បានការពារ ៖ My Official Sangsa
14 ខែមេសា 2013
New Articles, New Release សង្សារផ្លូវការ បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។
Hunter
18 ខែមីនា 2013
New Articles ព្រាននារី, Hunter មតិ 2
ព្រាននារី !
ខ្ញុំមិនសូវយល់ដែរថា ហេតុអ្វី នារី មួយចំនួន [តូូច] ដែល ស្គាល់ខ្ញុំ [ទើបនឹងស្គាល់ថ្មីៗ] ដាក់ឈ្មោះ អោយខ្ញុំថា ជា ព្រាននារី ? មកពី គិតថា ខ្ញុំ ប្រមាញ់ នារីៗ ជា អាជីព [មុខរបរមួយ] ? មកពី ដឹងថា មាននារី ស្រឡាញ់ ខ្ញុំ ច្រើន ? មកពី ដឹងថា ខ្ញុំ តាមស្រឡាញ់នារីៗ ច្រើន ? មកពី មានអ្នក ប្រាប់ថា ខ្ញុំជា ព្រាននារី ? ឬគ្រាន់តែ ខ្ញុំនិយាយ លេង [ធ្វើអោយ សើច] ជាមួយ នារី ច្រើននាក់ ក៏ចាត់ ទុកជា ព្រាននារី ?
មិនថា ហេតុផលមួយណាទេ ខ្ញុំមិនទាន់អាច សក្តិសម ទទួលបាន ឧត្តមនាម ព្រាននារី បែបនេះ ឡើយ។ សូមអរគុណ !
ខ្ញុំ យល់ថា ខ្ញុំគ្មានមូលដ្ឋានគ្រឹះ ក្នុងការ ប្រមាញ់មនុស្សស្រីទេ ព្រោះ បើមាន មិនមែន ខូចចិត្ត ខកស្នេហ៍ច្រើនលើកច្រើនសារទេ ! រឹតតែ មិនអាចប្រកប វិជ្ជាជីវៈ ជាអ្នក ប្រមាញ់មនុស្សស្រី បានទៀត ព្រោះ បេះដូង ខ្ញុំទន់ជ្រាយណាស់ ខ្លាចបំផុត ទឹកភ្នែក បើ មនុស្សស្រីចេះយំ ហើយស្រក់ទឹកភ្នែក មុខខ្ញុំ ពិតជា អាចបន្ទន់ចិត្តខ្ញុំបាន។ ខ្ញុំចាំបានថា មិត្តស្រី ពីមុនៗ អោយតែមកយំ មុខខ្ញុំ គឺយើង អាចចាប់ផ្តើម សារជាថ្មី រហូត។ យើងបែកគ្នាដរាបណាគេ យល់ថា ខ្ញុំអស់តម្លៃ នឹងស្រណោះ ហើយព្រមបោះបង់ខ្ញុំ ដោយខ្លួនឯងវិញ។ សរុបតាំងពី ដឹងក្តី រហូតដល់ពេលនេះ [អាយុ ៣២ឆ្នាំ] ខ្ញុំមានសង្សារផ្លូវការ [សង្សារចេញមុខ និងស្រឡាញ់គ្នា] ត្រឹម ៧នាក់ [MTD, YSR, CTN, ESY, YSR, HPN, HSR] ប៉ុណ្ណោះ។ សង្សារដំបូង ដឹងខ្លួនថាមាន ពេលប្អូននាងប្រាប់ខ្ញុំថា នាងពេញចិត្តខ្ញុំ… ដោយសារ យល់ថា នាងក៏មិនអាក្រក់ ទើបព្រមស្រឡាញ់វិញ… ស្រឡាញ់មិនបានប៉ុន្មាន មាន មិត្តភក្តិប្រុសម្នាក់ មកប្រាប់ថា ស្រឡាញ់នាងដែរ… ដោយយល់ថា ខ្លួនគ្មានសមត្ថភាព ព្រោះ ទើបរៀនចប់ ទី ១២ [ឆ្នាំ១៩៩៨] អត់ទាន់មានការងារធ្វើ [សូម្បីប៉ាប៉ានាង ក៏មើលងាយ ហើយបោះសម្តីថា អត់ការងារធ្វើ ដើរប៉ោឡែ កុំចង់មកញ៉ែកូនអញ] ទើបសម្រេច បែកពី នាងដោយការណែនាំ មិត្តភក្តិម្នាក់នោះ [គេមានការងារល្អ ប្រាក់ខែខ្ពស់] អោយស្គាល់ និងទាក់ទងនាង ជំនួសវិញ។ យើងខានជួបគ្នា ជិត ២ឆ្នាំ ខ្ញុំត្រូវបង្ខំចិត្ត ធ្វើការតាមខេត្ត [ជា ពិធីករ កម្មវិធីវិទ្យុ] និងរកប្រាក់ រៀនជំនាញបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្ឃឹមថា នឹងមាន ឱកាស ខ្ពស់មុខម៉ាត់ស្មើគ្រួសារនាង នាថ្ងៃមួយ។ ដោយសារ មិនពេញចិត្តនឹងប្រាក់ខែ តាមខេត្ត ទើបសុំឈប់ ហើយមករកលុយក្នុងក្រុងកំណើតវិញ។ ខ្ញុំខំធ្វើការងារសព្វយ៉ាង មិនថា ការងារម៉ាឃីតទីង ធ្វើសន្តិសុខ ធ្វើសំណង់ [ចង់ធ្វើអ្នករត់តុ តែមិនដែលបានធ្វើសោះ] តែ ពេលឆ្នាំ ២០០៣ ក្រោយឆ្លងកាត់ វគ្គ អ្នកកាសែត អន្តរជាតិមួយ រយៈពេល បីខែ ខ្ញុំមានឱកាស ទទួលបានការងារល្អ [អ្នកកាសែតបរទេស] ប្រាក់ខែល្អ ស្របពេលនោះ មិត្តភក្តិខ្ញុំម្នាក់នោះ ប្រាប់ថា នាងមិនដែល ស្រឡាញ់គាត់ទេ… ខ្ញុំសប្បាយចិត្តចង់ ហើរផុតពីដី គិតថា យើងនឹងបានជួបគ្នា ម្តងទៀត… ទេវតា គិតមិនដូច មនុស្សគិតទេ… ពេលខ្ញុំត្រឡប់រកនាង ទើបដឹងថា នាង បានអន្តោរប្រវេសន៍ ទាំងក្រុមគ្រួសារ ចេញពីកម្ពុជា បាត់ដំណឹងឈឹង សូម្បីតែ ផ្ទះធ្លាប់ស្នាក់ ក៏លក់បាត់ដែរ។ ខ្ញុំបានព្យាយាម តាមរកដំណឹងពីនាង តាមរយៈ មិត្តភក្តិធ្លាប់ ស្គាល់គ្នា តែនាង ហាក់ ព្យាយាម គេចមុខពីខ្ញុំ… នាងមិនដឹងទេថា បុរសម្នាក់នេះ មិនមែនតោកយ៉ាក ដូច ពាក្យឪពុកនាងថាស្តីឡើយ។ តែហួសពេល អស់ហើយ ព្រោះ ក្រោយមក ខ្ញុំ ដឹងថា នាងបានរៀបការរួចហើយ… ។ បាត់បង់នាង ដូចបាត់បង់ លំនឹងជីវិត ខ្ញុំលែងមាន កម្លាំងតស៊ូ ដើម្បីសុបិន្តខ្លួនឯង និងអនាគតខាងមុខទៀត ទើប ខ្ញុំសម្រេចសុំ ឈប់ពីតួនាទី ជាអ្នកកាសែត ដោយសារ មិនពេញចិត្តនឹងយកព័ត៌មាន នយោបាយ ដែលមេបរទេស ចាត់អោយទទួល ខុសត្រូវ [ពេលនោះមានលុយល្អ តែមិនសប្បាយចិត្ត] ។ ឈប់ធ្វើជា អ្នកកាសែត ត្រូវ អ្នកផ្ទះ បន្ទោសថា មិនចេះតស៊ូ ដោយសារ ចង់ឈ្នះពាក្យនេះ ខ្ញុំបែរជាជ្រើស យករបរ រត់ម៉ូតូ ឌុប អស់ជាងមួយឆ្នាំ ព្រោះយល់ថា ជាការងារឯករាជ្យ។ ទម្រាំអាចកាត់ចិត្តពីនាងបាន ហើយជួន បានជួប និងស្គាល់ សង្សារទីពីរ អារម្មណ៍ស្នេហា និងសុបិន្ត បង្កើតគ្រួសារ ផ្ទាល់ខ្លួន របស់ខ្ញុំ បានត្រឡប់មកវិញ។ ខ្ញុំបាន ជួប សង្សារទីមួយ ម្តងទៀតដែរ ក្នុងគ្រានាង មកលេងស្រុកខ្មែរ ហើយមកកាត់ សំលៀកបំពាក់នា ហាងមួយក្បែរផ្ទះខ្ញុំ។ ពេលនោះ នាងមកជាមួយក្រុមគ្រួសារ ខ្ញុំបានត្រឹម តែញញឹមរាក់ទាក់ ពីចម្ងាយ… ខ្ញុំមិនហ៊ានរាក់ទាក់ ហាស្តីទេ ព្រោះ កាលៈទេសៈ មិនសូវសមរម្យ។ សង្សារទីពីរ ជានារី ដ៏ល្អម្នាក់ ដែលបាន ព្រមស្មគ្រ មើលថែស្អំ បេះដូង របួសរបស់ខ្ញុំ អស់ជាច្រើនឆ្នាំ រហូត អាចនិយាយថា រូបរាងរបស់នាង អំពើល្អ របស់នាង បានដិតជាប់ នូវ អនុស្សាវរីយ៍ ពេញមួយជីវិតខ្ញុំហើយ។ ព្រោះតែនាង ខ្ញុំហ៊ានសុបិន្ត ចេះរៀបចំផែនការជីវិត និងចេះចាប់យកឱកាសមាស ដែលមានរូបនាង ជាអ្នកណែនាំ និងគាំទ្រ ដូចជា ចាប់ផ្តើមរៀនឡើងវិញ [រៀនម្តង ពីរ មហាវិទ្យាល័យ ហើយឆ្លៀត ធ្វើការទៀត] នាងដឹងរឿងមិនសូវចន្លោះទាក់ទងនឹងខ្ញុំ … នាងធ្លាប់ រួមទុក្ខជាមួយនឹងខ្ញុំ អស់ជាច្រើនឆ្នាំ តែពេលខ្ញុំ ចង់រួម សុខជាមួយនាង នាជីវិត ជោគជ័យធម្មតា ចុងក្រោយ នាងបែរជា មិនអាចផ្តល់ឱកាសរួមដំណើរជាមួយខ្ញុំ…។ នាងមានអ្វីជាច្រើន ដែលខ្ញុំត្រូវចិត្ត មិនថា ពូកែធ្វើម្ហូប រៀបចំផ្ទះសម្បែង មិនប្រកាន់ការងារធ្ងន់… នាងធ្លាប់ មកជួយ បោកខោអាវខ្ញុំដល់លើផ្ទះខ្ញុំម្តងដែរ។ គិតឡើងវិញ អ្នកដែល គួរអោយខ្ញុំ ស្រណោះជាងគេ គឺ សង្សារទីពីរ ទោះបីជា នាងធ្លាប់ក្បត់ ខ្ញុំលួចមាន អ្នកថ្មី ហើយត្រូវបាន មិត្តភក្តិ ជិតស្និទ របស់ខ្ញុំ ហាមផ្តាច់មិន អោយទាក់ទងជាមួយ នាងក៏ដោយ ក៏ខ្ញុំមិនដែល ដាច់ចិត្តទាល់តែសោះ រាល់ពេល នាងត្រឡប់ មកសុំជាគ្នាវិញ ទោះបីដឹងច្បាស់ថា ពេលនាងលេងខ្ញុំ អស់ចិត្តមិនបានប៉ុន្មាន នាងនឹងឃ្លាតទៀត។ ក្នុងចិត្តតែងតែ អរគុណនាង ហើយ គិតថា បើគ្មាននាង ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ នាងចូលចិត្តសប្បាយ ហើយពូកែកើត រោគអផ្សុក ដោយសារខ្ញុំ វក់រៀន និងវក់ការងារ ទើបគ្មានពេល សម្រាប់នាង ទើបនាង ចាកចេញ ជាច្រើនលើកច្រើនសារ។ ខ្ញុំធ្លាប់សួរនាងដែរថា ហេតុអ្វីក៏ នាងត្រឡប់មករកខ្ញុំវិញ ? នាងប្រាប់ថា ព្រោះខ្ញុំ ឧស្សាហ៍ ទិញរបស់របរ ផ្គាប់ចិត្តនាង ឬក្នុងន័យថា ខ្ញុំស្រួលបោក។ ខ្ញុំ តែងបន្ទោសខ្លួនឯង រាល់ពេលនាងចាកចេញ ព្រោះខ្ញុំដឹងច្បាស់ហើយថា នាងជានារីល្អម្នាក់ តែមិនធ្លាប់ឃាត់នាងសូម្បីតែ ម្តង រាល់ពេល នាងសុំបែកគ្នា ព្រោះក្នុងចិត្តគិតថា នាងមានហេតុផល បើទោះបីជា ឃាត់ក៏ឃាត់បានតែកាយ ទើបធ្វើបានត្រឹម នឹកស្តាយ អស់រាប់ខែ។ … សង្សារចុងក្រោយនេះ ជាក្មេងស្រីម្នាក់ដ៏ឆ្លាត ស្អាត ធូធារ [ព្រោះនាងមាន ជំនួញផ្ទាល់ខ្លួន] គួរអោយស្រឡាញ់ មានគំនិតចាស់ទុំ ម្តងៗដែរ តែ ហាក់ រលេករលោះ ម្តងៗដែរ។ ខ្ញុំពេញចិត្តនឹង ការយកចិត្តទុកដាក់ របស់នាងចំពោះ ក្រុមគ្រួសារ និងអ្នកដទៃ ប្រតិកម្ម ត្រឡប់ ឬភាពបន់បែនរបស់នាងរហ័ស ហើយវាងវៃ ខុសពីខ្ញុំ ដែលមិនសូវរដាស់។ ខ្ញុំមិនចង់អោយនាង ផ្លាស់ប្តូរ ខ្លួនឯង ដើម្បីខ្ញុំទេ ព្រោះ ខ្ញុំដឹងថា នាងមានភាពឥតខ្ចោះ របស់ខ្លួនឯងហើយ មិនចាំបាច់ឡើយ ត្រូវការកែប្រែ។ យើងជួបគ្នា មិនទាន់បាន ពីរសប្តាហ៍ផង នាងបែរជា ហ៊ាន ទទួល ពាក្យស្នេហ៍ពីខ្ញុំ ហើយព្រម សន្យារៀបការនឹងខ្ញុំទៀត។ ពិបាកជឿតិចថា ស្នេហា នេះនឹងគង់វង្សស្ថិតស្ថេរ យូរអង្វែង បើគិតឡើងវិញ ដូចផ្លេចបន្ទោរបែបនេះ តែពេលនឹកដល់ស្នេហា ខ្ញុំជាមួយសង្សារទីពីរ ដែលស្រឡាញ់គ្នារាប់ឆ្នាំ ទីបំផុត បែកគ្នាដដែល ទើបញាំងអោយខ្ញុំមិនខ្វល់ ពីពេលវេលា នាថ្ងៃអនាគតពេក។ នាងធ្លាប់ប្រាប់ថា មាន បុរសបីបួននាក់ ដែលនាង កំពុង ពិចារណា ស្រាប់តែ ហេតុផល អី មិនដឹង ទើបនាង ព្រមប្រគល់បេះដូង ជូនខ្ញុំវិញ។ នាងបានប្រាប់ម៉ាក់នាង អំពីរឿងរបស់យើង ហើយត្រូវបាន ម្តាយនាង សួរនាំ អំពីខ្ញុំ ទើបនាង ហាក់ ភ្ញាក់ខ្លួនថា នាងមិនបានដឹងអ្វីច្រើនទេ អំពីខ្ញុំ ក្រោយមក ទើបនាងណាត់ខ្ញុំ ជួប ដើម្បីសួរបន្ថែម។ នាងសួរណែនាំ ខ្ញុំធ្វើការងារ បានប្រាក់ខែប៉ុន្មាន ? មានបងប្អូន ប៉ុន្មាននាក់ ? រៀបការបានប៉ុន្មាននាក់ ? នាងបញ្ជាក់ថា នាងចង់បាន លុយកាក់ និងមុខម៉ាត់ តែខ្ញុំ អត់ទាន់មាន ទាំងពីរហ្នឹង ហេតុអី នាងជ្រើសយកខ្ញុំ ? [ប្រហែលជា នាងគិតថា ខ្ញុំជាអ្នកមាន !? នាងអាចនឹងដូរចិត្តវិញ ពេលនាងដឹងថា ខ្ញុំគ្មានអ្វីដែលនាងចង់បាន ក៏ថាបាន ដូច្នេះ ខ្ញុំត្រូវត្រៀមចិត្តជាមុន] នាងតែង មានមោទនភាពថា នាងជា មនុស្សមានហេតុផល តែរឿងដែលនាង មកស្រឡាញ់ខ្ញុំបែរជា គ្មានហេតុផល… សង្ស័យតែ ជាតិមុន មានកម្មពៀរស្នេហា ជាមួយខ្ញុំហើយ។ មានមិត្តភក្តិម្នាក់ធ្លាប់ រុញស៊ីក្លូ បញ្ចូលឡានដែរ តែខ្ញុំចេះតែ យល់ថា ខ្លួនចាស់ហើយ មិនសមមក ស្រឡាញ់ក្មេងស្រី តូចចឹងទេ ដល់ចុងក្រោយ នាងបានក្លាយជា សង្សារផ្លូវការ ទី៧របស់ខ្ញុំ ដដែល។ យើងឈានដល់ ដំណាក់កាល ប្តូរកិច្ចព្រមព្រៀងស្នេហា នេះ ត្រឹមពេលវេលា ដ៏ខ្លីយ៉ាងនេះ អាចមកពី បេះដូងយើងរំភើបពេក ឬមកពី យើងពិតជាគូ ? សម្រាប់ខ្ញុំ យល់ថា មកពីបេះដូងរំភើបពេក ហើយចិត្តពេញដោយ មេត្រីពេក ទើបបង្កើតស្នេហានេះឡើង។ តាមពិត ខ្ញុំបានចាញ់បោកនាង [មិត្តម្នាក់ ដែលដឹងរឿង ប្រើពាក្យថា ចាញ់បោកក្មេង] ព្រោះ គ្រាមួយនោះ នាងបានសម្លុតខ្ញុំថា “តើស្រឡាញ់ញុំអត់!? ញុំសួរតែម្តងទេ ហើយក៏ជាលើក ចុងក្រោយដែរ។” បើមិនប្រាប់ ពេលនោះ នាងក៏លែងចង់ដឹងដែរ… នរណា ដឹងថា ខ្ញុំបែរជា ហ៊ានសារភាព ហើយពេលសារភាពរួច ក៏បានទទួល ចម្លើយស្នេហ៍ តបវិញភ្លាម។ ក្រោយសារភាពថា លង់ស្នេហ៍ ហើយផ្ញើសារផ្អែមល្ហែម សាសងអន្ទងចិត្ត គ្នា បានត្រឹមមួយសប្តាហ៍ ខ្ញុំបែរជា ហ៊ានផ្ញើសារផ្តាច់ស្នេហ៍ ទាំងរំលងរាត្រី [ម៉ោង ០១:១១ នាទី] គឺសុំនាងបែក ព្រោះ ខ្ញុំយល់ថា ខ្ញុំ បានធ្វើមិនគប្បី ចំពោះ ចំណងស្នេហ៍ថ្មីៗ ជាមួយ ស្រីដទៃ ទោះបី ខ្ញុំសម្រេចសុំ ពួកគេបែក ក៏ដោយ ក៏ខ្ញុំ មានអារម្មណ៍ថា ហ៊ាក់ខុសខ្លាំង ព្រោះ ជាមនុស្សក្បត់ស្នេហ៍។ ព្រោះតែ ចំណងស្នេហ៍នេះ ខ្ញុំក៏ទទួល អារម្មណ៍ថា មិនគប្បី នឹងមិត្តភក្តិម្នាក់ ដែលបានលង់បេះដូងស្រឡាញ់នាង ដូចប្រវត្តិស្នេហាសង្សារដំបូងខ្ញុំដែរ។ មិត្តម្នាក់នោះ គឺខ្ញុំធ្លាប់បាន ណែនាំ អោយគេបានស្គាល់ និងស្រឡាញ់នាង តែនរណាដឹងថា ចុងក្រោយពួកយើង បែរស្រឡាញ់គ្នា។ ខ្ញុំដឹងថា ការសម្រេចចិត្តបែកពីនាងនេះ គឺមិនយល់ ពីអារម្មណ៍នាង ហើយវា ពិតអយុត្តិធម៌ណាស់សម្រាប់ នាង។ នាងតែងថា នាងមិនមែនរបស់ មិនអាច បោះអោយនរណា ស្រេចចិត្តទេ… នាងស្រក់ទឹកភ្នែកទាំងព្រលឹម ពេលឃើញសារបញ្ចប់ស្នេហ៍ ហើយបានប្រាប់ថា ឈឺហួស ដោយមិន បានសួររកហេតុផលឡើយ។ ខ្ញុំក៏អួលដើមករ រលីងរលោង ទឹកភ្នែក ពេលឃើញសារនាងតបថា “បងហា ដឹងអត់ បងបានធ្វើអោយក្មេងកំហូច ស្រក់ទឹកភ្នែកទាំង ព្រលឹម?” ។ ១៧ម៉ោង ក្រោយការប្រកាសរំលាយ កិច្ចសន្យាស្នេហ៍ យើងបែរជាបាន ជួបគ្នាម្តងទៀតនា កន្លែងធ្លាប់ មក កំសាន្តជាមួយគ្នា ហើយក៏បានចាប់ផ្តើម សាងស្នេហ៍ជាថ្មី។ នេះមកពី យើងទាំងពីរ មិនទាន់រសាយណាយចិត្ត ហើយរួមទាំងនិស្ស័យ មិនទាន់រលត់ ពិសេស បេះដូងតែងរត់រកគ្នា ទើបខ្ញុំយល់ថា យើងគួរតែ សាកល្បងពុះពារ កាន់ដៃគ្នាបន្តទៀត។ ក្នុងពេល ១៧ ម៉ោងនោះ ខ្ញុំតែងលួចបន់ស្រន់ថា បើយើងមាននិស្ស័យ សូមអោយជួបគ្នាកន្លែងនោះម្តងទៀត ឯនាង បែរជា បន់ស្រន់ ប្តឹង ព្រះអង្គដងកី ថា បានប្រទានបុរសល្អម្នាក់ មកនាងហើយ ម្តេចក៏ ដកយកវិញ !? [នាងប្រាប់ចឹង]។ អភូតហេតុ កើតមានមែន ! ខ្ញុំកំពុងចាប់ផ្តើម… ខណៈខ្ញុំ ព្យាយាមជួសជុល របួសប្រេះស្រាំ ចាស់់លើបេះដូងនាង ហើយខំសន្សំ កសាងអនុស្សាវរីយ៍ ល្អ និង មិនសូវល្អ [គ្មានចេតនាទុច្ចរិត] ដែលអាចនឹងតាមមកពេលក្រោយ… អនាគតមិនទៀងទាត់… ថាមិនត្រូវ យើងស្រឡាញ់គ្នា ឆាប់ បែកគ្នាក៏ឆាប់។ ខ្ញុំតែងបារម្មណ៍ថា ពេលបេះដូងយើងណាយ លែងមាន ភាពរំភើប ស្នេហាយើងក៏អាចឈានដល់ទីបញ្ចប់ដែរ។ ស្នេហាបែប រំភើបពេក ចឹង មិនអាចយកមកធ្វើជា កម្មវត្ថុនៃ កិច្ចសន្យា អាពាហ៍ពិពាហ៍ បានឡើយ ព្រោះ ក្តីរំភើប អាចប្រើប្រួល ប្រសិនបើ ភាគី សង្ខាង ហ៊ានចុះកិច្ចសន្យា ភាគី ត្រូវប្រឈមនឹង ហានិភ័យខ្ពស់។ ខ្ញុំជឿជាក់ថា មានមនុស្សមួយចំនួន ដែលច្រណែនយើង ហើយបើកភ្នែករង់ចាំ ថ្ងៃយើងបែកគ្នា… តើ វាសនាស្នេហាយើង គួរ អាស្រ័យលើ ទេវតា ពេលវេលា ឬអំពើរបស់មនុស្ស !? ពេលវេលា ឬទេវតា កំណត់ សុទ្ធជា រឿងរាវ ថ្ងៃអនាគត តែចំពោះ ទង្វើ មនុស្សវិញ វាមាន ភាពជាក់លាក់ និងបច្ចុប្បន្នកាលជាង។ ខ្ញុំបានសន្យា នឹងខ្លួនឯងថា ត្រូវស្មោះត្រង់នឹងស្នេហា ហើយជម្រៈ បញ្ជី អោយដាច់ស្រេច ជាមួយនឹង នារីផ្សេងដែល កំពុងពិចារណា លើខ្ញុំ ឬ ស្នេហាមួយដែល ទំនងជា គ្មានលទ្ធផល ឬស្ថិតស្ថេរ ព្រោះ កន្លងមកក៏ ខ្ញុំតែងប្រកាន់គោលការណ៍ ខ្លួនមួយជិះទូកតែមួយទេ… ខ្ញុំយល់ពី អារម្មណ៍ដែលត្រូវ មនុស្សជាទីស្រឡាញ់ក្បត់ គឺឈឺ បែបណា… ចុះបើថ្ងៃក្រោយបែកគ្នាទៀត !? ហ៊ានដាក់ចិត្តស្រឡាញ់ ខ្ញុំក៏ហ៊ានដាក់ចិត្តឈឺចាប់…
