ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២

ការប្រមើលមើល ចំពោះការបោះឆ្នោត

ជ្រើ​សតាំង​តំណាង​រាស្រ្ត​ឆ្នាំ២០១៣ នាពេលខាងមុខ

 

​កា​រប្រកួត​​ប្រជែង​​​​សម្រាប់​​ការ​​បោះឆ្នោត​​​ជ្រើស​​តាំ​ង​​​​តំណាង​​រាស្រ្ត​ ឆ្នាំ​២០១៣ ​ហាក់​ដូចជា​ កាន់តែ​​តានតឹង​​ខ្លាំ​ង​ឡើង។ គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​​សមរង្ស៊ី បាន​​រួម​​បញ្ចូល​​គ្នា​ជា​គណបក្សថ្មី​មួយ​ ដែល​​មាន​ឈ្មោះ​​ថា “ គណបក្ស​​សង្គ្រោះ​​ជាតិ ឬ CNRP” ហើយ​គណបក្ស​ថ្មី​នេះ​ក៏​បាន​ចុះ​ឈ្មោះ និង​​ទទួល​ស្គាល់​​ដោយ​​ក្រសួង​មហា​ផ្ទៃ​។ ការ​លុប​ឈ្មោះ​​មេដឹកនាំ​​គណបក្ស​សមរង្ស៊ី​ គឺ​លោក សម រង្ស៊ី ដោយ​​ក្រុម​ប្រឹក្សា​​សង្កាត់​​បឹងរាំង ក្រោម​​លេស​ ប្រធាន​គណបក្ស​​ជំទាស់​​ជា​​ទណ្ឌិត​ បាន​​បង្ហាញ​​ពី​ការ​រំលោភ​អំណាច​​នៃ​ការ​​អនុវត្ត​ច្បាប់​​របស់ គ.ជ.ប។ សមាស​ភាព​ គ.ជ.ប អាណតិ្ត​ថ្មី ត្រូវ​បាន​​តែង​តាំង​ដោយ​​មិន​​ខ្វល់​ដល់​​សំណើ​​របស់​គណបក្ស​នយោបាយ​មិន​កាន់​អំណាច​​ ហើយ​​បាន​​ដាក់​​សមាសភា​ព​ថ្មី​​​នេះឱ្យ​​ស្ថិត​​ក្រោម​​ការ​រិះគន់ និង​​មិនមាន​​ទំនុក​​ចិត្ត​​ពី​​ឯករាជ​ភាព​​ក្នុង​ការ​​បំពេញ​​មុខងារ​។ សំពាធ​ពី​​សហគមន៍​​អន្តរជាតិ លើ​​ការ​កំណែ​​ទម្រង់​​ការ​បោះឆ្នោត​​នៅ​កម្ពុជា និង​​ការ​​សម្រប​សម្រួល​​ឱ្យ​​​មេដឹកនាំ​គណបក្ស​ជំទាស់​បាន​ត្រឡប់​ចូល​រួម​ដំណើរ​ការ​បោះឆ្នោត​។

ច្បាប់​ស្តី​ពី​គណបក្ស​​នយោបាយ​បច្ចុប្បន្ន​​​បាន​​បង្កភាព​លំបាក​ដល់​គណបក្ស​ថ្មី​ដែល​​រួម​បញ្ជូល​គ្នា​រវាង​​គណបក្ស​​ជាប់​ឆ្នោត​។ ​ដោយ​ការ​រំលាយ​គណបក្ស​​ទាំងពីរ​​​​​​​​​​ នោះ​ចំនួន​​អាសនៈ​​​របស់​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី នឹង​ត្រូវ​បាត់បង់​​​អាសនៈ​​សភា និង​អាសនៈ​​របស់​​មន្រ្តីជាប់​ឆ្នោត​ជាច្រើ​ន​ទៀត​នៅថ្នាក់​ក្រោម​ជាតិ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។​ គណបក្ស​​ថ្មី​​នេះ​​នឹង​​​​​​ដឹកនាំ​ដោយ​​មេ​ដឹកនាំ​​គណ​​បក្ស​ សម រង្ស៊ី គឺ​លោក សម រង្ស៊ី  ​ត្រូវ​ធ្វើ​ជា​​ប្រធាន​​គណបក្ស​ ហើយ​​លោក កឹម សុខា ដែល​បច្ចុប្បន្ន​ជា​​អ្នកដឹកនាំ​​គណបក្ស​សិទ្ធិ​មនុស្ស ជា​​អនុប្រធាន​។ ទោះបីជា​យ៉ាងណា រចនា​សម្ព័ន្ធ​​​ថ្នាក់​ក្រោម​មិនទាន់​បាន​​បង្កើត​​នៅ​ឡើយ​ទេ។ លើស​ពីនេះ​​ទៀត ភាព​មិន​ច្បាស់​លាស់​នឹង​​​នៅ​តែ​​មាន​ ​​ប្រសិន​​បើ​​​ការ​ចោទ​​ប្រកាន់​​ប្រឆាំ​ង​​ប្រធាន​​គណបក្ស​​ សម រង្ស៊ី នឹង​ត្រូវ​​បាន​​​​ដក​ចេ​ញ​​ពី​​ការ​បោះឆ្នោត​​ជ្រើស​តាំ​ង​តំណាង​រាស្រ្ត​​ឆ្នាំ​២០១៣។

