Sopheak SREY : តាមព័ត៌មាន របស់ ទូរទស្សន៍ ប៉ុស្តិ៍ លេខ ៧ ប្រទេសថៃ ដែលបានផ្សាយ កាលពីព្រឹកម៉ិញ បាន បង្ហាញនូវ រូបភាព សកម្មភាព អាជ្ញាធរថៃ បង្កើន ការត្រួតពិនិត្យ រាល់ កុមារ ដែលចូលក្នុង ទឹកដីថៃ តាមច្រកព្រំដែន កម្ពុជា ថៃ ប៉ោយប៉ែត។  អាជ្ញាធរថៃ ដែលប្រចាំការនៅ ព្រំដែន បានព្យាយាម ឃាត់ រាល់ រថយន្ត ដែលចូលទៅ ទឹកដី ថៃ ហើយស្វែងរក កុមារ ដើម្បី វាស់ស្ទង់ ជាមួយ នឹង ឧបករណ៍ ពិនិត្យ មើលភ្នែក ស្ទង់កម្តៅមើល បាតដៃ…។ កម្មករខ្មែរ ដែលត្រូវ ដឹកជញ្ជូន ទំនិញ ឬទៅ បេះពោត ក៏ត្រូវ អាជ្ញាធរថៃ ត្រួតពិនិត្យ និងបាញ់ ថ្នាំ លាងដៃ មុនពេល ចូលដីថៃ ដូចគ្នា។ សម្រាប់អ្នកដំណើរ ទូទៅ អាជ្ញាធរថៃ មិនសូវជា ត្រួតពិនិត្យ ដោយហ្មតចត់ គ្រប់ៗគ្នាទេ…

ឡូហ្គូ របស់ ទូរទស្សន៍ ប៉ុស្តិ៍ លេខ ៧ ថៃ

ប្រភព ព័ត៌មាន ដដែល បានបង្ហាញថា សាលារៀន បឋមសិក្សា និងមតេយ្យសិក្សា មួយចំនួន ក្នុងខេត្ត ជាប់ព្រំដែន ប្រទេសកម្ពុជា កំពុងផ្សព្វផ្សាយ អប់រំ ពីការថែទាំ សុខភាព និង អនាម័យ ដល់ កុមារ យ៉ាង សស្រាក់សស្រាំ។ មាន សាលាមួយ ចំនួន បានបិទទ្វាសម្រាក ជាងមួយ សប្តាហ៍ មកហើយ…  យុទ្ធនាការនេះ  ជាការការពារ ជម្ងឺចម្លែក មួយ ដែលត្រូវបាន គេផ្តល់ឈ្មោះថា អ៊ីវ៉ី ៧១ (EV-71) ហើយកំពុង តែមាន វត្តមាន នៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា មិនទាន់មាន ចំណាត់ការអប់រំ ដើម្បី ការពារ និងទប់ស្កាត់ ជម្ងឺនេះ ក្នុងទ្រង់ទ្រាយ ថ្នាក់ជាតិ នៅឡើយទេ។

អង្គការសុខភាពពិភពលោក  អះអាងស្រដៀងគ្នាថា ជំងឺចម្លែក ដែលបានសម្លាប់ ក្មេងជាច្រើននាក់ នោះ ត្រូវបានគេកំណត់ថា បណ្ដាលមក ពី មេរោគម្យ៉ាង ឈ្មោះ Enterovirus-71 (EV-71) ។ ជំងឺពង ដៃជើង និង មាត់ របស់ កុមារដែល បង្កដោយ មេរោគ EV-71 អាចចម្លង ទៅអ្នកដទៃ ខ្លាំងបំផុត នៅអំឡុង សប្ដាហ៍ទី១ តាម សារធាតុរាវ ដូចជា ទឹកមាត់ កំហាក សំបោរ ទឹករងៃ ចេញពី ដំបៅ ឬពងបែក និង លាមក ជាដើម។ រោគសញ្ញា ដំបូង នៃជំងឺនេះ គឺពងបែកដៃជើង និងមាត់ ជាទូទៅចាប់ផ្ដើម ឡើងដោយមាន អាការៈក្ដៅខ្លួនខ្លាំង ទទួលទានអាហារ មិនបាន អស់កម្លាំង និងឈឺបំពង់ក។ ស្បែកចាប់ផ្ដើម មានកន្ទួល រមាស់ឡើង ស្នាមក្រហម អុចៗ លើដៃជើង និង លើគូទ ជាដើម។ ចំណែក រោគសញ្ញា ធ្ងន់ធ្ងរ នៃជំងឺនេះ មានដូចជា ពិបាក ដកដង្ហើម សន្លឹម ទន់អវយវៈ និងប្រកាច់ ជាដើម។ សំរាប់ព័ត៌មាន បន្ថែមអំពី ជំងឺនេះ សូមទាក់ទង ទូរស័ព្ទទាន់ ហេតុការណ៍ ១១៥ ឥតគិតថ្លៃ ឬទូរស័ព្ទលេខ ០១២ ៤៨៨ ៩៨១ ឬ ០៨៩ ៦៦៩ ៥៦៧

សូមបញ្ជាក់ថា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២ ក្រសួង សុខាភិបាលកម្ពុជា និងអង្គការ សុខភាពពិភពលោក បានប្រកាស លទ្ធផល ស្រាវជ្រាវ នៃ មូលហេតុស្លាប់ របស់កុមារ ចំនួន ៥២នាក់ ក្នុងចំណោម កុមារឈឺ ៥៩នាក់ មិនមែន ស្លាប់ ៦៤នាក់ ក្នុងចំណោម ៦៦នាក់ ដែលបាន ចេញផ្សាយពីមុន របស់ភ្នាក់ងារ ព័ត៌មានមួយ ចំនួននោះឡើយ។ គេធ្លាប់ឃើញមាន កើតជម្ងឺអ៊ីវ៉ី ៧១ នេះ នៅវៀតណាម (Vietnam) នៅចិន (China) សាំងហ្គាពួរ (Singapore) កូរ៉េ (Korea) គេច្រើន គឺរាប់ម៉ឺនករណី។