អរគុណ ARNOLD Schwarzenegger ក្នុងរឿង The Last Stand និងប្រកាសមួយរបស់ មិត្តម្នាក់ក្នុងហ្វែសប៊ុក [ខ្ញុំធំហើយ អាចដើរលេងម្នាក់ឯងបាន] ដែលបានផ្តល់កម្លាំងចិត្ត និងបំផុតគំនិតអោយមនុស្សចាស់ដូចខ្ញុំ ហានចេញផ្សងព្រេងម្តងទៀត។ ខានដើរផ្សងព្រេងតែម្នាក់ឯងយូរហើយ… ម្សិលមិញ ខ្ញុំបាន ហ្គហ្គល ស្វែងរកផ្លូវទៅកាន់ ភ្នំជីតាពេជ្រ រកឃើញថា វាមានចម្ងាយប្រមាណ ១៤២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតក្នុងឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។
ព្រឹកមិញ ខ្ញុំចេញពីផ្ទះនៅ ម៉ោង ៧ព្រឹក ដោយបានរៀបចំឥវ៉ាន់ដាក់ក្នុងសាក់កាដូត្រឹម គុយទាវចំហ៊ុយមួយកញ្ចប់ ទឹកមួយកាដុង ៧០០ [មីលីលីត្រ] នំពីរកញ្ចប់ធំ ជាមួយនឹង ផែនទី បង្ហាញផ្លូវទៅកាន់ ភ្នំជីតាពេជ្រ [រូបផែនទី គឺដោនឡូត ពីហ្គហ្គល ហើយព្រីនចេញពី ម្សិលមិញ]។ ខ្ញុំបើកបរក្នុងល្បឿនធម្មតា ប្រហែល ៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង តែអាច បរទៅដល់ រង្វង់មូល អ្នកតា តាខ្មៅ ប្រមាណម៉ោង ៧.១៥នាទីព្រឹក។ មធ្យោបាយធ្វើដំណើរ គឺខ្ញុំញុំជិះម៉ូតូ ស្មាស់ សេរីឆ្នាំ ៩៩ [ម៉ាស៊ីន ១១០] របស់ខ្ញុំ បើកបរក្នុងល្បឿនមិនលើសពី ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយជិះបណ្តើរ សួរអ្នកភូមិ រកផ្លូវ ទៅកាន់ គោលដៅបណ្តើរ [រាល់ពេលដល់ផ្លូវបំបែក] ទោះបីជា ខ្ញុំមានផែនទីជាប់ដៃក៏ដោយ [យាយដល់ត្រង់នេះ ខ្ញុំនឹកឃើញដល់មនុស្សម្នាក់ ដែលធ្លាប់ចាំខ្ញុំរាល់ផ្លូវបំបែក... តែ...]។ អ្នករស់នៅតាមដងផ្លូវ ក្នុងខេត្តតាកែវ ភាគច្រើន មិនស្គាល់ ភ្នំជីតាពេជ្រ ទេ ដូច្នេះ ខ្ញុំត្រូវ សាកសួរ រកត្រឹមផ្លូវតម្រុយ ដូចជា ផ្លូវណាទៅកាន់ ផ្សារកំពង់ជ្រៃ ? ផ្សារទន្លាប់ ? ខ្ញុំបានព្យាយាម ជិះលើសពី ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោងជាច្រើនដងដែរ ដើម្បីបានឆាប់ដល់គោលដៅ តែហាក់ មានហេតុមិនល្អ រហូត ព្រោះតែងមានឡាន គោយន្ត ម៉ូតូ កូនក្មេង គោ … លេចធ្លោពីមុខ មកចំ ម៉ូតូខ្ញុំ រកតែគេចសឹងមិនទាន់ ទើបខ្ញុំត្រូវបង្ខំចិត្តបរតាមសម្រួលក្នុងល្បឿនក្រោម ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ទោះបីជា ក្នុងចិត្តគិតចង់ជិះដល់ល្បឿន ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីបំផុត ខ្ញុំអាចទៅដល់ គោលដៅ ភ្នំជីតាពេជ្រ ត្រឹមម៉ោង ១០.