗ

រូបមន្ត ៖ ចំនួន​អាសនៈបឋមរបស់​គ​ណបក្ស (មិនគិត​សំណល់​ចែក) = សន្លឹកឆ្នោត​បានការ​របស់គណបក្ស / កូតា

  • អនុត្ត ចំពោះ ​គណបក្ស A ៖ អាសនៈបឋម = 2500 / 714 = 3.50 (មកត្រឹម 3) មានន័យថា គណបក្ស A ទទួលបាន អាសនៈ បឋមចំនួន 3 អាសនៈ
  • អនុត្ត ចំពោះ គណបក្ស B ៖ អាសនៈបឋម = 1700 / 714 = 2.38 (មកត្រឹម 2) មានន័យថា គណបក្ស A ទទួលបាន អាសនៈ បឋមចំនួន 2 អាសនៈ
  • អនុត្ត ចំពោះ គណបក្ស C ៖ អាសនៈបឋម = 800 / 714 = 1.12 (មកត្រឹម 1) មានន័យថា គណបក្ស A ទទួលបាន អាសនៈ បឋមចំនួន 1 អាសនៈ
  • តាមរយៈជំហាននេះ អាសនៈទាំង ៧ គណបក្សនយោបាយទទួលបាន 3 + 2+ 1 = 6 អាសនៈ នៅសល់ មួយអាសនៈទៀត ត្រូវ គណនា តាមជំហានទីបី

ជំហានទីបី៖ គណនាអាសនៈនៅសល់

រូបមន្ត ៖ មធ្យមភាគ​ខ្ពស់​បំផុត របស់គណបក្ស = សន្លឹកឆ្នោត​បានការ​រ​បស់​គណបក្ស​នយោបាយ / អាសនៈ​ដែល​បាន​បែង​ចែក​អោយ​គណបក្ស​នយោបាយ + 1

អនុវត្ត ៖

ដើម្បីអនុវត្ត រូបមន្ត យើងមាន វិធានស្រាប់ ដូចជា

  • គណបក្ស A ទទួលបាន អាសនៈបឋម 3 ហើយ សន្លឹកឆ្នោតបាន​ការ​របស់គណបក្ស A គឺ 2500
  • គណបក្ស B ទទួលបាន អាសនៈបឋម 2 ហើយ សន្លឹកឆ្នោតបាន​ការ​របស់​គណបក្ស B គឺ 1700
  • គណបក្ស C ទទួលបាន អាសនៈបឋម 1 ហើយ សន្លឹកឆ្នោតបាន​ការ​របស់​គណបក្ស C គឺ 800

របៀបគណនា ៖

  •  មធ្យមភាគខ្ពស់បំផុតរបស់ A = 2500 / 3 +1 = 625
  •  មធ្យមភាគខ្ពស់បំផុតរបស់ B = 1700 / 2 +1 = 566.66
  •  មធ្យមភាគខ្ពស់បំផុតរបស់ C = 800 / 1 +1 = 400

ដោយសារ ក្រោយគណនា មធ្យមភាគខ្ពស់បំផុត គណបក្ស A ទទួលបានមធ្យមភាគខ្ពស់ជាងគេ ដូច្នេះ គណបក្ស A ត្រូវទទួលបាន អាសនៈបន្ថែម ចំនួន ១ ទៀត។ ជាលទ្ធផល ៖

  • ក្នុងឃុំ ក មានអាសនៈ សរុប 7
  • គណបក្ស A ទទួលបាន អាសនៈបឋម 4
  • គណបក្ស B ទទួលបាន អាសនៈបឋម 2
  • គណបក្ស C ទទួលបាន អាសនៈបឋម 1

បញ្ជាក់ ៖ បើក្រោយពី គណនាតាមជំហានទីបី នេះហើយ នៅសល់ អាសនៈ ត្រូវគណនាជំហានទីបួន បន្តទៀត រហូតអស់អាសនៈ ក្នុងមណ្ឌល។