ការឈឺចាប់ដ៏តូចមួយ
ខ្ញុំតែងតែព្យាយាមគេចពីបទពិសោធន៍បេះដូងឈឺចាប់ពីមុន និងកែតម្រង់ខ្លួនឯងជាបុរសថ្មី ប៉ុន្តែខ្ញុំនៅតែជួបរឿងបរាជ័យដដែលៗ។ ក្នុងចិត្តខ្ញុំបានត្រឹមគិតរកចម្លើយពីសំណួរដែលបានផ្តើមដោយ “ហេតុអ្វី…?”
ប្រវត្តិស្នេហាតូចមួយ…
សម្លេងនាឡិការោទិ៍បានបន្លើឡើងចេញពីទូរស័ព្ទដៃរបស់ខ្ញុំជាសញ្ញាណបញ្ជាក់ប្រាប់ថា វេលាកំណត់ម៉ោងប្រាំមួយព្រឹកបានមកហើយ។ ខ្ញុំហាក់ដូចជានៅតែមានអារម្មណ៍ថា អស់កម្លាំងដោយសារដំណើរក៏វែងឆ្ងាយកាលពីម្សិលមិញ និងភាពអត់ងងុយយប់មិញផង ទើបធ្វើអោយខ្ញុំមិនព្រមងើបពីដំណេក ហើយបន្តសម្ងំបិទភ្នែកក្រែងយល់សុបិន្តល្អតទៅទៀត។ ខ្ញុំចាប់ផ្តើមបន្តការគេងទាំងញញឹមក្នុងចិត្ត។
ភ្ញាក់ឡើងម្តងទៀតទើបដឹងច្បាស់ថា ម៉ោងជិតប្រាំបីព្រឹកទៅហើយពេលខ្ញុំស្រវាចាប់យកទូរស័ព្ទមកមើល។ ស្នាមញញឹមបានផុសឡើងពេញផ្ទៃមុខ ពេលខ្ញុំក្រឡេកឃើញសារមួយដែលជាសារទើបទទួលបាន ហើយមានរំលេចឈ្មោះមនុស្សស្រីជាទីស្រឡាញ់ម្នាក់ផ្ញើមក។ ក្រោយអានសារចប់ ស្នាមញញឹមបន្សល់ពីសុបិន្តក៏ប្រែជា ស្រពោនមួយរំពេច។ អត្ថន័យក្នុងសារដែលបានសរសេរជាភាសាខ្មែរ បានបន្ថយកម្លាំងរបស់ខ្ញុំ រហូតស្ថិតត្រឹមភាពល្ហិតល្ហៃ ថប់គំនិត ពិបាកចិត្ត វិលវល់ ដូចក្នុងសុបិន្ត ពិបាកនឹងរកពាក្យពេចន៍មកពណ៌នា អោយអ្នកដទៃយល់ពីអារម្មណ៍ពេលនោះក្រៅពីខ្ញុំឯងម្នាក់។ សារលើកនេះ ហាក់រំលឹករឿងរាវអតីតកាលដែលធ្លាប់កើតឡើងច្រំដែលៗ មិនតិចជាងប្រាំពីរដងមកហើយឡើយ។ ក្នុងខួរក្បាលរបស់ខ្ញុំពេលនោះ ផុសចេញត្រឹមសំណួរដែលគ្មានចម្លើយ រឹតតែគិតរឹតតែឆ្ងល់…
ខ្ញុំចូលចិត្តនារីម្នាក់ដែលទើបបានស្គាល់គ្នាតាមរយៈមិត្តភ័ក្តិម្នាក់ទៀត។ មិត្តភក្តិខ្ញុំបានណែនាំអោយស្គាល់នាង ក្រោមហេតុផលថា ខ្ញុំមិនទាន់មានសង្សារ ហើយនារីម្នាក់នោះ ជាមនុស្សល្អ មានបំណងនឹងស្រលាញ់មនុស្សប្រុសណាដែលសាមញ្ញ ដោយមិត្តភក្តិខ្ញុំប្រៀបធៀបថា ដូចចរិតលក្ខណៈធម្មជាតិរបស់ខ្ញុំ។