ខ្ញុំស្វែងយល់ថា ការសន្ទនា អាចជា ដើមហេតុ នៃភាពពេញចិត្ត។ និយាយត្រូវចិត្តអ្នកស្តាប់ ទើបក្លាយជា មនុស្ស ពូកែ ទំនាក់ទំនង និងអាច ប្រកប វិជ្ជាជីវៈ ព្រានបាន។ ខ្ញុំហ៊ាន អះអាងថា ខ្ញុំ មិនមែន ជា បុរសពូកែ ទំនាក់ទំនង អីទេ បើសិននិយាយដល់ ការចូលចិត្តរាប់អាន មិត្តភក្តិ អាច ចាត់ទុកថា សកម្មខ្លះ ព្រោះ ត្រឹមមិត្តដើរលេង សិក្សា ធ្វើបុណ្យ… តែរឿងផឹកមួយ សុំទោស អត់ជំនាញហ្មង។
សុំរៀបរាប់ បែកប្រធានបទ តិច ដើម្បី អោយដឹងថា ខ្ញុំមិនអាច ធ្វើជា ព្រានបាន : ខ្ញុំចាំបានថា ក្នុងឆ្នាំ២០០០ ពេលទទួល សញ្ញាបត្រ ជា ពិធីករកម្មវិធី វិទ្យុ របស់ ស្ថានីយវិទ្យុ រាជធានី ភ្នំពេញ ខ្ញុំ ញាំ បៀរ អស់មួយកែវ សោះ ឡើងក្រហមមុខ ខ្មាស់គេ អស់មួយពិធី។ តែអាលូវ មិនសូវ ក្រហម ខ្លាំង ដូចមុនទេ បើហ៊ាន ដាក់ជ្រុល ដឹងតែ ចាក់បាញ់ឆេវហ្នង។ ខ្ញុំចេះតែ យល់ថា ការរៀនផឹក របស់ខ្ញុំ ដូច សូវចម្រើន កើនបញ្ញា អីសោះ ម៉្លោះ ហើយ ខ្ញុំ ឧស្សាហ៍ បដិសេធន៍ ឬគេចចេញ ពី កម្មវិធី ផឹកញឹកញាប់ណាស់។ សង្ស័យជាតិមុន ខ្ញុំធ្វើបុណ្យ ដោយការ សែនសុរា ដល់អ្នកតា និង ទេវតា ច្រើន ទើបជាតិនេះ ខ្ញុំមិនសូវខ្វះ មនុស្សរាប់រក និងបបួល អោយ ផឹកជាមួយ។ សុំទោសផង បើអ្នកលែងរាប់អាន ខ្ញុំ ព្រោះ ខ្ញុំមិនអាច ចូលរួមវង់ផឹក របស់ អ្នកបាន ព្រោះ ខ្ញុំពិតជា រៀនមិនចេះមែន អាមុខវិជ្ជាហ្នឹង។ អាចផឹកមួយដប ឬក្នុងពិធីមង្គល របស់មិត្តជិតស្និទ អីបាន តិចតួច [អាស្រ័យតាមអារម្មណ៍ តែជា ស្តង់ដា គឺត្រឹម មួយដប ឬមួយកំប៉ុងអាចចាប់ផ្តើម ស្រវឹងហើយ] តែ បើលេង ម៉ាស្រវឹង សុំចាញ់ចុះជាមុន។ មានបងប្អូន អ្នកជិតខាង និងមិត្តភក្តិ ជាច្រើន យល់ថា ខ្ញុំវាយឫក មិនព្រមចូលវង់ផឹកជាមួយ ពួកគេ អ្នកខ្លះ អាន់ហ្វ្រែន ខ្ញុំចោល ទៀត ដោយសារ បបួលច្រើនដង តែមិនមកផឹកជាមួយ។ ពីមុន ក្នុងដំណាក់កាល ខូចចិត្ត ខ្ញុំខំរៀនផឹកដែរ តែបរាជ័យ រាល់លើក ព្រោះ ក្រោយមក ខ្ញុំស្វែងយល់ថា ទំហំនៃការខូចចិត្ត ស្រាលជាង សុរា។ ចុងក្រោយខ្ញុំ បែរយល់ថា មានមោទនភាព ក្នុងការបដិសេធន៍ មិត្តភាព ដែលយក សុរា ជាត្រីមុខ។ ទោះបីជា យ៉ាងណា ខ្ញុំ ទទួល ស្គាល់ថា ក្នុងសង្គម ការងារ និងការទំនាក់ទំនាក់ ត្រូវការ ជំនាញនេះ ដើម្បី ពង្រឹង ផងដែរចឹង ទើប ខំរៀនផឹក ហើយអាចផឹកច្រើនគួរសម ដោយពេលវេលា ខ្លះ។
ការរាប់អាន ជាមួយនឹង មនុស្សភេទផ្ទុយគ្នា របស់ ខ្ញុំ ភាគច្រើន ជួបនឹង វិបត្តិុបេះដូង។ ជួនកាល អាចបណ្តាល មកពីមនុស្សស្រី ដែលខ្ញុំ រាក់ទាក់ គាត់យល់ថា ខ្ញុំជាប្រុសល្អម្នាក់ ខ្ញុំជាបុរស គួរអោយស្រឡាញ់ម្នាក់ ទើបធ្វើអោយ ពួកគាត់ យល់ថា ទំនាក់ទំនង មិនគួរបន្តត្រឹម មិត្តភក្តិ។ ទាល់តែ សំំណើ ទទួល បានស្វីការ [មានអ្នកអោយ មានអ្នកទទួល] ទើបមាន កិច្ចសន្យាស្នេហ៍ បាន ហើយក្នុងនោះ ប្រសិន បើ លក្ខខណ្ឌ ណាមួយ ត្រូវបាន បដិសេធន៍ ដោយឈរលើគោលកាលការណ៍ ខុសឆន្ទៈ ពិតណាស់ មិនអាចកើតឡើងកិច្ចសន្យាស្នេហ៍។ ច្រើនដងហើយដែល ខ្ញុំពេញចិត្តគេ តែគេមិនពេញចិត្តខ្ញុំ ក៏មិនតិចដងដែរ ដែលគេពេញចិត្តខ្ញុំ តែខ្ញុំ មិនអាចទទួលគេបានវិញដូចគ្នា។ ថ្មី ៗ នេះ ខ្ញុំត្រូវបាន គេ [សង្សារក្មេង] ព្រមានថា កុំសូវរាយមន្តស្នេហ៍ពេក ! ចឹងហើយ ត្រូវ ប្រយ័ត្ន ប្រយែងជាងមុន បន្តិច រាល់ការសន្ទនា និងទំនាក់ទំនងជា មួយ ភេទផ្ទុយគ្នា។ បើភេទដូចគ្នា !? រាប់អានមិត្តភក្តិ គឺទទួលយកបាន បើជាស្នេហា … ប្រហែល មិនទាន់ អាចជួយបានទេ
ជាធម្មជាតិរបស់ ខ្ញុំចូលចិត្ត និយាយស្តី ឥតសំចៃ ម៉ាត់ គិតយ៉ាងណា និយាយ ចឹង ហើយធ្លាប់ ធ្វើ អោយមនុស្សស្រី ខឹង [ស្អប់] ខ្ញុំរាប់ មិនអស់ទេ។ ខ្ញុំ រាប់អាន មនុស្សមិនប្រកាន់ [មានតែគេប្រកាន់វិញ] ទោះបី មាន ក្រ អាក្រក់ ល្អ ស សណ្តែកបាយ អីទេ។ ដោយសារ មានស្មារតី ជាអ្នកច្បាប់ ខ្ញុំចូលចិត្តជួយ អ្នកទន់ខ្សោយ។ ខ្ញុំរៀនបានថា មនុស្សស្រី ជាច្រើន មិនសូវចូលស្តាប់ ពាក្យ ពិតទេ [មានភាគតិចចូលចិត្តស្តាប់] ម៉្លោះហើយ ការនិយាយស្តី របស់ខ្ញុំ ពេល ខ្លះក៏ត្រូវ ផ្លាស់ប្តូរ តាមស្ថានការណ៍ ដែរ។ មិត្តភក្តិ មួយចំនួនច្រណែន ខ្ញុំ ដែល ពូកែនិយាយលេង … មិនអោយពូកែម៉េច បើរកទទួលទាន ដោយសារ សម្លេង [ធ្លាប់ធ្វើជា ពិធីករ កម្មវិធីវិទ្យុ អ្នកអានព័ត៌មាន វាគ្មិន អ្នកសម្របសម្រួល] ហ្នឹងហើយ កុំអី ដាច់បាយបាត់តាំងពីយូរ។ អាចនិយាយបានថា ខ្ញុំមានមូលដ្ឋានគ្រឹះល្អក្នុងការនិយាយ ព្រោះធ្លាប់បានទទួល ការបណ្តុះបណ្តាល ពីអ្នកជំនាញ ចរិតធម្មជាតិ គួបផ្សំនឹងចំណេះដឹងមូលដ្ឋាន [ព័ត៌មាន]។
សម្រាប់ពាក្យស្នេហា ខ្ញុំហ៊ាននិយាយថា ខ្ញុំកម្រនឹងស្នើចំពោះ នារីៗ ណាស់។ បើសិនជានារីម្នាក់ បានទទួល ពាក្យស្នេហា ចេញពីម៉ាត់ខ្ញុំ នារីម្នាក់នោះ ពិតជា មានសុវត្ថិភាពបេះដូង ព្រោះខ្ញុំមានគោលការណ៍ មិនត្រួតស៊ីបេះដូងទេ។ មុនពេល ប្រកាសថា ស្រឡាញ់នារីណាម្នាក់ជាផ្លូវការ ខ្ញុំត្រូវជម្រៈ បញ្ជី អោយជ្រៈស្រឡះជាមួយ នារី ដែលសន្យាថា មើលគ្នាលេងៗ ឬ តែមិនទាន់ក្លាយជា ផ្លូវការ។ និយាយ ដល់ត្រង់នេះ ប្រហែល មានអ្នកឆ្ញល់ថា បើស្មោះម្លឹង ម៉េចមិនទាន់រៀបការ !? តាមពិត ខ្ញុំគួរតែរៀបការ ជាមួយ សង្សារទីពីរ តាំងពីឆ្នាំ២០១០ ព្រោះយើង បានភ្ជាប់ពាក្យ នឹងគ្នារួចហើយ តែដោយសារ នាងបោះបង់ខ្ញុំមុន ទើបយើងមិនអាចរៀបការបាន។ ដើម ឆ្នាំ២០១២ ខ្ញុំក៏បាន ឈានជើង ជិតចូលដល់ រោងជ័យដែរ [កុំអី មានកូនពរបាត់] តែខ្ញុំបែរបដិសេធន៍ ក្រោមហេតុផល ដូចមុន… លះបង់មនុស្សដែលខ្លួនស្រឡាញ់ ព្រោះសង្ឃឹមថា នាងនឹងមាន សុភមង្គល ជាងនេះ។ ទោះបីជា នាងមានៈ មិនព្រមបែកគ្នា តែខ្ញុំត្រូវបង្ខំចិត្ត កាត់ចិត្ត ធ្វើចិត្តដាច់ និងធ្វើជា មនុស្សអាក្រក់ម្នាក់ ដើម្បីយើង សេចក្តីសុខ ទាំងអស់គ្នា។ ឋានៈយើងត្រឹមជា ពូ និងក្មួយ សាច់ញាតិគ្រប់គ្នា រួមទាំងឪពុកម្តាយ សង្ខាង ព្រមព្រៀង ផ្សំផ្គុំ យើង ទាំងពីរ ទាំងបង្ខំចិត្ត ទោះបី ក្នុងចិត្ត ជំទាស់យ៉ាងខ្លាំង ព្រោះនាង ប្រកាសថា ស្រឡាញ់ តែ ពូភក្រ្ត ។ មុនថ្ងៃភ្ជាប់ពាក្យ ឪពុកខ្ញុំ បាន ប្រកាសថា មិនដឹងឮ រឿងរៀបការ រវាងយើងទាំងពីរទេ គាត់ថា ពូ និងក្មួយ រៀបការ មិនបាន។ ដោយសារ បងប្អូន រួមទាំងម៉ាក់ អង្វរ ទើបគាត់ព្រម ចូលរួម ជា អធិបតី ក្នុងថ្ងៃ ពិធី ភ្ជាប់ពាក្យ។ ថ្ងៃនោះ ខ្ញុំ ហាក់ មិនស្រលៈ ក្នុងចិត្ត ដោយសារ ញាតិមិត្ត ដៀមដាម ផ្លែផ្កា ចំអក ពេបម៉ាត់.. សូម្បី តែម្តាយនាង ក៏ស្តីថា មីកូន មិនចង់ខ្ពស់ [ម្តាយនាងចង់អោយរៀបការជាមួយអនិកជន] វាចង់ធ្លាក់រណ្តេៅ… នេះជា ពរជ័យ ដែល អាណាព្យាបាល យើង ជូនពរ !???… ក្នុងចិត្តចង់តែស្រែកថា បើអ្នកទាំងអស់គ្នា យល់ថា យើងមិនគួររៀបការ ម៉េចក៏រៀបចំពិធីបែបនេះ !? តែហ៊ាក់ដូវត្រូវគេ បិទម៉ាត់ ទើបហាស្តីមិនចេញ។ ក្រុមគ្រួសារ ទាំងសង្ខាង សុទ្ធតែមិនពេញចិត្ត នឹង ទង្វើ របស់ខ្ញុំ ដែលច្រានចោល ពិធីភ្ជាប់ពាក្យពិសេសបងប្អូន សាច់ញាតិខាង ឪពុកភាគីខាងស្រី ទោះបីជា ម្តាយខាងស្រី មិនថាអី ហើយប្រាប់ថា ទុក្ខមុខរាប់អានគ្នាថ្ងៃក្រោយ… បែបនេះ ហើយ ដែលគេ និយាយថា ស្រឡាញ់ គ្នាមិនបាន… ទើបយល់ពីអារម្មណ៍បែបនេះ…