លោក​ សម រង្ស៊ី ត្រូវ​បាន​​តុលាការ​​កាត់ទោស​កំបាំង​មុខ​ឱ្យ​ជាប់​​ពន្ធនាគា​រ​​​រយៈពេល​ ១០ឆ្នាំ ពីបទ​ បំផ្លាញ​​ទ្រព្យ​សម្បត្តិ​សាធារណៈ បទ​ញុះ​ញង់ និង​បទ​​ក្លែង​​បន្លំ​ឯកសារ​។ ក្នុង​ពេល​​ធ្វើ​​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​​អ្នក​បោះឆ្នោត​​ឆ្នាំ​​២០១២ ដែល​​មាន​​អ្នកមាន​សិទ្ធិ​បោះឆ្នោត​​ក្នុង​បញ្ជី​ផ្លូវការ​ប្រមាណ​ជាង ៩លាន ៧សែន​នាក់ ទៅ​​ចូលរួម​​បោះឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្រ្ត​ឆ្នាំ​២០១៣ មេដឹកនាំ​គណបក្សជំទាស់​ ​លោក សម រង្ស៊ី ត្រូវបាន គ.ជ.ប សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១២​នេះ។ ក្នុង​សវនាការ​មួយ ដែល​មាន​មេធាវីតំណាង​​ដើមបណ្តឹង លោក សម រង្ស៊ី និង​​មេធាវី​ចុង​ចម្លើយ តំណាង​ គ.ជ.ប ​កាលពីថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ២០១២​ នៅ​​ទីស្នាក់ការ គ.ជ.ប លោក មាន សាទិ សមាជិក​ គ​.​ជ​.​ប​ បាន​លើក​យក​មាត្រា​៣៤ នៃ​​រដ្ឋធម្មនុញ្ញ និង​​មាត្រា៥០ នៃ​ច្បាប់​​បោះឆ្នោត ដែល​​កំណត់​ច្បាស់​ថា ដើម្បី​​មាន​ឈ្មោះ​​ក្នុង​បញ្ជី​​បោះឆ្នោត ឬ​បញ្ជី​​បេក្ខជន​ លុះត្រា​តែ​បុគ្គល​នោះ​មិន​មាន​​ឈ្មោះ​ជា​ទណ្ឌិត ឬ​មិនមែន​​ជា​អ្នកទោស​ជាប់​ពន្ធនាគារ​។ មាត្រា​​ដែល​យោង​​ខាងលើ មិន​បាន​​ប្បញ្ញតិ្តជា​សំអាង​ជាក់លាក់​​ដើម្បី​​ផ្តល់​​អំណាច​​ដល់ គ.ជ.ប ក្នុងការ​​លុបឈ្មោះ​អ្នក​បោះ​ឆ្នោត​​​ដែល​​មិន​មាន​ទោស​​ទាក់ទង​នឹង​​បទល្មើស​​បោះឆ្នោត​​ឡើយ។ ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​​នឹង​ត្រូវស្នើ​ឱ្យ​​បកស្រាយ​​ពី​​ធម្មនុញ្ញភាព​​នៃ​មាត្រា​​ទាំងពីរ​​ខាងលើ​ តែ​​ជា​ការ​អនុវត្ត​​កន្លងមក ក្រុមប្រឹក្សា​​កំពូល​​មួយ​នេះ រក្សា​ជំហរ​​រួម​​ជាមួយ​នឹង​ គ.ជ.ប និង​​​រដ្ឋាភិបាល។ បច្ចុប្បន្ន​ភាព​​បញ្ជី​​ឈ្មោះ​​អ្នក​​បោះឆ្នោត​​ឆ្នាំ២០១២​នេះ គ.ជ.ប បាន​​ដឹកនាំ​​ការលុបឈ្មោះ​​អ្នកបោះឆ្នោត​​រាប់​សែននាក់ ដែល​​ត្រូវបាន​គេជឿជាក់​ថា អាច​នឹង​​នាំ​ឱ្យ​មាន​​អ្នក​បាត់​បង់​​សិទ្ធិបោះឆ្នោត​​ជាច្រើន​នាក់​ផង​ដែរ។