ខ្ញុំទទួលស្គាល់ថា នាងពិតជាមានអ្វីជាច្រើនដែលគួរអោយចាប់អារម្មណ៍។ ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំចំពោះនាង អាចនិយាយបានថា ពេញចិត្ត និងចង់បានជាគូរ ស្ទើរតែ ៧០% ទៅហើយ។ ថ្ងៃនោះ យើងញាំបាយជុំគ្នាយ៉ាងរីករាយ នាងអង្គុយញាំបាយក្បែរខ្ញុំ។ ខ្ញុំតែងលួចមើលមុខនាង តែនាងមិនបានដឹងខ្លួនឡើយ។ យូរម្តងទើបយើងឆ្លើយឆ្លងសំដីគ្នា ជ្រែកកិច្ចពិភាក្សាក្នុងចំណោមមិត្តភក្តិទាំង៨នាក់ និងបងស្រីរបស់នាង ដែលទទួលទានជុំយើងដែរ។ ជំនួបដំបូង របស់ខ្ញុំនឹងបាន គឺបានត្រឹមញញឹម និងបញ្ជាក់ពីវត្តមានរបស់ខ្ញុំ លើផែនដីនេះជាមួយនឹង នាងប៉ុណ្ណោះ។
ដោយសារតែការជម្រុញ និងលើកទឹកចិត្តពីមិត្តភក្តិរបស់ខ្ញុំ ខ្ញុំហ៊ានណាត់ជួបនឹងនាងដើម្បីបញ្ជាក់ពីទឹកចិត្ត។ ខ្ញុំមានអារម្មណ៍ថា វាដូចជា លឿនពេកដែល ទើបតែជួបគ្នាពីរដង ខ្ញុំហ៊ានសារភាពប្រាប់ថា ពេញចិត្តនាង បើនាងមិនភ័យទើបចម្លែក។ នៅចាំបានថា លើកទី១ ដែលយើងជួបមុខគ្នាតទល់ បាន៣ម៉ោង នៅកន្លែងញ៉ាំអីបែបយុវវ័យមួយ ឈ្មោះថា វីតឃីងហាវ នៅក្រោយផ្សារទួលទំពូង។ កាលគ្រានោះ ខ្ញុំបានត្រៀមចិត្តរួចហើយដើម្បីទទួលពាក្យព្រមានពីនាង ក្នុងការតាមសុំស្នេហ៍ដោយត្រង់ៗបែបនេះរបស់ខ្ញុំ។ ប្រសិនបើ នាងបដិសេធន៍ គ្រានោះ ខ្ញុំនឹងអាចធ្វើចិត្តបានយ៉ាងធម្មតា ហើយបន្តរាប់អានក្នុងនាមមិត្តភក្តិប៉ុណ្នោះ។ ខ្ញុំបានតាំងចិត្តលាតត្រដាងពីទំហំនៃបេះដូងដែលនឹក និងគិតដល់នាងអោយអស់ សង្ឃឹមថានាងបានយល់ពីចិត្តខ្ញុំ។ ខ្ញុំជាអ្នកចាប់ផ្តើមនិយាយមុន រហូតដល់ ធ្លោលចេញសំណួរបេះដូង «ខ្ញុំចូលចិត្តយើង.. តើយើងមានអារម្មណ៍ម៉េចចំពោះខ្ញុំ?» នាងតបថា «មានអារម្មណ៍ធម្មតា»។ ពាក្យនេះ តែងតែដិតក្នុងចិត្តរបស់ខ្ញុំមកទល់ឥឡូវ។ ខ្ញុំនៅចាំបានទៀតថា ក្នុងពេលនោះ នាងបានរៀបរាប់ត្រឹមរឿងរាវទាក់ទងនឹងបងស្រីរបស់នាង ចំណែកខ្ញុំវិញប្រាប់នាងអស់រលីងពី ចំណង់ចំណូលចិត្ត