តាមពិត ខ្ញុំ មានការងារ និងឋានៈល្អក្នុងសង្គមស្រាប់ ខ្ញុំអាចនិយាយថា មិនសូវខ្វះមនុស្សស្រីចាប់អារម្មណ៍ខ្ញុំទេ។ មានអ្នកសារភាពផ្ទាល់ម៉ាត់មិនតិចទេ ដែលខ្ញុំ បដិសេធន៍ផ្តល់ស្វីការតប… ដូចគ្នាដែរ ជួនកាល ខ្ញុំស្នើ សំណើស្នេហ៍ ក៏ត្រូវបាន គេបដិសេធន៍វិញដូចគ្នា… មើលត្រូវភ្នែក តែមិនចូលដល់បេះដូង គឺ មិនអាចមានស្នេហាបានឡើយ… នារី ខ្លះហាក់ស្ទាក់ស្ទើរ ក្នុងការ ចាប់ផ្តើម មានស្នេហា ជាមួយខ្ញុំ ព្រោះគិតថា ខ្ញុំជា ព្រាន ឬមិនដាច់ចិត្តពី សង្សារចាស់ របស់នាង ឬមិនជ្រះស្រលៈ ក្នុងចិត្ត ត្បិតខ្លាច គេពេបជ្រាយ… ទើប យើងមិនអាច ក្លាយជា សង្សារ ផ្លូវការបាន។ ខ្ញុំចាំបានថា មាន មនុស្សស្រីដែលធ្លាប់បដិសេធន៍ខ្ញុំពីមុន ត្រឡប់មក ផ្តើមស្នេហ៍ ជាមួយខ្ញុំ ខ្លះដែរ… មានម្នាក់នោះ ជា មិត្តរួមថ្នាក់… ខ្ញុំតាមទាក់ទងរាប់ខែ ពេលទើបចាប់ ផ្តើម ទទួលស្នេហ៍របស់ខ្ញុំ មិនបាន មួយសប្តាហ៍ផង ស្រាប់តែ គេចមុខ មិនប្រាប់មួយម៉ាត់… ខ្ញុំដឹងថា នាងបានត្រឡប់ ត្រូវ គ្នា ជាមួយ សង្សារចាស់ វិញ ដោយសារ មិត្តជិតស្និទនាងលួចប្រាប់… ពេលនាង ខូចចិត្តបែរ មកយំសោក សុំត្រូវគ្នាជាមួយនឹងខ្ញុំវិញ ដោយនិយាយយ៉ាងងាយថា ពីមុន យើងមិនទាន់បានចាប់ផ្តើមផង [បើមិនទាន់បានចាប់ផ្តើមផង ម៉េចអនុញ្ញាតអោយខ្ញុំអោបថើប...]។ ខ្ញុំព្រមទទួលយកនាង ក្រោយពេលនាងណាត់ជួបខ្ញុំ ដើម្បីផ្អែកស្មាខ្ញុំយំ ដល់សើមជោគអាវខ្ញុំអស់។ ដោយសារខ្ញុំ គ្រាន់តែជា សាលាឆទាន មិនយូរប៉ុន្មាន ចិត្តនាងក៏ណាយ យើងក៏ចប់គ្នាទៀត។ ចប់គ្នាមិនបានមួយខែផង មិត្តខ្ញុំប្រាប់ថា ឃើញនាងបណ្តើរសង្សារ [មិនដឹងចាស់ ឬថ្មី] លេងទឹកដីអង្គរ តែពីរនាក់…។ នារីខ្លះសោកស្តាយ ដែលបានបដិសេធន៍ ខ្ញុំ ព្រោះ បុរស ដែលនាងជ្រើស បានប្រែប្រួលហួសស្មាន… នាងភ្លេចគិតថា ខ្ញុំក៏អាចប្រែប្រួលដែរ…
សារខ្លីពីខ្ញុំ : បើអ្នកមើលខ្ញុំដោយ បេះដូង នោះអ្នកនឹងយល់ថា មនុស្សប្រុសល្អ ដូចជា ខ្ញុំ ពិតជា មិន សក្តិសម នឹងឈ្មោះ ជា ព្រាននារី ទេ ។ ចំណុចអាក្រក់ បំផុតរបស់ខ្ញុំ គឺ តែងខ្វល់ពី អារម្មណ៍ របស់ អ្នកដទៃពេក ហើយ ខុសធ្ងន់បំផុតត្រង់ខ្ញុំ មិនចេះថែរក្សាស្នេហា និងមនុស្ស ដែលគួរអោយស្រឡាញ់ អោយបានស្ថិតស្ថេរ។
P.S សម្រាប់ខ្ញុំ សង្សារ ជានារីដែល មានស្នេហា/បេះដូង ផ្តល់ជូនគ្នា ទាំងសង្ខាង (មានអ្នកផ្តល់ និងអ្នកទទួល) មិនមែនត្រឹមតែម្ខាងឡើយ។
The teeth
16 ខែមីនា 2013
ស្នាមធ្មេញ
១៥ឆ្នាំហើយដែលនារីម្នាក់ បានបន្សល់ទុកស្នាមធ្មេញ តូចៗ លើស្មាខាងស្តាំរបស់ខ្ញុំ។ ថ្ងៃនេះ ក្នុងពិធី មង្គលការមួយ របស់ មិត្តភក្តិធ្លាប់សិក្សា បរិញ្ញាបត្រ ផ្នែកច្បាប់ជាមួយគ្នា ខ្ញុំបានអង្គុយរួមតុ ជាមួយម្ចាស់ស្នាមធ្មេញ។ នាងមើលតូវស្រស់ស្អាត ដូច ដើម រួយរាយ រលេះរលោះ ដូចដើម… គួរអោយស្រឡាញ់ដូចដើម… តែអ្វីដែល មិនដូចដើម គឺនាងមិនបានចងចាំខ្ញុំ ដូចខ្ញុំចងចាំនាងទេ។
គិតឡើងវិញ ព្រោះស្នាមធ្មេញតូចៗ ដែលនាងបានខាំខ្ញុំនេះ… ខ្ញុំមិនធ្លាប់ភ្លេចនាងទេ ទោះពេលវេលា កន្លងផុតយូរឆ្នាំយ៉ាងណា។ ក្នុងចិត្តចេះតែគិតថា នាងខាំខ្ញុំក្នុងបំណងអោយខ្ញុំចងចាំរូបនាង មួយជីវិត ហើយស្មានតែនាងខាំតែខ្ញុំម្នាក់ កាលពី ១៥ឆ្នាំមុន តែយប់នេះ នាងបញ្ជាក់ ហើយថា នាងបានខាំមិត្តភក្តិជាច្រើននាក់ កាលឆ្នាំ១៩៩៨ ជាឆ្នាំដែល ពួកយើងបញ្ចប់ ថ្នាក់បាក់ឌុប (ថ្នាក់ទី១២)។ នាងជា សិស្សពូកែម្នាក់ក្នុងជំនាន់នោះ ខ្ញុំគ្រាន់ជាសិស្សធម្មតា ម្នាក់ ហើយគ្រាន់ សិក្សាក្បែរថ្នាក់នាងប៉ុណ្ណោះ។ មិត្តរួមថ្នាក់ខ្ញុំ ទើបស្និតស្នាលនឹងនាង ខ្ញុំចាំថា កាលនាងរៀបចំខួបកំណើត ក្នុងថ្នាក់នាង នាងធ្លាប់សុំអោយខ្ញុំ ចងប៉េងប៉ោង អោយ តែខ្ញុំមិនចង ព្រោះមិនធ្លាប់ស្គាល់គ្នាផង ហ៊ានមកប្រើខ្ញុំម៉េច ? យើងមិនសូវបាន និយាយរកគ្នាទេ ចឹងហើយ ទើប ឆ្ងល់ ហេតុអីនាងស្រាប់តែហក់មកខាំខ្ញុំ… ខ្ញុំចាំបានថា នាងស្រែកប្រាប់ថា ខាំខ្ញុំព្រោះចង់អោយ ខ្ញុំចងចាំនាងមួយជីវិត… ស្នាមធ្មេញបានរលត់ បាត់តាមពេលវេលា តែបេះដូង តេតាណុស មិនដឹង កាលបានជា
ហេតុផលមិនចាំបាច់ទៀតឡើយ នាងមានកូន…ម៉្យាង វាគ្រាន់តែជា អតីត។
រីករាយដែលបានជួបអ្នកម្តងទៀត… ក្នុងពិធីមង្គលយប់នេះ ខ្ញុំក៏បានអង្គុយរួមតុជាមួយ មិត្តធ្លាប់រៀនថ្នាក់បឋមសិក្សាម្នាក់ផងដែរ… ពិភពលោកពិតជា តូចមែន…
ខ្ញុំចាស់ហើយ
27 ខែកុម្ភៈ 2013
New Articles, New Track ចាស់ មតិ 4
ពាក្យ «ចាស់» បើប្រើប្រាស់ក្នុងពេលវេលា និងទីកន្លែងខុសគ្នា អត្ថន័យនិងអារម្មណ៍ពិតជាខុសគ្នា
;
មួយសប្តាហ៍ចុងក្រោយនេះ ខ្ញុំបានឭស្ទើរគ្រប់កន្លែងហ្មងពាក្យ «ចាស់» នេះ។ មិនថានៅផ្ទះម៉ែ រអ៊ូថា ចាស់ហើយ កាលណាបានរៀបការ ? ទៅសាលាអ្នកទទួលភ្ញៀវភ្ញាក់ផ្អើលថា បងឯងចាស់ហើយ នៅចង់រៀនតយកបណ្ឌិតទៀត ? នៅកន្លែងធ្វើការ ពេលនិយាយលេងជាមួយស្រីៗរួមការងារ ស្រីក្មេងៗបង្អាប់ថា បងឯងចាស់ហើយទុកអនាគតអោយក្មេងៗផង។ សម្រាប់ខ្ញុំ ខ្ញុំនៅតែយល់ថា ខ្លួនមិនទាន់ចាស់ តែក្រោយពេល ទៅចូលរួម Angkor Bar Camp 2013 ហើយបានចូលក្រុមជាមួយក្មេងៗ អាយធី ទើបដឹងថា ខ្លួនឯងចាស់មែន… ចាស់ដល់ថ្នាក់និយាយវែកញែកជាមួយក្មេងមិនឈ្នះ បែរហក់ទៅខាំដៃក្មេងឡើងជាំសាច់គ្នាទៀត
;
ពីមុន ខ្ញុំពិតជា ចង់ចាស់សម្បើមណាស់។ ចង់ចាស់ព្រោះ បើខ្ញុំចាស់ ខ្ញុំអាចតម៉ាត់ [ជជែកវែកញែក] ជាមួយនឹងមនុស្សចាស់ ដោយប្រើហេតុផលបានយ៉ាងពេញមុខ ហើយមិនឈ្លើយទៀត។ ចង់ចាស់ ព្រោះខ្ញុំអាចកាន់កាប់ការងារ និងមុខងារធំដុំដែលសក្តិសមសម្រាប់មនុស្សចាស់។ ចង់ចាស់ ព្រោះខ្ញុំអាចសម្រេចចិត្តដោយខ្លួនឯងក្នុងការរៀបការជាមួយនឹងមនុស្សស្រីដែលខ្ញុំស្រឡាញ់ អាចមានគ្រួសារមួយ ដែលអាចមើលថែបានដោយក្តីស្រឡាញ់ ក្នុងនាមខ្ញុំជាមេគ្រួសារម្នាក់…។ អាលូវ អត់ទាន់ចង់ចាស់ទេ ព្រោះមានអ្វីជាច្រើនដែលខ្ញុំមិនទាន់បានធ្វើ… តែនេះជា ធម្មជាតិ នរណាអាចឃាត់ពេលវេលាបាន ?