៣០ នាទីព្រឹក បើគិតជា មធ្យម មានន័យថា ក្នុងចម្ងាយត្រឹម ១៤២ គីឡូម៉ែត្រ ខ្ញុំប្រើ រយៈពេល ៣ ម៉ោង និង ៣០នាទី យឺតដូច មនុស្សចាស់អីចឹង (ល្បឿនបើកបរ គិតជា មធ្យម គឺ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង)។ មកដល់ភ្លាម អ្នកភូមិស្វាគមន៍ដោយ ពាក្យថា «មកត្រឹមម្នាក់ឯងចឹង អត់មានរូបមកវិញទេ»។ គាត់ពោលដោយសារ មិនដឹងថា ខ្ញុំបានយក ជើងទម្រ កាម៉េរ៉ា ទៅជាមួយទេ រឹតតែមិនដឹងថា ខ្ញុំយក កាម៉េរ៉ា ដល់ទៅ ពីរ មកជាមួយ រួមនឹង ទូរស័ព្ទដៃ ពីរ ដែលមានលទ្ធភាព អាចថតរូបបានដូចគ្នា។
អត់ទាន់បានបាយព្រឹក ហើយចាប់ផ្តើមហេវផង ចឹងការងារដំបូង គឺស្រស់ស្រូបសិន បន្ទាប់មក គឺ ថតរូប។ បាយព្រឹករួច ម៉ោង ១១ ថ្ងៃត្រង់ល្មម កំដៅថ្ងៃពេលនោះ ក្តៅ ក៏ក្តៅ ខ្ញុំខំត្រដរ ឡើងរហូតដល់កំពូលភ្នំ។ នៅលើភ្នំជីតាពេជ្រ ខ្ញុំយល់ថា «អត់មានអីគួរអោយចាប់អារម្មណ៍សោះ ក្រៅ តែពី រូបព្រះពុទ្ធរូប ធំមួយ កម្ពស់ប្រមាណ ១៣.៣ ម៉ែត្រ គង់នៅចំកណ្តាលកំពូលភ្នំ»។ ចឹងតើ បានជា អត់មាន អ្នកទេសចរណ៍ មកលេង [មានត្រឹមតែខ្ញុំម្នាក់]។ អ្នកភូមិប្រាប់ថា ទាល់តែថ្ងៃបុណ្យ ទើបមានមនុស្សមកលេងច្រើន ព្រឹកមិញនេះ ម្ហូបអាហារក៏គ្មានលក់ តាមផ្លូវ ទើបតែជួលជុស បើមានភ្លៀង មិនអាចជិះបានទេ… ។ ជាទិដ្ឋភាពរួម ភ្នំជីតាពេជ្រ មានគោលដៅ ទាក់ទាញចេញចរណ៍ ព្រោះ ពីផ្លូវធំ រហូតចូលមកដល់ ភ្នំជីតាពេជ្រ មាន ការលើកស្លាកធំ និងព្រួញចង្អុលផ្លូវ ជាច្រើនកន្លែង អាចអោយអ្នកទេសចរណ៍ រកភ្នំជីតាពេជ្រ ឃើញ តែ សំណាកនេះ បន្សល់តាំងពី ថ្ងៃសម្ពោធឆ្លងកាលពីខែកញ្ញា ឆ្នាំ២០០៩ មកម៉្លេះ។ បេសកម្មនេះ បានបញ្ចប់ត្រឹមម៉ោង ២.៣០ នាទីល្ងាច ក្រោយពេលខ្ញុំបានមកដល់ផ្ទះ [ភ្នំពេញ] វិញ ដោយប្រើរយៈពេលត្រឹម ៣ ម៉ោង (ចេញពីភ្នំជីតាពេជ្រ ម៉ោងជិត ១២ ថ្ងៃត្រង់) រាប់បញ្ចូលទាំង ការសម្រាក់ញាំទឹកដូង និងចាក់សាំង តាមផ្លូវ។