ការកំសាន្ត ការសិក្សា ប្រវត្តិរូប គោលដៅនៅថ្ងៃអនាគត និងឧត្តមគតិផ្ទាល់ខ្លួន។ ក្នុងថ្ងៃនោះ នាងស្លៀកពាក់យ៉ាងស្អាត គួរអោយទាក់ទាញ ក្រោយមកទើបខ្ញុំបានដឹងថា នាងមានណាត់បន្ទាប់ពីជួបខ្ញុំ ជាមួយនឹងមិត្តភក្តិផ្សេងទៀតដែលខ្ញុំធ្លាប់ស្គាល់មួយចំនួនដែរ។ ខ្ញុំក៏បានសុំនាងទៅនាងជាមួយ ព្រោះពេលនោះខ្ញុំក៏ទំនេរដែរ ហើយនាងក៏យល់ព្រម។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជា មិនសូវមានភាពទាក់ទាញចិត្តនាងសោះ។ ក្នុងពេលជួបជុំមិត្តភក្តិ ខ្ញុំរឹតតែមិនមានឱកាសដើម្បីអាចសន្ទនាជាមួយនឹងនាងទៀត។ ខ្ញុំបានស្វែងយល់ពី គតិក្នុងចិត្តរបស់នាងតាមរយៈការរៀបរាប់របស់នាងថា «នាងស្រលាញ់មនុស្សប្រុសសាមញ្ញម្នាក់ ដែលត្រូវចិត្តរបស់នាង ៨០% ទើបនាងអាចទទួលបុរសម្នាក់នោះធ្វើជាប្តី»។
ដោយសារចង់ជួបមុខនាង ដើម្បីជជែកគ្នាលេង និងបង្កើនភាពស្និទស្នាល ខ្ញុំបានណាត់ជួបនាងជាលើកទី២។ ទីកន្លែងណាត់ជួប គឺនៅកន្លែងចាស់ដដែល តែលើកនេះខ្ញុំមានពេលត្រឹមមួយម៉ោង ដើម្បីស្រាយចំណងចិត្តរបស់ខ្ញុំបន្តទៀត។ ខ្ញុំគ្រាន់តែ ចង់បន្តរឿងក្នុងចិត្តរបស់ខ្ញុំដែលមិនទាន់បានលាតត្រដាង។ នៅពេលនោះ ខ្ញុំមានរបស់តិចតួច គ្រាន់ជូននាង តែខ្ញុំមិនបានប្រាប់នាងជាមុនទេ ទាំងក្នុងចិត្តនឹកក្រែងនាងមិនពេញចិត្តដែរ។ កាដូលើកនេះ ជាហេតុនាំអោយនាងដាច់ចិត្តសរសេរសារក្នុងចិត្តប្រាប់ខ្ញុំ នាម៉ោង ២.០៨ នាទីទាបភ្លឺ។
អត្ថន័យក្នុងសារនោះបានរៀបរាប់ថា “…ពួកយើងមិនអាចស្រលាញ់គ្នាបានទេ ពិតជាសុំទោស ព្រោះមិនចង់កុហកអ្នក និងធ្វើឱ្យអ្នកឈឺចាប់ ទើបមិនពន្យាពេលប្រាប់អ្នក សូមសំណាងល្អ មិនខ្វះទេស្ត្រីដែល ល្អជាងខ្ញុំនោះ។”