;
ខ្ញុំនៅចាំបានថា ពេលខ្ញុំនៅរៀន ខ្ញុំចូលចិត្តស្តាប់ ហើយស្រាវជ្រាវ អីចឹង ខ្ញុំមានចំណេះដឹងមូលដ្ឋានរឹងមាំ ការចងចាំរបស់ខ្ញុំក៏ល្អទៀត បើចង់ភ ខ្ញុំមិនមែនជារឿងងាយទេ។ ពេលដឹងថា មនុស្សចាស់ និយាយមិនត្រូវ មានភាគតិចណាស់ ដែលខ្ញុំអន្តរាគមន៍ បកស្រាយប្រាប់ គាត់ថា មិនត្រឹមត្រូវ រួមទាំង គ្រូៗផង តែរាល់លើកដែលខ្ញុំ វែកញែក គ្រូៗភាគច្រើន បែរមានអារម្មណ៍ខ្មាស់ខ្ញុំ។ មិនមែនខ្ញុំ និយាយឌឺតេ គឺខ្ញុំនិយាយធម្មតា ប្រើសម្លេងតិចៗ តែចរិតមនុស្សចាស់របស់ខ្មែរ គឺ មិនចង់បាក់មុខ ពេលត្រូវគេបកអាក្រាតថា ខ្លួននិយាយខុស ឬនិយាយចាញ់ក្មេង។ គ្រូជនជាតិខ្មែរម្នាក់នោះ ជជែកជាមួយនឹងខ្ញុំ អំពី វិធីសាស្រ្តដឹកនាំ គាត់អោយតម្លៃ លើរបបផ្តាច់ការ តែខ្ញុំការពាររបបសេរី ខ្ញុំអធិប្បាយដល់ស្ថេរភាព សុខមាលភាព និងនិរន្តភាព ឯគាត់ យកសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។ ចុងក្រោយ គាត់លើកយក បទពិសោធន៍នៃ ជីវិតក្នុងនយោបាយរបស់គាត់ មកអះអាង ហើយប្រើពាក្យថា «អូនឯងនៅក្មេងណាស់ មិនទាន់យល់ច្បាស់ ពីរបៀបគ្រប់គ្រងទេ!»។ ខ្ញុំមិនទាន់យល់ច្បាស់នឹងហើយទើបខ្ញុំខំរៀន…។ ខុសពី មនុស្សចាស់បរទេស [លោកខាងលិច] ពេលខ្ញុំវែកញែក ឬ និយាយហេតុផលជាមួយ ពួកគាត់គោរពសម្តីខ្ញុំណាស់ ហើយយល់ស្រប ដោយស្នាមញញឹម ឬងក់ក្បាល…។ ខ្ញុំនៅចាំបាន ថា មានគ្រូបង្រៀនសរសេរកាសែត ជនជាតិអាមេរិច ដ៏ល្បីម្នាក់ ឆ្លងសមុទ្រមកបង្រៀនពួកខ្ញុំ ពីរបៀបសរសេរកាសែត គាត់បានប្រាប់ពួកយើងថា គាត់ពេញចិត្តជីវិតនៅលីវព្រោះមានអ្វីជាច្រើនដែល អាចធ្វើបាន ជាពិសេស នៅលីវគឺមានសេរីភាព។ មនុស្សជាច្រើនជឿគាត់ តែខ្ញុំមិនគិតអីចឹងតេ។ មនុស្សប្រុស អាយុជាងសែសិបឆ្នាំហើយ មកប្រាប់អីចឹងនរណា ជឿ ក៏ជឿទៅ តែសម្រាប់ខ្ញុំសូមប្រាប់ថា កុំភរក្មេង ! ខ្ញុំសាកសួរគាត់ ពីមនុស្សប្រភេទណាដែលគាត់ពេញចិត្ត គាត់ធ្លោយ ចេញរឿង ស្នេហា យុវវ័យ បរាជ័យរបស់គាត់។ ខ្ញុំព្យាយាម វែកញែកប្រាប់គាត់ថា ជីវិតគូគឺ ល្អ ព្រោះមាន អ្នកចែករំលែកទុក្ខសោក ក្តីសប្បាយរីករាយ មានអ្នកបារម្មណ៍ មានគោលដៅក្នុងជីវិត មានកម្លាំងចិត្តតស៊ូដើម្បីមនុស្សដែលខ្លួនស្រឡាញ់….។ ចុងក្រោយ គាត់យល់ស្របនឹងយោបល់ខ្ញុំទាំងស្ទាក់ស្ទើរ តែបានបង្ហាញទឹកមុខថា នៅម្នាក់ឯងគឺ ឯការ។
;
ចំពោះការសិក្សារបស់ខ្ញុំពេលនេះ អាចនិយាយបានថា ចាស់ទុំដែរហើយ ព្រោះខ្ញុំមានបរិញ្ញាបត្រពីរ និងសញ្ញាបត្រអនុបណ្ឌិតដល់ទៅពីរដែរ ដោយគ្រាន់តែរៀនត្រឹមប្រាំមួយឆ្នាំប៉ុណ្ណោះ។ អនុបណ្ឌិត គឺខ្ញុំចូលរៀនថ្នាក់ពិសេសរបស់សាលាច្បាប់ គឺ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សហការណ៍ជាមួយនឹង មហាវិទ្យាល័យបារំាង University Jean Moulin, Lyon 3, France លើជំនាញ នីតិភូមិបាល និងបេតិកភណ្ឌ។ បរិញ្ញាបត្រវិញ ខ្ញុំមាន ផ្នែកច្បាប់មួយ និងអក្សសាស្រ្តអង់គ្លេសមួយ តែនិទ្ទេសមិនសូវជាល្អទេ។ ខ្ញុំនៅគិតប៉ងរៀន បណ្ឌិតអោយចប់ឆាប់ៗដែរ ព្រោះគិតថាទាន់ខ្លួននៅក្មេង។ ឆ្នាំនេះ គង់តែរកឯកសារបញ្ជាក់ថា បានជាប់អនុបណ្ឌិតមិនទាន់ពេលចូលរៀនទេ កុំអី ចុះឈ្មោះរៀនបណ្ឌិតបាត់ហើយ។ ខ្ញុំចង់រៀនបណ្ឌិត មិនមែនព្រោះចង់ល្បី ហើយត្រូវបានគេហៅថា លោកបណ្ឌិតទេ តែព្រោះខ្ញុំជឿជាក់ថា ថ្នាក់បណ្ឌិត នឹងបណ្តុះបណ្តាលបញ្ញាពុទ្ធិ របស់ខ្ញុំអោយកាន់តែប្រសើរជាងនេះ។ ខ្ញុំយល់ថា ការសិក្សាថ្នាក់បរិញ្ញាបត្រ អ្នកសិក្សាចេះត្រឹមទ្រឹស្តីដែលមានស្រាប់ ការសិក្សាថ្នាក់អនុបណ្ឌិត អ្នកសិក្សាអាចរៀនចេះ ថ្លឹងថ្លែង និងវែកញែកភាពសមហេតុផលនៃទ្រឹស្តី ចុងក្រោយហ៊ានសន្និដ្ឋានដោយផ្អែកលើជំហរខ្លួនឯង និងមានផ្តល់អនុសាសន៍ទៀត។ សម្រាប់ថា្នក់បណ្ឌិត ខ្ញុំឭគេថា រៀនបង្កើតទ្រឹស្តី ឬការរកឃើញថ្មីៗដោយខ្លួនឯង នេះហើយជា អ្វីដែលខ្ញុំចង់បាន ! ខ្ញុំចង់បង្កើតរបកគំហើញថ្មី…
;
;
រៀនច្រើន ចេះច្រើន ចាស់ចិត្តគំនិត ហើយការវិនិយោគលើ ការសិក្សា គ្មានថ្ងៃខាតទេ… ពីមុន ក្នុងគ្រួសារខ្ញុំ ពេលនិយាយជា ឪពុកម្តាយខ្ញុំ ពេលខ្ញុំនិយាយហេតុផល ម្តាយខ្ញុំតែងតែពោលថា ខ្ញុំក្មេងឈ្លើយ ហ៊ានតម៉ាត់ជាមួយនឹង មនុស្សចាស់។ ក្មេងៗ មិនគួរតម៉ាត់ជាមួយនឹងមនុស្សចាស់ទេ !??? គិតទៅ ពេលនៅក្មេងពិតជា មិនសូវចេះអត់ធ្មត់មែន ទើបតែងឈ្លោះជាមួយនឹង អ្នកមានគុណទាំងពីរ។ ក្រោយពេលខ្ញុំរៀនចប់អនុបណ្ឌិត ខ្ញុំមានលទ្ធភាពផ្គត់ផ្គង់គ្រួសារ ខណៈដែល លោកទាំងពីរចាស់ជរា ហើយ ខ្ញុំក៏អាចបំពេញមុខងារជា អាណាព្យាបាលយ៉ាងល្អម្នាក់។ ខ្ញុំផ្តល់ប្រាក់ប្រចាំខែ ជូនពួកគាត់ជាទៀងទាត់ មានម្តងកាល ខ្ញុំទិញអាហារប្លែកៗជូនគាត់ បបួលគាត់ទៅមើលកុន បបួលគាត់ទៅម៉ាស្សា… ខ្ញុំមិនដែលរអ៊ូ ដាក់គាត់ដូចកាល គាត់ចិញ្ចឹមខ្ញុំទេ មិនថា ម្ហូបមិនឆ្ងាញ់ ឬគាត់ដើរបាត់ពីផ្ទះ
។ ប្រហែលជា ខ្ញុំជាមនុស្សចាស់ដ៏ល្អម្នាក់ !? ខ្ញុំគ្រាន់តែសង្ឃឹមថា ពេលដែលខ្ញុំចាស់ទៅ ខ្ញុំក៏អាចទទួលការតបស្នងពីកូនរបស់ខ្ញុំ ប្រកបដោយ ធម៌ ដូចខ្ញុំកំពុងប្រព្រឹត្តិល្អ រាល់ថ្ងៃដែរ។ បើមានកូន ខ្ញុំនឹងចិញ្ចឹមកូនអោយបានល្អ ណែនាំ និងបង្ហាញ អោយវា ធ្វើជាមនុស្សល្អម្នាក់។ មិនទាន់រៀបការ មិនទាន់មានប្រពន្ធផង គិតដល់កូនមុនហើយ មានទស្សនៈវិស័យ វែងឆ្ងាយណាស់ហ្ន ! ចុះពេលណាទើប រៀបការ និងមានកូន !? ខ្ញុំក៏ចង់រៀបការ ឆាប់ៗដែរ តែធ្វើម៉េច ហ្ន បើមិនទាន់ដល់ គូ ? មិនមែន ចង់តែខ្ញុំម្ខាង អាចរៀបការកើតណា !
;
;
នៅកន្លែងធ្វើការវិញ ប្រវត្តិការងារកន្លងមក គឺខ្ញុំខំធ្វើបានល្អស្ទើរគ្រប់កន្លែងការងារ ព្រោះតែខ្ញុំមាន ជំនាញ ការប្រឹងប្រែង ការចង់ចេះចង់ដឹង និងទេពកោសល្យពីធម្មជាតិ ។ ទាស់តែម៉្យាង អោយតែ ដល់ពេលត្រូវ ឡើងឋានៈ មេជនជាតិខ្មែររបស់ខ្ញុំ ភាគច្រើន ប្រើពាក្យថា ខ្ញុំចរិតដូចកូនក្មេង មិនអាចធ្វើ ជាអ្នកដឹកនាំ គេបានទេ។ ចុងក្រោយនេះ ក៏អីចឹងទៀតហើយ គាត់ថា ខ្ញុំគ្មានភាពជាអ្នកដឹកនាំ ទើបខ្ញុំអាចធ្វើបានត្រឹម «ទេសមន្រ្តីច្បាប់ និងព័ត៌មាន ឬមន្រ្តីជាន់ខ្ពស់ព័ត៌មាន និងច្បាប់»។ ខ្ញុំប្រាប់ហើយថា កុំភរក្មេង ខ្ញុំដឹងថា ហេតុអ្វីទើបមិនឡើងឋានៈអោយខ្ញុំ !!! ខុសពីមេបរទេសខ្ញុំ ពួកគាត់តែងលើកទឹកចិត្ត ហើយតម្លើង តំណែងខ្ញុំ ជា អ្នកសារព័ត៌មាន នយោបាយ ដោយគ្រាន់តែ ខ្ញុំ បំបែកព័ត៌មាន បានរហ័ស ហើយធ្វើអោយ ឈ្មោះ របស់ស្ថាប័ននោះ ឡើងដល់កំពូល ម្តងពីរដង ពេលខ្ញុំសាកល្បង ការងារ ឬ បំពេញការងារ ជំនួសបុគ្គលិក របស់ ពួកគាត់ម្តង កាល។
;
;
;
ឆ្នាំនេះ ខ្ញុំមានវ័យ ៣២ ឆ្នាំ ហើយ ទើបតែភ្ញាក់រលឹក ខ្លួនចាស់ហើយ មានតែចិត្តឥតកម្លាំង នាប៉ុន្មានថ្ងៃចុងក្រោយហ្នឹង។ នៅចាំបានថា ពេលធាក់កង់ដើរលេងអង្គរ (ជុំធំ) ធាក់ប្រណាំងជាមួយនឹង ក្មេងៗ កាលពីអាទិត្យមុន ឃើញចាស់មួយនោះ ធាក់ហត់ ទោះលែងរួច ដកដង្ហើមមិនដល់គ្នា បោះបង់ចោលការធាក់កង់ ហើយបែរជា ហៅ រម៉ក់កង់បី មកជិះ តាមក្រោយ។ ខ្ញុំខំសើចចំអកដាក់ថា «កុំអោយចង់តាមក្មេង! » ដល់វេនខ្លួនឯងធាក់វិញ ក្មេងៗបែបឃ្លានផង គ្នាប្រញាប់ ទៅហូបបាយល្ងាច លេង ពួយម៉ា ទំហឹងកូនក្មេង ខ្ញុំមនុស្សចាស់ ខំធាក់តាម ម៉ាទំហឹងមនុស្សចាស់ដែរ តែហត់សឹងដាច់ខ្យល់ ជួនខំ តម្លើងលីប កង់ របូតច្រវ៉ាក់ ពីរបីដងផង… ចង់តែស្រែក រកព្រះជាម្ចាស់ម្តងៗ។ តែអគុណ ក្មេងស្រី ម្នាក់ដែល ជិះកង់ជាមួយគ្នា ខំរង់ចាំ មនុស្សចាស់ដូចជាខ្ញុំនៅផ្លូវបំបែក ហើយប្រាប់ថា «ខ្ញុំបារម្ភ នៅមិនសុខទេ បើដឹងថា បាត់មនុស្សណាម្នាក់ក្នុងក្រុម ពិសេសរាល់ពេលដល់ផ្លូវបំបែក។» បើនាងមិនរង់ចាំនៅផ្លូវបំបែកទេ ប្រហែលជា ត្រូវវង្វេងផ្លូវកណ្តាលអង្គរជាមិនខានទេ ព្រោះងងឹតអត់អគ្គិសនីផង ម៉្យាងមិនសូវស្គាល់ផ្លូវផង។
;
ទោះបីជាយ៉ាងណា ក្នុងចំណោមមនុស្សប្រុសដូចគ្នា ខ្ញុំត្រូវបានគេសរសើរថា សម្រស់ក្មេង ជាងអាយុ។ នរណាក៏សឹងមិនជឿថា ខ្ញុំអាយុ ៣២ឆ្នាំទេ ភាគច្រើនគេទាយត្រឹម ២៦ឆ្នាំ។ ប្រហែលមកពី ចរិតខ្ញុំមិនសូវចាស់ ឬបែបនេះគេថា មនុស្សចាស់ តែចិត្តមិនចាស់ !
