តាមប្រកាស​របស់​ ក្រសួងអប់រំ​យុវជន និងកីឡា បាន​តម្រូវឱ្យ គ្រឹះស្ថាន​អប់រំកម្ពុជា ចាប់ថ្នាក់មតេយ្យ និង​បឋមសិក្សា ត្រូវ​បិទទ្វា​ សម្រាក​វិស្សមកាល ចាប់ពីថ្ងៃ​នេះតទៅ។ នៅល្ងាចថ្ងៃទី​១៨ ខែកក្កដា នេះ សាលារៀនសាធារណៈ និងឯកជន ជាច្រើន បាន​ បង្ហាញ​ការ​គោរព សេចក្តីណែនាំនេះ ហើយបាន​បញ្ចូន​សិស្សតូចៗ ទៅផ្ទះជាបន្ទាន់ និងបន្តបន្ទាប់ ក្រោយពី​បាន ​ទទួល ​សេចក្តីប្រកាស​ព័ត៌មាន​។

បណ្តាញសារព័ត៌មាន​ ក្នុងស្រុកជាច្រើន បានជួយ ​ផ្សព្វផ្សាយ ​ពេញផ្ទៃប្រទេស ពី​វិស្សមកា​​ល មុន​កាល​កំណត់​ របស់ សាលាមតេយ្យ និង​ សាលា​បឋម​សិក្សា ដោយយោង សេចក្តី ប្រកាសព័ត៌មាន របស់ ក្រសួងអប់រំ យុវជន និងកីឡា មួយ។ សេចក្តីប្រកាស ក្រោមចំណារ ហត្ថលេខា របស់ ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​ស្តីពី ការបញ្ឈប់​ដំណើរ ការ​សិក្សា ​ដំណាច់ ឆ្នាំ​២០១១-២០១២ ចុះ​ថ្ងៃ​ទី​១៧ ​ខែកក្កដា ឆ្នាំ​២០១២ បានបង្ហាញ​ថា ស្របតាម​ខ្លឹមសារ​សេចក្តីណែនាំ លេខ ២១ អយ​ក​-​ស​ណន ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១ ស្តី​ពី​ ដំណើរ​គ្រឹះស្ថាន​បឋម​សិក្សា និង​មត្តេយ្យសិក្សា មហា​វិស្សមកាល នឹង​ត្រូវ​ឈប់​សម្រាក ចាប់ពី​ថ្ងៃ​ទី​៣១ ខែកក្កដា នៃ​ឆ្នាំ​សិក្សា​នីមួយៗ​។ ដោយឡែក​ក្នុង​ឆ្នាំ​សិក្សា ២០១១-២០១២ នេះ ទាំង​សាលាបឋមសិក្សា និង​មត្តេយ្យសិក្សា ត្រូវ​អនុញ្ញាត​ ឲ្យ​ ឈប់​សម្រាក ​មហា​វិស្សមកាល ចាប់ពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ តទៅ​។​​ ​ប្រកាសនេះ ធ្វើឡើង​យោង​តាម ​ចំណារ​របស់ លោក​នាយក​រដ្ឋមន្ត្រី នៃ ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២​ ហើយ តម្រូវឲ្យ​ប្រធាន​មន្ទីរ​អប់រំ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ បាន​ទូលំទូលាយ និង​ជា​បន្ទាន់ ដល់​គ្រប់​គ្រឹះ ស្ថាន ​សិក្សា​សាធារណៈ និង​ឯកជន​។​

ទោះបីជា សេចក្តីប្រកាស​មិនបាន​យក​មូលហេតុ នៃការឆ្លងជម្ងឺ ប្រភេទថ្មី ឈ្មោះមេរោគ EV-71 ដែលបានកើតមាននៅកម្ពុជា ទើបក្រសួង​ អនុញ្ញាតឱ្យមាន​​វិស្សមកាលមុនកំណត់ ក៏ដោយ ក៏ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ ជឿជាក់ថា វត្តមាន មេរោគ​ អ៊ីវី – 71 ឬ មេរោគ​ដែល​កើត​នៅលើ​ដៃ ជើង និងមាត់ (ប្រទេសថៃ ហៅដូច្នេះ hand, foot, and mouth disease –  HFMD) ទើបជា មូលហេតុពិតប្រាកដ​។

The Nation Pic : Action in Thai School Protection Against EV-71 or HFMD

ក្រសួងសុខាភិបាលកម្ពុជា បាន​ជូនដំណឹង (ថ្ងៃទី៨ កក្កដា ២០១២) ថា គិតចាប់ពីដើមឆ្នាំ២០១២ រហូតមកដល់ខែកក្កដានេះ មានកុមារកម្ពុជា ៦៦ នាក់​បាន​ឆ្លងជម្ងឺដោយមេរោគ EV-71 ហើយមានត្រឹម​​កុមារ ៥៩នាក់ បានស្លាប់។ ក្រសួង​សុខភាពសាធារណៈ របស់​​ប្រទេសថៃ​ បាន​ជូន​ដំណឹងថា មានពលរដ្ឋ ថៃ ប្រមាណ 12,581 នាក់ ឆ្លងជម្ងឺនេះ តែមិនទាន់មាន​អ្នកស្លាប់នៅឡើយទេ។ ប្រទេសថៃ មិនបាន​ប្រកាស​ បិទសាលារៀន​ជា សាធារណៈ​ដូចកម្ពុជាទេ តែ​សារព័ត៌មាន The Nation របស់ថៃ​ បានផ្សាយកាលពីព្រឹកម៉ិញថា យ៉ាងហោចណាស់ មានសាលារៀន ២៩ បាន​បិទទ្វា នៅក្នុងទីក្រុង​បាងកក។

គួរចាប់អារម្មណ៍ថា នៅប្រទេស ថៃ បាន​បើក​យុទ្ធនាការ​ ការពារជម្ងឺកើតលើ​ដៃ​មាត់ជើងនេះ ពេញផ្ទៃប្រទេស តាម​រូបភាព ធ្វើ​អនាម័យនៅតាម​សាលារៀន អប់រំណែនាំ ពីវិធីរក្សាអនាម័យ តាមសាលារៀន​បឋមសិក្សា និងមតេយ្យសិក្សា ផ្តល់សេវាពិនិត្យ​សុខភាព​ពលរដ្ឋដែល​មាន​រោគសញ្ញាសង្ស័យ ទើប មិនទាន់មាន​តួលេខ​អ្នកស្លាប់ ទោះបី អ្នកឆ្លងមាន​រហូតដល់ ជាង​ មួយម៉ឺននាក់។ ការពិនិត្យរោគសញ្ញា របស់ប្រទេសថៃ បាន​ធ្វើចាប់ពីព្រំដែន កម្ពុជា ហើយ​ពលរដ្ឋកម្ពុជា ក៏ត្រូវបាន ទទួលសេវាកម្ម​ ពិនិត្យ និងព្យាបាល​ ជម្ងឺ អ៊ីវ៉ី -៧១ នេះផងដែរ។ ចុះកម្ពុជាវិញ !? មានការផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ​ពី​ វត្តមាន​ជម្ងឺថ្មីនេះ នៅកម្ពុជា រោគសញ្ញាទូទៅនៃ ជម្ងឺ លេខ​ទំនាក់ទំនង ។ល។ សកម្មភាព​អប់រំ ការពារ ៖ មិនទាន់អាច​បំពេញបាន ! (បើ​ដឹង​សូមជួយប្រាប់ផង…)

ព័ត៌មានទាក់ទង