The Expose ៖ លោក James Holmes អាយុ​ ២៤ឆ្នាំ បេក្ខជនថ្នាក់​ បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​ប្រសាទ នៃ​សាកល​វិទ្យាល័យ​ខូឡូរ៉ាដូ សហរដ្ឋអាមេរិច  (the University of Colorado, School of Medicine) ត្រូវបានកំណត់​ អត្តសញ្ញាណដោយ​ មន្រ្តីអនុវត្តច្បាប់ ថាជា ជនសង្ស័យម្នាក់ ដែលបាន​ បាញ់ប្រហារ​ អំឡុងពេល​ កំពុងបញ្ចាំង ភាពយន្តរឿង “The Dark Knight Rises  ឬមនុស្សប្រជៀវ” នៅ​ក្រុងអ៊ូរ៉ូរ៉ា រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។ 

(រូបភាព ៖ សាកលវិទ្យាល័យ ខូឡូរ៉ាដូ) លោក James Holmes អាយុ ២៤ឆ្នាំ ជនសង្ស័យ ក្នុងអំពីខឹងច្រឡោត​មួយ បណ្តាលឱ្យ​មនុស្សស្លាប់ ១២នាក់

តាមរបាយការណ៍ប៉ូលីស ប្រាប់អ្នកសារព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា នេះ ក្រោយ ខ្សែភាពយន្ត រឿងមនុស្សប្រជៀវ ត្រូវបាន​ដាក់សម្ពោធ ក្នងរោងភាពយន្ត the Century Aurora 16 multiplex បានប្រមាណ ២០នាទី ជន​សង្ស័យ​រូបនេះ បានសម្រុកចូល ទៅ​បាញ់​រះលើ អ្នកទស្សនា ហើយ ប​ង្កឱ្យ មានមនុស្សចំនួន​ ១២នាក់ បាន​ស្លាប់​បាត់​បង់ជីវិត និង ៥៨នាក់ ផ្សេងទៀត រងរបួស។ គិតត្រឹម ថ្ងៃអាទិត្យម្សិលម៉ិញ យ៉ាងហោចណាស់ មាន​ជនរងគ្រោះ ប្រមាណ ១៧ នាក់ នៅតែ កំពុងសម្រាកព្យាបាល នៅក្នុង មន្ទីរពេទ្យ ផ្សេងគ្នា ចំនួន ៥ ក្នុងតំបន់​ ខណៈដែល ៨នាក់ ក្នុងចំណោមនោះ កំពុង ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

ជនរងគ្រោះ អាចនឹង​មាន​ចំនួន​ច្រើនជាងនេះ ប្រសិនបើ កាំភ្លើង ដែលបានបាញ់នោះ មិនបាន​ជាប់គាំងទេ។ អ្នករស់រាន្តមានជីវិត​ ពីព្រឹត្តិការណ៍ បាញ់ប្រ ហារនេះ ម្នាក់ លោក Josh Nowlan  បាន​និយាយ កាលពីថ្ងៃសៅរ៍ថា គាត់​អាច មិនមានជីវិត រស់នៅទេ ប្រសិនបើ កាំភ្លើង​របស់ ​ជនសង្ស័យ មិនបាន​ជាប់គាំង។ កាំភ្លើងដែលបាន គាំង ជាកាំភ្លើងមួយ ក្នុងចំណោមកាំភ្លើងទាំង ៤ របស់ ជនសង្ស័យ។

កាំភ្លើង Semi-Automatic Rifle ដែលបានប្រើប្រាស់​ក្នុងការបាញ់ប្រហារ អ្នកទស្សនា ភាពយន្ត មនុស្សប្រជៀវ នៅ រដ្ឋ ខូរ៉ូឡាដូ

២៤ ម៉ោង ក្រោយមក អភិបាលរដ្ឋ អភិបាលក្រុង មន្រ្តីប៉ួលីស មន្រ្តីអ៊ែសប៊ីអ៊ាយ ប្រចាំ រដ្ឋ ​រដ្ឋ​កូឡូរ៉ាដូ បាន​ថ្លែងសារទុក្ខ និង​ប្រកាសព័ត៌មាន ក្នុងសន្និសីទ​សារព័ត៌មាន ជាសាធារណៈមួយ ចំពោះ​ ​ព្រឹត្តិការណ៍ ខឹងច្រឡោត ​ដោយ ប្រើ​ហិង្សាមួយនេះ ដោយមាន​ ការផ្សាយ​បន្តផ្ទាល់តាមរយៈ ទូរទស្សន៍ ស៊ីអិនអិន និងប៊ីប៊ីស៊ី​។ ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក ​បារ៉ាក់​ អូបាម៉ា​ បាន​​​ធ្វើ​ដំណើរ ​ទៅ ​រដ្ឋ​កូឡូរ៉ាដូ​ នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ថ្លែង មរណៈទុក្ខ ចំពោះ ក្រុមគ្រួសារ ជនរងគ្រោះផងដែរ។

“ខ្ញុំសារភាពថា ពាក្យ​ពេចន៍ទាំងឡាយ មិនអាចគ្រប់គ្រាន់​ នៅក្នុងស្ថានភាព​បែបនេះទេ តែ​ នោះជា កិច្ចការ​ចំបង​របស់ខ្ញុំ ដើម្បី​ធ្វើការបម្រើ​ ក្នុងនាមជា អ្នកតំណាង​ឱ្យ ប្រទេសជាតិ​ទាំងមូល និង​ចង់ឱ្យ ពួកគេ ដឹងថា យើងកំពុង​តែ​គិត អំពី​សុខទុក្ខពួកគេ នៅវេលា នេះ ហើយ​នឹង​បន្ត​ គិត​អំពី ពួកគេផ្សេងទៀត រៀងរាល់ថ្ងៃ” លោក អ៊ូប៉ាម៉ា បាន​ថ្លែង។

ទោះបីជា ជនសង្ស័យ James Holmes  នឹងត្រូវបង្ហាញខ្លួន នៅចំពោះ​ មុខតុលាការ នៅថ្ងៃច័ន្ទ នេះក៏ដោយ តែ​មកទល់នឹង វេលានេះ មិនទាន់មាន ប្រភពព័ត៌មាន ផ្លូវការណាមួយ ហ៊ានអះអាង ពីមូលហេតុ ពិតប្រាកដ នៅពីក្រោយ ការក្រោតយ៉ាងខ្លាំងក្លានេះ នៅឡើយទេ ដោយសារ ប៉ូលីសបាន ប្រាប់ឱ្យដឹងថា James Holmesមិនព្រមសហការណ៍ជាមួយនឹង ប៉ូលីស។

ពិធិកាន់ទុក្ខ ដល់​ជនរងគ្រោះ ក្នុងការបាញ់ប្រហារ នៅរោងកុន មួយ នៅរដ្ឋខូឡូរ៉ាដូ