ប្រសិនបើ​សួរខ្ញុំថា សារណាម៉ាស្ទ័រម៉េចហើយ ?

ខ្ញុំនឹង​តបថា “ចប់ប៉ារោយ ! ខ្ញុំ​​ប្រហែល​ជា ត្រូវ​ព្យួរសារណា ហើយ​​លើកយក​​ទៅ​​ដាក់​នៅ​ឆ្នាំ​ក្រោយវិ​ញ… ព្រោះ​មិន​ទាន់​មាន​​ចំណេះ​ដឹង​ និងសមត្ថភាព​គ្រប់​​គ្រាន់​ដើម្បី​​បញ្ចប់​​សារណា​ឡើយ។ ដំបូង​​សង្ឃឹម​ថា មាន​គ្រូណែនាំ​​ជួយ ​ទើប​ខ្ញុំ​សម្លឹង​មើលគ្រូ​ណែនាំ​ដែល​ពូកែ​រៀបចំប្លង់… ដឹងអី ដើរខុសមួយក្បាច់​ប្រកាច់ស្អាត…។ គ្រូណែនាំ គាត់ថា គាត់​​ជា​អ្នក​ដាក់​ពិន្ទុលើ​​កិច្ចការស​រ​សេរ​របស់​ខ្ញុំ ទើបមិនអាច​អន្តរាគមន៍ លើការគំនិត និងរបៀប​សសេរបាន។ អរគុណដែរ ដែល​គាត់បាន ជួយចេញប្លង់មួយឱ្យ តែខ្ញុំ​ត្រូវ​ខកចិត្ត​​មិនស្ទើរ​ទេ​​ដែល​​​ខំ​​សរសេរ​​អស់​​​រាប់​​សប្តាហ៍ រួច​​ផ្ញើ​​ឱ្យ​​គាត់​​ជួយ​ពិនិត្យ…. គាត់​​វាចារ​ត្រឡប់​មក​វិញ លើ ៥ចំណុច ដោយគ្រាន់​តែកែ​ប្រែ​ពាក្យ​ “ប្រយោជន៍” ទៅជា “ប្រភព” ក្នុងប្លង់​របស់​គាត់ គឺចប់។ ឃើញ​វាចារ​ហើយ ចង់ដួលផ្ងារ ធ្វើឱ្យ​​ខ្ញុំ​​គ្មាន​​សង្ឃឹម​​នឹង​​បញ្ចប់​​ទាន់​​​ពេល​ (ថ្ងៃ​ទី​១៩ ខែ​តុលា) ទេ ទោះ​បី​ជា ខាង​សាលា​​បាន​ពន្យា​​ពេល​​​មួយ​​សប្តាហ៍​​ទើប​​​សម្រាប់​បញ្ជូន​របាយ​ការណ៍។​ ខំតែសង្ឃឹមថា ពេលផ្ញើជូន​គ្រូណែនាំ នឹង​ទទួលបាន តម្រុយខ្លះ​មកវិញ ដូចជាមាត្រាយោង ការកែសម្រួលពាក្យ​ពេចន៍​​ត្រង់ផ្នែកខ្លះ ផ្តល់គំនិត​ដែល​អាចរកបន្ថែមបាន​ពី​សៀវភៅណាមួយ… ដឹងអី

 

នេះវាចារ​គ្រូណែនាំ​របស់ខ្ញុំ….

  1. ខ្លឹម​​សារ​​ទូ​ទៅ អាច​​ទទួល​​យក​​បាន ប៉ុន្តែ​​​នៅ​​មាន​​ចំនុច​​ត្រូវ​​កែ​​សម្រួល​​ច្រើន​។ គួរ​​ពិនិត្យ និង​​កែ​​តម្រូវ​​ឡើង​​វិញ​ចំនុច​​មួយ​​ចំនួន ដែល​​សរសេរ​​ខ្លី​​ជ្រុល ខ្វះ​​ការ​​ពន្យល់ និង​​វិភាគ នៅ​​ពេល​​ដែល​​ការ​​ប្រកាស​​ប្លង់​​នៅ​​តាម​​ផ្នែក ឬ​នៅ​តាម​​កថា​​ខណ្ឌ​​បែរ​​ជា​​វែង​​ទៅ​​វិញ។
  2. ពិ​និត្យ និង​​រៀប​​​ឃ្លា​​ឡើង​​វិញ ជា​​ពិសេស​​ចំនុច​​ដែល High​light ព្រោះ​​កន្លែង​​ខ្លះ​​មិន​​ច្បាស់ សរសេរ​​ផ្ទុយ​ និង​​មើល​មិន​​យល់។
  3. ត្រូវ​​ប្រយ័ត្ន និង​​ពិនិត្យ​​ឡើង​​វិញ​​ការ​​ប្រើ​​ប្រាស់​​ពាក្យ​​ពេជន៍​ ​ឃ្លា ពិសេស​​ពាក្យ​​បច្ចេកទេស។ នៅ​​ពេល​​ខ្លះ ការ​​លេង​ពាក្យ​​ពេក​​​ពេជន នាំ​​ឲ្យ​​ពិបាក​​យល់ និង​​អាន​​ទៅ​​មាន​​លក្ខណៈ​​ឆ្គង។
  4. ការ​យោង​លើ​មាត្រា​នៃ​ច្បាប់​ពិសេស​មួយ​ចំនួន​​ដូចជា  ច្បាប់​អាពាហ៍​ពិពាហ៍ និង​គ្រួសារ ច្បាប់​ភូមិបាល​ជាដើម គួរ​ផ្ទៀង​ជាមួយ​ច្បាប់​អនុវត្ត​ក្រម ថា​តើ​មាត្រា​ដែល​បាន​យោង ត្រូវ​បាន​និរាករណ៍​ដែរ ឬទេ បើ​ត្រូវ​បាន​និរាកណ៍ ឬ​នៅ​មាន​អានុភាព​អនុវត្ត​តែ​ផ្ទុយ​​ពី​ច្បាប់​ថ្មី គួរ​មាន​បញ្ជាក់​ប្រាប់។
  5. ៣៥ ទំព័រ សម្រាប់​ទាំង​របាយការណ៍ និង​សារណា​គឺ ដូចជា​ខ្លី បើអាច​គួររ​ក​គំនិត និង​ការ​បកស្រាយ​បន្ថែម។

 

ប្រហែលជាមកពី គ្រូណែនាំ មានចរិតខុសគ្នា ឬទទួលបានការណែនាំ​​ពីសាលា​ខុសគ្នា… គ្រូណែនាំសិស្សរួម​ថ្នាក់ខ្ញុំ​ខ្លះ មាន​ជួយ​កែពាក្យច្បាប់ ​​ណែនាំ​សៀវភៅ​ និងចំណុចត្រូវយោង… បែបនេះ មាន​តែ ត្រូវព្យួរមែនទែនហើយ !

ប្រហែលជា អាចមិនព្យួរទេ ព្រោះ​​គ្រូកាន់​កម្មវិធីសិក្សា​​​នៅ​សាលា​​​បាន​​បញ្ជាក់ថា បើ​ចង់ពន្យា​​ត្រូវ​ បង់ប្រាក់ មួយឆ្នាំ​ដើម្បី អាច​ដាក់សារណា​ឆ្នាំក្រោយបានទៀត។ មួយឆ្នាំ​ ១០០០ (មួយពាន់) ដុល្លារ ជាតម្លៃថ្មី !!!

ប្រសិនបើ​អ្នកជាខ្ញុំ​វិញ គួរធ្វើយ៉ាងណា? ;-(