ស្លេះត្រង់នេះសិន ខ្ញុំសូមស្រង់ប្រសាសន៍របស់លោកបណ្ឌិត ឈុន ពហុ សាស្រ្តាចារ្យ មុខវិជ្ជា នីតិទេសចរណ៍ ធ្លាប់ប្រាប់ និស្សិត ពីគោលការណ៍រៀបចំ តំបន់ទេសចរណ៍ថា «តំបន់ទេសចរណ៍ប្រទេស វប្បធម៌ ប្រវត្តិសាស្រ្ត [ដូចជា ភ្នំជីតាពេជ្រ] មានប្រមាណ ១៥% ទៅ ២០% លើពិភពលោក… គោលការណ៍នៃការបង្កើតតំបន់ទេសចរណ៍មួយ អោយមាននិរន្តភាព [គង់វង្ស ស្ថិតស្ថេរ] ត្រូវមាន មូលដ្ឋាន យ៉ាងតិច ៦ កក្តា ៖
១. សក្តានុពលរបស់ទីតាំង (ជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត ជាកន្លែងដាំផ្លែឈើ ចិញ្ចឹមសត្វ ឧស្សាហ៍កម្ម ព្រៃធម្មជាតិ ដែលអាចទាក់ទាញអ្នកទេសចរណ៍…)
២. ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ (ផ្លូវទៅកាន់រមណីយដ្ឋាន អាចធ្វើដំណើរបាន មានមណ្ឌលសុខភាព ភូមិស្រុក សេវាដឹកជញ្ជូន ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការកំសាន្ត…)
៣. ធនធានបដិសណ្ឋាកិច្ច (មនុស្សនៅមូលដ្ឋាន ឆ្លើយតបនឹងទីតាំងទេសចរណ៍ ? ឥរិយាបថរបស់អ្នកភូមិ/ប្រជាពលរដ្ឋមូលដ្ឋាន ចំពោះទេសចរណ៍ ? ស្វាគមន៍អ្នកទេសចរណ៍ ? អ្នកបម្រើសេវាកម្មទេសចរណ៍ សមស្របសម្រាប់ទទួលភ្ញៀវទេសចរណ៍អត់ ? ជា គោលការណ៍ អ្នកទេសចរណ៍ប្រមាណ ១០០ នាក់ ត្រូវការសេវាកម្ម ពីអ្នកបម្រើសេវាប្រមាណ ២០នាក់…)
៤. សក្តានុពលទីផ្សារទេសចរណ៍ (នរណាជាអ្នកគាំទ្រទេសចរណ៍ ជាប្រជាពលរដ្ឋមូលដ្ឋាន ? ការងារប្រចាំថ្ងៃ ? ចំណូល ?…)
៥. ទំហំនៃការវិនិយោគផ្នែកហិរញ្ញវត្ថុ (ហិរញ្ញប្បទានអ្នកពី រដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍទេសចរណ៍…)
៦. បច្ចេកទេសនគរូបនីយកម្មទេសចរណ៍ (ការបង្កើតទីតាំងទេសចរណ៍ ត្រូវចាប់ផ្តើមដោយ ការសិក្សាលើសណ្ឋានដី ការសាងសង់សម្រាប់ទេសចរណ៍ ការរៀបចំទីវាលសួនច្បារសម្រាប់ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ គោរពតាមមាត្រដ្ឋាន…)
យ៉ាងហោចណាស់ ដើម្បីរៀបចំតំបន់ទេសចរណ៍ មួយ ត្រូវពិនិត្យលើ លក្ខខណ្ឌ បួន គឺ ១. គមនាគមន៍ (ផ្លូវថ្នល់ ដែលជូយសម្រួលដល់គមនាគមន៍សុវត្ថិភាព…) ២. រចនាសម្ព័ន្ធគាំទ្រ (ទឹក ភ្លើង មណ្ឌលសុខភាព អគារ…) ៣. ការផ្គត់ផ្គង់ចំណីអាហារ (អាហារដ្ឋាន អ្នកបម្រើសេវាកម្ម…) ៤. បច្ចេកទេសសេដ្ឋកិច្ច (កំណត់ការដេញថ្លៃ…)
បើវិភាគតាមទ្រឹស្តី ខាងលើ ភ្នំជីតាពេជ្រ ត្រូវការសិក្សាបន្ថែមបន្តិចទៀត…



























វាចារ/ឌឺដង