គេងតាំងពីម៉ោង ៩ ព្រោះ អស់កម្លាំងពេក ពេលមានកម្លាំងបន្តិច បែរជាក្រោក ម៉ោង ៣ទៀបភ្លឺ… គេងមិនទាន់លក់ សរសេរកំណត់ហេតុប្រចាំថ្ងៃបន្តិចសិន… (អាចយកជាគម្រូបាន… កំណត់ហេតុប្រចាំថ្ងៃ គឺសរសេរបែបហ្នឹង)

(ម៉ោង ៣ ទៀបភ្លឺ ភ្នំពេញ ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១២) : ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ បានបញ្ចប់ ក្រុមការងារ នៃស្ថាប័ន អង្កេតការណ៍បោះឆ្នោត របស់ ខ្ញុំអាចសម្រាក បានខ្លះ… ខុសតែពីផ្នែកព័ត៌មាន របស់ខ្ញុំ បែរជាចាប់ផ្តើម មានអារម្មណ៍ថា សមរភូមិថ្មី ជិតចាប់ផ្តើមទៀតហើយ… នោះគឺ សមរភូមិ ការងារ និងការទទួលខុសត្រូវថ្មី ដែលទើបតែ ត្រូវបានផ្លាស់ប្តូរ រចនាសម្ព័ន្ធថ្មី ដោយ ការសម្រេច ជា ឯកតោភាគី របស់លោកនាយកប្រតិបត្តិ…

ប្រធានផ្នែកព័ត៌មាន មានងារជា អ្នកសម្របសម្រួលផ្នែកព័ត៌មាន បានដាក់ពាក្យស្នើសុំ លាលែងពីតំណែង ហើយត្រូវ ដល់កាលកំណត់ ចាកចេញត្រឹម សប្តាហ៍ក្រោយនេះ ហើយ… ល្ងាចម្សិលមិញ លោកនាយកប្រតិបត្តិ បានហៅ ខ្ញុំអោយទៅជួប ក្នុងគោលបំណង បញ្ជាក់ពី ការផ្លាស់ប្តូររចនាសម្ព័ន្ធ ការងារអត្ថិភាពសម្រាប់ផ្នែកព័ត៌មាន ការសម្រេចចិត្ត ការតែងតាំង ការទទួលទទួលខុសត្រូវមួយចំនួន…

ក្រោយជំនួប ជាមួយនឹងថ្នាក់ដឹកនាំតែពីរនាក់តទល់ មិត្តរួមផ្នែករបស់ខ្ញុំរង់ចាំ ដំណឹងពីកិច្ចប្រជុំទ្វេភាគី នេះ នៅ ក្នុងបន្ទប់របស់យើង យ៉ាងសន្ទះសារគ្រប់គ្នា… ខ្ញុំបានរាយការណ៍ តាមកំណត់ហេតុដែលកត់ចេញពី កិច្ចជំនួបនេះ ប្រាប់ ផ្នែកខ្ញុំថា ផ្នែកយើងនឹងលែងមាន អ្នកសម្របសម្រួលផ្នែកព័ត៌មាន (តំណែងនេះ ទទួលបានប្រាក់ខែខ្ពស់) ទៀតហើយ ខណៈនេះ ខ្ញុំត្រូវបានលោកនាយកប្រតិបត្តិ តម្លើងឋានៈ ងារ មន្ត្រីព័ត៌មានជាន់ខ្ពស់ ដែលនឹងទទួលបាន ការតម្លើងប្រាក់បៀរវត្សប្រហែល ១០% ទៅ ១៥% (ទាល់តែបើកប្រាក់ខែទើបដឹងច្បាស់ថា តម្លើង បាន ១០% ទោះបីលោកនាយកប្រតិបត្តិ បានបញ្ជាក់ថា នឹងប្រជុំសម្រេចតាមក្រោយ) នៃប្រាក់ខែគោល បច្ចុប្បន្នរបស់ខ្ញុំ… ជាថ្នូរមកវិញ ខ្ញុំត្រូវ រាប់រងជួយមើល ដំណើរការសកម្មភាពនៃ ផ្នែកព័ត៌មាន ជំនួយបច្ចេកទេស និងការគ្រប់គ្រងតិចតួច តាមការផ្ទេសិទ្ធិ ដោយលោកនាយកប្រតិបត្តិ… យើងនឹងស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ ដោយលោកនាយកប្រតិបត្តិ ហើយការវិវត្តន៍នៃ ការងាររបស់ផ្នែកយើង នឹងត្រូវរាយការណ៍ ក្នុងកិច្ចប្រជុំ រវាង បុគ្គលិក ផ្នែកព័ត៌មាន ផ្នែកតស៊ូមតិ និងនាយកប្រតិបត្តិ ដែលកំណត់ នៅរៀងរាល់ ថ្ងៃព្រហស្បតិ៍…