នៅ​​ក្នុង​​កិច្ច​ប្រជុំ​មន្ត្រីរដ្ឋាភិបាល​​ជាន់​ខ្ពស់​មួយ ​រវាង​​រដ្ឋ​មន្រ្តី​​ក្រសួង​ការបរទេស​​សហរដ្ឋ​​អាមេរិច គឺ​​លោកស្រី​  ហ៊ីលឡារី រ៉ដហាម គ្លីនតុន (Hillary Rodham Clinton)​ ជាមួយ​​រដ្ឋ​មន្រ្តី​​ការបរទេស​ប្រទេសកម្ពុជា​ គឺ​លោក ហោ ណាំហុង ​លោកស្រី​ ហ៊ីលឡារី គ្លីនតុន បាន​លើក​ឡើង​​ពី​​បញ្ហា​​នៃ​ការ​​ចូលរួម​​ដោយ​មាន​ភាព​សមស្រប​មួយ​​ចំពោះ​​មជ្ឈ​ដ្ឋាន​​​នយោបាយ​សម្រាប់​​ឆ្នាំ​២០១៣ សំដៅ​​​ទៅលើ​​​បរិយាកាស​មិន​សូវ​ល្អ​​ជុំវិញ​​នេះ​ការ​កាត់​ទោស​​​លោក សម រង្ស៊ី ជាដើម​។ ករណី​នេះ​​ក៏​បាន​​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​រាយការណ៍​​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ លោក ស៊ូរីយ៉ា ស៊ូបេឌី (Surya P. Subedi) ដែល​​បាន​​សរសេរ​​នៅ​​ក្នុង​របាយ​ការណ៍​របស់​​លោក​កាល​ពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ២០១២ ស្តីពី​​ស្ថានភាព​​សិទ្ធិ​មនុស្ស​ ដូចជា​ ករណី​​លោក សម រង្ស៊ី ដោយ​​បាន​​ស្នើសុំ​​​ឱ្យ​​មាន​​ការដោះ​ស្រាយ​​​បញ្ហា​នយោបាយ​ ដើម្បី​ឱ្យ​​អតី​ត​​អ្នក​តំណាង​រាស្រ្ត​រូប​នេះ អាច​ចូល​រួម​​​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​​នា​ពេល​ខាង​មុខ​​នេះ​បាន។ រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​អាច​នឹង​​​​ធ្វើ​ការ​សម្រុះ​សម្រួល​​​ឱ្យ​​មាន​​ដំ​ណោះ​​​​ស្រាយ​​​ពី​បញ្ហា​​នេះ ខណៈ​ពេ​ល​ដែល​​​នឹង​​មាន​​​ការ​ប្រជុំ​កំពូល​អាស៊ាន​បូក (ASEAN Plus​ including 7th East Asia Summit and Forums) ជាមួយ​អ្នក​ដឹកនាំ​​ពី​បណ្តា​​​បស្ចឹ​ម​ប្រទេស​នានា​ រួ​ម​បញ្ចូល​ទាំ​ង​ប្រធា​នាធិបតី​សហរដ្ឋ​​អា​មេរិក នៅ​​ពាក់​កណ្តាល​​​ខែ​​វិច្ឆិកា ឆ្នាំ​២០១២នេះ​។ សហគមន៍​​អន្តរជាតិ​​ជា​​ប្រទេស​​ម្ចាស់​​ជំនួយ​​សំខាន់ៗ​​របស់​​កម្ពុជា ក៏​​ចង់​ឱ្យ​​​មេដឹកនាំ​​​គណបក្ស​ជំទាស់​​​ចូល​រួម​​ការ​បោះ​ឆ្នោត។ សមាជិក​​សភា​​សហភាព​​​អឺរ៉ុប​ដែល​​ជា​​អង្គ​នីតិប្បញ្ញត្តិ​​ដ៏​មាន​​អំណាច​​មួយ​​នៅ​លើ​​ពិភពលោក កាល​ពី​​ថ្ងៃ​ទី​​២៦ តុលា ក៏​បាន​​ទាមទារ​​ឱ្យ​​រដ្ឋាភិបាល​​ធ្វើ​កំណែ​​ទម្រង់​​ការ​​​បោះ​ឆ្នោត និង​​ជំរុញ​​ឱ្យ​​​រដ្ឋាភិបាល និង​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ សម្រុះ​សម្រួល​​​ផ្នែក​​​នយោបាយ​​ដើម្បី​​​អនុញ្ញាត​​ឱ្យ​​​​គណបក្ស​​ជំទាស់​​​ថ្មី​​នេះ​​អា​ច​​​ចូល​រួម​​​ការ​បោះ​​ឆ្នោត​ ប្រកប​​​​ដោយ​ភាព​​ជឿ​ជាក់។ សមាជិក​​សភា​​សហភាព​​អឺរ៉ុប​​មាន​​ចំនួន ៧៥៤​​នាក់ តំណាង​ឱ្យ​​​អ្នក​បោះ​ឆ្នោត​​ប្រមាណ​​ជិត ៤០០​​លាន​នាក់ បាន​​ថ្កោល​ទោស​​ការ​កាត់​​ទោស​​ផ្នែក​​នយោបាយ​​ប្រឆាំង​​នឹង​​លោក ម៉ម សូណង់ដូ និង​​ទាមទារ​​ឲ្យ​ដោះ​លែង​​ជា​បន្ទាន់។ ជាថ្មី​ម្តង​​ទៀត ស​ហ​ភាព​អន្តរ​​ស​ភា​​ដែល​ជា​​អង្គ​ការ​និតិ​បញ្ញតិ​ដ៏​​ធំ​មួយ​​នៅ​​លើ​ពិភព​លោក បាន​​ចេញ​​សេច​ក្តី​ថែ្លង​ការណ៍​កាល​​ពី​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ សូម​ឱ្យ​​​លោក​នា​យក​​រដ្ឋមន្រ្តី ហ៊ុន សែន យក​​ករណី​លោក សម រង្ស៊ី  មក​ដោះ​​ស្រាយ​ ហើយ​​យល់​ព្រម​ឱ្យ​​​លោក សម រង្ស៊ី  វិល​ចូល​ស្រុក​​ដើម្បី​​បាន​​ចូល​រួម​​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាងមុខនេះ ។ សហភាព​អន្តរសភា​បានសំណូមពរ​​ឱ្យ​​យក​​បញ្ហានេះ មក​ជជែក​​ជា​សាធារណៈ​ប្រ​សើរ​ជាជាង​​ដោះ​ស្រាយ​​តាម​​ប្រព័ន្ឋ​​តុលា​ការ។

