នាឡិកាឌីជីតាល់ របស់ខ្ញុំ បង្ហាញជាលេខ 10:40 PM ហើយ… ខ្ញុំហាក់មិនទាន់ងងុយគេងសោះ ដៃស្តាំរបស់ខ្ញុំ ខំស្រវ៉ា ទាញយក ទូរស័ព្ទដៃ Iphone 4S (ឆ្លៀតអួតបន្តិច) ហើយភ្ជាប់អ៊ីនធើណែត ដើម្បី ចូលមើល ប្លុក អ្នកភូមិ វ៉ដប្រែស ដទៃទៀត គ្រាន់បាន វាចារ សាសង…

ដើរមើលតាមតំណរភ្ជាប់ ពីមួយទៅមួយ ខ្ញុំសង្កេតឃើញថា អ្នកភូមិ ជាច្រើន បានចុះចោល ផ្ទះ របស់គាត់ (ទំនង ជាទុកចោល រាប់ខែមកហើយ) ជាហេតុនាំអោយ មាន ធូលី ដីហ៊ុយ ឡើងទ្រលោម ក្រោមផ្ទះ និងមាត់របង…

ផ្ទះចុង ក្រោយម៉ិញ បញ្ចេញមតិ ដែលលាក់ទុកក្នុងទ្រូង ជាយូរមកហើយ (តាំងពីថ្ងៃទី ២៧ កក្កដា ២០១១) ថា ភូមិវ៉ដប្រែស លែងមានសេចក្តី សុខ និងស្ងប់ស្ងាត់ ដូចមុន ហើយ ក្រោយវត្តមាន អ្នកពូកែ រិះគន់ ម្នាក់ បានបង្កើត ប្លុក បីបួន ដើររិះគន់… ប្លុក ដដែល បារម្ភថា វ៉ដប្រ៉ែស អាចត្រូវ រដ្ឋាភិបាល បង្កក (block)…

មិត្តភក្តិ ក្នុង Alliance Blogs របស់ខ្ញុំ មួយចំនួន បានសារភាពថា ពួកគេជាប់ ដៃរវល់ នឹងការងារ ស្នេហា ការសិក្សា គ្រួសារ ទើបមិន សូវមាន ពេលបាន មក តុបតែងផ្ទះ… តែខ្ញុំ យល់ថា ពួកគេ បានធ្វើចំណាកស្រុក បាត់ហើយ ទើបមិនទាន់ មានពេលមក សំអាតផ្ទះ…

ងាកមកមើល ប្លុកទើបបង្កើតថ្មី បាន ពីរបីថ្ងៃ វិញ ដំបូង ខ្ញុំខំតែ សប្បាយចិត្តថា មានអ្នកភូមិថ្មី នឹងនាំអោយ កើនភាពអ៊ូអរ… ដឹងអី ពួកគាត់ ចាត់ទុក វ៉ដប្រ៉ែស គ្រាន់ ជារបស់ លេង… ដល់ពេល អត់សប្បាយ ក៏ឈប់លេង… បែបនេះ អ្នកស្រុក ខ្ញុំប្រើពាក្យថា ដើរតែបំផើម កូនគេ ចោល… បង្កើត ធ្វើអ្វី បើមិនបាន បីបាច់ ថែរក្សាវា នោះ !? ខ្ញុំទទួលស្គាល់ថា មិនមែនជា រឿងងាយ ក្នុងការប្រកាស អត្ថបទមួយ តែអ្នកសារព័ត៌មាន ម្នាក់ ដែលមាន ប្លុកដែរ ម៉េច នៅតែ បោះបង់ចោលទៀត ? គាត់អាច រកលេសថា អត់មានពេល តើរវល់ ដល់ថ្នាក់ ចុះចោលស្រុកភូមិ រាប់ឆ្នាំ ? អ្នកថ្មី ខ្លះ រអ៊ូ ថា មិនមែន អ្នក អាយធី អត់ចេះប្រើ ទេ… បើមិនចេះ ម៉េចមិនសួរ ? ខ្ញុំក៏ចេះ ដោយសារ សួរអ្នកភូមិ វ៉ដប្រែស ដែរ… អ្នកភូមិ យើងជាមនុស្សល្អ ហើយចិត្តល្អទៀត… បើហ៊ានសួរ ពិតជាមានចម្លើយមិនខានទេ…