គតិប្រចាំកាយ : រូបកាយខ្ញុំ ចាស់ ខួរក្បាលចាស់ តែចិត្តរបស់ខ្ញុំនៅតែជា ក្មេងល្ងង់ !
ស្ថានភាពតម្លៃដីធ្លីនៅកម្ពុជា មុនដំណាក់កាលបោះឆ្នោត ២០០៨
28 ខែមករា 2013
This is one of my previous articles relating to land price before elections since I was a Radio Free Asia Correspondent based in Prey Veng province in June – August 2008. I am not sure this trend leads to my Master Course of Land Law in 2010 – 2012 ???
អ្នកជំនាញសេដ្ឋកិច្ចវិភាគអំពីស្ថានភាពតម្លៃដីធ្លីនៅកម្ពុជា
ដោយ ស្រី សុភ័ក្រ្ត
Radio Free Asia ; 2008-05-30
អ្នកវិភាគខាងសេដ្ឋកិច្ច និងអ្នកជំនួញដីធ្លី មានការយល់ឃើញស្របគ្នាថា ការបោះឆ្នោតសកលនាឆ្នាំនេះ [២០០៨] អាចមានឥទ្ធិពលទៅលើមុខជំនួញដីធ្លីនៅកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក្តី ដីនៅតែអាចឡើងថ្លៃជាបន្តទៀត នៅក្រោយពេលបោះឆ្នោតរួច ។
បើរំឮកពីប្រវត្តិជំនួញដីនៅកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយពេលរំដោះចេញពី របបកម្ពុជាប្រជាធិបតេយ្យ មុខរបរនេះមិនសូវជាបានកាក់កបប៉ុន្មានទេ ។ ពេលនោះប្រជាពលរដ្ឋខ្លះមិនបានស្រវ៉ា និងប្រាថ្នាចង់បានដីមកធ្វើ ជាកម្មសិទ្ធិផង ទោះបីជារដ្ឋាភិបាលមានគោលនយោបាយវាស់ដីចែកជូនប្រជាពលរដ្ឋតាមចំនួន សមាជិកនៅក្នុងក្រុមគ្រួសារដោយមិនយកប្រាក់ក៏ដោយ ។
អ្នកវិភាគសេដ្ឋកិច្ចបានធ្វើការកត់សម្គាល់ថា នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ក្រោយការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មី កំណត់ត្រាឯកត្តកម្មថ្មីៗនៃតម្លៃដីចាប់ផ្តើមមានហាងឆេង និងកើនឡើងស្រឺតៗ ដោយសារមានអ្នកវិនិយោគផ្នែករោងចក្រកាត់ដេរមកបន្តុបទីតាំងនៅកម្ពុជា និងអ្នកវិនិយោគទុនដទៃទៀតដែលត្រូវការដីយ៉ាងច្រើនសម្បើមដើម្បីរក្សា លំនឹងផលិតកម្មរបស់ពួកគេ ។
ចរន្តនៃសាកលភាវូនីយកម្មវិសាលភាពនៃដីទំនេរ និងកំណើននៃ ប្រជាពលដ្ឋបានពន្លឿនតម្លៃដីនៅកម្ពុជាឲ្យកើនឡើងរហូតដល់អ្នកជំនាញ ខាងសេដ្ឋកិច្ចលាន់មាត់ថា ឡើងខ្ពស់រហ័សពេកហួសពីការគិតទុកទៅទៀត ។
សង្រ្គាមដណ្តើមដីចាប់ផ្តើមកើតឡើងឥតដាច់ព្រោះតែសេណារីយ៉ូនៃ តម្លៃដីឡើងថ្លៃខ្ពស់ ។ អ្នកវិភាគខាងសេដ្ឋកិច្ច និងអ្នកមានបទពិសោធន៍ផ្នែកជំនួញដីធ្លីមានការឯកភាពគ្នាថា ស្ថានភាពនយោបាយនៅកម្ពុជាអាចមានឥទ្ធិពលដល់ជំនួញដី ។ អ្នកវិភាគអះអាងថា ទស្សនៈទាំងនេះមានហេតុផល និងផ្អែកលើការពិតជាក់ស្តែង ។
លោក ស៊្រុន សភា អាយុ៤០ឆ្នាំ មានមុខរបរជាអាជីវករលក់ដីពុះឡូត៍ និងមានដីលក់ជាច្រើនហិកតា នៅតំបន់បែកចាន ជាយក្រុងភ្នំពេញ បានឲ្យដឹងថា ដីឡើងថ្លៃពី ១០% ទៅ ២០% បើប្រៀបធៀបនឹងឆ្នាំមុន ។ បច្ចុប្បន្ននេះលោក ស៊្រុន សភា លក់ដីមួយម៉ែត្រការ៉េ ៥០ដុល្លារ ដែលលោកបញ្ជាក់ថា បានចំណេញបន្តិចបន្តួចលើតម្លៃដើម ហើយលោកក៏បានរំពឹងទុកផងដែរថា ក្រោយពេលបោះឆ្នោតដីអាចនឹងឡើងថ្លៃជាងនេះទៀត ។
លោក ស៊្រុន សភា បានឲ្យដឹងបន្ថែមថា កាលពីត្រីមាសទីមួយ ដីរបស់លោកលក់ដាច់ខ្លាំងណាស់ តែឈានចូលមកដល់ត្រីមាសទីពីរ គឺជិតដល់ពេលបោះឆ្នោត មិនសូវមានអតិថិជនដើររកទិញដីទេ ទោះបីជាលោកបាន ប្រកាសលក់ដីតាមកាសែត និងទស្សនាវដ្តីជាង២ខែ មកហើយ តែដីលក់ដាច់បានត្រឹមតែជាង ១ហិកតាប៉ុណ្ណោះ ។ លោកយល់ថា ការអល់អែករបស់អតិថិជនអាចបណ្តាលមកពីឥទ្ធិពលនៃការបោះឆ្នោតនាថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០០៨ខាងមុខនេះ ៖ «ប្រហែលជាគេចាំអ៊ុតឆ្នោតអីអ៊ីចឹង ចាំមើលគេបង្កើតរដ្ឋាភិបាលសិន ខ្ទង់អាចបោះឆ្នោតអីហើយ» ។
លោក សាំង ស៊ីរ៉េម ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន សយ គ្រូប ផ្តល់សេវាកម្មដីធ្លី បានឲ្យដឹងថា អតិថិជនរបស់លោក ភាគច្រើនជាអ្នកវិនិយោគទុនធំៗ ចាប់ពី១លានដុល្លារឡើង ចង់បានដីនៅតំបន់ដែលអភិវឌ្ឍលឿនដូចជា ក្រុងភ្នំពេញ ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាប មិនមានការបារម្ភពីបញ្ហានៃការបោះឆ្នោតនៅកម្ពុជាទេ ។ លោកបានបង្ហាញពីការផ្គត់ផ្គង់សេវាកម្មនៅក្នុងក្រុមហ៊ុននេះថា នៅត្រីមាសទីមួយ និងត្រីមាសទីពីរ គឺកម្រិតនៃសេវាកម្មនៅខ្ពស់ដូចគ្នា ។
លោក សាំង ស៊ីរ៉េម បានមានប្រសាសន៍ថា ៖ «ហើយបើទាក់ទងនឹងការបោះ ឆ្នោតមួយទៀត ក៏វាអត់មានអីពាក់ព័ន្ធដែរ ព្រោះវិនិយោគិនគេមកកាន់តែច្រើន ដូចមិនមានការត្អូញត្អែរលើបញ្ហាហ្នឹងទេ» ។
លោក ស៊ាំង ស៊ីរ៉េម វិភាគថា ដីនៅតែឡើងថ្លៃនៅតាមតំបន់ ហើយក៏មិនមានថ្ងៃចុះទាបវិញឡើយ ជាក់ស្តែង តំបន់ភ្នំពេញថ្មី នាជាយក្រុង កើនដល់ ៣០០ដុល្លារ ទៅ ៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ចំណែកដីតំបន់ឆ្នេរ ដែលអាចលក់បាន មានតម្លៃចាប់ពី ៦០០ដុល្លារ ទៅ ៧០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ។ លោកបានឲ្យដឹងថា តម្លៃនេះវាកើនឡើង ២ ទៅ ៣ដង ធៀបនឹងឆ្នាំមុន ។
លោក សុក ស៊ីណា អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យយល់ស្របថា ជំនួញដីធ្លីនៅក្នុងពេលបោះឆ្នោតអាចស្ថិតនៅនឹងថ្កល់ ទោះបីជាអ្នកវិភាគនយោបាយយល់ថា ស្ថានភាពនយោបាយនៅកម្ពុជាប្រាកដជា មិនបត់បែនខ្លាំង ។ លោកបានព្យាករណ៍ទុកថា តម្លៃដីអាចនឹងថយចុះ ប្រសិនបើរដ្ឋាភិបាលថ្មីមានគោលនយោបាយយកពន្ធលើដីទំនេរ ព្រោះម្ចាស់ដីដែលចង់រក្សាទុកដីច្រើន ត្រូវរលោះដីខ្លះដើម្បីគេចពីការបង់ពន្ធរាល់ឆ្នាំ ។
លោក សុក ស៊ីណា វិភាគថា ការយកពន្ធលើដីទំនេរអាចបង្កើនផលិតកម្មលើដីឲ្យកាន់តែមាន ប្រសិទ្ធភាពជាងមុន ក្នុងគោលដៅដើម្បីរក្សាតុល្យភាពនៃការចំណាយដោយសារដី ។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានកត់សម្គាល់ថា ដីមួយភាគធំត្រូវបង្វែរទៅបម្រើឲ្យវិស័យកសិឧស្សាហកម្ម ហើយដីតម្លៃថោកទើបមានសក្តានុពលខ្លាំងសម្រាប់សេដ្ឋកិច្ច ចំណែកដីថ្លៃនឹងហុចផលជាអវិជ្ជមានចំពោះអត្រាកំណើននៃប្រជាពលរដ្ឋ ថ្មីៗ ។
លោក សុក ស៊ីណា បានឲ្យដឹងថា ៖ «ឈ្មួញកណ្ដាលដែលគាត់ទិញដីស្តុក ទុកដើម្បីលក់ចេញ អាហ្នឹងគាត់អាចលក់ក្នុងតម្លៃមួយអាចថា ថោកជាងមុនក៏ថាបាន ។ ឧទាហរណ៍ដីស្រែ បើសិនជាគាត់មិនផលិតទេ គ្រាន់តែសម្រាប់លក់យកចំណេញទេ គាត់ត្រូវបង់ពន្ធរាល់ឆ្នាំ ព្រោះគាត់រកម៉ូយអត់ទាន់បាន គាត់ត្រូវបង់ពន្ធហើយខាត ។ អ្នកវិនិយោគ ឬអ្នកកាន់កាប់ដីហ្នឹងគាត់គិតថា គាត់ទុកដី ឬក៏បង្វិលដីចេញ ។ អ៊ីចឹងផ្អែកលើអាហ្នឹង យើងថាដីហ្នឹងត្រូវបានប្រើមានប្រសិទ្ធភាពជាងមុន» ។
លោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា យល់ថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរការយ៉ាងល្អ តែជាទម្លាប់ប្រជាពលរដ្ឋតែងតែរង់ចាំក្រោយបោះឆ្នោតទើបសម្រេចលក់ ឬទិញដី ។ លោកវិភាគថា ស្របពេលដែលការកម្ចីប្រាក់ពីធនាគារលើការទិញដីធ្លីត្រូវបានបង្ក ចរន្តនេះអាចធ្វើឲ្យជំនួញដីធ្លីស្ថិតនៅទ្រឹងសិន ។ លោក ចាន់ សុផល ឯកភាពថា ប្រសិនបើក្រោយការបោះឆ្នោត រដ្ឋាភិបាលថ្មីប្រកាសឲ្យយកពន្ធលើដីទំនេរ ដីអាចនឹងធ្លាក់ថ្លៃជាងនេះ ។
លោក ចាន់ សុផល បានបង្ហាញនូវជំហរវិជ្ជមានថា ដីថ្លៃអាចជួយបង្កើនឱកាសជូនប្រជាពលរដ្ឋក្រីក្រដែលមានតែដី ហើយការលក់ដីក៏ជំរុញឲ្យមានការបង្កើនផលិតកម្មដែរ ។ លោកបន្ថែមថា តម្លៃដីនៅកម្ពុជា អាចនឹងកាន់តែកើនឡើងទៀត ព្រោះតម្លៃដីនៅជនបទនៃប្រទេសកម្ពុជាសព្វថ្ងៃនៅតែមានតម្លៃទាបបើ ធៀបជាមួយនឹងប្រទេសជិតខាង ។
លោក ចាន់ សុផល បានមានប្រសាសន៍ថា ៖ «ហើយការលក់ដីធ្លីកន្លងមក នេះ ក៏វាជំរុញទៅដល់ការបង្កបង្កើនផលដែរ គឺអ្នកមានលទ្ធភាពមួយចំនួន គាត់ទិញដីហើយ គាត់ដាំជាកៅស៊ូ កន្លែងខ្លះគេដាំជាដំឡូងមី ដាំជាសណ្ដែក ពោត ហើយកន្លែងខ្លះ អ្នកភ្នំពេញទៅហ្នឹងក៏ទិញធ្វើជាស្រូវទៀត ដូចជុំវិញបឹងទន្លេសាប ដីទំនាបខ្លះ ដែលពីដើមមក គេទុកចោល គឺដោយសារខ្វះទុន អ្នកភ្នំពេញទៅ គេចំណាយ ១០ម៉ឺនដុល្លារជាងអីទៅ លើកទំនប់អាងទឹកហើយ គេបង្កើតជាផលិតកម្មស្រូវរាប់រយហិកតា អ៊ីចឹងវាមានសកម្មភាពកើតឡើងច្រើនដែរ» ។
ទោះបីជាយ៉ាងណា អ្នកវិភាគជាច្រើនឯកភាពថា វាពិបាកនៅក្នុងការសន្មត់ពីការវិវត្តន៍ថ្មីៗ ក្រោយពេលបោះឆ្នោត ថាជាជំហានមួយវិជ្ជមាន ឬអវិជ្ជមាន ចំពោះតម្លៃដីនៅកម្ពុជានោះ ? សូមបញ្ជាក់ថា ការយកពន្ធលើដីទំនេរ មានរូបរាងជា បទបញ្ជារួចរាល់ហើយ រង់ចាំតែសារាចរណ៍ណែនាំប្រកាសឲ្យអនុវត្តតែប៉ុណ្ណោះ ៕
អត្ថបទសម្រាប់ ឡូយ៩
21 ខែមករា 2013
New Articles, New Release មតិមួយ
ក្នុងសប្តាហ៍នេះ ខ្ញុំបានបញ្ចប់អត្ថបទសម្រាប់ ប្លុកឡូយ៩ ទាក់ទងនឹង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១២។ អត្ថបទនេះ ត្រូវបានបង្ហោះផ្សាយនៅលើគេហទំព័ររបស់ ឡូយ៩ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣។ អរគុណ ឡូយ៩ សម្រាប់ការទទួលយកអត្ថបទរបស់ខ្ញុំប្រកាសផ្សាយ…
នរណា ដែលអ្នកបានបោះឆ្នោតអោយ កាលពី ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១២?