ការវិវត្តន៍​​ថ្មី​ៗនេះ​ គឺ​ថា ​លោក ប៉ារ៉ាក់ អូប៉ាម៉ា ដែល​ទើប​​ជាប់ឆ្នោត​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក បន្ត​​មួយ​អាណត្តិ​​ទៀត ​ត្រូវ​​បាន​អញ្ជើញ​​ឱ្យ​​មក​ចូល​​រួម​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ានមួយ ក្នុង​ខែ​វិច្ឆិកា ​ដែល​កម្ពុជា​ ធ្វើជា​ម្ចាស់ផ្ទះ។ លោក សម រង្ស៊ី រំពឹង​ទុក្ខ​ថា នឹង​​ប្រើប្រាស់​ឱកាស​នេះ​​ដើម្បី​​ចរចា​ជាមួយ​នឹង​គណបក្ស​​កាន់អំណាច​ឱ្យ​​បើក​​ច្រក​ចូល​​ប្រទេស​វិញ។ មន្រ្តី​​រដ្ឋាភិបាល​​កម្ពុជា បាន​​ប្រកាន់​​ជំហរ​ដោយ​មិន​ទទួល​​ឥទ្ធិពល​​ពី​​សហគមន៍​​អន្តរជាតិ ប៉ុន្តែ​មូលហេតុ​មួយ​ដែល​​រដ្ឋាភិបាល​​អាចកាត់បន្ថយ​​​នូវ​​សំពាធ​ពី​សហគម​ន៍​អន្តរជាតិ រដ្ឋា​ភិបាល​គួរ​បើក​ច្រក​ឱ្យ​លោក សម រង្ស៊ី ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​បោះឆ្នោត​​ជ្រើស​តាំង​អ្នកតំណាងរាស្រ្ត​ខាងមុខ។​​​​

ជាញឹក​ញាប់ គ.ជ.ប ឧទាហរណ៍ លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប បានមាន​ប្រសាសន៍​ក្នុងកិច្ច​ប្រជុំមួយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ ថា ទោះបី​ពុំមា​ន​វត្តមានគ​​ណបក្សប្រឆាំង​ចូលរួមការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៣ ក៏ដោយ​ក៏ការបោះឆ្នោត​នឹង​ប្រព្រឹត្តិទៅ​ជា​ធម្មតា។ ​ការបង្ហាញ​ជំហរ​មិន​ខ្វាយខ្វល់​​ពី​វត្តមាន ឬ​កង្វល់​​​របស់​​គណបក្ស​ជំទាស់​ ឬចេញ​​មុខ​​ការពារ​​គ​ណបក្ស​​កាន់អំណាច ​តែង​​ត្រូវបាន​​បង្ហាញ​ជា​សាធារណៈ​ដោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតនេះ​​ ​ដែល​​ជំរុញ​ឱ្យ​​គណបក្ស​ជំទាស់​​កាន់តែ​មិន​ទុកចិត្ត​​លើ​​ស្ថាប័ន​ឯករាជ្យ​​ដែល​មាន​ភារៈ​រៀបចំ​ការបោះឆ្នោត​​ជាតិ​មួយនេះ។​

គណបក្ស សម រង្ស៊ី និង​គណបក្ស​​សិទ្ធិមនុស្ស ធ្លាប់​​ទាមទារ​​ស្នើសុំ​ឱ្យ​​​មាន​ការ​​ផ្លាស់​ប្ដូរ​​សមាស​ភាព ដឹកនាំ    គ.ជ.ប ថ្មី ដើម្បី​​បង្ហាញ​ពី​តម្លាភាព និង​​យុត្តិធម៌​នៅ​ក្នុង​​ការ​​រៀបចំ​​ការ​បោះឆ្នោត​​ជាតិ ឆ្នាំ​២០១៣ ខាង​មុខ។ ការ​​ទាម​ទារ​​​ឱ្យ​​មាន​​​កំណែ​ទម្រង់​​ការបោះឆ្នោត និង​ការ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.បថ្មី​ មាន​​តុល្យភាព​នៅ​​គ្រប់​​លំដាប់​ថ្នាក់​ ដែល​មានកា​រ​តែងតាំង​ពី​គណបក្ស​​សំខាន់​នៅ​ក្នុង​រដ្ឋសភា​។​ កាល​ពី​​ពេល​កន្លង​មក​ក៏​មាន​​ការ​លើក​ឡើង​ដោយ​​សហគមន៍​​អន្តរជាតិ​ជាច្រើន។ ​

ទោះបីជា​មាន​សំណើ​ជាច្រើន​​លើក​ពីការ​កំណែ​ទម្រង់​​សមាសភាព​ គ​.ជ.ប​ រដ្ឋាភិបាល​​របស់គណបក្ស​ប្រជាជន​កម្ពុជា ក្រសួង​មហាផ្ទៃ និង​​គណៈរដ្ឋមន្រ្តី បាន​​រក្សា​​សមាសភាព​ គ.ជ.ប ដោយ​​ប្តូរ​តែ​ ពីរ​រូប[1] ហើយ​ដាក់​ទៅ​​រដ្ឋសភា ​កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ប្រជុំ​អនុម័ត​​គាំទ្រ​សមាសភាព​​ដដែល របស់ គ.ជ.ប ដោយ​​មាន​សមាជិក​សភាត្រឹម ៨៧រូប ដែលមកពី​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​​សម្ព័ន្ធភាព​​របស់​គណបក្ស​​ប្រជាជនកម្ពុជា គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិ​និយម ខណៈ​ដែល​គណបក្ស​ជំទាស់គឺ គណបក្ស​សមរង្ស៊ី និង គណបក្ស​សិទ្ធិ​មនុស្ស បានធ្វើ​ពហិកា​មិនចូលរួម​អង្គប្រជុំ​ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​សមាសភាព គ.ជ.ប អាណត្តិ​ថ្មីនោះ​ទេ​ក៏ដោយ។​