មានការណែនាំ ក្រៅផ្លូវការថា មូលហេតុដែល ខ្ញុំមិនត្រូវបាន តម្លើង ជាប្រធានផ្នែក ដោយសារ ខ្ញុំគ្មាន ភាពជាអ្នកដឹកនាំក្នុងខ្លួន (Leadership) ព្រោះ ជាទម្លាប់ ក្រោយប្រធានផ្នែក បានលាលែង បុគ្គលិក នៅក្នុងស្ថាប័ន នឹងត្រូវបាន ពិចារណា តម្លើងតំណែង… ហើយ បើទោះបីជា ខ្ញុំគ្មាន ភាពជាអ្នកដឹកនាំ ប្រធានផ្នែកនៅ តែ ត្រូវការបំពេញ អាចធ្វើឡើងតាមរយៈ ការប្រកាស ជ្រើសរើស បុគ្គលិក… តែលោកនាយកបានលើកហេតុផល ផ្សេងថា លោកមានបំណងបង្រួមផ្នែក (បច្ចុប្បន្ន យើងមាន ផ្នែកអង្កេត ផ្នែកបណ្តាញ ផ្នែករដ្ឋបាល ផ្នែកអប់រំ ផ្នែកគណនី ផ្នែកតស៊ូមតិ និងផ្នែកព័ត៌មាន) នៅ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដើម្បីផ្លាស់ប្តូរ ក្រុមការងារឱ្យមានប្រសិទ្ធិភាព… លោកនាយកប្រតិបត្តិ ក៏មិនភ្លេច ពន្លយពាក្យ ប្រាប់ថា ខ្ញុំត្រូវការវគ្គបណ្តុះបណ្តាល ពីជំនាញភាពជាអ្នកដឹកនាំបន្ថែម នឹងមានអនាគតល្អ… ព្រោះ ពេលខ្លះ ខ្ញុំអាចត្រូវបាន ចេញមុខក្នុងនាម ខុមហ្វ្រែល ពេលជំនួប ជាមួយនឹង ប្រភពខាងក្រៅ…

