iconcvv1
អត្ថបទដើម ដកស្រង់ចេញពី គេហទំព័រ វិទ្យុអាស៊ីសេរី
ដោយ កេសរណ្ណីយ្យា
2013-01-11

គណៈ​កម្មាធិការ​​ដើម្បី​​ការ​​បោះ​​ឆ្នោត​​ដោយ​​សេរី និង​​យុត្តិធម៌​​នៅ​​កម្ពុជា (ខុមហ្វ្រែល = Comfrel) បាន​​ផលិត​​កម្មវិធី “អេន​ដ្រយ សំឡេង​ម្ចាស់​​ឆ្នោត​​កម្ពុជា” (Android Cambodian Voter Voice = CVV) សម្រាប់​​អ្នក​​ប្រើ​​ទូរស័ព្ទ​​ដៃ​​ប្រភេទ​​អេនដ្រយ។

កម្មវិធី “អេនដ្រយ សំឡេង​​ម្ចាស់​​ឆ្នោត​​កម្ពុជា” នេះ គឺ​​បង្កើត​ឡើង​ដើម្បី​​ជួយ​​សម្រួល​​ដល់​អ្នក​ប្រើ​ប្រាស់​​​ទូរស័ព្ទ​ដៃ ក្នុង​ការ​​ទទួល​​ព័ត៌មាន​ទាក់​ទង​​នឹង​​ការ​​បោះ​ឆ្នោត និង​​គណបក្ស​​នយោបាយ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា។

នាយក​ប្រតិបត្តិ​​នៃ​​គណៈកម្មាធិការ​​ដើម្បី​​ការ​បោះ​ឆ្នោត​​ដោយ​​សេរី និង​​យុត្តិធម៌​​នៅ​​កម្ពុជា លោក គល់ បញ្ញា គូស​​បញ្ជាក់​​ថា អ្នក​ដែល​ប្រើ​​​ទូរស័ព្ទ​​ប្រភេទ​​អេនដ្រយ ចាប់​​​ពី​វើសិន (Version) ឬ​កំណែ ២.២ ឡើង​ទៅ ទាញ​​យក​​​កម្មវិធី​នេះ​មក​​​ដាក់​ដំឡើង​​ក្នុង​ទូរស័ព្ទ​ដៃ​​បាន​ដោយ​​មិន​គិ​ត​ ប្រាក់។

លោក គល់ បញ្ញា៖ «ប្អូនៗ អស់​​លោក លោកស្រី​ទាំង​អស់​​ដែល​មាន​​ទូរស័ព្ទ​​អេនដ្រយ ហើយ​មាន​​ប្រើ​អ៊ីនធឺណិត អាច​ចូល​​ទៅ​​ហ្គូហ្គល ភ្លេយឺ (Google Player) ឬ​ក៏​​ម៉ាកឃីត (Market) ហើយ​​ប​ន្ទាប់​មក​យើ​ង​​ស៊ើឆ (Search) រក​ពាក្យ​​ខុមហ្វ្រែល ទៅ ហើយ​​យើង​​ឃើញ​កម្មវិធី​ស៊ី.វី.វី (Program CVV) ដែល​យើង​​ហៅ​​ថា សំឡេង​ម្ចាស់​ឆ្នោត អង់គ្លេស​​ហៅ​​ថា ខេមបូឌែន វូតធឺ វូយ ហើយ​​ដោន​ឡូត (Download) យក​អាប់ភ្លីខេសុន (application) នោះ​មក»

កម្មវិធី​អេនដ្រយ សំឡេង​ម្ចាស់​ឆ្នោ​ត​​កម្ពុជា នេះ គឺ​អាច​អាន​ព័ត៌មាន​​ជា​​ភាសា​ខ្មែរ​​បាន ទោះ​បី​ជា​ទូរស័ព្ទ​ដៃ​​របស់​លោក​អ្នក​​មិន​ទាន់​​មាន​ដំឡើង​​ពុម្ព​អក្សរ​​ខ្មែរ ​ក្តី។ កម្មវិធី​ថ្មី​នេះ អភិវឌ្ឍ​ដោយ​​យុវជន​ខ្មែរ និង​​បុគ្គលិក​ស្ម័គ្រ​ចិត្ត ដើម្បី​ប្រមូល​ព័ត៌មាន​​បច្ចុប្បន្ន​ភាព ទាក់​ទង​​នឹង​ការ​បោះ​​ឆ្នោត និង​​នយោបាយ​នៅ​​ក្នុង​​ប្រទេស​កម្ពុជា។

ទាក់​ទង​​នឹង​​ពលរដ្ឋ​​ដែល​​អាច​​មាន​​លទ្ធភាព​​ទទួល​ព័ត៌មាន​​នៃ​​កម្មវិធី​សំឡេង ​ម្ចាស់​ឆ្នោត​​ តាម​រយៈ​​ទូរស័ព្ទ​ដៃ​​នេះ លោក គល់ បញ្ញា បញ្ជាក់​ថា ជា​មធ្យម​​អាច​​មាន​​ចំនួន ១ម៉ឺន​នាក់ ដែល​អាច​ជា​​ប្រភព​​ផ្សព្វផ្សាយ​ព័ត៌មាន​​បន្ត​ទៅ​មនុស្ស​​ច្រើន​នាក់​ទៀត៖ «កម្មវិធី ​មួយ​ចំនួន​​ដែល​គេ​ដាក់​​ឱ្យ​ប្រើប្រាស់​​ដោយ​សេរី​នោះ កន្លែង​ខ្លះ​​មាន​រហូត​ដល់​​ទៅ​ជាង ៥​ម៉ឺន​នាក់ ប៉ុន្តែ​​ជា​មធ្យម​​យើង​ឃើញ​​ជាង ១​ម៉ឺន​នាក់ ដែល​​តាម​ជាប់​​នូវ​កម្មវិធី​​ដែល​​ផលិត​ជា​​ភាសា​ខ្មែរ នៅ​ក្នុង​ទីផ្សារ​​របស់​​អេនដ្រយ»

មាតិកា​នៃ​​កម្មវិធី​អេនដ្រយ សំឡេង​ម្ចាស់​ឆ្នោត​នេះ ផ្ដោត​លើ ទី១ ព័ត៌មាន​ថ្មីៗ​​ពី​ការ​បោះ​ឆ្នោត និង​នយោបាយ ទី២ ការ​បោះ​​ឆ្នោត​​ស្ដីពី​លទ្ធផល និង​​ថ្ងៃ​បោះ​ឆ្នោត ទី៣ វីដេអូ​​អប់រំ និង​ទី៤ វិទ្យុ​​អ​នឡាញ (Online Radio)។

លោក​អ្នក​ក៏​អាច​​ទាញ​យក​​កម្មវិធី​អេនដ្រយ សំឡេង​ម្ចាស់​ឆ្នោត​​កម្ពុជា នេះ មក​រក្សា​ទុក​​ដោយ​ចូល​ទៅ​កាន់​​គេហទំព័រ​សំឡេង​​ម្ចាស់​ឆ្នោត​កម្ពុជា របស់​​ខុមហ្វ្រែល ឬ​ចុច​លើ​​ពាក្យ “ទាញ​យក​​កម្មវិធី” វា​នឹង​ដំឡើង​កម្មវិធី​​ដោយ​ស្វ័យប្រវត្តិ​នៅ​​លើ​​ទូរស័ព្ទ​ដៃ​​របស់​អ្នក ឬ​រក្សា​ទុក​​នៅ​លើ​​កុំព្យូទ័រ៕