គណបក្ស​ផ្សេង​ទៀត​ដែល​​រួម​បញ្ចូលគ្នា​​សម្រាប់​​ការ​បោះឆ្នោត​​​ជ្រើស​តាំ​ង​តំណាងរាស្ត្រ​​ឆ្នាំ២០១៣ នេះ​ត្រូវបាន​គេ​​ប្រកាស​ឱ្យ​ដឹង​ថា​គឺ​គណបក្ស​​ជាតិ​និយម​ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅក្រោម​​គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​​​តែមួយ​។ ទាំ​ងនេះ​​អាច​នឹង​នាំ​​ឱ្យ​មាន​ការប្រកួត​ប្រជែង​​កាន់តែ​​ខ្លាំង​ និង​​​ភាព​​ប្រឈម​មួយ​ចំពោះ​​​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​​បច្ចុប្បន្ន​មាន​​សម្លេង​លើស​លុប​ ព្រម​ទាំង​​គណបក្ស​ជំទាស់​​បច្ចុប្បន្ន​​ដែល​​អាច​​នឹង​​បាត់​បង់​​សម្លេង​​ឆ្នោត​​សម្រាប់​​គណបក្សថ្មី​​របស់​ពួកគេ។ បើទោះជា​​មានការប៉ុនប៉ង​រួមបញ្ចូល​នូវ​គណបក្ស​ទាំងពីរនេះ ឈាន​​ទៅរក​ការ​បោះឆ្នោត​​ជ្រើសរើស​​ក្រុម​ប្រឹក្សាឃុំសង្កាត់​​​បាន​បរាជ័យ​ ​ដោយសារ​តែ​មាន​​ជម្លោះ​​រវាង​​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ ដែល​ជា​​ប្រធា​ន​គណបក្ស​​ជាតិ​និយម​ និង​​ឯកឧត្តម​ ញឹក​ ប៊ុនឆៃ​ ជា​ប្រធា​ន​គណបក្ស​​​ហ្វ៊ុនស៊ិនប៉ិច។ ទោះជា​យ៉ាងណា បន្ទាប់​ពី​​​ការ​​បោះឆ្នោត​​ជ្រើស​រើស​​ក្រុម​​ប្រឹក្សាឃុំ-​សង្កាត់មក អគ្គលេខា​ធិការ​គណបក្ស​ជាតិ​និយម​ បាន​ជម្រុញ​ឱ្យ​​​មាន​​ការ​រួមបញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​​ជាមួយ​នឹង​គណបក្ស​​​ហ្វ៊ុនស៊ិនប៉ិច ខណៈពេល​ដែល​គណបក្ស​​ជាតិ​និយម​ បាន​​ប្តូរ​ប្រធាន​គណបក្ស និង​ឈ្មោះ​គណបក្ស​​ទៅ​ជា “គណបក្ស​​ជាតិ​និយម ឬ NP” វិញ។​ ​ម្យ៉ាងវិញទៀត​​​សម្តេច​​ក្រុម​ព្រះ នរោត្តម​ រណឫទ្ធិ​ ក៏ធ្លាប់​​បាន​​​ទទួលការ​ស្នើសុំពី​​អ្នក​​ដឹក​នាំ​ថ្មី​​​របស់​​គណបក្ស​​​ជាតិ​និយម​​ឱ្យ​​ឈប់​ពាក់​ព័ន្ធ​ជាមួយ​​រឿ​ង​នយោបាយ​​ផងដែរ។ ​មា​ន​ការ​​​​ចោទ​​ប្រកាន់​​ចំពោះ​​​សម្តេច​​ក្រុម​ព្រះ នរោត្តម ​រណឫទ្ធិ ពី​គម្រោង​​​ធ្វើការងារ​ជាមួយ​​​គណបក្ស​ សម រង្ស៊ី និង​​គណបក្ស​សិទ្ធិមនុស្ស​​ដើម្បី​ឱ្យ​​ការ​ផ្លាស់ប្តូ​រ​រដ្ឋាភិបាល។ ទំនោរ​របស់​គណបក្ស​​​ហ្វ៊ុនស៊ិនប៉ិច គឺ​ចង់​​ចង​​សម្ព័ន្ធភាព​ជា​​មួយ​​​គណបក្ស​​ប្រជាជន​កម្ពុជា ដោយសារ​តែមិនមាន​​គោលដៅ​​ដើម្បី​​​ផ្លាស់ប្តូរ​រដ្ឋាភិបាល ក៏ប៉ុន្តែ​​គណបក្ស​មួយនេះ​ នឹ​ង​កាន់​តែ​​មាន​​​អានុភាព​ចំពោះ​​ការពួតដៃ​គ្នានា​ពេល​អនាគត។ ​ការរួម​​បញ្ចូល​​​ជា​គណបក្ស​តែ​មួយ​​ ដែល​​បាន​​​កើតមាន​ឡើង​​បន្ទាប់ពី​​សម្តេច​ក្រុម​ព្រះ នរោត្តម ​រណឫទ្ធិ ​បាន​​ប្រកាស​​​ដំណឹង​ជា​សាធារណៈ​ក្នុងខែ​​សីហា ឆ្នាំ​២០១២ ថា លាលែង​​ឋានៈ​ជា​​ប្រធាន​គណបក្ស​​ នរោត្ត មរណឫទ្ធិ និង​​​មិនធ្វើ​នយោបាយ​ទៀត។