Posted date: January 19, 2013
ប្រភព ៖ http://loy9.com.kh/who-you-vote-for/
១. ដឹងអត់ថា នរណាដែលអ្នកបានបោះឆ្នោតអោយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ (ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់)? តើគាត់ជាប្រធានគណបក្សនយោបាយ? ជាមេឃុំ រឺជានរណា?
ចំលើយ៖ ពលរដ្ឋដែលមានទីលំនៅក្នុងឃុំ សង្កាត់ណាមួយ បានចុះឈ្មោះបោះឆ្នោតរួច ហើយមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានអញ្ជើញអោយចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ (ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២) ដើម្បីជ្រើសរើសតំណាងគណបក្សនយោបាយណាមួយ ដែលពួកគេពេញចិត្ត អោយមកបំពេញមុខងារជា មេឃុំ ឬចៅសង្កាត់ និងសមាជិក ប្រចាំឃុំ សង្កាត់របស់ពួកគេ ក្នុងរយៈពេលមួយអាណត្តិដែលមានរយៈ ៥ឆ្នាំ។ មេឃុំ ឬចៅសង្កាត់ និងសមាជិក ប្រចាំឃុំ សង្កាត់មួយ ដែលជ្រើសចេញពីការបោះឆ្នោតនេះ អាចមានចំនួនសរុបចាប់ពី ៥រូប ទៅដល់ ១១ រូប អាស្រ័យទៅតាមទំហំភូមិសាស្រ្ត និងចំនួនពលរដ្ឋក្នុងឃុំ ឬសង្កាត់នោះ។ បេក្ខជនជាប់ឆ្នោតដែលមានលេខរៀងលើគេបង្អស់នៃបញ្ជីបេក្ខជនគណបក្សនយោបាយណាមួយដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេ នឹងត្រូវជ្រើសតាំងជា មេឃុំ ឬចៅសង្កាត់ ដែលមានអាណត្តិស្មើនឹងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
២. តើស្មៀនឃុំ ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែរឬទេ?
ចំលើយ៖ ស្មៀនឃុំ សង្កាត់ មិនចាំបាច់បោះឆ្នោតដោយពលរដ្ឋទេ តែត្រូវមានការតែងតាំង ឬដកហូតមុខតំណែងដោយ ក្រសួងមហាផ្ទៃ។ ស្មៀនឃុំ សង្កាត់ ជាបុគ្គលិកក្របខណ្ឌរដ្ឋបាលនៃក្រសួងមហាផ្ទៃ ជាជំនួយការក្រុមប្រឹក្សាឃុំ សង្កាត់ មានភារកិច្ចជួយកិច្ចការឃុំ សង្កាត់ និងធានានិរន្តរភាពកិច្ចការរដ្ឋបាលក្នុងឃុំ សង្កាត់។ ស្មៀនឃុំ សង្កាត់ បានណែនាំដោយច្បាប់ថា ត្រូវមានជំហរអព្យាក្រឹត និងមិនលម្អៀងក្នុងការងាររបស់ខ្លួន។ ស្មៀនឃុំ សង្កាត់មិនចប់អាណត្តិជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ទេ។
៣. ចុះមេភូមិវិញ តើគាត់ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែរឬទេ?
ចំលើយ ៖ មេភូមិ (មាត្រា ៣០ ច្ប. ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់) ត្រូវជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ភូមិនីមួយៗ ក្នុងចំណុះឃុំ សង្កាត់របស់ខ្លួន។ មេភូមិ ត្រូវបានរៀបចំចាត់តាំងអោយមានអនុប្រធានមួយរូប និងសមាជិកមួយរូបជាជំនួយការ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្តីណែនាំអំពីបែបបទនីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ និងការតែងតាំងជំនួយការមេភូមិ។ មេភូមិមានភារកិច្ច ៖
- អនុវត្តភារកិច្ចដែលក្រុមប្រឹក្សាឃុំ សង្កាត់ ឬមេឃុំ ចៅសង្កាត់ប្រគល់អោយ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងភូមិ
- ផ្តល់យោបល់ដល់ក្រុមប្រឹក្សាឃុំ សង្កាត់អំពីបញ្ហានានាដែលទាក់ទងដល់ផលប្រយោជន៍ក្នុងភូមិរបស់ខ្លួន
- ស្នើសុំយោបល់ទៅក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ដើម្បីចាត់ចែង និងសម្របសម្រួលកិច្ចការនៅក្នុងភូមិរបស់ខ្លួន។
៤. តើអ្នកណាខ្លះ ដែលអាចចូលរួមប្រជុំទាក់ទងផែនការអភិវឌ្ឍឃុំ សង្កាត់បាន?
ចំលើយ៖ ពលរដ្ឋ និងយុវវ័យដែលរស់នៅក្នុងឃុំ សង្កាត់ ហើយមានចំណាប់អារម្មណ៍នឹងកិច្ចប្រជុំក្នុង សាលាឃុំ សង្កាត់ សុទ្ធតែអាចចូលរួម ក្នុងការសម្រេចចិត្តលើគម្រោងអភិវឌ្ឍឃុំ សង្កាត់បាន ព្រោះពួកគេមានតម្រូវការផ្ទាល់ខ្លួន ពួកគេជាអ្នកពាក់ព័ន្ធដោយផ្ទាល់ទៅលើគម្រោងអភិវឌ្ឍ មិនថា ទទួលប្រយោជន៍ ឬរងផលប៉ះពាល់។ មានគំនិតច្រើន ទើបមានភាពប្រែប្រួល វិវត្តន៍លឿន ពិសេសនៅពេលដែលចូលរួមពួកគេអាចលើកពីតម្រូវការអាទិភាពសម្រាប់ឃុំ សង្កាត់របស់ពួកគេ ពេលដែលគម្រោងមើលរំលង ឬមិនបានដោះស្រាយ។
៥. ដែលដឹងអត់ថា ចំនួនសន្លឹកឆ្នោតនៃគណបក្សនីមួយៗ ត្រូវបានគណនាសម្រាប់អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ តាមរបៀបណា?
សាកល្បងគណនាអាសនៈរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ក
ឧទាហរណ៍ ៖ ឃុំ ក ក្រោយការរាប់សន្លឹកឆ្នោត មាន
- សម្លេងឆ្នោតបានការសរុប 5000 សន្លឹក និងសន្លឹកឆ្នោតមិនបានការ ២០ សន្លឹក (សន្លឹកឆ្នោតមិនបានការ មិនត្រូវបានយកមក គណនាជាមួយនឹងលទ្ធផលអាសនៈទេ = ទុកចោលដោយឡែក)
- អាសនៈសម្រាប់ក្រុមប្រឹក្សា 7 អាសនៈ។
- គណបក្សនយោបាយ ៣ ប្រជែង តំណែងជា ក្រុមប្រឹក្សាឃុំ នេះ ក្នុងនោះ
- គណបក្ស A ទទួលបាន 2500 សន្លឹក
- គណបក្ស B ទទួលបាន 1700 សន្លឹក
- ហើយគណបក្ស C ទទួលបាន 800 សន្លឹក។
ដើម្បីគណនារកអាសនៈ សម្រាប់គណបក្សនយោបាយនិមួយៗ ត្រូវយោងលើ មាត្រា ២៣ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ជំហានទីមួយ៖ គណនារកចំនួនកូតា (សន្លឹកឆ្នោតសម្រាប់អាសនៈមួយ)
រូបមន្ត ៖ កូតា (មិនគិតសំណល់ចែក) = សន្លឹកឆ្នោតបានការសរុប / ចំនួនអាសនៈក្នុងមណ្ឌល (ឃុំ)
គណនាផ្ទាល់ ៖ កូតា = 5000 / 7 = 714 (មិនគិតសំណល់ចែក បើគិតសំណល់ គួរតែ 714.28)
ជំហានទីពីរ៖ កំណត់ចំនួនអាសនៈបឋមរបស់គណបក្សនយោបាយនិមួយៗ
រូបមន្ត ៖ ចំនួនអាសនៈបឋមរបស់គណបក្ស (មិនគិតសំណល់ចែក) = សន្លឹកឆ្នោតបានការរបស់គណបក្ស / កូតា
- អនុត្ត ចំពោះ គណបក្ស A ៖ អាសនៈបឋម = 2500 / 714 = 3.50 (មកត្រឹម 3) មានន័យថា គណបក្ស A ទទួលបាន អាសនៈ បឋមចំនួន 3 អាសនៈ
- អនុត្ត ចំពោះ គណបក្ស B ៖ អាសនៈបឋម = 1700 / 714 = 2.38 (មកត្រឹម 2) មានន័យថា គណបក្ស A ទទួលបាន អាសនៈ បឋមចំនួន 2 អាសនៈ
- អនុត្ត ចំពោះ គណបក្ស C ៖ អាសនៈបឋម = 800 / 714 = 1.12 (មកត្រឹម 1) មានន័យថា គណបក្ស A ទទួលបាន អាសនៈ បឋមចំនួន 1 អាសនៈ
- តាមរយៈជំហាននេះ អាសនៈទាំង ៧ គណបក្សនយោបាយទទួលបាន 3 + 2+ 1 = 6 អាសនៈ នៅសល់ មួយអាសនៈទៀត ត្រូវ គណនា តាមជំហានទីបី
ជំហានទីបី៖ គណនាអាសនៈនៅសល់
រូបមន្ត ៖ មធ្យមភាគខ្ពស់បំផុត របស់គណបក្ស = សន្លឹកឆ្នោតបានការរបស់គណបក្សនយោបាយ / អាសនៈដែលបានបែងចែកអោយគណបក្សនយោបាយ + 1
អនុវត្ត ៖
ដើម្បីអនុវត្ត រូបមន្ត យើងមាន វិធានស្រាប់ ដូចជា
- គណបក្ស A ទទួលបាន អាសនៈបឋម 3 ហើយ សន្លឹកឆ្នោតបានការរបស់គណបក្ស A គឺ 2500
- គណបក្ស B ទទួលបាន អាសនៈបឋម 2 ហើយ សន្លឹកឆ្នោតបានការរបស់គណបក្ស B គឺ 1700
- គណបក្ស C ទទួលបាន អាសនៈបឋម 1 ហើយ សន្លឹកឆ្នោតបានការរបស់គណបក្ស C គឺ 800
របៀបគណនា ៖
- មធ្យមភាគខ្ពស់បំផុតរបស់ A = 2500 / 3 +1 = 625
- មធ្យមភាគខ្ពស់បំផុតរបស់ B = 1700 / 2 +1 = 566.66
- មធ្យមភាគខ្ពស់បំផុតរបស់ C = 800 / 1 +1 = 400
ដោយសារ ក្រោយគណនា មធ្យមភាគខ្ពស់បំផុត គណបក្ស A ទទួលបានមធ្យមភាគខ្ពស់ជាងគេ ដូច្នេះ គណបក្ស A ត្រូវទទួលបាន អាសនៈបន្ថែម ចំនួន ១ ទៀត។ ជាលទ្ធផល ៖
- ក្នុងឃុំ ក មានអាសនៈ សរុប 7
- គណបក្ស A ទទួលបាន អាសនៈបឋម 4
- គណបក្ស B ទទួលបាន អាសនៈបឋម 2
- គណបក្ស C ទទួលបាន អាសនៈបឋម 1
បញ្ជាក់ ៖ បើក្រោយពី គណនាតាមជំហានទីបី នេះហើយ នៅសល់ អាសនៈ ត្រូវគណនាជំហានទីបួន បន្តទៀត រហូតអស់អាសនៈ ក្នុងមណ្ឌល។
A Election Picture Book 2012
19 ខែធ្នូ 2012
New Articles, New Release មតិ 3
«បោះឆ្នោតគាំទ្រស្រ្តីជួយប្រទេសយើង» ជា ចំណងជើង នៃ សៀវភៅរូបភាពអប់រំអ្នកបោះឆ្នោត មួយ ដែលផលិតដោយ ខុមហ្វ្រែល ក្នុងខែធ្នូ ឆ្នាំ២០១២ នេះ ដើម្បីលើកទឹកចិត្តស្រ្តី និងចូលរួមផ្សព្វផ្សាយពី សារសំខាន់នៃវត្តមានរបស់ស្រ្តីក្នុងការដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត តាមរយៈការបោះឆ្នោត។ សាច់រឿងទាំងមូល បានបង្ហាញពី កិច្ចសន្ទនារបស់តួអង្គ ដូចជា មីង ចំណាន ជាស្រ្តីម្នាក់ដ៏សកម្មក្នុងភូមិ ដែលបានចងផ្ទៃរឿងទាំងមូល ដោយពាក្យ «ដដែលៗ» និង «មិនមានអ្វីប្លែក»។ ពាក្យ «ដដែល» ត្រូវបាន មីង ចំណាន បកស្រាយថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវរៀបចំនៅរៀងរាល់ប្រាំឆ្នាំម្តង ឆ្នាំ២០១៣ ជិតមកដល់ទៀតហើយ បែបនេះ អាចហៅថា «ដដែល» ដែរ ឬទេ ? ពាក្យ «មិនប្លែក» មីង ចំណាន យល់ថា ចំនួនស្រ្តីជាប់ឆ្នោតមានចំនួនតិច ទើបវា មិនប្លែក…។ តាមរយៈកិច្ចសន្ទនារបស់ តួអង្គ បានស្រាយចំណង សារសំខាន់របស់ស្រ្តីក្នុងវិស័យនយោបាយ មូលហេតុដែលស្រ្តីជាប់ឆ្នោតមានចំនួនតិច និងគន្លឹះបច្ចេកទេសដើម្បីបោះឆ្នោតគាំទ្រស្រ្តីផងដែរ…។ នៅចុងបញ្ចាប់នៃសាច់រឿង តួអង្គទាំងអស់ សុទ្ធតែ ទទួលស្គាល់សារសំខាន់របស់ស្រ្តីក្នុងវិស័យនយោយបាយ ហើយប្តេជ្ញាបោះឆ្នោតគាំទ្រស្រ្តីគ្រប់ៗគ្នា។
សម្រាប់ផ្ទៃរឿងទាំងស្រុង សូមរកមើល ឯកសារតាមតំណរភ្ជាប់ ៖
ព័ត៌មានបន្ថែមទាក់ទងនឹងការបោះឆ្នោត www.comfrel.org
“Voter For Women, Supports Our Country” is a title of an Election Picture Book, produced by COMFREL in December 2012 to encourage women and promote women participation in politic or elections. The story presents such dialogue of aunt Chamnan who is an active woman in her village hinted the term “the same” and “not different”. “The same” interpreted by aunt Chamnan that National Assembly Elections should held every five years and 2013 is coming soon, this is the same. The term “Not different” she tells that the number of elected women still a few. The dialogue of actors reveal the essential of women participation in politic, reason why still a few of elected women, and key to vote for women. In the end, mostly actors acknowledged the benefits of women in politics and commit to vote for women.