ខ្ញុំពិតជាស្អប់ពាក្យចុងក្រោយ របស់នាង ដែលនិយាយថា «…មិនខ្វះទេស្ត្រីដែល ល្អជាងខ្ញុំនោះ…» ព្រោះវាបានបង្ហាញថា នាងពិតមិនពេញចិត្តខ្ញុំយ៉ាងច្បាស់ នាងចង់ទាត់ខ្ញុំចោល។ ខ្ញុំមិនចូលចិត្តអោយនាងប្រៀបធៀបជាមួយនឹងអ្នកផ្សេងទេ ព្រោះបើសិនជា មាននារីផ្សេងល្អជាងនាងក៏ខ្ញុំមិនដែលធ្លាប់ប្រៀបធៀបនឹងនារីណាផ្សេងទៀតទេ។ ទោះបីជាមាននារីផ្សេងស្អាត និងគួរអោយស្រឡាញ់ជាងនាង ក៏ខ្ញុំតែងតែ ទាញចិត្តរបស់ខ្ញុំ មកលើតែនាងប៉ុណ្ណោះ។
យប់ឡើង ខ្ញុំបានខលទៅនាង ដើម្បីសួរបញ្ជាក់។ នាងបានប្រាប់ថា នាងមានបំណងជួបខ្ញុំ ល្ងាចមិញ គឺគ្រាន់ដើម្បីបញ្ចប់ស្នេហ៍ តែកាដូរបស់ខ្ញុំ ធ្វើអោយនាងនិយាយមិនរួច។ ខ្ញុំធ្លាប់គិតថា បើស្គាល់គ្នាយូរជាងនេះបន្តិច ខ្ញុំអាចនាំគេទៅជួបអ្នកដែលខ្ញុំស្គាល់ជិតដិត គ្រាន់ជាការផ្តល់កិត្តិយស។ ខ្ញុំស្រឡាញ់ពេញចិត្តចរិតនាង នាងជាមនុស្សម៉ឺងម៉ាត់ រឹងមាំ ដែលជាជំពូកមនុស្សដែលខ្ញុំត្រូវការ ព្រោះខ្ញុំជាមនុស្សទន់ខ្សោយ។
ពេលជួបរឿងនេះ ខ្ញុំបាក់ទឹកចិត្ត ហត់ណាស់ អស់កម្លាំងណាស់ គ្មានអារម្មណ៍ រៀនសូត្រ គេចសាលា អស់ពីរថ្ងៃ។ ពេលនឹកឃើញពីក្តីស្រឡាញ់ដែលខ្ញុំបានប្រគល់អោយនាង ហើយត្រូវនាងបដិសេធន៍ ខ្ញុំចេះស្រក់ទឹកភ្នែក។ ពេលព្រឹកឡើង ខ្ញុំបើកហ្វេសបុក ឃើញរូបថតរបស់នាង ញញឹមយ៉ាងស្រស់ តែស្របពេលឃើញសាររបស់នាង ដែលមានន័យដូចគ្នា នឹងសារដែលបានផ្ញើមកតាមទូរសព័្ទដៃដែរ វាបានក្លាយជា ម្ជុលចាក់បេះដូងខ្ញុំម្តងទៀតទៅវិញ។ ខ្ញុំបានដាក់ចិត្តយ៉ាងជ្រៅទៅលើរូបនាងទៅហើយ សម្រស់របស់នាង បានស្ថិតក្នុងចិត្តរបស់ខ្ញុំ តែខ្ញុំជឿជាក់ថា ពេលវេលាគង់អាចជួយខ្ញុំអោយបំភ្លេចបាន។ ពេលខ្លះខ្ញុំចេះតែបន្លប់ខ្លួនឯងថា ខ្ញុំពិតជាមិនអីទេ ព្រោះខ្ញុំមិនទាន់បានស្រលាញ់នាងជ្រៅទេ តែយ៉ាងណាស់ក៏ឈឺណាស់ទៅហើយ។ មែនហើយ ខ្ញុំដឹងខ្លួនឯងច្បាស់ថា ខ្ញុំមិនមែនជា មនុស្សដែលនាងពេញចិត្ត។ គិតឡើងវិញ ស្នេហាតែម្ខាងលើកនេះ គឺខ្ញុំជាអ្នកចាប់ផ្តើមមុន ដោយចេញពីជំនួបខ្សែភ្នែក និងការចូលចិត្តនៃបេះដូង។ តែ យើងធ្លាប់ បានព្រមព្រៀងចាប់ផ្តើមកសាងទំនាក់ទំនងរវាងគ្នាក្នុងពេលមួយពព្រិចភ្នែក តែក្នុងពេលដ៏ខ្លីដូចគ្នា យើងបានបញ្ចប់ស្នេហ៍ទៅវិញយ៉ាងទាន់ហន់។