​យ៉ាងណាមិញ លទ្ធផល​នៃ​ការបោះឆ្នោត​​ជ្រើសរើស​​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ នឹង​ជៈឥទ្ធិពល​​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី ៥ ​ឆ្នាំ​២០១៣។ ផ្អែក​លើ​​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​​​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ចំពោះ​​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាង​រាស្រ្ត​​ឆ្នាំ​២០១៣​ខាងមុខ​​នេះវិញ នឹង​មិនមាន​ការផ្លាស់​ប្តូ​រ​ធំ​ដុំ​ ក្រៅ​តែ​ពី​គណបក្ស​​ប្រជាជន​កម្ពុជា និង​គណបក្ស​ជំទាស់​​នោះ​ទេ។ ក្នុងករណី​ដែល​​​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​​សិទ្ធិមនុស្ស​បាន​​រួមបញ្ចូល​គ្នា​​ប្រកប​ដោយ​ជោគជ័យ ពួក​គេ​អាច​ទទួលបាន​​សម្លេង​ឆ្នោត​កើន​ឡើង​​ដល់​ទៅ​​ ៣០ភាគរយ​នៃ​​សន្លឹក​ឆ្នោត ហើយ​​​អាច​​កើនឡើង​​នៃ​ចំនួន​អាសនៈ​ដល់ ៣៦ អាសនៈ (ក្នុង​ឆ្នាំ​​២០០៨ ទទួល​​បាន ២៩ អាសនៈ)។ ​នៅ​​ពេល​បច្ចុប្បន្ននេះ​​​គណបក្ស​ សម រង្ស៊ី កាន់​កាប់​​ចំនួន​​អាសនៈ​តែ ២៦ អាសនៈ (២២ ភាគរយ​នៃ​សន្លឹក​​ឆ្នោតសរុប) ហើយ​​គណបក្ស​​សិទ្ធិ​មនុស្ស កាន់​កាប់​ចំនួន ៣​ ​អាសនៈ (៦ ភាគរយ នៃ​​សន្លឹក​ឆ្នោត) ​នៅក្នុង​សភា។ នៅពេល​ដែល​ គណបក្ស​​សិទ្ធិ​ម​នុស្ស បានកើន​ឡើង​នូវ​សម្លេងឆ្នោត​​សរុប នៅក្នុង​ការបោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ២០១២ ដល់​ទៅ ១០ភាគរយ បើ​​ប្រៀបធៀប​ទៅនឹង​​ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្រ្ត។​ ទោះបីជា​យ៉ាងណា​ គណបក្ស​ប្រជាជន​កម្ពុជា អាច​រក្សា​សន្លឹក​ឆ្នោត​ដដែល​ ប៉ុន្តែ​អាច​នឹង​បាត់​បង់​អាសនៈ​ខ្លះ​ទៅ​គណបក្ស​ដទៃ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ឆ្នាំ២០១៣ ដែល​ក្នុង​នោះ​គណបក្សប្រជាជន​កម្ពុជា​អាចនឹង​ទទួល​បានត្រឹម ៨៦អាសនៈ ជំនួស​ឱ្យ​ ៩០អាសនៈ​ដែល​បាន​ឈ្នះនៅក្នុង​​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ឆ្នាំ២០០៨។

ផ្ទុយ​ទៅវិញ​​ ក្នុងករណី​ដែល​​គណបក្ស​ សម រង្ស៊ី និង​​គណបក្ស​សិទ្ធិ​មនុស្ស​បរាជ័យ​​ក្នុងការ​​រួបរួម​​គ្នា នោះ​​គណបក្ស​ សម រង្ស៊ី អាចនឹង​បាត់បង់​​អាសនៈសភា​ ទៅឱ្យ​​គណបក្ស​​​សិទ្ធិមនុស្ស និងគណបក្ស​ប្រជាជនកម្ពុជា   ខណៈ​ពេល​ដែល​​គណបក្ស​សិទ្ធិ​មនុស្ស​អាច​កើន​ឡើង​នូវ​​សម្លេងឆ្នោត​ប្រហែល​ជា ៤ភាគរយ បើ​​ប្រៀបធៀប​​ទៅនឹង​ការបោះឆ្នោត​​ជ្រើស​តាំង​តំណាងរាស្រ្ត​ឆ្នាំ២០០៨ ផង​ដែរ។​ លទ្ធផល​នៃ​ការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​បាន​​បង្ហាញ​ថា គណបក្ស​ សម រង្ស៊ី បាន​​បាត់បង់​សម្លេងឆ្នោត។ ចំនួន​អាសនៈ​​របស់​គណបក្ស​​សមរង្ស៊ី នឹង​មាន​ការ​ថយ​ចុះ​ទៅឱ្យ​​គណបក្ស​​សិទ្ធិមនុស្ស និង​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​អាច​នឹង​ទទួល​បាន ២​អាសនៈ​ បន្ថែមទៀត​ ក្នុង​គណបក្ស​និមួយៗទៅ​លើ​​អាសនៈ​ដែលមាន​នៅក្នុង​​រដ្ឋសភា​បច្ចុប្បន្ន។​

