សង្ខេប​សាច់​រឿង ៖ នាយ Itthipat Kulapongvanich ឬនាយ តប់ (Top=កំពូល) បច្ចុប្បន្ន អាយុ ២៧ឆ្នាំ (២០១២) បាន​សាង​កេរ្តិ៍​ឈ្មោះ​ «ថៅកែ​ណយ» (ចៅ​ហ្វាយ​តូច) ជា យីហោ សារ៉ាយ​បំពង ចូល​ទៅផ្សារ​ទូទាំង​ប្រទេស​ថៃ តាមរយៈការ​ដណ្តើម​បាន កុងត្រា លក់​ផលិតផល ក្នុង​ហាង 7 ELEVEN នៅ​ពេល​នាយ មាន​អាយុ​ត្រឹម អាយុ ១៩ឆ្នាំ។ នាយ តប់ រៀន​ចប់​ថ្នាក់ទី ១២ ហើយ​​មិន​ចង់ បន្ត​រៀន នៅ​មហា​វិទ្យាល័យ ព្រោះ​នាយ ចង់​ធ្វើ​ជំនួញ​ច្រើន​ជាង។ នាយ តប់ ប្រថុយ នឹង​ការ​ធ្វើ​ជំនួញ​ ដំបូង គឺ ហ្គេម​អ៊ីន​ធើណែត ដែល​នាំ​ឱ្យ​នាយ មាន​លទ្ធភាព ទិញ​រថយន្ត ដោយ​ខ្លួនឯង។ ក្រោយ​មក នាយ បែក​គំនិត​ប្រថុយ ធ្វើ​ជំនួញ ជា​បន្ត​បន្ទាប់ រហូត​ដល់ ជំនួញ សារ៉ាយ​បំពង ដែល​នាំ​ឱ្យ នាយ​ក្លាយ​ជា អ្នកមាន​ដោយ​ចៃដន្យ។ ក្រោយ​ពេល សារ៉ាយ​ថៅកែ​ណយ បាន​ចូល​លក់​ក្នុង ផ្សារ 7 ELEVEN នាយ​បាន​​ចំណាយ​ត្រឹម ២ឆ្នាំ ដើម្បី​​សង​បំណុល​ជំនួញ​​បរាជ័យ​របស់​ឪពុក​នាយ សរុប ៤០លានបាត (ប្រហែល ១លាន ៣សែន ដុល្លារ​អាមេរិក) នៅ​ពេល​នាយ មាន​អាយុ​ត្រឹម ២១ឆ្នាំ។ គិតត្រឹម​​ឆ្នាំ​២០១១ នាយ​មាន កសិដ្ឋាន​​ដាំ​សារ៉ាយ​ផ្ទាល់ខ្លួន​ នៅក្នុង​ប្រទេស​កូរ៉េ ហើយ​មាន​លទ្ធភាព ជួល​​បុគ្គលិក ប្រមាណ ២៥០០ នាក់ ហើយ​បាន​បែង​ចែក សារ៉ាយ​បំពង ថៅកែ​ណយ ទៅ​កាន់ ៦០០០ សាខា​ទូទៅ​ប្រទេស​ថៃ របស់ 7 ELEVEN និងនាំ​ចេញ សារ៉ាយ​ថៅកែណយ ទៅ​កាន់ ប្រទេស​ជាង ២៧ លើពិភពលោក។ ចំណូល​បាន​មក​ពី​ការ​លក់​សារ៉ាយ​ថៅកែណយ ក្នុងឆ្នាំ​២០១០ កើន​ឡើង​រហូត​ដល់ ១៥០០ លាន​បាត (៤៨​លាន ៦សែន ដុល្លារ​សហរដ្ឋ​​អាមេរិក)។

«គ្រប់​ពេល​ដែល​ជួប​បញ្ហា ហាម​អស់​កម្លាំង​ចិត្ត​ជា​ដាច់​ខាត ព្រោះ​ប្រសិន​បើ​យើង​ព្រម​ចាញ់ ល្បែង​នឹង​ចប់​រហូត​ហើយ​» តប់