តាមរយៈបទពិសោធន៍ខូចចិត្តស្រឡាញ់គេតែម្ខាងរបស់ខ្ញុំ ខ្ញុំយល់ឃើញថា ក្មេងស្រីភាគច្រើនចូលចិត្តតែបុរសណាដែលអាចធ្វើឱ្យគេសប្បាយចិត្ត ចេះនិយាយលេងសើច… តែលក្ខណៈបែបនេះ បែរជាមិនមានក្នុងខ្លួនខ្ញុំ ទើបខ្ញុំត្រូវខូចចិត្តរាល់លើក ព្រោះមិនអាចផ្លាស់ប្តូរខ្លួនឯងបាន។ ខ្ញុំអាចដឹងខ្លួនឯងថា នាងក៏មិនសូវចូលចិត្តខ្ញុំ តែអារម្មណ៍របស់ខ្ញុំចេះតែលួងលោមខ្លួនឯង ថានៅមានសង្ឃឹម។ ខ្ញុំដឹងច្បាស់ណាស់ថា ការស្រលាញ់ ឬការចូលចិត្តគ្នាត្រូវការបេះដូងពីរយល់ចិត្តយល់ថ្លើមគ្នា។ ខ្ញុំក៏ដឹងដែរថា រឿងស្នេហា មិនអាចបង្ខំភាគីម្ខាងឱ្យធ្វើតាមបេះដូងរបស់ភាគីម្ខាងទៀតទេ។
ចុងក្រោយខ្ញុំគិតយល់ថា ប្រសិនបើនាងមានសេចក្តីសុខ ខ្ញុំក៏គួរមានសេចក្តីសុខដែរ។ ខ្ញុំនៅតែគិតថា នាងច្បាស់ជាមានមូលហេតុគ្រប់គ្រាន់ដើម្បីបដិសេធន៍ខ្ញុំ។ នាងមិនពេញចិត្តនឹងខ្ញុំ អាចមកពី កត្តាគ្រួសារ កត្តាសេដ្ឋកិច្ច ព្រោះខ្ញុំ ទើបតែ លាឈប់ ពីការងារ ជាពិសេសបេះដូងយើងមិនត្រូវគ្នា នាងគ្មានអារម្មណ៍ជាមួយខ្ញុំ ឬករណីផ្សេង ដែលខ្ញុំមិនបានដឹង ឬគិតមិនដល់…. យី ! ចិត្តខ្ញុំពេលនេះ ម៉េចក៏ចេះតែស្មាន ខួរក្បាលចេះតែគិត… ? ទោះបីជា ឈឺចាប់យ៉ាងណាក៏ដោយ ក៏ខ្ញុំអាចទទួលយកបាន ហើយប្រឹងរស់តទៅទៀត។ ពេលគ្មាននាង យ៉ាងហោចណាស់ ខ្ញុំគង់មានពេលសម្រាប់ខ្លួនឯង ច្រើនជាងនេះ ដើម្បីអាចបំពេញឧត្តមគតិរបស់ខ្លួន ហើយសម្រេចបាន នូវ ជីវិតដ៏សុចរិត សមរម្យ និងថ្លៃថ្នូរមួយ។
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ម៉ោង ៨:៤០ យប់
បន្ទប់ដ៏ស្ងប់ស្ងាត់របស់ខ្ញុំ…
អ្នកនិពន្ធ
ក្មេងល្ងង់
P.S អត្ថបទនេះ មិនឆ្លុះបញ្ចាំង ពី ទស្សនៈ ឬសាច់រឿង របស់ ម្ចាស់ប្លុក ឡើយ។ ម្ចាស់ប្លុក គ្រាន់តែ បង្ហោះផ្សាយ ជូន ប្រិយមិត្ត ដែលមានបំណង ផ្សព្វផ្សាយ ស្នាដៃ ឬ និទានកថា ផ្ទាល់ខ្លួន ប៉ុណ្ណោះ។












វាចារ/ឌឺដង