គណបក្ស​​ជាតិ​និយម​ និង​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច ​នឹង​​មិនរំពឹង​​​ថា​​ ទទួលបាន​​នូវការ​​កើនឡើង​​ធំដុំទេ​ បើ​​ផ្តោតលើ​​លទ្ធផល​​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយ​​​គណបក្ស​​ទាំងពីរ​នេះ​អាចរក្សា​បាន​​អាសនៈ២ ខណៈ​ដែល​​​បាត់បង់​​អាសនៈ​របស់​ខ្លួន​បច្ចុប្បន្ន​ដល់​ទៅ​ ២អាសនៈ​នៅ​ក្នុង​​​សភា (អាសនៈ​​របស់​គណបក្ស​ទាំងពីរ​នេះ​មាន ៤អាសនៈ ក្នុង​​ឆ្នាំ​២០០៨)។ សម្លេង​ឆ្នោត​របស់​ពួកគេ​​បាន​ថយ​ចុះ​គួរឱ្យ​​កត់​សម្គាល់​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ​យ៉ាងណា​ក៏ដោយ ចំពោះការ​ស្មានទុក​ជាមុន​​នៃ​ទិន្នផល​​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោតជ្រើស​តាំងតំណាង​រាស្រ្ត​ឆ្នាំ​២០១៣​ទាំងនេះ​មិនអាច​​ផ្តល់​ជា​ការទទួល​​យកបាន​ ចាប់តាំង​ពី​គំរូភាព​​​នៃ​​អ្នក​បោះ​ឆ្នោត​​ដែលអាច​នឹង​​​​មានភាព​ខុសគ្នា​​នៅ​កំឡុង​ពេល​បោះ​ឆ្នោត​​សភា។ ការ​ចាប់អារម្មណ៍​របស់​​អ្នកបោះ​ឆ្នោត​​ក្នុងការ​បោះឆ្នោតឱ្យ​គណបក្សនយោបាយនៅក្នុងការដឹកនាំក្រុមប្រឹក្សាឃុំ-សង្កាត់​ខុស​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​គណបក្ស​ជា​អ្នក​តំណាង​រាស្រ្ត។

​លទ្ធផល​ការ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធ​សភាអាណត្តិ​ក្រោយ និង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ ​​(ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​) អាច​ត្រូ​វបាន​គណនា​ចេញពី​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ និង​​សមាជិក​សភា​តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​ដែលជា​អង្គ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។ វិន័យ​របស់​គណបក្ស​នយោបាយ​​​គឺមានភាព​តឹងរឹង​សំរាប់​​គណបក្ស​នយោបាយ​​ក្នុង​​ប្រទេសកម្ពុជា ហើយ​​វាអាច​ត្រូវបានគេ​រំពឹងទុកថា អង្គបោះឆ្នោត​នឹងត្រូវ​បាន​ធ្វើឡើង​តាមបញ្ជា​របស់គណបក្ស​។ បេក្ខ​ជន​​​ឯករាជ្យ គឺ​មិន​ត្រូវបាន​​​​អនុញ្ញត​នៅក្នុ​ង​​​ការបោះឆ្នោត​​នេះទេ។ ហេតុ​ដូច្នេះហើយ ពឹង​ផ្អែក​ទៅលើ​​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ឆ្នាំ២០១២ និង​សន្មត់ថា​​ ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​​​កាន់កាប់​​អាសនៈ​នៅក្នុង​សភារបស់​ខ្លួន​សម្រាប់​ឆ្នាំ២០១៣​មាន​ចំនួន​ថយ​ចុះ ២អាសនៈ ដែលក្នុងនោះ​ថយ​ពី ៤៦ អាសនៈ មក ៤៤អាសនៈ ឬថយ​មក​ត្រឹម ៨០​ភាគរយ (បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​ច្រើនជាង ៨០​ភាគរយ​ ឬ​​៤៦អាសនៈ នៃចំនួន​អាសនៈ​ព្រឹទ្ធសភា​សរុប ៥៧អាសនៈ) ដែល​នៅ​ក្រោម​ការ​ត្រួតត្រា និង​បន្ត​កាន់​កាប់​ដោយ​​ប្រព័ន្ធ​គណបក្ស​កាន់អំណាច​​តែមួយ។ គណបក្ស​ សម រង្ស៊ី និង/ឬ​គណបក្ស​​សិទ្ធិ​មនុស្ស​អាចនឹង​ទទួល​បាន​ចំនួន​អាសនៈ​ក្នុង​ព្រឹទ្ធសភា​ដែល​កើន​ឡើង​ចំនួន ២អាសនៈ កើន​ពី ១១អាសនៈ ទៅ ១៣អាសនៈ (បច្ចុប្បន្ន គណបក្ស សម រង្ស៊ី និង/ឬ​គណបក្ស​សិទ្ធិ​មនុស្ស​កាន់​កាប់​ប្រមាណ ១៩ភាគរយ​ នៃ​ចំនួន​អាសនៈ​ព្រឹទ្ធ​សភា​សរុប ៥៧អាសនៈ)។ ដូចគ្នាដែរ ​ការ​បោះឆ្នោត​អសកល ក្នុងការ​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុងស្រុក និងខណ្ឌ គណបក្ស​​ប្រជាជន​កម្ពុជា​នឹង​អាច​​ទទួលបាន​ ៧៩​ភាគរយ​នៃ​អាសនៈ​ថ្នាក់​ក្រោម​ជាតិ ខណៈ​ពេល​ដែល​​គណបក្ស សម រង្ស៊ី និង​​គណបក្ស​សិទ្ធិមនុស្ស នឹង​អាច​ទទួលបាន ២១ភាគរយ​នៃ​អាសនៈ​​សរុប​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោមជាតិ។ ​គណបក្ស​ជាតិនិយម ឬ/និងគណបក្សហ្វ៊ុន​ស៊ិនប៉ិច​នឹង​ទទួលបាន​​តិចជាង ​១ភាគរយ​នៃ​​ចំនួនអាសនៈ ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ។ ចំនួនអាសនៈ​សរុប​សំរាប់អាសនៈក្រុមប្រឹក្សា​ថ្នាក់​ក្រោមជាតិ រួមបញ្ចូល​ទាំងក្រុម​ប្រឹក្សារាជធានី/ខេត្ត ក្រុង ស្រុក/ខណ្ឌ​ គឺ​ ៣២៣៥​អាសនៈ ។