To read story, please see the attached link :
To elections information : www.comfrel.org
Mini-photography
18 ខែធ្នូ 2012
New Articles, New Release បញ្ចេញមតិ
Download : Full Presentation of Mini-photography -Updated December, 2012
ការពណ៌នា ៖ មានត្រឹម ៣៥ ទំព័រ ដែលបានអត្ថធិប្បាយអំពី ចំណេះដឹងមូលដ្ឋាននៃការថតរូប។ រូបថតជាច្រើនត្រូវបានបង្ហាញក្នុងប្លង់ផ្សេងៗគ្នា ដែលនឹងធ្វើអោយអ្នកថតរូបថ្មីៗ ងាយយល់ និងធ្វើតាមបានស្រួល។
Description : The 35 slides are mentioned about a basic knowledge of photography. Pictures are presenting in difference compositions that make fresh photographer easy to do follow.
សូមថ្លែងអំណរគុណ ជាពិសេសចំពោះ លោក គីម ហាក់ តាម៉ាប់ និងសូយលីម សម្រាប់ការណែនាំ ការត្រួតពិនិត្យ និងការយល់ស្រប លើបទបង្ហាញនេះ។
Courtesy to KIM Hak, Tamab, and Soylim for introduction, reviewing and approved the presentation.
ខុមហ្វ្រែល មាន បណ្តុះបណ្តាលបេក្ខជនត្រៀម ឈរឈ្មោះបោះឆ្នោត
12 ខែកក្កដា 2012
New Articles, The Expose បញ្ចេញមតិ
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២
ស្រ្តី ៥៣% ភាគរយ ដែល ខុមហ្វ្រែលបណ្តុះបណ្តាល
បានជាប់ឆ្នោតជាមេឃុំស្រ្តី និងសមាជិក ក្រុមប្រឹក្សាឃុំស្រ្តី អាណត្តិទី ៣
គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សូមអបអរសាទរ ចំពោះស្រ្តីទាំង ២,០៣៨ រូប ជាពិសេស ស្រ្តី ធ្លាប់បាន ទទួលការពង្រឹង សមត្ថភាពដោយ ខុមហ្វ្រែល ដែលបានជាប់ឆ្នោត ហើយកំពុងប្រកាស ឡើងកាន់តំណែង ជាមេឃុំ ចៅសង្កាត់ស្រ្តី និង សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ស្រ្តី អាណត្តិថ្មីជា បន្តបន្ទាប់។
តាមលទ្ធផល បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ដែលបាន ប្រកាសជា ផ្លូវការ ដោយ គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ស្រ្តីប្រមាណ ២,០៣៨រូប (ស្មើនឹង ១៧.៧៨%) ក្នុង ចំណោម អាសនៈសរុប ១១៤៥៩ បានជាប់ឆ្នោត ជា ក្រុមប្រឹក្សាឃុំ សង្កាត់ស្រ្តីអាណត្តិទី៣។ ក្នុងចំនួន ស្រ្តីជាប់ឆ្នោត ដ៏តិចតួចនេះ យ៉ាងហោច ណាស់មាន ស្រ្តីជាប់ឆ្នោតចំនួន ៩២រូប (ស្មើនឹង ៥៣%) ក្នុង ចំណោមស្រ្តី ១៧៤រូប ធ្លាប់បាន ទទួលការ បណ្តុះបណ្តាល និង ពង្រឹងសមត្ថភាព ដោយ ខុមហ្រ្វែល ក្នុងគម្រោង “ស្រ្តីអាចធ្វើបាន” និង “ការផ្តល់ អំណាច ដល់ស្រ្តីក្នុងការ ធ្វើសេចក្តី សម្រេចចិត្ត” តាំងពីពាក់ កណ្តាល ឆ្នាំ២០០៨។ ជាលទ្ធផល សិក្ខាកាម ទាំងនោះ បានជាប់ឆ្នោតជា មេឃុំស្រ្តី ចំនួន ២រូប ក្នុងខេត្ត ព្រះវិហារ មេឃុំស្រ្តី ចំនួន ៣រូប ក្នុងខេត្ត កំពង់ឆ្នាំង មេឃុំស្រ្តី ១រូប ក្នុងខេត្ត កំពង់ចាម និង ៨៦ រូបទៀត បានជាប់ជា សមាជិក ក្រុមប្រឹក្សា ក្នុងខេត្ត កំពង់់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តព្រះវិហារ។
គម្រោង “ស្រ្តីអាចធ្វើបាន” នេះ មានបំណង លើកទឹកចិត្ត ស្រ្តី ដែលជា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ មេភូមិ សមាជិកភូមិ មន្រ្តី មូលដ្ឋាន សកម្មជន គណបក្ស នយោបាយ សកម្មជន អង្គការក្រៅ រដ្ឋាភិបាល ឱ្យចូលរួម និង ស្វែងយល់ កាន់តែច្រើន ថែម ទៀតទៅលើ ការកសាង ទំនុកចិត្ត វិធាន ការងារ នយោបាយ និង ហាត់ចិត្ត ក្លាហាន ក្នុងការ បញ្ចេញមតិ ឬចូលរួមក្នុង ដំណើរការសម្រេចចិត្ត។ បច្ចុប្បន្នគម្រោងនេះ កំពុងអនុវត្ត ក្នុងតំបន់ គោលដៅ ចំនួន ៥ខេត្ត គឺខេត្ត កំពង់់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តតាកែវ និង ខេត្តព្រះវិហារ។
រាប់ចាប់ពីឆ្នាំ២០០២ នៃការ ចាប់ផ្តើម អនុវត្តនយោបាយ វិមជ្ឈការ របស់ប្រទេស កម្ពុជា តាមរយៈ ការបោះឆ្នោត ស្រ្តីចូល រួមក្នុង នយោបាយ និង ស្រ្តីជាប់ឆ្នោត នៅតែមាន ការកើនឡើង តិចតួច បើគិតមក ដល់ជាងពាក់ កណ្តាល ឆ្នាំ២០១២។ សម្រាប់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ (ឆ្នាំ២០០២-២០០៧) ក្នុងចំណោម អាសនៈ ក្រុមប្រឹក្សា ឃុំ សង្កាត់ សរុប ១១៣៥៣ អាសនៈ (១៦២១ឃុំ-សង្កាត់) ស្រ្តី នៅចុង អាណត្តិមាន សរុប ៨.៧២% ហើយ នៅចុង អាណត្តិទី២ (ឆ្នាំ២០០៧-២០១២) ចំនួន ស្រ្តីជាប់ឆ្នោត ជាក្រុមប្រឹក្សា ឃុំ សង្កាត់ កើនដល់ ១៦.០៨%។ ដោយឡែក សម្រាប់ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ (ឆ្នាំ២០១២-២០១៧) ដែលមាន អាសនៈ សរុប ១១,៤៥៩ អាសនៈ (១៦៣៣ឃុំ-សង្កាត់) ស្រ្តី ជាប់ឆ្នោត នៅដើម អាណត្តិ មានសរុប ១៧.៧៨% (ស្មើនឹង២,០៣៨នាក់)។ យោងតាម របាយការណ៍ UNDP’s Human Development Index 2011-Gender Inequality Index (GII)[1] កម្ពុជា នៅតែមាន កម្រិតទាប នៃសមធម៌ យែនឌរ ត្រឹមលេខ ៩៩ (លេខអន់បំផុត១៤៦) ក្នុងចំណោម ប្រទេសដែលមាន ចំណាត់ថ្នាក់ទាបជាង គេ នៅអាស៊ីអាគ្នេយ៍ ដូចគ្នានឹង ប្រទេសភូមា ប្រទេសឡាវ និង ប្រទេស ឥណ្ឌូនេស៊ីដែរ។
ឧបសគ្គដែល រារាំងដល់ការអនុវត្តសមភាពនៃតំណាង និងសិទ្ធិយេនឌ័រ មូលហេតុចំបង ព្រោះប្រទេស កម្ពុជាខ្វះគោល ការណ៍ជាក់លាក់ជា លាយលក្ខណ៍ អក្សរ ខ្វះយន្តការគាំទ្រ និង ផ្តល់ឱកាសដល់ ស្រ្តីចូលរួម លើគ្រប់វិស័យ ស្របតាម អនុសញ្ញាអន្តរជាតិ ស៊ី-ដ និង មួយផ្នែកទៀត ដោយសារ ទំនៀមទម្លាប់ អភិរក្សនិយម និងវប្បធម៌ ដែលត្រូវបានគេ សន្មត់ និងផ្តល់ តម្លៃដល់ ស្រ្តីទាបជាងបុរស។ មួយវិញទៀត ភាពក្រីក្រ ការរើសអើង ការបង្អាក់ ទឹកចិត្ត និង ឱកាសតិចតួច ក៏ជាបច្ច័យ រារាំងស្រ្តីក្នុង ការទទួលបាន សមភាពសង្គម និង ផលចំណេញពី ការចូលរួមក្នុង វិស័យនយោបាយ និង កិច្ចការសង្គម។
ខុមហ្វ្រែល បានរកឃើញ នូវអនុសាសន៍ មួយចំនួនដើម្បី លើកកម្ពស់ សមភាពយេនឌរ និង ការផ្តល់អំណាច នយោបាយដល់ស្រ្តី ក្នុងនោះរួមមាន ការកំណត់ គោលនយោបាយ របស់គណបក្ស នយោបាយ និងប្រព័ន្ធកូតា ការលុបបំបាត់ រាល់ទម្រង់នៃ ការរើសអើង ការលើកកម្ពស់ ការចូលរួមរបស់ ស្រ្តីក្នុងវិស័យ នយោបាយ ការពង្រឹង សមត្ថភាពសម្រាប់ បេក្ខជនស្រ្តី ដើម្បីបង្កើន ភាពជឿជាក់ និងប្រសិទ្ធិភាព ក្នុងការងារក្រោយ ពេលជាប់ឆ្នោត ការបង្កើត បរិយាកាស នយោបាយល្អ សម្រាប់ស្រ្តី និង ការចែករំលែក ព័ត៌មានពី សារៈសំខាន់ របស់ស្រ្តីក្នុង វិស័យនយោបាយ៕
[1] UNDP: Human Development Index 2011-Gender Inequality Index (GII), www.undp.org.kh











វាចារ/ឌឺដង