សរសេរដល់ត្រង់នេះ អត់សសើរដល់ ម្ចាស់ប្លុក ចាស់ វស្សា ដែល នៅចាំ ភូមិស្រុក មិនបាន ពួកគាត់ នៅទីនេះ រាប់ឆ្នាំ ហើយ តែ នៅតែ រក្សា ស្នាមញញឹម ក្តីសង្ឃឹម បន្តអភិវឌ្ឍ ផ្ទះរបស់ ខ្លួន យ៉ាង មានរបៀបរបប… បែបនេះ ទើប ជា បុរស (មនុស្ស) ពិត !

មុននឹងខ្ញុំបានសម្រចថា បង្កើតប្លុកមួយនេះ ឡើង ខ្ញុំបាន គិតទុកជាយូរ រាប់ឆ្នាំ និង ប្តេជ្ញាចិត្ត ហើយថា នឹងមិនបោះបង់ ចោលវា ដល់ថ្នាក់ រាប់ខែទេ ទោះបីជា ខ្ញុំមិនមានអ្វី ប្រកាស ក៏ខ្ញុំ មានគម្រោង បង្ហោះ រូបភាព ឬចម្រៀង ឬស្នាដៃ កាត់ត ដាក់តាំងមុខផ្ទះ ដែរ… ទោះបី ជា នេះគ្រាន់ ជាប្លុកផ្ទាល់ខ្លួន ដែលឃោសនា អំពី ខ្លួនឯង តែ ខ្ញុំចង់ចែករំលែក និងរំលឹក អ្នកដែល បង្កើត ប្លុកថ្មីៗ ថា មុន នឹងអ្នក សម្រេចចិត្ត បង្កើតប្លុក សូមអ្នក គិតទុកជាមុនថា អ្នកមានពេល សមរម្យ ដើម្បី មើលថែវា ? អ្វី ដែលអ្នកនឹងប្រកាស ជាពិសេស សម្រាប់ប្លុក អ្នក ? តើអ្នកដឹងទេថា ប្លុកមួយ ដែលមានតម្លៃ គឺមិនមែន ដោយសារ មានអ្នកមើល និង ទម្លាក់ វាចារច្រើនទេ តែមានត្រឹមតែ ម្នាក់ (មនុស្សពិសេស) ក៏គ្រប់គ្រាន់ហើយ… ដូចខ្ញុំ អីចឹង ប្លុកនេះ អាចមាន អ្នកទស្សនា ជាច្រើន ជ្រេញ ហើយ មិនចង់ចូល លេងទេ តែសុំត្រឹម ដឹងថា មានមនុស្ស ពិសេសម្នាក់ តែងតែ អានប្រកាស របស់ ខ្ញុំរាល់ថ្ងៃ វាជាកម្លាំង ចិត្ត និងថាមពល ដ៏ធំធេង សម្រាប់ខ្ញុំ ដើម្បីបន្តប្រកាស ទៀត… ចុះបើ ពេលមនុស្សពិសេសនោះ លែងមករវល់ជាមួយនឹងប្លុកខ្ញុំ ? ខ្ញុំក៏នេៅតែបន្ត ប្រកាស ដដែល ព្រោះសង្ឃឹមថា ពេលមនុស្សម្នាក់នោះ នឹកដល់ខ្ញុំ អាចចូលមើល កំសាន្តទៀត… ខ្ញុំជឿជាក់ថា ទោះបីជាយ៉ាងណា ប្លុកនេះ ក៏ជា ទំព័រ ឃោសនា ខ្លួនឯង ដ៏ល្អមួយដែរ…😉

សរសេរចប់ ម៉ោង 11:25 PM ហើយប្រកាសផ្សាយភ្លាម…

20120619-232539.jpg