តាមពិត បុគ្គលិកលក្ខណៈរបស់ខ្ញុំខាងក្រៅ ពិតជាគ្មានភាពជាអ្នកដឹកនាំមែន ព្រោះខ្ញុំចូលចិត្តលេងសើច អត់ប្រយោជន៍ ច្រើនពេក តែបើអ្នក ស្គាល់ខ្ញុំច្បាស់បន្តិច ទើបដឹងថា ធម្មជាតិរបស់ ខ្ញុំជាមនុស្សម៉ឹងម៉ាត់កម្រិតណា… នេះក៏ហេតុផល មួយដែលខ្ញុំជ្រើសរើសមុខវិជ្ជា ច្បាប់… ទន់ភ្លន់ តែម៉ឹងម៉ាត់… ហើយបើនិយាយពី វគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ វិញ ខ្ញុំសិក្សា ដល់ថ្នាក់ កម្រិតខ្ពស់ (Advance) ទៅហើយ … តែខ្ញុំ មិនដែលបដិសេធន៍ ការសិក្សាបន្ថែមទេ បើខ្ញុំយកសញ្ញាប័ត្រ មកបង្ហាញវិញ ហ៊ានធានា ស្រែកភ្លាត់ម៉ាត់អាឡូវហ្នឹង ព្រោះស្អីក៏ខ្ញុំធ្លាប់រៀន ហើយមានលិខិតបញ្ជាក់ទៀតហ្ន សូម្បីតែ ការសិក្សាផ្លូវភេទ… សរុបមកវិញ តាមចំណេះដឹង ផ្នែកវិភាគ របស់ខ្ញុំ ខ្ញុំអាចដឹង ពីហេតុផលផ្សេង ដែល នៅពីក្រោយ…

20120607-043909.jpg

ខែកុម្ភៈ ២០១២ ៖ ទីក្រុងកូឡុំបូ ប្រទេសស្រីឡាំងកា ខ្ញុំរៀបចំបទបង្ហាញ ពី ការឃ្លាំមើលសភា

 

និយាយដោយស្មោះទៅចុះ ខ្ញុំអត់ចង់ធ្វើធំ អីទេ ព្រោះមិនដែលប្រាថ្នា ឱ្យគេខ្លាច ម្យ៉ាង ខ្ញុំជឿជាក់ថា អ្វីក៏មានគុណសម្បត្តិ និងគុណវិបត្តិ របស់វាដែរ… បើបានធ្វើ ធំ ត្រូវរៀបឫក ឱ្យ គេខ្លាច មិនបាច់ក៏បាន ដែរ ហើយ នោះក៏មិនមែន ជាខ្ញុំដែរ.. ត្រឹមគេ គោរព ហើយផ្តល់តម្លៃ គឺគ្រប់គ្រាន់ ហើយ (ខ្ញុំរៀនចេះ ផ្តល់តម្លៃ ដល់ខ្លួនឯង)

និយាយដល់ត្រង់ នេះ មិនសសើរ ប្រធានផ្នែកព័ត៌មាន ខ្ញុំមិនបានទេ… នរណាក៏ចូលចិត្ត គាត់ដែរ រាប់ទាំង គ្រួសារ មិត្តភក្តិ និងអ្នករួមការងារ… គាត់អាច មើលពីខាងក្រៅ គ្មានភាពជា អ្នកដឹកនាំ តែ គាត់មានគុណតម្លៃ គ្រប់គ្រាន់ មិនថា ជាមេគ្រួសារ មេដឹកនាំ និងអ្នកប្រឹក្សាយោបល់… ខ្ញុំកំពុងតែ ដើរតាមគន្លង របស់គាត់… ខ្ញុំពិត ជាស្ងើចសសើរ គាត់ណាស់ គ្រាន់តែអឿនម៉ាត់ មិនហ៊ាន សសើរផ្ទាល់មុខ គាត់ប៉ុណ្ណោះ… គាត់តែងតែណែនាំ និងលើកទឹកចិត្ត មនុស្សគ្រប់គ្នា ដែលគាត់បានស្គាល់ ហើយ តែងតែ រីករាយ នឹងស្តាប់បញ្ហា ព្រមទាំងផ្តល់ យោបល់ល្អៗ និងមានប្រយោជន៍ ជាច្រើន…ពួកយើង មានគាត់ជា ប្រធានផ្នែក សែនកក់ក្តៅ ណាស់ ព្រោះ គាត់តែងតែ ការពារ កូនចៅ … ការលាលែង របស់គាត់បានបន្សល់នូវ ការនឹករលឹកជាច្រើនសម្រាប់ពួកយើង… ពួកយើងដឹងច្បាស់ថា “មេផ្សេងមិនដូចបង ណាល់