សរុប​មកវិញ ​លទ្ធផលបោះ​ឆ្នោតខាងមុខ​អាចមាន​​ការថយចុះ​តិចតួច​របស់គណបក្ស​ប្រជាជន​កម្ពុជាសំរាប់​អាសនៈ​ព្រឹទ្ធសភា ក្រុមប្រឹក្សា​ខេត្ត/ស្រុក/​រាជធានី និង​​សមាជិក​សភា រីឯ​​គណបក្ស​សង្គ្រោះជាតិ (CNRP) ឬគណបក្ស​​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​(ក្នុងករណី​ការរួបរួម​គ្នាបាន​ជោគជ័យ​មុនការ​បោះឆ្នោត) នឹង​មាន​ការកើនឡើង​តិចតួច​ចំនួន​សមាជិក​សភា និង​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ ។ ​ផ្ទុយទៅវិញ គណបក្សហ្វ៊ុនស៊ិនប៉ិច និង​/ឬ​​គណបក្ស​ជាតិនិយម​   ​អាចនឹងបាត់បង់​អាសនៈ​ដ៏ច្រើន​របស់ខ្លួន​សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិទី ៥។ ​ប៉ុន្តែ​​លទ្ធផល​​សន្លឹក​ឆ្នោត​​ខាងមុខ​​ក៏អាច​ប្រែប្រួល​​ខ្លះថែម​ទៀត​ នៅពេល​​​អ្នក​មិនបាន​​បោះឆ្នោត​​នៅឆ្នាំ​​២០១២ និង​អ្នក​​ចុះឈ្មោះ​បោះឆ្នោត​​ថ្មី ប្រមាណ​ ៣លាន ៥សែន នាក់​ ចេញ​មក​​បោះឆ្នោត​ក្នុង​នោះ​​ជាង ៥០% ដែល​​បាត់​បង់​​ទឹកចិត្ត​រឿង​​បញ្ហា​​នយោបាយ។ ការបោះឆ្នោត​​ខាងមុខ អាច​លេច​ចេញ​តែ​​ក្រុម​​គណបក្ស​នយោបាយ​​​ប្រកួត​ប្រជែង​​ពីរ ​លេចធ្លោ គឺ​​គណបក្ស​​ប្រជាជន​កម្ពុជា និង​​គណបក្ស​​ជំទាស់​​ គណបក្ស​​សង្គ្រោះ​ជាតិ។ បរិយាកាស​ និងដំណើរ​​ការ​បោះឆ្នោត​ អាច​នៅ​បន្ត​មាន​​បញ្ហា​មិនទាន់​​សេរី យុត្តិធម៌ និង​​តម្លាភាព​ពេញ​លេញ​​ដដែល។ ភាពជឿជាក់​ និងនីត្យា​នុកូល​ភាព​​នៃ​​លទ្ធផល​​បោះឆ្នោត​លើក​​នេះ ក៏នឹង​ធ្លាក់​ចុះ​​យ៉ាង​ខ្លាំង ដោយ​សារ​គ្មាន​ការ​ចូលរួម​ពេញ​លេញ​ ពី​គណ​បក្ស​ជំទាស់​ក្នុង​ការ​​រៀបចំ​ និងត្រួតពិនិត្យ​​ការ​ជ្រើ​សរើស​​​សមាសភាព​ គ.ជ.ប គ្រប់​​លំដា​ប់​ថ្នាក់ ​មេដឹកនាំ​​គណបក្ស​ជំទាស់​​​មិនអាច​​ឈរ​ឈ្មោះ​​​បោះឆ្នោត និង​​ដឹកនាំ​​​គាំទ្រ​​គណបក្ស​​ខ្លួន​​ក្នុង​ការ​ប្រកួត​​ប្រជែង​​បោះឆ្នោត​នេះ​ផ្ទាល់​​នៅក្នុង​​ប្រទេស​បានទេ៕


[1] តាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១២ បាន​​ត្រាស់​បង្គាប់ តែង​តាំង​​សមាស​ភាព គ.ជ.ប. ចំនួន ៩ រូប រួមមាន​៖ ១- លោក អ៊ឹម សួស្តី ជា​​ប្រធាន ២- លោកស្រី ស៊ីន ជុំបូ ជា​​អនុ​ប្រធាន ៣- លោក ហាវ៉ាណ ស៊ីវិល័យ ជា​​សមាជិក ៤- លោក មាន សាទិ ជា​​សមាជិក ៥- លោក ឯម សូផាត ជា​​សមាជិក ៦- លោក សោម ច័ន្ទឌីណា ជា​​សមាជិក ៧-​លោក ម៉ៅ សុភា​រិទ្ទ ជា​​សមាជិក ៨- លោក ស៊ិន ឌឹ​ម ជា​​សមាជិក និង​៩- លោក សោ សុភ​រី ជា​សមាជិក។